30 C
Phnom Penh

លោក ហ៊ុន សែន និយាយ​អំពី​ការងារ ផ្លូវ​ថ្នល់ នៅ​ពេល​សម្ពោធ​រោងចក្រ​ស្ករ​ស​តម្លៃ​៣៦០​លាន​ដុល្លារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្ពោធ​រោងចក្រ​ស្ករ​ស​ដែល​មាន​តម្លៃ​៣៦០​លាន​ដុល្លារ ក្នុង​ខេត្ត​ព្រះវិហារ​កាលពី​ថ្ងៃ​អង្គារ ដោយ​លើក​ឡើង​ថា ប្រយោជន៍​ដែល​រោងចក្រ​ចិន​នេះ​បាន​មក នឹង​បាន​ទៅ​ដល់​សហគមន៍​នានា​ដែល​ខ្លួន​បាន​ផ្លាស់​ឲ្យ​ទៅ​នៅ​កន្លែង​ផ្សេង។

មនុស្ស​មាន​ឥទ្ធិពល​ក្នុង​រដ្ឋាភិបាល មន្ត្រី​មក​ពី​ស្ថានទូត​ចិន និង​តំណាង​ក្រុមហ៊ុន រុយ ហ្វេង (Rui Feng) បាន​មាន​វត្តមាន​នៅ​ទីនោះ​សម្រាប់​ពិធី​កាត់​ខ្សែ​បូ​នា​ពេល​ព្រឹក ដែល​សមាជិក​សហគមន៍​ជនជាតិ​ភាគ​តិច​គួយ​និយាយ​ថា ពួកគាត់​ត្រូវ​បាន​គេ​រារាំង​មិន​ឲ្យ​ចូល​រួម​ក្នុង​ពិធី​នោះ​ទេ។

cam-photo-sugar-factoryលោក ហ៊ុន សែន បាន​ប្រាប់​មនុស្ស​រាប់​ពាន់​នាក់ រួម​មាន​ប៉ូលិស ទាហាន និង​សមាជិក​ក្រុម​យុវជន​មាន​និន្នាការ​ខាង​រដ្ឋាភិបាល នៅ​ទីតាំង​ក្នុង​ស្រុក​ត្បែង​មាន​ជ័យ ដែល​មាន​ចម្ការ​អំពៅ​ទំហំ​៤០.០០០​ហិកតា។

លោក​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា “ទីតាំង​នេះ​គឺ​សម្រាប់​ផលិត​ស្ករ​ស ប៉ុន្តែ​យើង​មិន​ភ្លេច​ថា វា​ក៏​សំខាន់​ណាស់​ដែរ​សម្រាប់​កសិករ​របស់​យើង។ កសិករ​របស់​យើង​ត្រូវ​លក់​ផលិតផល​របស់​ខ្លួន ជាពិសេស​អំពៅ​ដែល​ពួកគាត់​ដាំ ដែល​មាន​ទីផ្សារ​ជំនួញ​កសិកម្ម​នៅ​ទី​នេះ”។

មុន​ពេល​សម្រាក​ដើម្បី​បង្រៀន​អ្នក​ស្រុក​ឲ្យ​រាំ ដែល​លោក​បាន​រៀន​នៅ​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ លោក ហ៊ុន សែន ក៏​បាន​ពន្យល់​គោល​បំណង​ដំបូង​នៃ​រោងចក្រ​នេះ​ដែរ គឺ​ត្រូវ​ផលិត​ស្ករ​កន្លះ​លាន​តោន​ក្នុង​មួយ​ឆ្នាំ និង​ត្រូវ​បង្កើត​អគ្គិសនី​ចំនួន​៣០​មេហ្គាវ៉ាត់​ពី​កាក​អំពៅ។

លោក​បាន​មាន​ប្រសាសន៍​ថា “ដូច្នេះ​យើង​នឹង​មិន​ចាំបាច់​នាំ​អគ្គិសនី​ពី​ភ្នំពេញ​មក​ទេ។ រោងចក្រ​នេះ​នឹង​អាច​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ស្រុក​មួយ​ចំនួន​របស់​ខេត្ត​នេះ ហើយ​ក៏​អាច​ផ្គត់ផ្គង់​រោងចក្រ​ដែក​ថែប​នៅ​ទី​នេះ​ដែរ”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា លោក​នឹង​ស្នើ​ក្រសួង​រ៉ែ​និង​ថាមពល​ឲ្យ​វាយ​តម្លៃ​ផែនការ​របស់​រដ្ឋាភិបាល​ឡើង​វិញ ដើម្បី​ផ្គត់ផ្គង់​តំបន់​ដែល​មាន​អគ្គិសនី​នាំ​ចូល​ពី​ប្រទេស​ឡាវ។

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នានា​នៅ​កណ្តាល​ខេត្ត​ព្រះវិហារ ច្រើន​ឆ្នាំ​មក​ហើយ​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន រុយ ហ្វេង និង​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​ដែល​ទទួល​បាន​សម្បទាន​ពី​រដ្ឋាភិបាល​លើ​ដី​ដូនតា​របស់​ពួកគាត់។

ក្នុង​សុន្ទរកថា​របស់​លោក​កាលពី​ថ្ងៃ​អង្គារ លោក​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យ​មាន “ភាព​សុខដុម” រវាង​វិនិយោគិន​និង​អ្នក​ស្រុក ដោយ​បាន​លើក​ឡើង​ថា ប្រជា​ពលរដ្ឋ​ឥឡូវ​នេះ​អាច​ប្រើ​ផ្លូវថ្នល់​និង​ប្រព័ន្ធ​ស្រោចស្រព ដែល​សាងសង់​ជុំវិញ​រោងចក្រ​នោះ “ដោយ​មិន​បាច់​បង់​ប្រាក់”។

ដោយ​ចង្អុល​ទៅ​រោងចក្រ​ថា​ជា​ជម្រើស​មួយ​ជា​ជាង​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់​ទៅ​ប្រទេស​ថៃ​និង​ប្រទេស​ផ្សេងទៀត​នោះ លោក​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា “ទន្ទឹម​នឹង​នេះ​ដែរ ប្រជាពលរដ្ឋ​នៅ​ក្បែរ​នេះ​និង​នៅ​ខេត្ត​ផ្សេងទៀត​នឹង​មាន​ការងារ​ធ្វើ”។

ទោះ​ជា​យ៉ាង​នេះ​ក្តី យោង​តាម​អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​គួយ​ប្រហែល​១៨០​នាក់​ដែល​កំពុង​តវ៉ា ដែល​បាន​អះអាង​ថា ពួកគាត់​ត្រូវ​ប៉ូលិស​រារាំង​មិន​ឲ្យ​ចូល​រួម​ពិធី​នៅ​ថ្ងៃ​អង្គារ​នោះ​ឲ្យ​ដឹង​ថា ពួកគាត់​មិន​ចាប់​អារម្មណ៍​លើ​ហេដ្ឋារចនាសម្ពន្ធ ឬ​ការងារ​ដែល​គាំទ្រ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ទេ។

អ្នក​ស្រី នួន ម៉ុន អាយុ​៦៥​ឆ្នាំ ដែល​អះអាង​ថា​ក្រុមហ៊ុន រុយ ហ្វេង បាន​ដណ្តើម​យក​ដី​របស់​គាត់​អស់​ទំហំ​៩.០០០​ម៉ែត្រ​ក្រឡា​នោះ បាន​និយាយ​ថា “ប្រជាពលរដ្ឋ​ដែល​ធ្លាប់​មាន​ដី​ធ្លី​មិន​សប្បាយ​ជាមួយ​នឹង​ការងារ​ដែល​ផ្តល់​ឲ្យ​ទេ”។

អ្នក​ស្រី​បាន​និយាយ​ថា “យើង​មិន​ចង់​ធ្វើការ​ឲ្យ​គេ​លើ​ដី​របស់​យើង​ទេ។ ពួកគេ​គឺ​គ្មាន​ប្រយោជន៍​ចំពោះ​យើង​ទេ”។

លោក ស៊ី គិរី ស្នងការ​នគរបាល​ខេត្ត បាន​បដិសេធ​ថា ក្រុម​មន្ត្រី​មិន​បាន​ឃាត់​ឃាំង​នរណា​ម្នាក់​មិន​ឲ្យ​ចូលរួម​ពិធី​សម្ពោធ​នេះ​ទេ។

លោក​ស្នងការ​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​បាន​ហាម​នរណា​ម្នាក់​មិន​ឲ្យ​ចូល​រួម​ទេ។ អ្នក​ចូល​រួម​ជាច្រើន​នាក់​បាន​មក​តាម​រថយន្ត គោយន្ត ជាច្រើន​គ្រឿង និង​តាម​មធ្យោបាយ​ផ្សេង​ទៀត។ មាន​កន្លែង​ទូលាយ​ច្រើន​សម្រាប់​ពួកគាត់ ហើយ​នៅ​កន្លែង​ទំនេរ​ទៀត​ផង។ មិន​មាន​បញ្ហា​ទេ”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស