លោក វិលៀម ហេដ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានរួមដំណើរតាមឧទ្ធម្ភាគចក្រជាមួយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានដោយហោះហើរលើព្រៃឡង់ដែលលាតសន្ធឹងល្វឹងល្វើយកាលពីថ្ងៃចន្ទ ដើម្បីបង្ហាញនូវការប្តេជ្ញាចិត្តរបស់ពួកលោក ក្នុងការអភិរក្សតំបន់នោះ ពោលគឺជាព្រៃស្រោងនៅតំបន់ទំនាបដែលនៅសេសសល់ដ៏ធំបំផុតនៅក្នុងអាស៊ីអាគ្នេយ៍។
អស់រយៈពេលជាច្រើនឆ្នាំកន្លងមក តំបន់នេះត្រូវញាំញីរុករានដោយអ្នកកាប់ឈើខុសច្បាប់ និងចម្ការកៅស៊ូឈូសឆាយ ហើយជាព្រៃការពារមួយក្នុងបណ្តាព្រៃការពារថ្មី៥កន្លែងដែលរដ្ឋាភិបាលចង់បង្កើតឡើងនៅបំណាច់ឆ្នាំនេះ។
បន្ទាប់ពីចុះចតនៅឯសណ្ឋាគារសូហ្វីតែលក្នុងក្រុងភ្នំពេញនៅថ្ងៃត្រង់ លោក ហេដ ដែលមានក្រុមមន្ត្រីមកពីក្រសួងមហាផ្ទៃនិងក្រសួងកសិកម្មក៏ចូលរួមដំណើរដែរនោះ បានមានប្រសាសន៍ថា ពួកលោកបានហោះក្រឡឹងជាយព្រៃឡង់ និងលើតំបន់ស្នូល។
លោក ហេដ បានប្រាប់អ្នកយកព័ត៌មានថា “គោលបំណងនេះគឺនាំក្រសួងផ្សេងៗមកជុំគ្នា អ៊ីចឹងយើងអាចពិនិត្យមើលរួមគ្នាលើគម្រោង ហើយពិចារណាថាតើតំបន់នោះត្រូវការពារឲ្យប្រសើរបំផុតយ៉ាងដូចម្តេច”។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិករូបនេះបានមានប្រសាសន៍ថា “វាជាការធ្វើដំណើរគួរឲ្យចាប់អារម្មណ៍ណាស់។ យើងបានឃើញទាំងស្ថានភាពល្អប្រសើរនៃផ្នែកកណ្តាលនៃព្រៃនោះ។ ប៉ុន្តែយើងក៏បានឃើញការគំរាមខ្លះនៅជុំវិញជាយដែរ ជាពិសេសនៅព្រំប្រទល់ភាគខាងត្បូង ដែលនៅទីនោះមានគម្របព្រៃឈើច្រើនបានបាត់បង់កាលពីឆ្នាំកន្លងមក”។
ឯកអគ្គរដ្ឋទូតរូបនេះបានមានប្រសាសន៍ថា វាពិបាកនឹងនិយាយថាព្រៃឈើប៉ុន្មានបានបាត់បង់ណាស់នៅហួសពីព្រំប្រទល់នៃដីសម្បទានសេដ្ឋកិច្ចជាច្រើន គឺស្ទើរតែដីសម្បទានសេដ្ឋកិច្ចទាំងអស់ដាំសុទ្ធតែកៅស៊ូ ដែលនៅព័ទ្ធជុំវិញព្រៃឡង់។
លោកបានមានប្រសាសន៍ថា “វាពិបាកនឹងនិយាយ។ តាមពិតយើងមានជីភីអេស ដូច្នេះយើងបានដឹងថាយើងស្ថិតនៅត្រង់ណា។ ប៉ុន្តែវាជាតំបន់ធំណាស់ គឺមានដីសម្បទានសេដ្ឋកិច្ចខុសគ្នាច្រើនណាស់នៅទីនោះ ក៏មានសហគមន៍ច្រើនផ្សេងៗគ្នាដែរនៅទីនោះ។ អ៊ីចឹង វាពិតជាពិបាកនឹងឆ្លើយឲ្យបានល្អណាស់”។
ទិន្នន័យផ្កាយរណបសហរដ្ឋអាមេរិកបង្ហាញគឺមិនត្រឹមតែការឈូសឆាយអនាធិបតេយ្យនៅខាងក្នុងដីសម្បទានសេដ្ឋកិច្ចភាគច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញនូវការបំផ្លិចបំផ្លាញច្រើនអនេកដែលរាលដាលចេញពីដីសម្បទានចូលទៅដល់ព្រៃឈើ ហើយក៏បត់ចុះបត់ឡើងកាត់តាមតំបន់កណ្តាល។ ក្រុមសហគមន៍ដែលបានសុខចិត្តដើរល្បាតដោយខ្លួនឯងក្នុងព្រៃឡង់និយាយថា ក្រុមហ៊ុនដែលគ្រប់គ្រងចម្ការធំៗគឺភាគច្រើនជាក្រុមហ៊ុនដែលកាប់ឈើខុសច្បាប់ ហើយថា អាជ្ញាធរមូលដ្ឋានធ្វើមិនដឹងមិនឮចំពោះបញ្ហានោះ និងថែមទាំងឃុបឃិតជាមួយក្រុមហ៊ុនទៀតផង។
តាមរយៈគម្រោងគាំទ្រព្រៃឈើនិងជីវៈចម្រុះ សហរដ្ឋអាមេរិកកំពុងជួយជ្រោមជ្រែងកិច្ចការអភិរក្សរបស់រដ្ឋាភិបាលអស់រយៈពេលច្រើនឆ្នាំមកហើយ។ ដំណាក់ការរយៈពេលបួនឆ្នាំនៃគម្រោងនេះដែលមានតម្លៃទឹកប្រាក់២០លានដុល្លារនឹងផុតកំណត់ក្នុងខែវិច្ឆិកានេះ។
ប៉ុន្តែ យោងតាមទិន្នន័យផ្កាយរណបដដែលនេះដែលបង្ហាញថា ដីសម្បទានសេដ្ឋកិច្ចដែលទន្ទ្រានចូលព្រៃឡង់ ឲ្យដឹងថា ប្រទេសកម្ពុជាបានទទួលរងអត្រានៃការបំផ្លិចបំផ្លាញព្រៃឈើខ្ពស់បំផុតមួយក្នុងពិភពលោកចាប់តាំងពីចូលសតវត្សរ៍ថ្មីនេះ ហើយជាការបាត់បង់ព្រៃឈើដ៏លឿនបំផុតក្នុងរយៈពេលដូចគ្នានោះ។ ទិន្នន័យក៏បានបង្ហាញនូវភាពខុសគ្នាបន្តិចបន្តួចរវាងអត្រាបំផ្លិចបំផ្លាញព្រៃឈើទូទាំងប្រទេសនិងអត្រានៅក្នុងតំបន់ការពារដែលមានតែឈ្មោះរបស់ក្រសួងបរិស្ថាន ដោយបង្កឲ្យមានមន្ទិលថា តើមានសុឆន្ទៈប៉ុនណាដែលនឹងផ្តល់ឋានៈជាព្រៃការពារដល់ព្រៃឡង់នោះ។

ប៉ុន្តែ លោក ហេដ បានមានប្រសាសន៍ថា លោកនៅតែមានក្តីសង្ឃឹមក្រោយពីការធ្វើដំណើរតាមឧទ្ធម្ភាគចក្រលើព្រៃឡង់។
ឯកអគ្គរដ្ឋទូតរូបនេះបានមានប្រសាសន៍ថា “យើងមានការលើកទឹកចិត្តដែលថា ក្រសួងរដ្ឋាភិបាលនានាដែលជាប់ពាក់ព័ន្ធក្នុងតំបន់នោះគឺកំពុងតែចាប់ផ្តើមធ្វើការសហការគ្នាយ៉ាងស្អិតល្មួត ហើយក៏កំពុងធ្វើការជាមួយអាជ្ញាធរថ្នាក់មូលដ្ឋានដែរ។ យើងកំពុងព្យាយាមប្រមូលកិច្ចខំប្រឹងប្រែងរដ្ឋាភិបាលរួមគ្នាបន្ថែមទៀត និងផ្តោតការយកចិត្តទុកដាក់ ហើយយើងរីករាយចំពោះរឿងនោះ”។
រដ្ឋាភិបាលមិនទាន់ពន្យល់ថា ខ្លួននឹងគ្រោងធ្វើដូចម្តេចទេ ដើម្បីការពារព្រៃឡង់ឲ្យបានល្អនោះ ប៉ុន្តែខ្លួនបានអញ្ជើញក្រុមសហគមន៍ដែលបានដើរល្បាតព្រៃដើម្បីឲ្យធ្វើការជាមួយអាជ្ញាធរ។
ឈរក្បែរឯកអគ្គរដ្ឋអាមេរិកកាលពីម្សិលមិញ លោក សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានក៏បានសន្យាថា នឹងមិនមានការផ្តល់ដីសម្បទានសេដ្ឋកិច្ចបន្តទៀតទេនៅក្នុងព្រៃយ៉ាងហោចណាស់រហូតដល់មានការបោះឆ្នោតជាតិក្នុងឆ្នាំ២០១៨ដែរ។ ការផ្អាកផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មីទូទាំងប្រទេសនៅមានជាធរមានចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១២មក។
លោក សំអាល់ បានមានប្រសាសន៍ថា “នៅពេលដែលវាក្លាយជាព្រៃការពារ យើងនឹងបន្តផ្តល់អំណាចឲ្យអាជ្ញាធរថ្នាក់មូលដ្ឋានដើម្បីធ្វើការឲ្យហ្មត់ចត់បន្ថែមទៀតក្នុងការការពារព្រៃឈើ”។
ទោះបីជាព្រំប្រទល់នៃអ្វីដែលនឹងក្លាយជាព្រៃការពារព្រៃឡង់មិនទាន់បានកំណត់ក៏ដោយ ក៏រដ្ឋមន្ត្រីក្រសួងបរិស្ថានរូបនេះបានមានប្រសាសន៍ថា “វាអាចមានទំហំជាង៣០០.០០០ហិកតា” ពោលគឺតិចជាងឆ្ងាយណាស់ពី៦៥០.០០០ហិកតា ដែលគេប៉ាន់ប្រមាណថាជាគម្របព្រៃឈើ។ តួលេខនេះក៏តិចជាងចំនួន៤០០.០០០ហិកតាដែលក្រសួងបរិស្ថាននិយាយថា គឺទំនងជាព្រៃការពារកាលពីពីរសប្តាហ៍មុន៕រើន