សាក្សីបីនាក់ដែលបានឃើញគ្រោះថ្នាក់ចរាចរណ៍ដល់មានមនុស្សស្លាប់នៅក្នុងខេត្តកណ្តាលកាលពីសប្តាហ៍មុនដែលទាក់ទងនឹងមន្ត្រីក្រសួងទេសចរណ៍ជាន់ខ្ពស់មួយរូបបានទាត់ចោលរបាយការណ៍នរគបាលចំពោះអ្វីដែលបានកើតឡើង ដោយអះអាងថា គ្មានរថយន្តទីបីអាថ៌កំបាំងដែលអាជ្ញាធរបន្ទោសថាជាអ្នកបង្កទេ។
យោងតាមនគរបាលឲ្យដឹងថា លោក នួន សុមេធ អនុរដ្ឋលេខាធិការនៅក្រសួងទេសចរណ៍និងអតីតអភិបាលរងក្រុងភ្នំពេញបានបើករថយន្តតូយូតា ឡង់គ្រីស័ររបស់លោកនៅថ្ងៃទី១២ ខែមេសា ដោយបើកតាមផ្លូវជាតិលេខមួយឆ្ពោះមកក្រុងភ្នំពេញ នៅពេលដែលឡានកូរ៉េមួយគ្រឿងមកពីមុខបើកតាមគំនូសកណ្តាលបានទង្គិចនឹងរថយន្តស៊ូវនៅខាងឆ្វេងដៃ។
លោក ព្រំ សំណាង អធិការរងស្រុកកៀនស្វាយ បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា ការប៉ះទង្គិចបានធ្វើឲ្យរថយន្តស៊ូវរបស់លោក សុមេធ បែកកង់មុខខាងឆ្វេង ដែលធ្វើឲ្យលោកគ្រប់គ្រងរថយន្តពុំបាន ហើយក៏វេរចូលទៅផ្លូវគេ ហើយបានបុកម៉ូតូមួយគ្រឿង។
លោក មិត្ត សុធា អាយុ៣៨ឆ្នាំ ដែលកំពុងបើកម៉ូតូ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ប្រពន្ធរបស់គាត់ ឈ្មោះឃន យ៉េត កំពុងសង្គ្រោះបន្ទាន់ក្នុងមន្ទីរកាល់ម៉ែតក្នុងក្រុងភ្នំពេញកាលពីថ្ងៃអង្គារដោយសារតែរបួសធ្ងន់ពេក។
កាលពីថ្ងៃចន្ទ លោក លឹម សុគន្ធា ព្រះរាជអាជ្ញាតុលាការខេត្តកណ្តាល បានមានប្រសាសន៍ថា ក្រុមគ្រួសារលោក សុមេធ បានបង់ប្រាក់៥.៥០០ដុល្លារអាមេរិកឲ្យគ្រួសារលោក មិត្ត សុធា។ លោកបានបញ្ជាឲ្យដោះលែងលោកអនុរដ្ឋលេខាធិការពីការឃុំរបស់នគរបាលនៅពេលយប់នោះ ដោយហេតុថាការប៉ះគ្នាជាមួយឡានកូរ៉េបានធ្វើឲ្យលោករួចទោស។
លោក សំណាង បានមានប្រសាសន៍ថា របាយការណ៍នគរបាលគឺផ្អែកលើកិច្ចសម្ភាសជាមួយសាក្សីពីរនាក់ ហើយថាតាមការចោទ អ្នកបើកឡានកូរ៉េដែលបានបង្កការបុកគ្នាបានបើកឡានគេចចេញពីកន្លែងកើតហេតុ ហើយនៅតែគេចខ្លួននៅឡើយ។
ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃអង្គារ មានសាក្សីបីនាក់ក្នុងហេតុការណ៍គ្រោះថ្នាក់នោះបានផ្តល់នូវការរៀបរាប់ដូចៗគ្នានៃអ្វីដែលបានកើតឡើង ដោយផ្ទុយគ្នានឹងរបាយការណ៍នគរបាលទៅវិញ។ សាក្សីទាំងបីនាក់បាននិយាយជាមួយអ្នកយកព័ត៌មានក្នុងលក្ខខណ្ឌមិនប្រាប់ឈ្មោះព្រោះភ័យខ្លាចពីសុវត្ថិភាព។
យោងតាមសាក្សីទាំងបីឲ្យដឹងថា រថយន្តលោក សុមេធ មិនបានបុកនឹងឡានកូរ៉េទេ ហើយបើកបរចូលទៅក្នុងផ្លូវគេ ពេលដែលរថយន្តនោះបានបុកម៉ូតូ។
សាក្សីម្នាក់បាននិយាយថា “ខ្ញុំកំពុងអង្គុយក្នុងហាងជួសជុលម៉ូតូនៅថ្ងៃដែលវាកើតឡើង។ ខ្ញុំបានឃើញឡានបុកយ៉ាងខ្លាំងនឹងម៉ូតូដែលដឹកមនុស្ស។ អត់មានឡានកូរ៉េមកបុកឡានតូចដូចប៉ូលិសនិយាយនោះទេ”។
បុរសជាសាក្សីរូបនេះនិយាយថា”ខ្ញុំឃើញឡានបុកម៉ូតូនៅខាងឆ្វេងដៃ អ៊ីចឹងឡាននោះខុសហើយ”។
សាក្សីទីពីរបាននិយាយថា “អត់មានឡានកូរ៉េបុកឡានតូចនោះទេ។ មានតែឡានតូចទៅបុកម៉ូតូតែម្តង ព្រោះពេលនោះស្ងាត់ណាស់។ អត់មានឡាន ឬម៉ូតូផ្សេងទៀតបើកទេ”។
សាក្សីទីបីបាននិយាយដូចគ្នាដែរថា “ខ្ញុំឃើញតែឡានបុកម៉ូតូ គឺខ្ញុំអត់បានឃើញឡានផ្សេងទៀតបើកនៅពេលមានគ្រោះថ្នាក់បានកើតឡើងទេ”។
រូបថតនៃកន្លែងកើតហេតុដែលថតដោយអ្នកកាសែតក្នុងស្រុកម្នាក់ភ្លាមៗបន្ទាប់ពីគ្រោះថ្នាក់បានកើតឡើង បង្ហាញថា រថយន្តឡង់គ្រីស័រផ្អៀងទៅឆ្វេងដៃនៅក្រោមចិញ្ចើមថ្នល់។ ចំហៀងមុខខាងឆ្វេងខុបចូលគ្នា ប៉ុន្តែកង់មុខខាងឆ្វេងមិនទំនងជាបែកកង់ដូចនគរបាលបានអះអាងទេ។ កង់ទំនងជាធូរនៅក្នុងរូបថតមួយទៀតដែលថតក្រោយមកនៅឯស្ថានីយនគរបាលស្រុក។
ទាក់ទងកាលពីថ្ងៃអង្គារ លោក សំណាង អធិការរងស្រុក បានអះអាងតាមរបាយការណ៍ដើមរបស់លោក។
អធិការរងស្រុករូបនេះបាននិយាយថា “ឡានរបស់ឯកឧត្តម [លោក សុមេធ] គឺបុកដោយឡានកូរ៉េ ដែលបណ្តាលឲ្យឡាននោះទៅបុកម៉ូតូ ព្រោះយើងបានឃើញថា ឡានផ្នែកខាងឆ្វេងគឺត្រូវខូចធ្ងន់ធ្ងរ។ ប្រសិនបើឡានបុកម៉ូតូផ្ទាល់ គឺឡានរបស់គាត់នឹងមិនខូចធ្ងន់ធ្ងរដល់ថ្នាក់ហ្នឹងទេ”។
លោក សំណាង បានមានប្រសាសន៍កាលពីព្រឹកថា លោកនឹងហៅទូរស័ព្ទមកអ្នកយកព័ត៌មានវិញ ដើម្បីឲ្យឈ្មោះសាក្សីដែលលោកអះអាងថាបានប្រាប់នគរបាលអំពីឡានកូរ៉េនោះ។ អធិការរងរូបនេះមិនបានហៅទូរស័ព្ទមកវិញទេ ហើយនៅពេលទាក់ទងពេលរសៀល លោកបាននិយាយថា លោកមិនចាំឈ្មោះសាក្សីទេ ហើយមិនអាចរកឈ្មោះបានទេ ព្រោះលោកបានចាកចេញពីការិយាល័យហើយ។
ចំពោះកង់មុខខាងឆ្វេងនៃរថយន្តស៊ូវ លោក សំណាងបានមានប្រសាសន៍ថា “អ្នកជំនាញ”បានកំណត់ថា វាប្រាកដជាបែកកង់ មុននឹងបុកម៉ូតូ។
អធិការរងស្រុករូបនេះបាននិយាយថា “ខ្ញុំមិនបានឃើញឡាននោះភ្លាមៗក្រោយពីគ្រោះថ្នាក់ទេ ប៉ុន្តែយោងតាមអ្នកវិនិច្ឆយនិងអ្នកជំនាញ យើងបានសន្និដ្ឋានថា កង់រថយន្តបានបែក។ នៅពេលយើងបានឃើញឡាននោះ ពេលគេយកមកដល់ស្ថានីយប៉ូលិសស្រុក កង់វាបែក”។
សាក្សីទីមួយដែលបានសម្ភាសកាលពីម្សិលមិញក៏បាននិយាយថា បន្ទាប់ពីគ្រោះថ្នាក់ភ្លាម គាត់បានឮអ្នកជិះម្នាក់ក្នុងឡានឡង់គ្រីស័រ ជាបុរសវ័យក្មេងបានស្តីបន្ទោសអ្នកបើករថយន្តស៊ូវ ដោយសារតែមិនស្តាប់សម្តីគាត់នៅតែបើកពេលស្រវឹង។
សាក្សីនោះបាននិយាយថា “ខ្ញុំគិតថា អ្នកបើក [ឡានស៊ូវ]ស្រវឹងស្រា បាត់ស្មារតី ហើយក៏បង្កគ្រោះថ្នាក់”។
លោក សំណាង បាននិយាយថា មិនមានឧបករណ៍ធ្វើតេស្តកម្រិតជាតិអាកុលក្នុងឈាមលោក សុមេធ នៅថ្ងៃគ្រោះថ្នាក់នោះទេ ប៉ុន្តែថាមន្ត្រីរូបនោះមិនទំនងជាស្រវឹងស្រាទេ នៅពេលគាត់បានមកដល់ស្ថានីយនគរបាលស្រុក។
លោកបាននិយាយថា “ខ្ញុំដឹងថា គាត់មិនស្រវឹងទេ ព្រោះយើងឃើញថាគាត់ធ្វើធម្មតា ពេលគាត់និយាយជាមួយយើង ហើយអត់មានធុំក្លិនជាតិអាកុលទេ។ គាត់ក៏បានប្រាប់យើងថា គាត់មិនបានហូបស្រាទេ”។
លោក សុមេធ មិនអាចទាក់ទងសុំការអត្ថាធិប្បាយកាលពីថ្ងៃអង្គារបានទេ។ លោកបានចុចបិទទូរស័ព្ទ ពេលទាក់ទងកាលពីថ្ងៃចន្ទ។
លោក សារុំ សុខា ជាក្មួយប្រុសរបស់លោក មិត្ត សុធា អ្នកបើកម៉ូតូដែលស្លាប់ក្នុងគ្រោះថ្នាក់ បាននិយាយកាលពីថ្ងៃអង្គារថា អ្នកស្រី យ៉េត កំពុងជួយសង្គ្រោះបន្ទាន់នៅឡើយក្នុងមន្ទីរពេទ្យកាល់ម៉ែត។ លោក សុខា បាននិយាយថា បន្ថែមលើការបាក់ឆ្អឹងក វេជ្ជបណ្ឌិតនិយាយថា ជើងឆ្វេងនិងដៃឆ្វេងរបស់អ្នកស្រីក៏បាក់ដែរ ហើយថា អ្នកស្រីប្រហែលជាពិការមួយជីវិត។
លោក សុខា បាននិយាយថា ក្រុមគ្រួសារបានព្រមទទួលយកប្រាក់៥.៥០០ដុល្លារ ដែលមានកិច្ចសន្យាថាមិនប្តឹងផ្តល់ទេ ពីព្រោះពួកគេត្រូវការប្រាក់កាស់ ដើម្បីបង់ថ្លៃពេទ្យ។
ក្រុមសិទ្ធិមនុស្សបាននិយាយថា ពលរដ្ឋខ្មែរក្រីក្រជាញឹកញាប់យល់ព្រមដោះស្រាយក្រៅប្រព័ន្ធតុលាការ ពីព្រោះពួកគេមានសង្ឃឹមតិចតួចលើការឈ្នះក្តីទល់នឹងអ្នកមានទ្រព្យធននិងមានខ្នងក្រាស់ ដោយសារតែប្រព័ន្ធតុលាការពុករលួយរបស់ប្រទេសនេះ។
សាក្សីម្នាក់ដែលឃើញគ្រោះថ្នាក់ចរាចរណ៍កាលពីសប្តាហ៍មុនបាននិយាយថា “នៅពេលរឿងកើតឡើង អ្នកមានលុយគឺឈ្នះ។ អ្នកក្រនឹងបានអយុត្តិធម៌”៕