លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្ពោធរោងចក្រស្ករសដែលមានតម្លៃ៣៦០លានដុល្លារ ក្នុងខេត្តព្រះវិហារកាលពីថ្ងៃអង្គារ ដោយលើកឡើងថា ប្រយោជន៍ដែលរោងចក្រចិននេះបានមក នឹងបានទៅដល់សហគមន៍នានាដែលខ្លួនបានផ្លាស់ឲ្យទៅនៅកន្លែងផ្សេង។
មនុស្សមានឥទ្ធិពលក្នុងរដ្ឋាភិបាល មន្ត្រីមកពីស្ថានទូតចិន និងតំណាងក្រុមហ៊ុន រុយ ហ្វេង (Rui Feng) បានមានវត្តមាននៅទីនោះសម្រាប់ពិធីកាត់ខ្សែបូនាពេលព្រឹក ដែលសមាជិកសហគមន៍ជនជាតិភាគតិចគួយនិយាយថា ពួកគាត់ត្រូវបានគេរារាំងមិនឲ្យចូលរួមក្នុងពិធីនោះទេ។
លោក ហ៊ុន សែន បានប្រាប់មនុស្សរាប់ពាន់នាក់ រួមមានប៉ូលិស ទាហាន និងសមាជិកក្រុមយុវជនមាននិន្នាការខាងរដ្ឋាភិបាល នៅទីតាំងក្នុងស្រុកត្បែងមានជ័យ ដែលមានចម្ការអំពៅទំហំ៤០.០០០ហិកតា។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ទីតាំងនេះគឺសម្រាប់ផលិតស្ករស ប៉ុន្តែយើងមិនភ្លេចថា វាក៏សំខាន់ណាស់ដែរសម្រាប់កសិកររបស់យើង។ កសិកររបស់យើងត្រូវលក់ផលិតផលរបស់ខ្លួន ជាពិសេសអំពៅដែលពួកគាត់ដាំ ដែលមានទីផ្សារជំនួញកសិកម្មនៅទីនេះ”។
មុនពេលសម្រាកដើម្បីបង្រៀនអ្នកស្រុកឲ្យរាំ ដែលលោកបានរៀននៅពេលបុណ្យចូលឆ្នាំខ្មែរ លោក ហ៊ុន សែន ក៏បានពន្យល់គោលបំណងដំបូងនៃរោងចក្រនេះដែរ គឺត្រូវផលិតស្ករកន្លះលានតោនក្នុងមួយឆ្នាំ និងត្រូវបង្កើតអគ្គិសនីចំនួន៣០មេហ្គាវ៉ាត់ពីកាកអំពៅ។
លោកបានមានប្រសាសន៍ថា “ដូច្នេះយើងនឹងមិនចាំបាច់នាំអគ្គិសនីពីភ្នំពេញមកទេ។ រោងចក្រនេះនឹងអាចផ្គត់ផ្គង់អគ្គិសនីដល់ស្រុកមួយចំនួនរបស់ខេត្តនេះ ហើយក៏អាចផ្គត់ផ្គង់រោងចក្រដែកថែបនៅទីនេះដែរ”។ លោកបានមានប្រសាសន៍បន្ថែមថា លោកនឹងស្នើក្រសួងរ៉ែនិងថាមពលឲ្យវាយតម្លៃផែនការរបស់រដ្ឋាភិបាលឡើងវិញ ដើម្បីផ្គត់ផ្គង់តំបន់ដែលមានអគ្គិសនីនាំចូលពីប្រទេសឡាវ។
សហគមន៍ជនជាតិដើមភាគតិចនានានៅកណ្តាលខេត្តព្រះវិហារ ច្រើនឆ្នាំមកហើយមានជម្លោះជាមួយក្រុមហ៊ុន រុយ ហ្វេង និងក្រុមហ៊ុនជាច្រើនទៀតដែលទទួលបានសម្បទានពីរដ្ឋាភិបាលលើដីដូនតារបស់ពួកគាត់។
ក្នុងសុន្ទរកថារបស់លោកកាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យមាន “ភាពសុខដុម” រវាងវិនិយោគិននិងអ្នកស្រុក ដោយបានលើកឡើងថា ប្រជាពលរដ្ឋឥឡូវនេះអាចប្រើផ្លូវថ្នល់និងប្រព័ន្ធស្រោចស្រព ដែលសាងសង់ជុំវិញរោងចក្រនោះ “ដោយមិនបាច់បង់ប្រាក់”។
ដោយចង្អុលទៅរោងចក្រថាជាជម្រើសមួយជាជាងធ្វើចំណាកស្រុកខុសច្បាប់ទៅប្រទេសថៃនិងប្រទេសផ្សេងទៀតនោះ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ទន្ទឹមនឹងនេះដែរ ប្រជាពលរដ្ឋនៅក្បែរនេះនិងនៅខេត្តផ្សេងទៀតនឹងមានការងារធ្វើ”។
ទោះជាយ៉ាងនេះក្តី យោងតាមអ្នកភូមិម្នាក់ក្នុងចំណោមអ្នកភូមិគួយប្រហែល១៨០នាក់ដែលកំពុងតវ៉ា ដែលបានអះអាងថា ពួកគាត់ត្រូវប៉ូលិសរារាំងមិនឲ្យចូលរួមពិធីនៅថ្ងៃអង្គារនោះឲ្យដឹងថា ពួកគាត់មិនចាប់អារម្មណ៍លើហេដ្ឋារចនាសម្ពន្ធ ឬការងារដែលគាំទ្រដោយលោកនាយករដ្ឋមន្ត្រីទេ។
អ្នកស្រី នួន ម៉ុន អាយុ៦៥ឆ្នាំ ដែលអះអាងថាក្រុមហ៊ុន រុយ ហ្វេង បានដណ្តើមយកដីរបស់គាត់អស់ទំហំ៩.០០០ម៉ែត្រក្រឡានោះ បាននិយាយថា “ប្រជាពលរដ្ឋដែលធ្លាប់មានដីធ្លីមិនសប្បាយជាមួយនឹងការងារដែលផ្តល់ឲ្យទេ”។
អ្នកស្រីបាននិយាយថា “យើងមិនចង់ធ្វើការឲ្យគេលើដីរបស់យើងទេ។ ពួកគេគឺគ្មានប្រយោជន៍ចំពោះយើងទេ”។
លោក ស៊ី គិរី ស្នងការនគរបាលខេត្ត បានបដិសេធថា ក្រុមមន្ត្រីមិនបានឃាត់ឃាំងនរណាម្នាក់មិនឲ្យចូលរួមពិធីសម្ពោធនេះទេ។
លោកស្នងការបានមានប្រសាសន៍ថា “យើងមិនបានហាមនរណាម្នាក់មិនឲ្យចូលរួមទេ។ អ្នកចូលរួមជាច្រើននាក់បានមកតាមរថយន្ត គោយន្ត ជាច្រើនគ្រឿង និងតាមមធ្យោបាយផ្សេងទៀត។ មានកន្លែងទូលាយច្រើនសម្រាប់ពួកគាត់ ហើយនៅកន្លែងទំនេរទៀតផង។ មិនមានបញ្ហាទេ”៕ និត