29 C
Phnom Penh

ការប្រើអង្គភាពនគរបាល​​​​នៅក្នុងករណី​ស្រីកំណាន់គឺ​គួរ​ឲ្យ​អស់សំណើច​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពេល​​​ខ្សែ​​​អាត់​​​សំឡេង​​​ដែល​​​គេ​​​អះអាង​​​ថា លោក កឹម សុខា អនុប្រធាន​​​គណបក្ស​​​ប្រឆាំង ​​​សន្ទនា​​​ជាមួយ​​​ស្រី​​​កំណាន់​​​ផ្សេង​​​ៗ​​​​​​លេច​​​ឡើង​​​តាម​​​​​​អីុន​​​ធឺណិត​​​កាល​​​ពី​​​ពីរ​​​ខែ​​​កន្លង​​​មក​​​ នោះ​​​ខ្សែ​​​អាត់​​​សំឡេង​​​​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​ច្រាន​​​ចោល​​​​​​ដោយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ដែល​​​ថា វា​​​ជា​​​ការ​​​និយាយ​​​អេច​​​អូច​​​កំបិុក​​​កំប៉ុក​​​គ្មាន​​​តម្លៃ​​​នឹង​​​ឆ្លើយ​​​តប​​​។

ប៉ុន្តែបន្ទាប់​​​មក​​​មាន​​​សកម្ម​​​នជនយោបាយ​​​វ័យ​​​ក្មេង​​​ម្នាក់​​​ដែល​​​​គេបាន​លើក​​​ឡើង​​​នៅ​​​ក្នុង​​​ខ្សែ​​​អាត់​​​សំឡេង​​​ទាំង​​​នោះ​​​ បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ ពី​​​បទ​​​បរិហារកេរ្តិ៍​​​ទៅ​​​កាន់​​​សាលា​​​ដំបូង​​​រាជ​​​ធានីភ្នំពេញ​​​ ហើយ​​​ករណី​​​នេះ​​​ត្រូវ​​​បាន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​យ៉ាង​​​ខ្លាំង​​​ដោយ​​​ស្ថាប័ន​​​ផ្សេង​​​ៗ​​​របស់​​​រដ្ឋាភិបាល​​​ដឹក​​​នាំ​​​ដោយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ជា​​​ពិសេស​​​នោះ​​​គឺ​​​នាយក​​​ដ្ឋាន​​​នគរ​​​បាល​​​ប្រឆាំង​​​ភេរវកម្ម​​​នៃ​​​ក្រសួង​​​មហាផ្ទៃ​​​។

ខុម ចាន់តារាទី អាយុ​​​២៥​​​ឆ្នាំ​​​​​​ជា​​​ស្រី​​​កំណាន់​​​ ដែល​​​រង​​​ការ​​​ចោទ​​​ប្រកាន់​​​ម្នាក់​​​​​​បាន​​​ក្លាយ​​​ជា​​​ចំណុច​​​ស្នូល​​​នៃ​​​ការ​​​សើុប​​​អង្កេត​​​ដែល​​​ចេះ​​​តែ​​​មាន​​​សភាព​​​កើន​​​ឡើង​​​​​​​​​ខ្លាំង​ ដោយ​​ព្រះ​​​រាជ​​​អាជ្ញា​​​បាន​​​សាក​​​សួរ​​​នាង​​​អស់​​​រយៈ​​​ពេល​​​៤​​​ម៉ោង​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ មុន​​​ពេល​​​ប្រកាស​​​ជា​​​សាធារណៈ​​​ថា នាង​​​ទី​​​បំផុត​​​បាន​​​សារភាព​​​ចំពោះ​​​​​​រឿង​​​សហាយ​​​ស្មន់​​​នេះ​​​។

ទោះជាយ៉ាង​ណា នាង​​​មិន​​​ត្រូវ​​​បាន​​​សាក​​​សួរ​​​ជុំ​​​វិញ​​​បណ្តឹង​​​បរិហារ​​​កេរ្តិ៍​​​ទេ។ នគរ​​​បាល​​​ប្រឆាំង​​​ភេរវកម្ម​​​ដែល​​​តួនាទី​​​របស់​​​ខ្លួន​​​ក្នុង​​​ការ​​​សើុប​អង្កេត​​​មិន​​​ទាន់​​​ត្រូវ​​​បាន​​​ពន្យល់​​​នោះ​​​បាន​​​ដាក់​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ពេស្យាចារ​​​និង​​​​​​ផ្តល់​​​សក្ខី​​​កម្ម​​​មិន​​​ពិត​​​ បន្ទាប់​​​ពី​​​ជជីក​​​សួរ​​​​​​កញ្ញា ចាន់​​​តារាទី​​​ ពាក់​​​ព័ន្ធ​​​ខ្សែ​​​អាត់​​​សំឡេង​​​នៅ​​​​​​​​​ស្នង​​​ការ​​​ដ្ឋាន​​​ក្នុង​​​រាជធានីភ្នំពេញ​​​កាល​​​ពី​​​ខែ​​​មុន​​​ ជា​​​ពេល​​​ដែល​​​នាង​​​បាន​​​បដិសេធ​​​ថា ​​​នៅ​​​ក្នុង​​​ខ្សែ​​​អាត់​​​សំឡេង​​​នោះ​​​​មិន​​​មែន​​​ជា​​​​​​សំឡេង​​​របស់​​​នាង​​​ទេ​​​។

លោក អីុ សុខឃី នាយ​​​នគរ​​​បាល​​​ប្រឆាំង​​​ភេរវកម្ម​​​​​​បាន​​​លើក​​​ឡើង​​​​​​កាល​​​ពី​​​ខែ​​​មុន​​​ថា ​​​នាយកដ្ឋាន​​​របស់​​​លោក​​​​​​ត្រូវ​​​បាន​​​ចាត់​​​តាំង​​​ឲ្យ​​​ទទួល​​​បន្ទុក​​​ករណី​​​នេះ​​​ដោយ​​​អគ្គស្នង​​​ការ​​​ដ្ឋាន​​​នគរ​​​បាល​​​ជាតិ​​​ដែល​​​ធ្វើ​​​តាម​​​បង្គាប់​​​របស់​​​សា​​​លា​​​ ដំបូង​​​រាជ​​​ធានី​​​ឲ្យ​​​សើុប​​​អង្កេត​​​ករណី​​​នេះ​​​។ ​​​តុលាការ​​​កំពុង​​​សើុប​​​អង្កេត​​​យ៉ាង​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​លើ​​​បណ្តឹង​​​ពី​​​បទ​​​បរិហារកេរ្តិ៍​​​ប្តឹង​​​ដោយ​​​សកម្ម​​​ជន​​​នយោបាយ​​​ ឈ្មោះ​​​ ធី សុវណ្ណថា ។

ការ​​​ពន្យល់​​​ចុះ​​​ឡើង​​​ៗ​​​ធ្វើ​​​ឲ្យ​​​មនុស្ស​​​ជា​​​ច្រើន​​​​​​មិន​​​ពេញ​​​ចិត្ត​​​ឡើយ​​​។

លោក អំ សំអាត អ្នក​​​គ្រប់​​​គ្រង​​​បច្ចេក​​​ទេស​​​ សើុប​​​សង្កេត​​​នៅ​​​អង្គការ​​​សិទ្ធិមនុស្ស​​​លីកាដូ​​​បាន​​​លើក​​​ឡើង​​​ថា “បណ្តឹង​​​ពីបទ​​​បរិហារ​​​កេរ្តិ៍​​​មិន​​​គួរ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​កាន់​​​នាយក​​​ដ្ឋាន​​​ប្រឆាំង ​​​ភេរវកម្ម​​​​​​និង​​​បទ​​​ល្មើស​​​ឆ្លង​​​ដែន​​​​​​ឡើយ​​​​​​”។

លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា “វា​​​ជា​​​លើក​​​ ដំបូង​​​ហើយ​​​ដែល​​​ខ្ញុំ​​​បាន​​​ឃើញ​​​ករណី​​​នេះ​​​ហើយ​​​វា​​​ពិត​​​ជា​​​ចម្លែក​​​ណាស់​​​”។ ទោះ​​​ជា​​​យ៉ាង​​​ណា លោក​​​បាន​​​បន្ថែម​​​ថា ​​​មាន​​​ការ​​​កើន​​​ឡើង​​​នៅ​​​ក្នុង​​​ការ​​​ប្រើ​​​ប្រាស់​​​អំណាច​តុលាការ​​​តាម​​​ទំនើង​​​ចិត្ត​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​ពាក់​​​ព័ន្ធ​​​គណបក្ស​​​ប្រឆាំង​​​។

លោក​​​ស្រី ធីតា ឃឹះ ​​​ដែល​​​ជា​អ្នក​​​តស៊ូ​​​មតិសិទ្ធិ​​​មនុស្ស​​​ដ៏​​​លេច​​​ធ្លោ និង​​​ជា​​​អ្នក​​​និយាយ​​​គាំទ្រ​​​​​​កញ្ញា ចាន់​​​តារាទី​​​ ក៏​​​មានការ​ច្របូក​ច្របល់​​​​ ចំពោះ​​​ការ​​​ចាត់​​​តាំង​​​នេះ​​​ដែរ​​​។

លោក​​​ស្រី​​​បាន​​​និយាយ​​​​​​ទាំង​​​ទឹក​​​មុខ​​​មុតមាំ​​​ថា “វា​​​ចម្លែក​​​ណាស់​​​។ ពួក​​​គេ​​​កំពុង​​​ប្រើ​​​ប្រាស់​​​នាយក​​​​​​ដ្ឋាន​​​ខុស​​​នៅ​​​ក្នុង​​​ការ​​​សើុប​​​អង្កេត​​​បញ្ហា​​​បែប​​​នេះ​​​”។​ លោកស្រីបានបន្ថែមថា ការ​​​ពាក់​​​ ព័ន្ធ​​​របស់​​​នគរ​​​បាល​​​ប្រឆាំង​​​ភេរវកម្ម​​​គឺ​​​ជា​​​ចំណែក​​​ដំបូង​​​នៅ​​​ក្នុង​​​ភ័ស្តុ​​​តាង​​​ដែល​​​ចេះ​​​តែ​​​កើន​​​ឡើង​​​ និង​​​ដែល​​​កញ្ញា ចាន់​​​តារាទី ជា​​​ជន​​​រង​​​គ្រោះ​​​នៅ​​​ក្នុង​​​ល្បែង​​​នយោបាយ​​​ ដែល​ត្រូវ​​​​​​បាន​​​រំលោភ​​​បំពាន​​​ដោយ​​​​​​ប្រព័ន្ធ​​​តុលាការ ​​​ពុក​​​រលួយ​​​ និង​​​ស្ថិត​​​ក្រោម​​​ឥទ្ធិពល​​​នយោបាយ​​​។​​​

លោក​​​ស្រី​​​បាន​​​ថ្លែង​​​ថា “វា​​​អាច​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​ដើម្បី​​​ប្រឆាំង​​​អ្នក​​​ក្នុង​​​គោល​​​បំណង​​​បង្កើត​​​ស្ថានភាព​​​មួយ​​​ដែល​​​អាច​​​បង្ខិត​​​បង្ខំ​​​អ្នក​​​”។​​​លោក​​​ស្រី​​​បាន​​​បន្ថែម​​​ថា ការ​​​ដែល​​​ករណី​​​នេះ​​​ត្រូវ​​​បាន​​​បន្ត​​​គឺ​​​វា​​​ខុស​​​គ្នា​​​ទាំង​​​ស្រុង​​​ពី​​​ករណី​​​មួយ​​​ចំនួន​​​​​​ដែល​​​ពាក់​​​ព័ន្ធ​​​នឹង​​​បទ​​​ល្មើស​​​ធ្ងន់​​​ធ្ងរ​​​ជាង​​​នេះ​​​ទៅ​​​ទៀត​​​។

លោក​​​ស្រី​​​បាន​​​ថ្លែង​​​បន្ត​​​ថា “មាន​​​ករណី​​​ធ្ងន់​​​ធ្ងរ​​​ជាច្រើន​​​ត្រូវ​​​ចាប់​​​អារម្មណ៍ និង​​​​​​ត្រូវ​​​ស៊ើប​​​អង្កេត​​​​​។ ករណី​​​នេះ​​​គ្មាន​​​មូល​​​ដ្ឋាន​​​ទេ”។

ការ​​​តាម​ធ្វើ​​​ទុក្ខ​​​បុក​​​ម្នេញ​​​កញ្ញា​​​ ចាន់តារាទី​​​ឥត​​​ឈប់​​​ឈរ​​​​​​ ដោយ​​​មាន​​​ទាំង​​​ការ​​​អំពាវ​​​នាវ​​​ពី​​​​​​មន្ត្រី​​​ថ្នាក់​​​កំពូល​​​របស់​​​គណបក្ស​​​ប្រជាជន​​​​​​ឲ្យ​​​លោក​​​ កឹម សុខា ឆ្លើយ​​​សំណួរ​​​ពាក់​​​ព័ន្ធ​​​ជីវិត​​​ស្នេហា​​​របស់​​​គាត់​​​ផង​​​នោះ​​​​​​ បាន​​​បន្សល់​​​ទុក​​​នូវ​​​ការ​​​ចោទ​​​សួរ​​​មួយចំនួន​​​​ថា តើ​​​ករណី​​​នេះ​​​មាន​​​​​​ជាប់​​​ពាក់​​​ព័ន្ធ​​​រឿង​​​នយោបាយ​​​ឬយ៉ាងណា​។

លោកនាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន​​​ សែន បាន​​​​ចូល​មក​ពាក់​​​ព័ន្ធ​​​ក្នុង​​​ករណី​​​នេះ​​​កាល​​​ពីខែ​​​មីនា ដោយ​​​អះ​​​អាង​​​ថា លោក​​​មាន​​​រូប​​​ភាព​​​ជា​​​ភ័ស្តុ​​​តាង​​​ស្តី​​​អំពី​​​សហាយ​​​ស្មន់​​​នេះ​​​ដែល​​​លោក​​​បាន​​​រក្សា​​​ទុក​​​នៅ​​​ក្នុង​​​ទូរស័ព្ទ​​​របស់​​​លោក​​​ ដោយ​​​​​​បាន​​​បន្ត​​​រិះ​​​គន់​​​កញ្ញា ចាន់​​​តារាទី ចំពោះ​​​ការ​​​បដិសេធ​​​មិន​​​ទទួល​​​ស្គាល់​​​ ហើយ​​​បាន​​​និយាយ​​​ឡក​​​ឡាយ​​​ លោក កឹម សុខា ។

ការ​​​លាក់​​​ពុត​​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​ករណី​​​នេះ​​​គេច​​​មិន​​​ផុត​​​ពី​​​ក្រសែ​​​ភ្នែក​​​របស់​​​អ្នក​​​​​​អង្កេត​​​ការណ៍​​​នយោ​​​បាយ​​​ឡើយ​​​ ​​​ដោយ​​​សារ​​​ប្រវត្តិ​​​ផ្ទាល់​​​របស់​​​គណបក្ស​​​នេះ​​​ដែល​​​មន្ត្រី​​​ថ្នាក់​​​ខ្ពស់​​របស់​​​​​​ខ្លួន​​​ក៏មាន​​​លេច​​​ឮ​​​​ពាក្យ​​​ចចាមអារ៉ាម​​​ពាក់ព័ន្ធ​រឿង​​​អាស្រូវ​​​ផ្លូវ​​​ភេទ​​​ដែរនោះ​។

លោក ហ៊ុន សែន ខ្លួន​​​លោក​​​ផ្ទាល់​​​ត្រូវ​​​បាន​​​​​​គេ​​​សង្ស័យ​​​ថា មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​រឿង​​​សហាយ​​​ ស្មន់​​​ជាមួយ​​​តារាភាពយន្ត​​​ ពិសិដ្ឋ ​​​ពីលិកា ​​​ដែល​​​ ត្រូវ​​​បាន​​​បាញ់​​​សម្លាប់​​​ដោយ​​​ខ្មាន់​​​កាំភ្លើង​​​បិទ​​​មុខ​​​ម្នាក់​​​ក្នុង​​​ឆ្នាំ​​​១៩៩៩​​​នៅ​​​ក្នុង​​​ករណី​​​មួយ​​​ដែល​​​មិន​​​ទាន់​​​ត្រូវ​​​បាន​​​ដោះ​​​ស្រាយ​​​នៅ​​​ឡើយ​​​​​​ទេ​​​ ទោះ​​​បី​​​ជា​​​មាន​​​សម្ពាធ​​​ជា​​​ខ្លាំង​​​ពី​​​សាធារណ ជន​​​ក៏​​​ដោយ​​​។

ទស្សនាវដ្ដី​​​ L’Express របស់​​​បារាំង​​​បាន​​​ចុះ​​​ផ្សាយ​​​អត្ថបទ​​​មួយ​​​ស្តី​​​អំពី​​​សៀវ​​​ភៅ​​​កំណត់​​​ហេតុ​​​ដែល​​​សរសេរ​​​កត់​​​ត្រា​​​ទុក​​​ដោយ ពិសិដ្ឋ​​​ពីលិកា មុន​​​ពេល​​​​​​គាត់​​​ត្រូវ​​​គេ​​​បាញ់​​​សម្លាប់ ​​​​​​​​​ក្នុង​​​នោះ​​​គាត់​​​បាន​​​និយាយ​​​ថា គាត់​​​ត្រូវ​​​គេ​​​ព្រមាន​​​ថា ប្រពន្ធ​​​របស់​​​លោក ហ៊ុន សែន គឺ​​​លោក​​​ស្រី ប៊ុន រ៉ានី មាន​​​កំហឹង​​​យ៉ាង​​​ខ្លាំង​​​ ហើយ​​​មាន​​​ផែន​​​ការ​​​សម្លាប់​​​រូប​​​គាត់​​​ចោល​​​។ ទាំង​​​លោក ​​​ហ៊ុន សែន និង​​​ស្ត្រី​​​ទី​​​១​​​រូប​​​នេះ​​​សុទ្ធ​​​​​​​តែ​​​បដិ​​​សេធ​​​ យ៉ាង​​​ដាច់​​​អហង្ការ​​​ចំពោះ​​​ការ​​​អះអាង​នេះ​​​។

ការ​​​ប្រើ​​​ប្រាស់​​​ធនធាន​​​សំខាន់​​​ៗ​​​របស់​​​រដ្ឋាភិបាល​​​នៅ​​​ក្នុង​​​ករណី​​​នោះ​​​​ទំនង​​​ជា​​​ដើម្បី​​​បដិសេធ​​​ការ​​​អះ​​​អាង​​​នោះ​​​​ ចំណែក​ឯ​​​​មន្ត្រី​​​ដែល​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​សើុប​​​អង្កេត​​​រឿង​​​អាស្រូវផ្លូវភេទ​របស់លោក​ កឹម សុខា​ ​​​​​​បាន​​​ខិត​​​ខំ​​​យ៉ាង​​​ខ្លាំង​​​ដើម្បី​​​ផ្តល់​​​រឿង​​​រ៉ាវ​​​លម្អិត​​​នូវ​​​អ្វី​​​ដែល​​​ខ្លួន​​​បាន​​​រក​​​ឃើញ​​​។

លោក សៀង សុខ ព្រះរាជ​​​អាជ្ញារង​​​អម​​​សាលា​​​ដំបូង​​​រាជធានីភ្នំពេញ​​​មិន​​​ទុក​​​ពេល​​​ឲ្យ​​​កន្លង​​​​​​ផុត​​​ទៅ​​​ដោយ​​​​​​ឥត​​​​​​​​​​​​​​​ប្រយោជន៍​​​នោះ​​​ទេ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ​​​ដោយ​​​បាន​​​ថ្លែង​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌មាន​​​យ៉ាង​​​លម្អិត​​​អំពី​​​ការ​​​សារភាព​​​របស់​​​កញ្ញា ​​​ចាន់​​​តារាទី  ក្នុង​​​នោះ​​​តុលាការ​​​ក៏​​​បាន​​​ចេញ​​​សេចក្តី​​​​ប្រកាស​​​​​​​ មួយ​​​ផង​​​ដែរ​​​កាល​​​ពី​​​ម្សិលមិញ ដោយ​​​ផ្តល់​​​ព័ត៌មាន​​​លម្អិត​​​ទាក់​​​ទិន​​​ការ​​​សើុប​​​អង្កេត​​​កំពុង​​​បន្ត​​​ ព្រោះ​​​សាធារណជន​​​កំពុង​​​​​​ចាប់​​​អារម្មណ៍​​​ក្នុង​​​ករណី​​​នេះ​​​។

កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ​​​​ការិយាល័យ​​​ព្រះរាជអាជ្ញា​​​សាលា​​ដំបូង​​​រាជធានី​​​បាន​​​ផ្សព្វ​​​ផ្សាយ​​​សេចក្តី​​​​​​​ប្រកាស​​​​មួយ​​​ទៀត​​​ដោយ​​​លើក​​​ឡើង​​​ថា ​​​កញ្ញា ​​​ចាន់​​​តារាទី “បាន​​​សារភាព​​​ថា នាង​​​ពិត​​​ជា​​​មាន​​​ទំនាក់​​​ទំនង​​​ជាមួយ​​​លោក កឹម សុខា ​​​មែន ​​​ហើយ​​​បាន​​​​​​ទទួល​​​ស្គាល់​​​ថា សំឡេង​​​នៅ​​​ក្នុង​​​ខ្សែ​​​អាត់​​​​​នោះ​​​គឺ​​​ជា​​​សំឡេង​​​របស់​​​នាង​​​។ នាង​​​បាន​​​បដិសេធ​​​ថា មិន​​​មែន​​​ជា​​​សំឡេង​​​របស់​​​នាង​​​ពី​​​មុន​​​មក​​​ ព្រោះ​​​នាង​​​ត្រូវ​​​លោក កឹម ​​​សុខា ​​​ណែនាំ​​​ឲ្យ​​​ធ្វើ​​​ដូច្នេះ​​​”។

ដោយ​​​​​​ចាត់​​​ទុក​​​សេនារីយ៉ូ​​​ទាំង​​​មូល​​​នេះ​​​​​​​​​ថា “ជា​​​រឿង​​​គួរឲ្យ​អស់​សំណើច​”​​​ លោក​​​ស្រី ​​​ចក់ សុភាព ប្រធា​​ន​​​មជ្ឈមណ្ឌល​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​​​​ខិត​​​ខំ​​​ធ្វើ​​​ឲ្យ​​​ករណី​​​នេះ​​​ស្ថិត​​​​​​ក្នុង​​​ខ្សែ​​​ភ្នែក​​​របស់​​​សាធារណ​​​ជន​​​គឺជា​​​ចំណាត់​​​ការ​​​យុទ្ធសាស្ត្រ​​​។

លោក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុម៉េល ​​​មួយ​ថា “ខ​​​្ញុំ​​​ជឿ​​​ថា ពល​​​រដ្ឋ​​​ខ្មែរ​​​យល់​​​ដឹង​​​គ្រប់​​​គ្រាន់​អំពី​​​ល្បែង​​​ដ៏​​​ថោក​​​ទាប​​ទាំង​​​នេះ​​​ដែល​​​គេ​​​បង្កើត​​​ឡើង​​​ដើម្បី​​​បោក​​​បញ្ឆោត​​​យើង​​​ឲ្យ​​​ភ្លេច​​​អំពី​​​បញ្ហា​​​រំលោភ​​​បំពាន​​​សិទ្ធិ​​​មនុស្ស​​​ដ៏​​​ធ្ងន់​​​ធ្ងរ​​​ដែល​​​កំពុង​​​ញាំញី​​​ប្រទេស​​​កម្ពុជា​​​”។

លោកស្រីបន្ថែម​​​ថា ”នេះ​​​គឺ​​​ជា​​​រឿង​​​ឯក ជន​​​ ហើយ​​​ការ​​​ដែល​​​​​ធន​​​ធាន​​​រដ្ឋ​​​ជា​​​ច្រើន​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​នៅ​​​ក្នុង​​​ការ​​​សើុប​​​អង្កេត​​​នេះ​​​បង្ហាញ ​​​​​​ឲ្យ​​​ឃើញ​​​យ៉ាង​​​ច្បាស់​​​ថា រឿង​​​នេះ​​​ គ្មាន​​​អ្វ​​ីក្រៅ​​​ពី​​​រឿង​​​នយោបាយ​​​នោះ​​​ឡើយ​​​”៕ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស