34 C
Phnom Penh

បុរស​​កសិករ​ម្នាក់​​នៅ​ខេត្ត​កំពង់ធំ​ ចងក​ធ្វើ​អត្តឃាត​ក្រោយ​​កាប់​​សម្លាប់​ប្រពន្ធ​របស់​ខ្លួន​នឹង​ពូថៅ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ជា​កសិករ​ម្នាក់​​បាន​​​សម្លាប់​ប្រពន្ធ​របស់​ខ្លួន​​នឹង​ពូថៅ​ ហើយ​​ដុត​បំផ្លាញ​​ផ្ទះរបស់​ខ្លួន​​​ រួច​​​ចងក​ធ្វើ​អត្តឃាត​​នៅនឹង​​​ដើម​ឈើ​ក្បែរ​នោះ ក្នុង​ខេត្ត​​​កំពង់ធំ កាលពី​យប់​​ថ្ងៃ​អាទិត្យ​ នេះ​បើ​យោង​​តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថ​កិច្ច​ដែល​និយាយ​​​​​​​​ថា ​ខ្លួន​បាន​ប្រើ​ប្រាស់​​​គ្រប់​តម្រុយ​នៅ​​​ក្នុង​ការ​​​ស៊ើបអង្កេត​។

លោក ហង់ ថុល មេបញ្ជាការ​កង​រាជអាវុធ​ហត្ថ​ខេត្ត​​នេះ​​បាន​មាន​ប្រសាសន៍​ថា សាក​សព​​​​​​បុរស​ជា​ប្ដី​ឈ្មោះ កេត ថាញ់ ​អាយុ​៤៥​ឆ្នាំ និង​​​សាក​សព​ស្ត្រី​ជា​​​ប្រពន្ធ​ឈ្មោះ ​វ៉ន សាយ អាយុ​​​៣៥​ឆ្នាំ ត្រូវ​បាន​ប្រទះ​ឃើញ​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ នៅ​​ជាប់​ដើម​ឈើ​​ហូប​ផ្លែ​មួយ​ដើម​ក្បែរ​ផ្ទះ​ដែល​​​​​ឆេះ​​របស់​​ពួកគេ​​ក្នុង​ឃុំ​មាន​ឫទ្ធិ ​​​ស្រុក​សណ្ដាន់។

ឧត្ដម​សេនីយ៍ត្រី ហង់ ថុល ​មាន​ប្រសាសន៍​​ថា អ្នក​ជិត​ខាង​​បាន​រាយការណ៍​ថា បុរស​ជា​ប្ដី​ផឹកស៊ី​ស្រវឹង​​ជោកជាំ​ជាញឹកញាប់​ ហើយ​ប្ដី​ប្រពន្ធ​ទាំង​​ពីរ​នេះ​ឧស្សាហ៍​ឈ្លោះ​​គ្នា​ណាស់ ប៉ុន្តែ​មិន​ដែល​មាន​សញ្ញា​នៃ​ការ​ប្រើ​អំពើ​ហិង្សា​ទេ។

មេបញ្ជាការ​កង​រាជអាវុធហត្ថ​រូប​នេះ​បាន​​​​លើក​ឡើង​បន្ត​ថា ​ប្រជាពលរដ្ឋ​ក្នុង​មូល​ដ្ឋាន​បាន​ប្រាប់​លោក​ថា បុរស​ជា​ប្ដី​មាន​អាការៈ​ស្រវឹង​ជោក​ជាំ​កាលពី​យប់​ថ្ងៃ​អាទិត្យ​ ប៉ុន្តែ​គ្មាន​ការ​​ឈ្លោះ​​ប្រកែក​​គ្នា​ទេ។ លុះ​​ព្រឹក​ថ្ងៃ​ច័ន្ទ ​នៅ​​ពេល​ប្រជា​ពលរដ្ឋ​ក្នុង​មូល​ដ្ឋាន​ក្រោក​​​​ពី​ដំណេក​ក៏​ប្រទះ​ឃើញ​ផ្ទះ​របស់​ប្ដី​ប្រពន្ធ​ទាំង​ពីរ​ត្រូវ​​ភ្លើង​ឆេះ ហើយ​ក៏​រាយ​ការណ៍​ទៅ​​​​​សមត្ថកិច្ច​។

លោក​បាន​​មាន​ប្រសាសន៍​ទៀត​ថា ស្ត្រី​ជា​​​ប្រពន្ធ​​បាន​ស្លាប់​ដោយ​សារ​ការ​កាប់​តែ​​មួយ​ពូថៅ​ចំក​ ចំណែក​ឯ​បុរស​ជា​ប្ដី​ទំនង​ជា​ចង​ក​ធ្វើអត្តឃាត។ “​ យើង​រក​មិន​ឃើញ​​​មូល​ហេតុ​​​​ដែល​នាំ​​ឲ្យ​មាន​ឃាតកម្ម និង​ការ​ធ្វើ​​អត្តឃាត​នេះ​ទេ ពីព្រោះ​ពួក​គាត់​ទាំង​ពីរ​នាក់​សុទ្ធតែ​ស្លាប់​​អស់​ហើយ​”៕ សុុខុម​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស