37 C
Phnom Penh

អ្នក​បើក​បរ​ដោះ​ស្លាក​លេខ​នគរបាល​ចេញ​​ក្រោយ​បង្ក​គ្រោះ​ថ្នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​មូល​ដ្ឋាន​បាន​និយាយ​កាល​ពី​ម្សិល​​​​មិញ​ថា នគរ​បាល​កំពុង​សម្រប​សម្រួល​រក​​ដំណោះ​ស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​​រវាង​អ្នក​បើក​បរ​រថយន្ត​ពីរនាក់​ដែល​ជាប់​ពាក់​ព័ន្ធ​ការ​បើក​បរ​​ក្នុង​ល្បឿន​លឿនបង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​​ក្នុង​ខេត្ត​កំពង់​ធំ​​កាល​ពី​ថ្ងៃសៅរ៍ រួម​​ទាំង​​បុរស​ម្នាក់​​ដែលបាន​រត់​គេច​ពី​កន្លែង​កើត​ហេតុ​​បន្ទាប់ពី​ដោះ​ស្លាក​លេខ​នគរបាល​ចេញ​​​ពី​រថយន្ត​តូយ៉ូតា​ទំនើប​មួយ​គ្រឿងជា​កម្មសិទ្ធិ​​​របស់​​មន្ត្រីក្រសួង​មហា​ផ្ទៃ​មួយ​រូប​ផង​ដែរ​។

យោង​តាម​លោក រស់ សំអាង​ ស្នង​ការ​នគរ​​​បាល​ខេត្ត​​បាន​ឱ្យ​ដឹង​ថា រថយន្ត​ឡង់គ្រីស័រ​នេះ​​​​បើក​បរ​ក្នុង​ល្បឿន​លឿន​​កាត់​ក្រុង​ស្ទឹង​សែន​​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ស្រាប់តែ​ពេលនោះ​រថយន្ត​តូយ៉ូតា​​ភីក​អាប់​មួយ​គ្រឿង​ដែល​បើក​បរ​ក្នុង​ល្បឿន​លឿន​ដែរ​នោះ​ បាន​បុក​ពី​ចំហៀង​តែម្តង។

លោក​​បាន​ថ្លែង​ថា “​ដោយ​សារ​​​គ្មាន​នរណា​​​​​ម្នាក់​​​ស្លាប់​ យើង​មិន​បញ្ជូន​ពួកគេ​ទៅ​តុលា​ការ​​​​ចំពោះ​​​​​ការ​បើក​បរ​ក្នុង​ល្បឿន​លឿន​នេះទេ ប៉ុន្តែ​​ផ្ទុយ​ទៅវិញ​​យើង​បាន​ជួយ​​​​ពួកគេ​ឱ្យ​ឈាន​ដល់​ការ​ព្រម​ព្រៀង​​​​គ្នា​។ ប្រសិន​បើ​ពួកគេ​មិន​យល់​ព្រម​ ករណី​នេះ​នឹង​​​ត្រូវ​បញ្ជូន​ទៅ​តុលាការ​”។

លោក រស់ សំអាង​ ថ្លែង​ថា រថយន្ត​ឡង់​គ្រី​​​ស័រ​នេះ​​ជា​កម្មសិទ្ធិ​របស់​​កូន​ប្រុស​​លោក យូ ស៊ុនឡុង​ រដ្ឋលេខាធិការ​ក្រសួង​មុខ​ងារ​សាធា​រ​ណៈ ជា​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​​ម្នាក់​​ដែល​លោក​​​អះ​អាង​ថា មិន​ស្គាល់​ឈ្មោះ ប៉ុន្តែ​​​​ថារ​ថយន្ត​នេះត្រូវ​បាន​បើក​ដោយ​បុរស​ម្នាក់​ទៀត​​ ដែល​​​​​បាន​ចាក​ចេញ​ពីកន្លែង​កើត​ហេតុ​​​​ជាមួយ​ស្ត្រី​ម្នាក់​ដែលគេ​មិន​ស្គាល់​ឈ្មោះ បន្ទាប់ពី​ដោះ​ស្លាក​លេខ​នគរបាល​ចេញ​ពី​រថយន្ត​។

លោក ជឹម សុង នាយ​ប៉ុស្តិ៍​សង្កាត់​ព្រៃ​តាហ៊ូ​បាន​មាន​ប្រសាសន៍​ថា លោក និង​មន្ត្រី​នគរបាល​បួន​​ប្រាំ​នាក់​ទៀត​​នៅ​កន្លែង​កើត​ហេតុ​នៅ​ពេល​អ្នក​បើក​បរ​រថយន្ត​រូប​នេះ​បាន​ដោះ​ស្លាក​លេខ​នោះ។

លោក​បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំមិន​បាន​អនុញ្ញាត​ឱ្យ​អ្នក​បើក​បរ​រូបនេះ​​ដោះ​ស្លាក​លេខ​ទេ ប៉ុន្តែ​​ខណៈ​ដែល​ខ្ញុំ​កំពុង​ធ្វើ​​ចរាចរណ៍ ដើម្បី​ឱ្យ​មនុស្ស​ម្នា​ឆ្លង​កាត់​​បាន​នោះ​ ខ្ញុំបាន​ឃើញ​​អ្នក​បើកបរ​រូប​នេះ​​ដោះ​​​​ស្លាក​លេខ​​ ហើយ​​​​ដើរ​ចេញ​ទៅ​​បាត់តែម្តង​”។

យោង​តាម​ច្បាប់​ចរាច​រណ៍​បាន​ឱ្យ​ដឹង​ថា អ្នក​ដែល​ជាប់ពាក់ព័ន្ធ​ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មិន​ត្រូវ​ចាក​ចេញ​ពី​កន្លែង​កើត​ហេតុ​ ឬប្តូរ​ទីតាំង​វត្ថុតាង​ឡើយ ព្រោះ​អាជ្ញាធរ​មិន​អាច​ ”​កំណត់​អត្តសញ្ញាណ​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​គ្រោះ​ថ្នាក់​បាន​ឡើយ”។

អ្នក​បើក​បរ​រថយន្ត​ភីក​អាប់​​ឈ្មោះ ខាំ សំ អាយុ​៣៩ឆ្នាំ​ បាន​ចោទ​អ្នក​បើ​បរ​រថយន​្ត​​ឡង់​គ្រីស័រ​ថា ស្រវឹង​ស្រា​ និង​បើក​បរ​ខុស​គន្លង​ផ្លូវ​។ លោក​បាន​ថ្លែង​ថា មាន​តែ​ការ​ផ្តល់​ប្រាក់​​​​សំណង​ចំនួន​៥.០០០ដុល្លារ​ប៉ុណ្ណោះ​​ទើប​គាត់​​​មិន​ដាក់ពាក្យ​បណ្តឹង​ទៅ​សាលា​ដំបូង​ខេត្ត​។

លោក យូ ស៊ុន​ឡុង មន្ត្រី​ក្រសួង​មុខ​ងារ​សាធារណៈ​បាន​អះ​អាង​ថា រថយន្ត​នេះ​ជា​កម្ម​​សិទ្ធិ​របស់​កូន​ប្រុស​លោក​ ដែល​លោក​បាន​លើក​ឡើង​ថា បាន​បម្រើ​ការ​ងារ​នៅ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​​ក្នុង​រាជធានី​ភ្នំពេញ​ ប៉ុន្តែ​បាន​បដិសេធ​​មិន​ប្រាប់​ឈ្មោះ​ទេ។ លោក​​​​​បាន​មាន​ប្រសាសន៍​ថា ក្មួយ​ប្រុស​របស់​លោក​​ ដែល​លោក​ក៏បាន​បដិសេធ​មិន​​បង្ហាញ​អត្ត​សញ្ញាណ​ដែរ​នោះ ជា​អ្នកបើក​បរ​រថយន្ត​នេះ​​​​នៅពេល​មាន​គ្រោះ​ថ្នាក់​នោះ​។

លោក​បាន​ថ្លែង​ថា “​ក្មួយ​ប្រុស​របស់​ខ្ញុំ​​បាន​ដោះ​ស្លាក​លេខចេញ​​ ពីព្រោះ​យើង​មិន​ចង់​ឱ្យ​មនុស្ស​ម្នា​ដឹង​ថា​រថយន្ត​នេះ​ជា​របស់​នគរ​បាល​។ ប៉ុន្តែ​ អាជ្ញាធរ​មូល​ដ្ឋាន​ទាំង​អស់​​ក្នុង​ខេត្ត​កំពង់​ធំ​​សុទ្ធតែ​ដឹង​ថា រថយន្ត​នេះ​ជា​របស់​​​កូន​ប្រុស​ខ្ញុំ​”៕សារុន​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស