38.1 C
Phnom Penh

អ្នកប្តូរភេទពីបុរស​​​ទៅជា​​​ស្ត្រី​​​​ប្រឈម​​ហានិភ័យ​ខ្ពស់​​​នៃ​ការ​ឆ្លង​មេ​រោគ​អេដស៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​លទ្ធផល​នៃ​ការ​ស្ទង់មតិ​ឆ្នាំ​២០១២​​ ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ទស្សនា​វដ្តី​ ​​​អន​​​ឡាញ​​​ PLOS ONE នៅ​ខែ​នេះ​បាន​ឲ្យ​ដឹង​ថា អត្រា​ឆ្លង​មេរោគ​អេដស៍​​​ក្នុង​ចំណោម​អ្នកប្តូរភេទពីបុរស​​​ទៅជា​​​ស្ត្រី​​​ក្នុង​ប្រទេស​កម្ពុជាខ្ពស់​ជាង​មធ្យមភាគ​ទូទាំង​​ប្រទេស​​​ជិត​​​៦​​​ដង​​​​។

ការ​​​​ស្រាវជ្រាវ​​​​ដែល​​​​គាំទ្រ​ដោយ​​​​អង្គការ​ USAID ​បាន​សម្ភាស​ និង​ធ្វើ​​តេស្ត​​លើ​​​អ្នកប្តូរភេទពីបុរស​​​ទៅជា​​​ស្ត្រី ​(អ្នក​​​​​ដែល​កើត​មក​​ជា​ប្រុស​​​ ប៉ុន្តែ​បាន​កំណត់​ថា ជា​ស្ត្រី​ឬ​ជា​ភេទ​​ទី៣) ​ប្រហែល ​៨៩១​នាក់ ដែល​មាន​អាយុ​ពី​១៨​ឆ្នាំ​ឬ​លើស​ពីនេះ​​ ហើយ​បាន​រក​ឃើញ​ថា អត្រា​ឆ្លង​មេរោគ​ អេដស៍​មាន​​៤,១៥​ភាគរយ​​ បើ​​ធៀប​​​​ទៅ​នឹង​​ប្រជាជន​ទូទៅ​ដែល​មាន​​តែ​០,៧​

ភាគរយ​ប៉ុណ្ណោះ។

ជិត​១ភាគ៣​នៃ​អ្នក​ដែល​បាន​សម្ភាស​ជា​ផ្នែក​នៃ​ការ​ស្ទង់​មតិ​ឆ្នាំ​២០១២ បាន​ឲ្យ​ដឹង​ថា ពួកគេ​ត្រូវ​បាន​រំលោភ​​បំពាន​ក្នុង​រយៈ​ពេល​៦​ខែ​កន្លង​មក​ ហើយ​ជាង​ពាក់​កណ្ដាល​រាយ​ការណ៍​ថា បាន​ជួប​ប្រទះ​ការ​រើស​អើង​នៅ​​​ក្នុង​​​ឆាក​ជីវិត​​របស់​ខ្លួន​។

ប៉ុន្តែ​ក្រុមចុះ​​សិក្សា​​ក៏​បាន​បង្ហាញ​ពី​ភាព​ស៊ាំ​ផង​​​ដែរ​​​ដោយ​​​​មាន​តែ​១៥​ភាគ​​​រយ​​​ប៉ុណ្ណោះ​​​​​​រាយ​ការណ៍​ថា មិន​សូវ​​ឲ្យ​​​តម្លៃ​​​ខ្លួន​ឯង​ ជា​កត្តា​ដែល​អ្នក​ស្រាវជ្រាវ​ចាត់ទុក​ថា​ ជា​​​មូល​​​ហេតុ​​​នាំ​​​​​​ទៅ​​​រក​​​​ហានិភ័យ​ខ្ពស់​នៃការឆ្លង​មេរោគ​អេដស៍​។

ប៉ិច ជីវ៉ា តារា​ម៉ូដែល និង​តារាសម្ដែងប្តូរភេទពីបុរស​​​ទៅជា​​​ស្ត្រីអាយុ​២៩​ឆ្នាំ​​បាន​​និយាយ​​​​ថា ការ​រើស​អើង​គឺ​ជាផ្នែក​ធម្មតា​នៃការ​ងារ និង​ជីវិត​រស់​នៅ​ក្នុង​សង្គម​​របស់​នាង។ នាង​បាន​និយាយ​ថា ​រង្គសាល​​ល្បីឈ្មោះ​ជាច្រើន​បាន​រារាំង​មិន​ឱ្យ​​នាងចូល​ទេ​ ហើយ​ថា ក្រុម​ហ៊ុន​ដើរ​ម៉ូដ​បាន​រើស​អើង​នៅ​ពេល​ពួកគេ​រក​​​​ឃើញ​ថា នាង​ជា​អ្នក​ស្រឡាញ់ភេទដូច​គ្នា​។

នាង​បាន​និយាយ​ថា ​”​វា​ឈឺ​ចាប់​ ពិត​ជា​ឈឺ​ចាប់​ខ្លាំង​ណាស់​”។

លោក នួន ស៊ីដារ៉ា​​ អ្នក​សម្រប​សម្រួល​គម្រោង​នៅ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា លោក​ជឿ​ថា ការ​រើស​​​​​អើង​ និង​អត្រា​ឆ្លង​មេរោគ​អេដស៍​គឺ​មាន​​​​ទំនាក់ទំនង​នឹង​​គ្នា​។

លោក​បាន​លើក​ឡើង​នៅ​ក្នុង​អុីម៉េល​ថា “​ជាពិសេស​ អ្នកប្តូរភេទពីបុរស​​​ទៅជា​​​ស្ត្រី​​​ជាច្រើន​​​​ពិបាក​ក្នុង​ការ​ស្វែង​រក​ការ​ងារ​ធ្វើ​ណាស់​ ដោយ​​​​​សារ​តែ​ការ​​ស្រឡាញ់ភេទដូច​គ្នា​របស់​ពួកគេហើយ​បញ្ហា​នេះ​បាន​បណ្ដាល​ឲ្យ​​អ្នកប្តូរភេទពីបុរស​​​ទៅជា​​​ស្ត្រី​ជាច្រើន​ធ្លាក់​ចូល​ក្នុង​សេវា​ផ្លូវ​ភេទ​។ ផ្អែក​តាម​ទំនាក់ទំនង​របស់​យើង​ជាមួយ​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​ស្រឡាញ់ភេទដូច​គ្នា​​ជាច្រើន យើង​ដឹង​ថា ភាគច្រើននៃ​ម៉ូយ​របស់​​ពួកគេ​ទទូច​មិន​ប្រើ​ស្រោម​អនាម័យទេ​​”។

ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​មិន​ជាប់​លាប់​អំឡុង​ការ​រួម​ភេទ​តាម​រន្ធគូទ​ គឺ​ជា​កត្តា​មួយ​ក្នុង​ចំណោម​កត្តា​ដ៏ហានិភ័យ​មួយ​ចំនួន​​ដែលការ​សិក្សា​របស់​​​ទស្សនាវដ្ដី​ PLUS ONE ​បាន​រក​​​ឃើញ​។ តែ​៤៤​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ចំណោមអ្នក​​ដែល​បាន​រួម​បញ្ចូល​​​នៅក្នុង​ការ​សិក្សា​នេះ​បាន​រាយការណ៍​ថា មាន​ការ​ប្រើ​ប្រាស់​ស្រោមអនាម័យ​ជា​ប់លាប់​​។

យោងតាម​ការ​សិក្សា​បាន​ឱ្យ​ដឹង​ថា អត្រា​នេះ​គឺ​ខ្ពស់​បំផុត​ក្នុង​ចំណោមអ្នកប្តូរភេទពីបុរស​​​ទៅជា​​​ស្ត្រីដែល​មាន​អាយុ​ច្រើន​ និងអ្នកប្តូរភេទពីបុរស​​​ទៅជា​​​ស្ត្រី​​​រស់​នៅ​ក្នុង​ក្រុង​សៀមរាប ព្រម​ទាំង​​​អ្នក​ដែល​បាន​ប្រើ​ប្រាស់​គ្រឿង​ញៀន ឬ​​អ្នក​ដែល​មាន​ចំណេះ​ដឹង​តិច​តួច​។

​អត្រា​ឆ្លង​មេរោគ​អេដស៍នៃ​​អ្នកប្តូរភេទពីបុរស​​​ទៅជា​​​ស្ត្រី​​​ក្នុង​​ប្រទេស​កម្ពុជា​ទាប​ជាង​អ្នកប្តូរភេទពីបុរស​​​ទៅជា​​​ស្ត្រីដែលបាន​រាយការណ៍​នៅ​កន្លែង​ផ្សេង ហើយ​ការ​សិក្សា​ឆ្នាំ​២០១២ ​បាន​រក​ឃើញ​ថា ១៩​ភាគរយ​នៃ​អ្នកប្តូរភេទពីបុរស​​​ទៅជា​​​ស្ត្រី​​​នៅ​ក្នុង​ប្រទេស​ចំនួន​១៥​​បាន​ធ្វើ​តេស្ត​​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​អេដស៍ បើ​​​ធៀប​ទៅ​នឹង​ប្រទេស​ថៃ​​មាន​១២​ភាគ​​រយ និង​ប្រទេស​វៀតណាម​មាន​៧​ភាគរយ​។

លោក ស៊ីដារ៉ា បានសរសើរ​គម្រោង​ផ្ដល់​ជំនួយ​ក្រៅ​ប្រទេស​ធំ​ៗ​​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ ដែល​បាន​ជួយ​ពេលមាន​វិបត្តិ​​ឆ្លង​មេរោគ​អេដស៍​នៅទសវត្សរ៍​នោះ។

លោក​​ថ្លែង​ថា “​ជា​អកុសល ឥឡូវ​នេះ ​​​យើង​​​ឃើញ​ថា ការ​ផ្ដល់​មូលនិធិ​សម្រាប់​កម្ម​វិធី​ប្រយុទ្ធប្រឆាំង​មេរោគ​អេដស៍​បាន​អស់​ទៅ​​​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ខ្ញុំ​បារម្ភ​ថា​​​ បញ្ហា​​​​នេះ​អាច​បណ្ដាល​ឲ្យ​មាន​វិបត្តិ​ឆ្លង​មេ​​​ រោគ​អេដស៍ម្តង​ទៀត​ក្នុង​ប្រទេស​កម្ពុជា”​៕សារុន​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស