40.6 C
Phnom Penh

​​​ស្រី​​​កំណាន់​​​សារភាពថា នាងមាន​​​ស្នេហា​​​លួចលាក់ជាមួយ​​​លោក កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជាង​​​ធ្វើ​សក់​ម្នាក់​ដែល​​ស្ថិត​នៅ​ចំ​កណ្ដាល​នៃ​​​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​លោក កឹម សុខា ​អនុប្រធាន​គណបក្ស​ប្រឆាំង​ បាន​សារភាព​កាលពី​ម្សិលមិញ​ថា ​សំឡេង​​​ហៅ​លោក កឹម សុខា ​​ថា “​ម្ចាស់​​​​ស្នេហ៍​” ​នៅ​ក្នុង​ខ្សែអាត់​​​ដែល​​បែក​ធ្លាយ​តាម​អុីនធឺណិត​​ក្នុង​រយៈ​ពេល​ជាង​២ខែ​មក​នេះ ពិតជា​​​សំឡេង​​​របស់​​​នាង​​​មែន ​នេះ​បើ​យោង​តាម​​ការ​ឲ្យ​ដឹង​ពី​ព្រះរាជ​អាជ្ញា​ដែល​បាន​សាកសួរ​នាង​​​​​​អស់​​​រយៈ​ពេល​​៤ម៉ោង​។

លោក សៀង សុខ ព្រះរាជអាជ្ញា​រង​​​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ ​​​​​​​​​​មាន​ប្រសាសន៍​​​សំដៅ​ដល់​​​កញ្ញា ខុម ចាន់តារាទី ​អាយុ​២៥​ឆ្នាំដែល​​មាន​ឈ្មោះ​ហៅ​ក្រៅ​ “ស្រីមុំ” ​ថា “បាទ​ នាង​​បាន​សារភាព​ថា សំឡេង​​នៅ​ក្នុង​ខ្សែអាត់​​ទាំង​នោះ​ពិត​ជា​សំឡេង​របស់​នាង​​ និង​លោក​ កឹម សុខា មែន”។

លោក​​​​​​បាន​បដិសេធ​​មិន​​​បញ្ជាក់​​​​ថា ​តើ​លោក កឹម សុខា ដែល​​​​​​​តែង​​​​​​តែ​​​​​​​​​បដិសេធ​​​​​​មិន​​​​ឆ្លើយ​តប​​នឹង​ខ្សែ​អាត់​​សំឡេង​​​​​ទាំង​​​​​​នេះ​​​ចាប់​តាំង​ពី​វា​​បែក​ធ្លាយ​​មក​នោះ នឹង​ត្រូវ​​​​​បាន​​​កោះ​​ហៅ​មក​សាក​សួរ​​​​ ឬ​​​យ៉ាង​​​ណា​​​​​​ទេ។ លោក​​​​​​​​​​​​ថ្លែង​​​​​​​​​​​​​​​ថា ”​សំណុំរឿង​នេះ​​ស្ថិត​ក្រោម​នីតិវិធី​ច្បាប់ ដូច្នេះ​យើង​​នឹង​គោរព​តាម​នីតិវិធី​ច្បាប់​។ ខ្ញុំ​មិន​អាច​ផ្ដល់​ព័ត៌មាន​ស្ដីពី​រឿង​នេះ​បាន​ទេ ពីព្រោះ​វា​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​​​​​​នៅ​​​ឡើយ​​​​”។

cam-photo-front-channa-4​​​​​​​​​ទោះ​​​ជា​​​​​​យ៉ាង​​​ណា កញ្ញា ខុម ចាន់តារាទី បាន​​បដិសេធ​មិន​និយាយ​ជាមួយ​អ្នក​យក​ព័ត៌មាន​​​ឡើយ ខណៈ​​នាង​​​ចាក​ចេញ​ពី​សាល​សវនាការ​។ នាង​និយាយ​ថា “ខ្ញុំ​មិន​អាច​​​​​​ធ្វើ​​​​​​​ការ​អត្ថាធិប្បាយ​​​​​​​​​​អ្វី​​​បាន​​​ទេ ព្រោះ​​​ពេល​​​​​​នេះ​ខ្ញុំ​​​​មាន​​​​​​អារម្មណ៍​​​​​​ពិបាក​និយាយ​​​​​​ចេញ​​​ណាស់​​​​”។

កញ្ញា ខុម ចាន់តារាទី ​​​បាន​​​​​​ជាប់​​​ពាក់​​​​​​ព័ន្ធ​​​​​​​​​ក្នុង​​​​​​រឿង​​​អាស្រូវ​​​នយោបាយ​​​​​​ដែល​​​​​​រីក​​​​​​​​​កាន់​​​តែ​​​ធំ​ពេល​​​​​​​​វា​​​​​​​​​​​​ចាប់​​​​​​ផ្តើម​​​ភ្លាម ​​​​​​​ពេល​​​​​​​​​ខ្សែ​​​​​​អាត់​សំឡេង​​​​​​​​​​​​​​​​បុរស​​​ម្នាក់ ​​​និង​​​ស្ត្រី​​​ម្នាក់​​​និយាយ​​​​​​​​​ទូរស័ព្ទ​​​​​​ជាមួយ​​​​​​គ្នា​​​​​​​​​ត្រូវបាន​​​បង្ហោះ​​​​​​តាម​​​​​​ទំព័រ​​​​​​ហ្វេសប៊ុក​​​​​​របស់​​​​​​នាង​​​​​​កាល​​​​​​ពី​​​​​​​​​ចុង​​​​​​​​​ខែ​​​​​​កុម្ភៈ ដែល​​​នាង​​​និយាយ​​​ថា​​​ត្រូវ​​​គេ​​​​​​​​​ហ៊ែក។

នាង​​​បាន​​​ចូល​​​​​​ខ្លួន​​​​​​​​​​​​​​​​​នៅ​​​តុលាការ​​​​​​កាល​​​​​​ពី​​​ម្សិល​​​​​​មិញ​​​​​​​​ ដើម្បី​​​​​​​​​​​ឆ្លើយ​​​​​​​​​​​​​​បំភ្លឺ​​​​​​​​​​​​​​​​​​ជុំ​​​​​​​​​វិញ​​​បទ​​​ប្រកាន់​​​​​​សញ្ចរ​​​កម្ម​​ និង​​​​​​​​​​​​​​​​​​​សក្ខី​​​​​​កម្ម​​​​​​​​​មិន​​​ពិត​​​ ដោយ​​​​​បទ​​​ចោទ​​​​​​ប្រកាន់​សក្ខី​​​កម្ម​​​មិនពិត​​​កើត​​​​​​ចេញ​​​ពី​​​ការ​​​​​​​​​បដិសេធ​​​​​​របស់​​​នាង​​​​ថា សំឡេង​​​ក្នុង​​​​​​ខ្សែ​​​អាត់​​​មិន​​​មែន​​​ជា​​​​​​សំឡេង​​​​​​​​​​​​​​​​​​របស់​​​ខ្លួន​ ​​​នៅ​​​ពេល​​​នាង​​​​​​​​​ត្រូវ​​​បាន​​​​​​​​​សាកសួរ​​​​​​​​​នៅ​​​​​នាយដ្ឋាន​​​​​​នគរ​​​បាល​​​​​​ប្រឆាំង​​​​​​ភេរវ​​​កម្ម​​​​​​​​​​​ នៃ​​​ក្រសួង​​​​​​​មហា​​​ផ្ទៃ​​​​​​កាល​​​​​​ពី​​​ខែ​​​​​​មុន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណុំរឿង​នេះ​បាន​បើក​​ដំណើរ​ការ​ក្រោយ​​​​មានការ​​​​​​ដាក់​​​​​​ពាក្យ​​​​​​​​​ប្តឹង​​​​​​ទៅ​​​​​​សាលា​​​ដំបូង​​​រាជ​​​ធានី ពី​សំណាក់​​​​​​សកម្មជន​នយោ​បាយ ​​ធី សុវណ្ណថា អាយុ​២០​ឆ្នាំ ដែល​អះអាង​ថា ​​នាង​ត្រូវ​​​​​​បាន​​​​​​​​​បរិហារកេរ្តិ៍​​​​​​ដោយ​​​​​បុរស និង​​​​​​​​​​​​​​​​​​​​​ស្ត្រី​​​​​​​​​​​​​​​​​​​​​​ក្នុង​ខ្សែ​អាត់​សំឡេង​ទាំង​នោះដែល​​​​​​​​​​​​​​​ជជែក​​​​​​​គ្នា​​​​​​​​​​​​​អំពី​​​​​​​ពាក្យ​ចចាម​អារ៉ាម​​​​ថា ​​​នាង​​​ក៏​​​មាន​​​​​​​​​ស្នេហា​​​​​​លួច​​​​​​​លាក់​​​ជាមួយ​​​​​​លោក កឹម សុខា ដែរ។​

លោកស្រី​ ទ្រី ឈួន ​មេធាវី​របស់​​​កញ្ញា ​ខុម ​ចាន់តារាទី បានលើក​​​​​​ឡើង​​​កាលពី​ម្សិល​មិញ​ថា ព្រះរាជអាជ្ញាអម​សាលា​ដំបូង​រាជធានី​​​​​គ្រាន់​តែ​​សាកសួរ​កូន​ក្ដី​របស់​លោកស្រី​​អំពី​ខ្សែ​​​អាត់​សំឡេង​ដែល​បែក​ធ្លាយ​ប៉ុណ្ណោះ​ ហើយ​មិន​បាន​លើក​ឡើង​​ពីបទ​ចោទ​ប្រកាន់​​សញ្ចរកម្ម​ និង​​សក្ខីកម្ម​​មិន​ពិត​​​ទេ។

ដោយ​​​មិន​​​​​​បញ្ចេញ​​​​​​ឈ្មោះ​​​​​​អ្នក​​​​​​​​​​​​ផ្សេង​​​ទៀត ​​​លោកស្រី​បាន​​​​​​មាន​​​​​​​​​ប្រសាសន៍​​​​​​​​​បន្ត​​​ថា ”​តុលា​ការ​​​​​បាន​សាកសួរ​អំពី​ខ្សែអាត់​សំឡេង និង​ទំនាក់​ទំនង​រវាង​កូនក្ដី​ខ្ញុំ និង​អ្នក​ដែល​ពាក់​ព័ន្ធ​។ រហូត​​​​មក​ទល់​ពេល​នេះ តុលាការ​មិន​ទាន់​​​​​​​​​​​ដាក់​​​​​​ការ​ចោទ​ប្រកាន់​​មក​លើ​កូនក្ដី​របស់​ខ្ញុំ​នៅ​ឡើយ​ទេ ដូច្នេះ​ខ្ញុំ​​សង្ឃឹម​យ៉ាង​មុតមាំ​​ថា តុលាការ​នឹង​មិន​ចោទ​ប្រកាន់​កូនក្ដី​របស់​ខ្ញុំ​ទេ ពីព្រោះ​នាង​​​ជា​ជន​រងគ្រោះ​​”។

បទ​ចោទ​ប្រកាន់​សញ្ចរកម្ម​កើត​ចេញពី​ការ​​​ចោទ​ប្រកាន់​ថា លោក កឹម សុខា បាន​​​ផ្ដល់​រថយន្ត​ និង​ប្រាក់​ជាកាដូទៅដល់​​ស្រីកំណាន់​របស់​លោក ប៉ុន្តែ​សំណុំរឿង​ទាំង​មូល​ត្រូវ​បាន​​​​បណ្ដា​អ្នក​តស៊ូ​មតិការ​ពារ​សិទ្ធិ​មនុស្ស​​រិះគន់​ថាជា​ការ​កេង​ចំណេញ​នយោបាយ​សុទ្ធ​​សាធ​ក្នុង​គោល​បំណង​​បំផ្លាញ​កេរ្តិ៍ឈ្មោះ​របស់​​​អនុប្រធាន​គណបក្ស​ប្រឆាំង​។

លោកស្រី ធីតា ឃឹះ ជា​អ្នក​តស៊ូ​មតិ​​​​​​​​ការ​ពារ​​​​​សិទ្ធិស្ត្រី​​​​​​​ដ៏​​​លេច​​​​​​ធ្លោ និង​ជា​ប្រធាន​អង្គការ​​​សីលការ បាន​មាន​ប្រសាសន៍​នៅ​ខាង​ក្រៅ​​តុលាការ​កាលពី​ម្សិលមិញ​ថា ច្បាស់​ណាស់​ថា ​កញ្ញា ខុម ចាន់តារាទី ​កំពុង​ត្រូវ​គេ​ប្រើ​ប្រាស់​ជា​ឧបករណ៍​​នយោបាយ​ ហើយ​ទំនាក់​ទំនង​របស់​នាង​ជាមួយ​លោក កឹម សុខា ​មិន​ពាក់​ព័ន្ធ​គ្នា​​​​ឡើយ។

លោកស្រី​បាន​បន្ត​ថា “នាង​ជា​ជន​រង​គ្រោះ​​ពិត​ប្រាកដ​។ ខ្ញុំ​សូម​អំពាវ​នាវ​​ទៅ​ដល់​បណ្ដា​អ្នក​នយោបាយ​​ សូម​​​​ឈប់​ប្រើ​ប្រាស់​នាង​​​​​​​​​ដើម្បី​​​​​​ហ្គេម​របស់​ខ្លួន​​​ទៅ​​​​។ យើង​មិន​ដឹង​​​​ថា​​​វា​ជា​រឿង​​​​​សំខាន់ ​ឬក៏អត់​ទេ ប៉ុន្តែ​វា​ពិត​ជា​អយុត្តិ​ធម៌​ណាស់​ស​​​ម្រាប់​នាង។ ទី១ វា​ជា​ជីវិត​ឯកជន​របស់នាង​ ទី២​ បញ្ហា​លួច​ស្ដាប់​ និង​លួច​ថត​​​សំឡេង​នរណា​ម្នាក់​យក​មក​ចុះ​ផ្សាយ​​​ គឺ​ជា​ការ​​​​បំពាន​​​ច្បាប់​​​​រដ្ឋធម្មនុញ្ញ​​ និង​បំពាន​សិទ្ធិ​មនុស្ស​”។

និស្សិត​មួយ​ក្រុម​មាន​គ្នា​១៥​នាក់​​ដែល​តែង​​​តែ​​​តាម​​​​​​​អុក​​​ឡុក​​​​​​លោក កឹម សុខា ​ដល់​​​ពិធី​​​ជួប​​​​​​ជុំ​​​​​​របស់​​គណបក្ស​សង្គ្រោះជាតិ​​នៅ​ទូទាំង​​​​ប្រទេស ក៏​​​​​​មាន​​​​​​​​​​​​វត្ត​​​មាន​​​​​​​​​នៅ​​​ខាង​​​​​​តុលា​ការ​​​​​​​ដែរ ​​​​​​​​​​​​ដោយ​ពួកគេ​ចាត់​ទុក​ខ្លួន​ឯង​ជា​ពលរដ្ឋ​ធម្មតា​ដែល​មាន​ការ​ខឹងសម្បារ​​​​ចំពោះ​ការ​បំពាន​​​​​​​​សីលធម៌​របស់​អ្នក​នយោបាយ​រូប​នេះ។

យុវជន ស្រី ចំរើន ​ដែល​​ជា​ប្រធាន​ក្រុម​​​និស្សិត​​​នេះ បាន​បន្ត​​​​​​​អះអាង​​​​ថា លោក កឹម សុខា គួរ​តែ​​​​​​ដក​​​​​​ខ្លួន​​​​​​​​​ចេញ​ពី​អាជីព​នយោបាយ​ដោយសារ​តែ​រឿងអាស្រូវ​នេះ​។ ”​គាត់​គួរ​តែ​បញ្ចប់​ជីវិត​នយោបាយ​របស់​​​​គាត់ ពីព្រោះ​មាន​ភ័ស្តុតាង​បញ្ជាក់​ថា ខ្សែអាត់​សំឡេង​​ដែល​​​​បែក​ធ្លាយ​ជា​របស់​គាត់​។ យើង​គ្មាន​បំណង​អាក្រក់​​ដើម្បី​បំពាន​សិទ្ធិ​របស់​ ស្រីមុំ ទេ។ ​យើង​គ្រាន់​តែ​​​ត្រូវ​ការ​ឲ្យ​លោក កឹម សុខា ចេញ​មុខ​បកស្រាយ​ ឬយ៉ាង​ហោច​ណាស់​ធ្វើ​ការ​សុំទោស​ជា​សាធារណៈ​​​​​​ប៉ុណ្ណោះ​​​”៕ សុខុម​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស