27 C
Phnom Penh

រដ្ឋមន្ត្រី​​​ក្រសួង​​​យុត្តិធម៌​​​ថា បើ​អ្នកណា​​​រក​​​ឃើញ​​​​ភាគហ៊ុន​​របស់​លោក​នៅ​​​ក្រៅ​​​ប្រទេស ​​​យក​​​វា​​​ចុះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រី​​​ក្រសួង​​​ព័ត៌មាន​​​ឲ្យ​​​ដឹង​​​ថា លោក អង្គ វង្សវឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​​​និយាយ​លេង​កាល​​​ពី​​​ចុង​​​សប្តាហ៍​​​ថា នរណា​​​ដែល​​​អាច​​​រក​​​ឃើញ​​​ភាគហ៊ុន​​​របស់​​​លោក​​​នៅ​​​ក្រៅ​​​ប្រទេស ដែល​​​បញ្ចេញ​​​ឲ្យ​​​ដឹង​​​នៅ​​​ដើម​​​ខែ​​​នេះ ជា​​​ផ្នែក​​​មួយ​​​នៃ​​​​​ការ​​​លេច​​​ធ្លាយ “ឯកសារ​​​ប៉ាណាម៉ា”​​​នោះ អាច​​​ទុក​​​ប្រាក់​​​នោះ​​​បាន។

លោក ខៀវ កាញារិទ្ធ បាន​​​សរសេរ​​​លើ​​​ទំព័រ​​​ហ្វេសប៊ុក​​​របស់​​​លោក បន្ទាប់ពី​​​បរិភោគ​​​អាហារ​​​នៅ​​​យប់​​​ថ្ងៃ​​​អាទិត្យ​​​ជាមួយ​​​លោក អង្គ វង្សវឌ្ឍានា ថា “ឯកឧត្តម អង្គ វង្សវឌ្ឍានា ​​រដ្ឋ​មន្ត្រី​​​​​​ក្រសួង​​​យុត្តិធម៌ បាន​​​ប្រកាស​​​ថា ​ប្រសិន​​​​​បើ​​​គាត់​​​មាន​​​ប្រាក់​​​នៅ​​​ក្នុង​​​ក្រុមហ៊ុន​​​ក្រៅ​​​ប្រទេស ​​​​នរណា​​​ដែល​​​រក​​​ឃើញ​​​វា អាច​​​យក​​​វា​​​ទាំង​​​អស់​បាន។​ប្រសិនបើ​​​គេ​​​មិន​​​ចង់​​​បាន​​​វា គាត់​​​នឹង​​​ឲ្យ​​​ប្រាក់​​​ទាំង​​​អស់​​​នោះ​​​ទៅ​​​មន្ទីរ​​​ពេទ្យ​​​គន្ធ​​​បុប្ផា”។

យោង​​​តាម​​​​​​ក្រុម​​​អ្នក​​​កាសែត​​​សើុបអង្កេត​​​អន្តរជាតិ​​​ (ICIJ) ដែល​​​បាន​​​វិភាគ​​​ឯកសារ​​​ជាង​​​១១​​​លាន​​​ដែល​​​លេច​​​ធ្លាយ​​​ពី​​​ក្រុមហ៊ុន​​​ច្បាប់​​​ប៉ាណាម៉ា ឈ្មោះ  Mossack Fonseca ​​​ឲ្យ​​​ដឹង​​​ថា ​លោក វង្សវឌ្ឍានា បាន​​​ទិញ​​​ភាគហ៊ុន​​​តម្លៃ​​​៥.០០០​​​​​​​ដុល្លារ​​​ក្នុង​​​ក្រុមហ៊ុន RCD International Limited ដែល​​លែង​​​មាន​​​រូប​​​រាង​​​ទៅ​​​ហើយ និង​​​​​​ដែល​​​ស្ថិត​​​នៅ​​​លើ​​​កោះ British Virgin ​ហើយ​​​​​​ជា​​​អ្នក​​​មាន​​​ភាគហ៊ុន​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​មាន​​​ភាគ​​​ហ៊ុន​​​តែ​​​ប្រាំ​​​នាក់​​​ប៉ុណ្ណោះ។

ក្រុមហ៊ុន RCD កើត​​​មាន​​​នៅ​​​ចន្លោះ​​​ឆ្នាំ​​​២០០៧​​​និង​​​ឆ្នាំ​​​២០១០ ដែល​​​ជា​​​ពេល​​​វា​​​ត្រូវ​​​បាន​​​​​​​​​លុប​​​ចេញ​​​ពី​​​ការ​​​ចុះ​​​បញ្ជី​​​ដែល​​​មាន​​​មូល​ដ្ឋាន​​​នៅ​​​ក្រុង​​​ហុងកុង ហើយ​​​គោល​​​បំណង​​​​​​របស់​​​ក្រុមហ៊ុន​​​នេះ​​​នៅ​​​មិន​​​ទាន់​​​ដឹង​​​នៅ​​​ឡើយ។

នៅ​​​ពេល​​​ដែល​​​ភាគហ៊ុន​នៅ​​​ក្នុង​​​ក្រុមហ៊ុន​​​ក្រៅ​​​ប្រទេស​​​អាច​​​ត្រូវ​​​គេ​​​ប្រើ​​​សម្រាប់​​​គោល​​​​បំណង​​​ស្រប​​​ច្បាប់ លោក វង្សវឌ្ឍានា ​​​បដិ​សេធ​​​​​ដាច់​​​អហង្ការ​​​ថា​​​មិន​​​បាន​​​ជាប់​​​ពាក់ព័ន្ធ​​​ជាមួយ​​​​​​​​ក្រុមហ៊ុន RCD នេះ​​​ទេ ដោយ​​​លោក​​​បាន​​​ប្រាប់​​​​​គេហ​​​ទំព័រ​​​ព័ត៌មាន​​​ក្នុង​​​ស្រុក​​​ថ្មីៗ​​​ថា ​លោក​​​នឹង​​​ប្តឹង ​​​​ICIJ ប្រសិនបើ​​​មិន​​​មាន ​”ភ័ស្តុ​តាង​​​បញ្ជាក់” ​​​ទាក់ទិន​​​នឹង​​​ការ​​​អះអាង​​​របស់​​​ខ្លួន​​​ទេ​​​នោះ។

លោក សុន ឆ័យ តំណាងរាស្ត្រ​​​គណបក្ស​​​ប្រឆាំង ដែល​​​បាន​​​និយាយ​​​នៅ​​​ពេល​​​កន្លង​​​មក​​​ថា ករណី​​​នេះ​​​គួរ​​​ត្រូវ​​​ស៊ើបអង្កេត​​​ដោយ​​​អង្គភាព​​​​​​ប្រឆាំង​​​អំពើ​​​ពុករលួយ បាន​​​និយាយ​​​កាលពី​​​ថ្ងៃ​​​អាទិត្យ​​​ថា លោក​​​មាន​​​ផែនការ​​​បញ្ជូន​​​សំណើ​​​​​មួយ​​​ទៅ​​​លោក ហេង សំរិន ប្រធាន​​​រដ្ឋសភា​​​នៅ​​​ចុង​​​ខែ​​​នេះ ដើម្បី​​​កោះ​​​ហៅ​​​រដ្ឋមន្ត្រី​​​ក្រសួង​​​​​​​យុត្តិធម៌​​​ឲ្យ​​​ចូល​​​ឆ្លើយ​​​បំភ្លឺ​​​នៅ​​​ចំពោះ​​​មុខ​​​សភា។

ដោយ​​​យោង​​​ដល់​​​ការ​​​បញ្ចេញ​​​ឲ្យ​​​ដឹង​​​ថា ​នាយករដ្ឋមន្ត្រី​​អង់គ្លេស ​ដេវិដ ខេមរ៉ុន ​ទទួល​​​​​​បាន​​​ប្រយោជន៍​​​ហិរញ្ញវត្ថុ​​​ពី​​​ក្រុមហ៊ុន​​​របស់​​​ឪពុក​​​​​​លោក​​​មាន​​​មូលដ្ឋាន​​​នៅ​​​ប៉ាណាម៉ា​​​​​​នោះ ​លោក​​​​​និយាយ​​​ថា ”រដ្ឋាភិបាល​​​ផ្សេងទៀត​​​នៅ​​​ជុំវិញ​​ពិភពលោក មាន​​​ទាំង​​​នាយករដ្ឋមន្ត្រី​​​អង់គ្លេស​​​​​​ផង​​​ដែរ ត្រូវ​​​ប្រឈម​​​នឹង​​​រឿង​​​នេះ​​​នៅ​​​ពេល​​​សាកសួរ​​​ដេញដោល ហេតុអ្វី​​​មិន​​​សាកសួរ ​លោក អង្គ វង្សវឌ្ឍានា ផង​​​ដែរ​​​ទៅ”។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​​​ក្រសួង​​​យុត្តិធម៌ បាន​​​និយាយ​​​កាលពី​​​ម្សិលមិញ​​​ថា លោក​​​​មិន​​​បាន​​​ដឹង​​​អំពី​​​ផែនការ​​​កោះ​​​ហៅ​​លោក ​អង្គ ​វង្សវឌ្ឍានា មក​​​សាកសួរ​​​ទេ ប៉ុន្តែ​​លោក​​​ជឿ​​​​​​ថា​​​​​​​​​​មេ​​​របស់​​​លោក​​​គ្មាន​​​កំហុស​​​ទេ។“ខ្ញុំ​​​ជឿ​​​គាត់ ថា​​​​​​គាត់​​​មិន​​​មាន​​​ប្រាក់​​​នៅ​​​ក្នុង​​​ក្រុមហ៊ុន​​​ទេ”៕ និត (រាយការណ៍​​​បន្ថែម​​​ដោយ Colin Meyn)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស