33 C
Phnom Penh

ព្រះ​​​សង្ឃ​​​ដែល​​​ជា​​​សកម្ម​​​ជន​​​ប្រឆាំង​​​រដ្ឋាភិបាល​​​បាន​​​សិទ្ធិ​​​ជ្រក​​​កោន​​​នៅ​​​​​​ស៊ុយអែត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សឹង ហៃ ដែល​ជា​​​អតីត​​​ព្រះ​​​សង្ឃ​​​ប្រឆាំង​​​រដ្ឋាភិបាល​និង​ដែល​​​រដ្ឋាភិបាល​​​តាម​​​ចាប់​​​ខ្លួន​​​នោះ​ ​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា គាត់​​​បាន​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​ស៊ុយអែត​​​ចាប់​​​តាំង​​​ពី​​​ខែ​​​វិច្ឆិកា​​​មក​​​ម្លេ៉ះ​​​ បន្ទាប់​​​ពី​​​ទី​​​ភ្នាក់​​​ងារ​​​ជន​​​ភៀស​​​ខ្លួនរបស់​​​​អង្គការ​​​សហប្រជា​​​ជាតិ​​​ជួយ​​​គាត់​​​ឲ្យ​​​ទទួល​​​បាន​​​សិទ្ធិ​​​ជ្រក​​​កោន​​​​នយោ​​​បាយ​​​នៅ​​​ទី​​​នោះ។

ប៉ុន្តែ​​​ស្ថានទូត​​​ស៊ុយអែត​​​ប្រចាំ​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​​​​លើក​​​ឡើង​​​ថា ខ្លួន​​​មិន​​​ដឹង​​​ថា ​​​លោក  ​​​សឹង ហៃ នៅ​​​ក្នុង​​​ប្រទេស​​​ស៊ុយអែត​​​ឡើយ​​​ ហើយ​​​អ្នក​​​នាំ​​​ពាក្យ​​​ឧត្តម​​​ស្នង​​​ការ​​​អង្គការ​​​សហ​ប្រជា​​​ជាតិ​​​ទទួល​​​បន្ទុក​​​ជន​​​ភៀស​​​ខ្លួន​​​ (UNHCR) ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​ស្រី​​​មិន​​​អាច​​​ធ្វើ​​​អត្ថាធិប្បាយ​​​លើ​​​ករណី​​​នេះ​​​បាន​​​ទេ​​​។

cam-photo-soeng-hai-willemyns-WEB-ONLYលោក សឹង ហៃ ដែល​​​ធ្លាប់​​​ជា​​​បន្លា​​​នៅ​​​ក្នុង​​​កែវ​​​ភ្នែក​​​របស់​​​រដ្ឋាភិបាល​​​​​​រៀង​រហូត​​​មក​​​ត្រូវ​​​រដ្ឋាភិបាល​​​ចេញ​​​បទ​​​បញ្ជា​​​ឲ្យ​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​ខែ​​​វិច្ឆិកា​​​ ដោយ​​​សារ​​​នៅ​​​តែ​​​បន្ត​​​​​គ្រង​​​ស្បង់​​​ចីវរ​​​ ​​​បន្ទាប់​​​ពី​​​ត្រូវ​​​បានផ្សឹក​​​ ហើយ​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ នៅ​​​ចុង​​​ឆ្នាំ​​​២០១៤ ពាក់​​​ព័ន្ធ​​​ការ​​​តវ៉ា​​។

ដោយ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ជាមួយ​​​សកម្ម​​​ជន​​​ចំនួន​​​៧​​​នាក់​​​ផ្សេង​​​ទៀត​​​នៅ​​​ខែ​​​មេសា​​​ ឆ្នាំ​​​មុន​​​នោះ​​​ លោក សឹង ហៃ បាន​​​និយាយ​​​តាម​​​ទូរស័ព្ទ​​​ពី​​​ខេត្ត​​​ Ostersund នៅ​​​ក​​​្នុង​​​ប្រទេស​​​ស៊ុយអែត​​​កាល​​​ពី​​​ម្សិលមិញ​​​មកថា គាត់​​​បាន​​​ភៀស​​​ខ្លួន​​​ទៅ​​​ប្រទេស​​​ថៃ​​​កាល​​​ពី​​​ខែ​​​កក្កដា​​​ដើម្បី​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ជាមួយ​​​អង្គការ​​​សហប្រជាជាតិ​​​នៅ​​​ទី​​​នោះ​​​ក្នុង​​​ខែ​​​វិច្ឆិកា ​​​ហើយ​​​​​​បាន​​​ទៅ​​​ដល់​​​ប្រទេស​​​ស៊ុយអែត​​​នៅ​​​ខែ​​​កុម្ភៈ​​​។

លោក សឹង ហៃ​​​ បាន​​​លើក​​​ឡើង​​​ថា​​​ “រហូត ​​​មក​​​ទល់​​​ពេល​​​នេះ​​​ ខ្ញុំ​​​បាន​​​នៅ​​​ទី​​​នេះ​​​អស់​​​រយៈ​​​ពេល​​​ពីរ​​​ខែ​​​ និង​​​១០​​​ថ្ងៃ​​​មក​​​ហើយ​​​។ ខ្ញុំ​​​ទទួល​​​បាន​​​សិទ្ធិ​​​ជ្រក​​​កោន​​​​​​នយោបាយ​​​ពី​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​​​​​​​​​​​​​ដោយ​​​សារ​​​រង​​​ការ​​​ធ្វើ​​​ទុក្ខ​​​បុក​​​ម្នេញ​​​​​ពី​​​សំណាក់​​​រដ្ឋាភិបាល​​​កម្ពុជា​​​”។ លោក​បាន​​​បន្ថែម​​​ថា ឥឡូវ​​​នេះ​​​លោក​​​បាន​​​ចុះ​​​ឈ្មោះ​​​ ចូល​​​សិក្សា​​​នៅ​​​ក្នុង​​​សាកល​​​វិទ្យាល័យ​​​បច្ចេក​​​វិទ្យា​​​។

លោក​​​បាន​​​បន្ថែម​​​ទៀត​​​ថា “រដ្ឋាភិបាល​​​ស៊ុយអែត​​​កំពុង​​​តែ​​​មើល​​​ថែ​​​ទាំ​​​ខ្ញុំ​​​។ ខ្ញុំ​​​កំពុង​រៀន​​​ផ្នែក​ធ្វើជាជាង​​​​ផ្សារ​​​នៅ​​​សាលា​​​។ អ្វី​​​ៗ​​​គ្រប់​​​យ៉ាង​​​ដូច​​​ជា​​​ការ​​​ស្នាក់​​​នៅ​​​ និ​​​ងការ​​​ហូប​​​ចុក​​​ជា​​​ដើម​​​គឺ​​​រដ្ឋាភិបាល​​​ស៊ុយអែត​​​ជា​​​អ្នក​​​រ៉ាប់​​​រង​​​។ ​​​ពួក​​​គេ​​​ឲ្យ​​​ខ្ញុំ​​​ប្រហែល​​​៣០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ថ្ងៃ​​​”។

លោក​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ទៀត​​​ថា ​​​” បន្ទាប់​​​ ពី​​​រស់​​​នៅ​​​ទី​​​នោះ​​​អស់​​​រយៈ​​​ពេល​​​៥​​​ឆ្នាំ​​​ ខ្ញុំ​​​នឹង​​​​​​​​​ទទួល​​​បាន​​​សញ្ជាតិ​​​។ នៅ​​​ក្នុង​​​រយៈ​​​ពេល​​​៥​​​ឆ្នាំ​​​នេះ​​​ ​​​ខ្ញុំ​​​នឹង​​​ខិត​​​ខំ​​​រៀន​​​សូត្រ​​​និង​​​សន្សំ​​​ប្រាក់​​​ បន្ទាប់​​​មក​​​ទៀត​​​ខ្ញុំ​​​នឹង​​​វិល​​​ត្រឡប់មក​​​​​​វិញ​​​ដើម្បី​​​បម្រើ​​​ពល​​​រដ្ឋ​​​ និង​​​សង្គម​​​”។

កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ លោក​​​ស្រី វីវៀន តាន អ្នក​​​នាំ​​​ពាក្យ​​​ប្រចាំ​​​តំបន់​​​របស់​​​ UNHCR បាន​​​លើក​​​ឡើង​​​ថា លោក​​​ស្រី មិន​​​អាច​​​ធ្វើ​​​អត្ថាធិប្បាយ​​​ថា តើ​​​ទី​​​ភ្នាក់​​ងារ​​​របស់​​​លោក​​​ស្រី​​​​​​តាម​​​ពិត​​​ទៅ​​​បាន​​​ជួយ​​​លោក សឹង ហៃ ឲ្យ​​​ទទួល​​​បាន​​​សិទ្ធិ​​​ជ្រក​​​កោន​​​​​​នយោបាយ​​​នៅ​​​ស៊ុយអែត​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​ឡើយ​​​។ លោក​​​ស្រី​​​បាន​​​​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុម៉េល​​​មួយ​​​ថា “[យើង] ​​​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​លើ​​​ករណី​​​បុគ្គល​​​ទេ​​ ព្រោះ​​​វាជារឿង​​​​សម្ងាត់​​​”។

តំណាង​​​ស្ថាន​​​ទូត​​​ស៊ុយអែត​​​ បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ថា គេ​​​មិន​​​បាន​​​ជូន​​​ដំណឹង​​​ឲ្យ​​​ស្ថាន​​​ទូត​​​ដឹង​​​អំពី​​​ករណី​​​នេះ​​​ឡើយ​​​។

លោក​​​ស្រី​​​ គ្រីស្ទីណា កូណេល (Kristina Kuhnel) ប្រធាន​​​ផ្នែក​​​កិច្ច​​​សហប្រតិបត្តិការ​​​អភិវឌ្ឍន៍​​​ប្រចាំ​​​ស្ថាន​​​ទូត​​​ស៊ុយអែត​​​បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុម៉េល​​​មួយ​​​ថា “ស្ថាន​​​ទូត​​​មិន​​​បាន​​​ដឹង​​​ថា លោក សឹង ហៃ នៅ​​​ក្នុង​​​ប្រទេស​​​ស៊ុយអែត​​​ឡើយ ហើយ​​​ក៏​​​មិន​​​បាន​​​ទទួល​​​​ព័ត៌​​​មាន​​​ដំបូង​​​​​​ពាក់​​​ព័ន្ធ​​​បញ្ហា​​​នេះ​​​ដែរ ​​​​​​មុន​​​ពេល​​​ទទួល​​​បាន​អីុម៉េល​​​របស់​​​អ្នក​​​”។

លោក​​​ស្រី​​​បាន​​​បន្ថែម​​​ថា “យើង​​​គ្មាន​​​ព័ត៌មាន​​​ពាក់​​​ព័ន្ធ​​​នឹង​​​បញ្ហា​​​ថា តើ​​​លោក ​​​សឹង ​​​ហៃ បាន​​​ដាក់​​​ពាក្យ​​​សុំ​​​សិទ្ធិ​​​ជ្រក​​​កោន​​​នៅ​​​ក្នុង​​​ប្រទេស​​​ស៊ុយអែត​​​ ឬ​​​ក៏​​​អត់​​​នោះ​​​ទេ​​​​”។

ពេល​​​សួរ​​​អំពី​​​រឿង​​​រា៉ាវ​​​របស់​​​លោក ​​​សឹង  ​​​ហៃ ​​​កាល​​​ពី​​​ម្សិលមិញ លោក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​ថា ស្ថាន​​​ទូត​​​គ្មាន​​​ព័ត៌​​​មាន​​​បន្ថែម​​​ទៀត​​​ឡើយ​​​។

លោក​​​ស្រី​​​គ្រីស្ទីណា កូណេល​ បាន​​​មាន​​​ប្រសាសន៍​​​ថា “សូម​​​គូស​​​បញ្ជាក់​​​ថា បញ្ហា​​​ពាក់​​​ព័ន្ធ​​​សិទ្ធិ​​​ជ្រក​​​កោន​​​ត្រូវបាន​ចាត់​​​ទ​​​ុក​​​ថា ជា​​​រឿង​​​​​​ សម្ងាត់​​​នៅ​​​ក្នុង​​​ប្រទេស​​​ស៊ុយអែត​​​”។

cam-photo-soeng-hai-front-small-NO-WEBលោក សឹង ហៃ បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោក​​​បាន​​​ភៀស​​​ខ្លួន​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​បន្ទាប់​​​ពី​​​ទទួល​​​បាន​​​ដំណឹង​​​អំពី​​​ផែន​​​ការ​​​ចាប់​​​ខ្លួន​លោក​​​​​​ដាក់​​​ពន្ធនាគារ​​​ក្រោយ​​​ ពេល​​​ដំណើរ​​​ចុះ​​​ទៅ​​​ពិនិត្យ​​​ការ​​​ឈ្លាន​​​ពាន​​​ព្រំ​​​ដែន​​​ដោយ​​​វៀតណាម​​​នៅ​​​ក្នុង​​​ខេត្ត​​​ស្វាយ​​​រៀង​​​ជា​​​មួយ​​​សមាជិក​​​សភា​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ និង​​​មនុស្ស​​​២.៥០០នាក់​​​ផ្សេង​​​ទៀត​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៩​​​ខែ​​​កក្កដា ។

លោក​​​បាន​​​ថ្លែង​​​ថា “នៅ​​​ថ្ងៃ​​​ទី​​​២៩​​​ខែ​​​កក្កដា​​​ ឆ្នាំ​​​២០១៥ បន្ទាប់​​​ពី​​​ខ្ញុំ​​​បាន​​​ចូល​​​រួម​​​ការ​​​តវ៉ា​​​នៅ​​​ព្រំដែន​​​…​​​ខ្ញុំ​​​ទទួល​​​បាន​​​ការ​​​ហៅ​​​ទូរស័ព្ទ​​​ពី​​​មន្ត្រី​​​នគរ​​​បាល​​​ជាន់​​​ខ្ពស់​​​ចិត្ត​​​ល្អ​​​ម្នាក់​​នៅ​​​ក្រសួង​​​មហាផ្ទៃ​​​ដែល​​​អាណិត​​​ខ្ញុំ​​​ និង​​​ដែល​​​​​​ប្រាប់​​​ខ្ញុំ​​​ថា ឲ្យ​​​គេច​​​ខ្លួន​​​ជា​​​បន្ទាន់​​​ ព្រោះ​​​រដ្ឋាភិបាល​​​មាន​​​ផែន​​​ការ​​​ចាប់​​​ខ្ញុំ​​​ដាក់​​​ពន្ធនាគារ​​​ម្តង​​​ទៀត”។

លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា បន្ទាប់​​​មក​​​លោក​​​បាន​​​ភៀស​​​ខ្លួន​​​ទៅ​​​កាន់​​​វត្ត​​​មួយ​​​នៅ​​​តាម​​​ទី​​​ជន​​​បទ​​​ប្រទេស​​​ថៃ​​​ ជា​​​កន្លែង​​​ដែល​​​លោក​​​​​​ទទួល​​​បាន​​​ព័ត៌មាន​​​មក​​​ថា អតីត​​​សង្ឃ​​​២នាក់​​​ដែល​​​ធ្លាប់​​​ប្រាស្រ័យទាក់ទងគ្នា​ជា​​​មួយលោក​កាលនៅជាសង្ឃ​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​រាជធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១ ខែ​​​សីហា​​​ដោយ​​​សារ​​​មាន​​​ថ្នាំ​​​ញៀន​​​ជាប់​​​ខ្លួន​​​ ជា​​​ការ​​​ឆ្មក់​​​ចូល​​​​​​មួយ​​​ដែល​​​លោក​​​ជឿ​​​ថា ផ្តោត​គោលដៅ​មកលើ​រូប​​​លោក​​​។ក្រោយ​​​មក​​​លោក​​​ត្រូវ​​​បាន​​​កាត់​​​ទោស​​​នៅ​​​ខែ​​​វិច្ឆិកា​​​​ដោយ​​​សារក្លែង​​​​​ធ្វើ​​​ជា​​​ព្រះ​​​សង្ឃ​​​​​​។

លោក​​​ សឹង ហៃ​​​ បាន​​​និយាយ​​​ថា “ដំបូង​​​ឡើយ​​​ពេល​​​ដែល​​​ខ្ញុំ​​​ទៅ​​​ស្នាក់​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​​​​ខ្ញុំ​​​មិន​​​បាន​​​ស្នើ​​​សុំ​​​សិទ្ធិ​​​ជ្រក​​​កោន​​​នយោ​​​បាយ​​​​​​ភ្លាម​​​ៗ​​​នោះ​​​ទេ ព្រោះ​​​ខ្ញុំ​​​ចាំ​​​មើល​​​ស្ថាន​​​ការណ៍​​​សិន​​​។ បន្ទាប់​​​មក​​​នៅ​​​​​​ថ្ងៃ​​​ទី​​​៣ ខែ​​​វិច្ឆិកា ​​​តុលាការ​​​ បាន​​​កាត់​​​ទោស​​​ខ្ញុំ​​​កំបាំង​​​មុខ​​​ពី​​​បទ​​​គ្រង​​​ស្បង់​​​ចីវរ​​​ ហើយ​​​បាន​​​ចេញ​​​ដីកា​​​ចាប់​​​ខ្លួន​​​ខ្ញុំ​​​”។

លោក​​​​​​បាន​​​បន្ត​​​ថា “ខ្ញុំ​​​បាន​​​សម្រេច​​​យក​​​ករណី​​​កាត់​​​ទោស​​​នេះ​​​ និង​​​ដីកា​​​ចាប់​​​ខ្លួន​​​ទៅ​​​ស្នើ​​​សុំ​​​ឲ្យ​​​អង្គការ​​​សហប្រជាជាតិ​​​ប្រចាំ​​​ប្រទេស​​​​​​ថៃ​​​ជួយ​​​ធ្វើ​​​អន្តរាគមន៍ ប៉ុន្តែ បន្ទាប់​​​មក​​​រដ្ឋា​​​ភិបាល​​​យោធា​​​ថៃ​​​ទទួល​​​បាន​​​សំណើ​​​ពី​​​រដ្ឋាភិបាល​​​ ​​​កម្ពុជា​​​ឲ្យ​​​តាម​​​រក​​​ និង​​​ចាប់​​​ខ្លួន​​​ខ្ញុំ​​​”។

លោក​​​បាន​​​បន្ថែម​​​ទៀត​​​ថា “ថ្ងៃ​​​មួយ​​​នៅ​​​ក្នុង​​​ខែ​​​ធ្នូ​​​ ទាហាន​​​ថៃ​​​រាប់​​​សិប​​​នាក់​​​ជិះ​​​រថយន្ត​​​ធំៗ​​​​​​ បី​​​គ្រឿង​​​មក​​​ដល់​​​ ហើយ​​​ឡោម​​​ព័ទ្ធ​​​វត្ត​​​ដែល​​​ខ្ញុំ​​​ស្នាក់​​​នៅ​​​ ប៉ុន្តែ​​​ សំណាង​​​ល្អ​​​ មន្ត្រី​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​បាន​​​​​​មក​​​ដល់​​​ ហើយ​​​សង្គ្រោះ​​​ខ្ញុំ​​​” ហើយ​​​មិន​​​យូរ​​​ប៉ុន្មាន​​​បាន​​​ជួយ​​​គាត់​​​ឲ្យ​​​ទទួល​​​បាន​​​​​​សិទ្ធិ​​​ជ្រក​​​កោន​​​។

លោក សឹង ហៃ កើត​​​នៅ​​​ក្នុង​​​គ្រួសារ​​​ខ្មែរ​​​ក្រោម​​​​​​ក្នុង​​​ខេត្ត​​​​​​ត្រាវិញ​​​ នៅ​​​​​​​វៀតណាម​​​​ខាង​​​ត្បូង​​​ដែល​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ជា​​​ច្រើន​​​ចាត់​​​ទុក​​​ថា ជា​​​ផ្នែក​​​នៃ​​​ទឹក​​​ដី​​​កម្ពុជា​​​ដែល​​​បារាំង​​​បាន​កាត់​​​​​​ទៅ​​​ឲ្យ​​​វៀតណាមដោយ​​​ខុស​​​ច្បាប់​​​នៅ​​​ក្នុង​​​​​​ឆ្នាំ​​​១៩៤៩។​

លោក​បាន​​​ក្លាយ​​​ជា​​​បុគ្គល​​​ដ៏​​​លេច​​​​​​ធ្លោ​​​ជា​​​សាធារណៈ​​​អំឡុ​​​ងការ​​​តវ៉ា​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ខែ​​​កក្កដា ឆ្នាំ​​​២០១៤ ប្រឆាំង​​​មន្ត្រី​​​ស្ថាន​​​ទូត​​​វៀតណាម​​​មួយរូប​​​​ដែល​​​លើក​​​ឡើង​​​តាម​​​រយៈ​​​វិទ្យុ​​​ថា វៀតណាម​​​ខាង​​​ត្បូង​​​ជា​​​ របស់​​​ពល​​​រដ្ឋ​​​វៀតណាម​​​ជាយូរ​​​មក​​​ហើយ​​​។

បន្ទាប់ពី​ដុត​​​ទង់​​​​ជាតិ​​​វៀតណាម​​​អំឡុង​​​ការ​​​តវ៉ា​​​មួយ​​​លោក សឹង ហៃ ក្រោយ​​​មក​​​បាន​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​បាតុកម្ម​​​ផ្សេង​​​ៗ​​​ទៀត​​​របស់​​​គណ​​​បក្ស​​​ប្រឆាំង​​​​​​​​​​​​​​ ក្នុង​​​នោះ​​​រួម​​​ទាំង​​​ការ​​​តវ៉ា​​​មួយ​​​នៅ​​​ខាង​​​ក្រៅ​​​សាលា​​​ដំបូង​​​រាជធានីភ្នំពេញ​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​ ឆ្នាំ​​​២០១៤ ជាពេល​​​ដែល​សកម្ម​​​ជន​​​សិទ្ធិ​​​​​​ដីធ្លី​​​ចំនួន​​​៧​​​នាក់​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​១​​​ឆ្នាំ ពីបទ​​​យក​​​គ្រែ​​​បិទ​​​ផ្លូវ​​​។

លោក​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ជាមួយ​​​មនុស្ស​​​បី​​​នាក់​​​ផ្សេង​​​ទៀត​​​អំឡុង​​​ការ​​​តវ៉ា​​​ពី​​​បទ​​​ “រារាំង​​​មន្ត្រី​​​សាធារណៈ​​​” ហើយ​​​អំឡុង​​​ការ​​​បើក​​​សវនាការ​​​ដ៏​​​ឆាប់​​​រហ័ស​​​មួយ​​​នៅ​​​​​​ថ្ងៃ​​​បន្ទាប់​​​លោក​​​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​១​​​​​​ឆ្នាំ។ បន្ទាប់មក​​​លោក​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ​​​នៅ​​​ខែ​​​មេសា​​​ឆ្នាំ​​​មុន​​​។

cam-photo-soeng-hai-jumpទោះ​​​បី​​​ជា​​​ត្រូវ​​​បាន​​​ផ្សឹក​​​ជា​​​ផ្លូវ​​​ការ​​​ដោយ​​​មន្ត្រី​​​​​​សង្ឃ​​​ មុន​​​ពេល​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធនា​​​គារ​​​ក៏​​​ដោយ​​​​​​ ក៏លោក​​​ សឹង ហៃ បាន​​​វិល​​​ត្រឡប់​​​​​​ មក​​​កាន់​​​វត្ត​​​ស្ទឹង​​​មាន​​​ជ័យ​​​​​​ក្នុង​​​រាជធានីភ្នំពេញ​​​វិញដែរ​​​​ ប៉ុន្តែ គាត់​​ត្រូវ​​​បាន​​​គេ​​​បណ្តេញ​​​ចេញ​​​នៅ​​​ខែ​​​បន្ទាប់​​​។លោក​​​បាន​​​បន្ត​​​សកម្ម​​​ភាព​​​នយោ​​​បាយ​​​​​​បន្ត​​​ទៀត​​​ដោយ​​​ធ្វើ​​​ដំណើរ​​​ជាមួយ​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចុះ​​​ទៅ​​​ពិនិត្យ​​​ការ​​​ឈ្លាន​​​ពាន​​​ព្រំដែន​ដោយ​​​វៀតណាម​​​នៅ​​​ខែ​​​កក្កដា មុន​​​ពេល​​​បាត់​​​ខ្លួន​​​។

កាល​​​ពី​​​ម្សិលមិញ ​លោក ខៀវ សុភ័គ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​អប​​​អរ​​​សាទរ​​​លោក សឹង ហៃ ដែល​​​ទទួល​​​បាន​​​សិទ្ធិ​​​ជ្រក​​​កោន​​​ក្នុង​​​ប្រទេស​​​ស៊ុយអែត​​​ ហើយ​​​បាន​​​ស្នើ​​​ឲ្យ​​​រដ្ឋាភិបាល​​​ស៊ុយអែត​​​ផ្តល់​​​ទិដ្ឋាការ​​​ដល់​​​ជនជាប់​​​​​​ចោទ​​​ទាំង​​​អស់​​​នៅ​​​កម្ពុជា​​​។

ឧត្តម​​​សេនីយ៍​​​ ខៀវ សុភ័គ បាន​​​លើក​​​ឡើង​​​​​​ ថា “សូម​​​យក​​​អ្នក​​​ទោស​​​ទាំងអស់ដែល​មាន​ចំនួន​​​​​​១៩.០០០នាក់​​​ផ្សេង​​​ទៀត​​​ទៅ​​​ប្រទេស​​​របស់​​​អ្នក​​​ផង​​​។ យើង​​​ពិត​​​ជា​​​រីក​​​រាយ​​​ណាស់​​​។ ​​​សូម​​​យក​​​ពន្ធនាគារ​​​ទៅ​​​ផង​​​។យើង​​​នឹង​​​អប​​​អរ​​​សាទរ​​​អ្នក​​​។ សូម​​​ជួយ​​​ធ្វើ​​​ឲ្យ​​​ពន្ធនាគារ​​​របស់​​​ខ្មែរ​​​យើង​​​លែង​​​មាន​​​អ្នក​​​ទោស​​​ផង។ ​​​អូ!។​​​យើង​​​​រីករាយ​​​ខ្លាំង​​​ណាស់​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “ប្រសិន​​​បើ​​​ប្រទេស​​​ណា​​​មួយ​​​ចង់​​​បាន​​​ពួក​​​គេ​​​ យើង​​​រីក​​​រាយ​​​នឹង​​​ឲ្យ​​​ពួក​​​គេ​​​ទៅ​​​ទាំង​​​អស់​​​​​​តែម្តង​។ យើង​​​នឹង​​​នាំ​​​ពួក​​​គេ​​​ទៅ​​​ឲ្យ​​​អ្នក​​​”។

ប៉ុន្តែ ឧត្តមសេនីយ៍ ខៀវ សុភ័គ​​​ បាន​​​លើក​​​​​​ឡើង​​​ថា លោក សឹង​​​ ហៃ នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​​​​ពន្ធនាគារ​​​ភ្លាម​​​ប្រសិន​​​បើ​​​គាត់​​​ព្យាយាម​​​​ឈាន​​​ចូល​​​ប្រទេស​​​កម្ពុជា​​​ម្តង​​​ទៀត​​​។

លោក​​​បាន​​​ថ្លែង​​​ថា “យើង​​​មាន​​​ដីកា​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​ដៃ​​​ ហេតុ​​​ដូច្នេះ​​​វា​​​ច្បាស់​​​ណាស់​​​ថា ​​​គាត់​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​។​​​ពេល​​​អ្នកឯង​​​បាន​​​ទៅ​​​ដល់​​​ទី​​​នោះ​​​ហើយសូម​​​នៅ​​​ឲ្យ​​​ស្ងាត់​​​ស្ងៀម​​​​​​ កុំ​​​មក​​​រំខាន​​​ទៀត​​​”។

លោក ផៃ ស៊ីផាន អ្នកនាំ​​​ពាក្យ​​​​​​ទីស្តីការ​​​គណៈរដ្ឋ​​​មន្ត្រី​​​បាន​​​​​​លើក​​​ឡើង​​​ថា រដ្ឋាភិបាល​​​​​​មិន​​​រង​​​ភាព​​​អាម៉ាស​់​​​ទេ ដែល​​​សិទ្ធិ​​​ជ្រក​​​កោន​​​នយោបាយ​​​ត្រូវ​​​បាន​​​ផ្តល់​​​ទៅ​​​ឲ្យ​​​លោក ​​​សឹង ​​​ហៃ មាន​​​ន័យ​​​ថា រដ្ឋាភិបាល​​​ស៊ុយអែត​​​ទទួល​​​ស្គាល់​​​ថា អតីត​​​ព្រះ​​​សង្ឃ​​​រូប​​​នេះ​​​រង​​​ការ​​​​​​ធ្វើ​​​ទុក្ខ​​​ បុក​​​ម្នេញ​​​នោះ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “មនុស្ស​​​ដែល​​​ទទួល​​​បាន​​​សិទ្ធិ​​​ជ្រក​​​កោន​​​ធ្វើ​​​ការ​​​ងារ​​​​​​ប្រឆាំង​​​រដ្ឋាភិបាល​​​ដើម្បី​​​ឲ្យ​​​ខ្លួន​​​ទទួល​​​បាន​​​សិទ្ធិជ្រក​​​កោន”។

លោក​​​បាន​​​បន្ថែម​​​ថា “គាត់​​​កំសាក​​​។ ការ​​​ចាប់​​​ខ្លួន​​​​​​គឺជា​​​រឿង​​​ធម្មតា​​​។ អ្នក​​​នយោបាយ​​​មួយ​​​ចំនួន​​​ត្រូវ​​​បាន​​​ចាប់​​​ដាក់​​​ពន្ធនាគារ​​​អស់​​​រយៈ​​​ពេល​​​យ៉ាង​​​យូរ​​​ ប៉ុន្តែ ពួក​​​គេ​​​នៅ​​​តែ​​​ប្រកាន់​​​ ខ្ជាប់​នូវ​គោល​​​ការណ៍​​​របស់​​​ខ្លួន ហើយ​​​មិន​​​រត់​​​ទៅ​​​ណា​​​ទេ​​​។ មនុស្ស​​​ដែល​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោននយោបាយ​​​គ្មាន​​​គោល​​​ការណ៍​​​ទេ​​”៕​​​ ស៊ុយឈាង​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស