35 C
Phnom Penh

​របាយការណ៍​​​​​​​បញ្ជាក់​​ថា ក្រុម​ហ៊ុន​ថ្នាំជក់​ដ៏ធំ​​​នៅ​​​កម្ពុជា ជះ​ឥទ្ធិ​ពល​​លើ​​ បទដ្ឋាន​គតិយុត្តិ​ស្ដីពី​ការ​ជក់​បារី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​នៅ​ឆ្នាំ​២០០៨ ក្រុមហ៊ុន​ថ្នាំជក់ អង់គ្លេស អាមេរិកាំង (BAT) ​ទទួល​បាន​ “មេដាយ​មាស​” លើក​ទី៣​ជាប់​ៗ​គ្នា​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ជា​ការ​ទទួល​ស្គាល់​ការ​​គ្រប់​គ្រង​​សាវជីវកម្ម​​បាន​​ល្អ នេះ​បើ​យោង​តាម​ព្រឹត្តិ​បត្រ​ព័ត៌មាន​​ចេញ​​ផ្សាយ​​កាលពី​ខែ​កក្កដា​របស់​ក្រុម​ហ៊ុន​នេះ​។

លោក ដេល ម៉ាកខ្លេន (Dale Mclean) នាយក​​​​​ទីផ្សារ​​របស់​ក្រុម​ហ៊ុន BAT ​ប្រចាំតំបន់​​អាស៊ី​ប៉ាស៊ីហ្វិក​បាន​​ប្រាប់​​ព្រឹត្តិបត្រ​ព័ត៌មាន​នេះ​ថា ​”​ក្នុង​នាម​ជាសាជីវ​កម្ម​​ដែល​មាន​ការ​ទទួល​​​ខុស​​​​ត្រូវ​របស់​កម្ពុជា យើង​ចាត់​ទុក​​​វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​យើង​ក្នុង​ការ​ជួយ​​ដល់​ការ​អភិវឌ្ឍ​ប្រទេស​នេះ និង​ប្រជាជន​” ហើយ​​​​បាន​សម្ដែង​ “​ការ​ដឹង​គុណ​យ៉ាង​ជ្រាលជ្រៅ”​​ ដល់​លោក ហ៊ុន សែន ចំពោះ “​ទស្សនវិស័យ​ គតិ​បណ្ឌិត និង​ការ​ដឹកនាំ​របស់​លោក​”។

យោង​តាម​​​​ការ​​ចុះ​​ផ្សាយ​​​​ថ្មីមួយ​​ដោយ​សាស្ត្រាចារ្យ​បរទេស​ពីរ​រូប​បង្ហាញ​​​ថា វា​ហាក់​​​ដូច​ជាពេល​​​​​ដ៏​ចម្លែក​សម្រាប់​​​ក្រុម​ហ៊ុន​ផលិត​​បារី​ធំបំផុត​បើគិត​ពី​ចំណែក​ទីផ្សារ​​មួយ​​នេះ​នៅ​ក្នុង​ប្រទេស​​​កម្ពុជា ​ដែល​អង្គការ​សុខភាព​ពិភព​លោក (WHO) ​ប៉ាន់​ប្រមាណ​ថា ​ក្នុង​​មួយ​​ឆ្នាំៗ​​​មាន​ប្រជា​ជន​១ម៉ឺន​​នាក់​ស្លាប់​ដោយ​សារ​​​មូលហេតុ​ពាក់​ព័ន្ធ​ថ្នាំជក់​។ ប៉ុន្តែ​​សុច្ឆន្ទ​រវាង​ក្រុម​​ហ៊ុន​ BAT និង​រដ្ឋាភិបាល​កម្ពុជា​​ គ្មាន​អ្វី​ថ្មី​ទេនៅ​ពេល​នោះ។

cam-photo-tobacco-channa-WEB-ONLYសាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​សុខាភិបាល រ៉ូស ម៉ាកខេនហ្ស៊ី (Ross Mackenzie​) នៅ​សាកល​​វិទ្យាល័យ Macquarie University ក្នុង​ទីក្រុង​ស៊ីដនី និងសាស្ត្រាចារ្យ​​គោល​នយោបាយ ​ សុខាភិបាល​សាកល ចេហ្វ ខូលីន (Jeff Colin) នៅ​សាកលវិទ្យាល័យ University of Edinburgh ​បាន​សរសេរ​នៅ​ក្នុង​លេខ​ចុះ​ផ្សាយ​ចុង​ក្រោយ​​​​​នៃ​ព្រឹត្តិបត្រ​ព័ត៌​​មាន Global Public Health ថា ចាប់​តាំង​ពី​ពាក់​​កណ្តាល​​ទស​វត្សរ៍​​​​ឆ្នាំ​​​១៩៩០​មក ក្រុម​​ហ៊ុន BAT ​បាន​​ព្យាយាម​យ៉ាង​​​ខ្លាំង​​ដើម្បី​​​​​បង្កើត​​​ទំនាក់​​ទំនង​​ជិតស្និទ្ធជា​មួយ​​​មន្ត្រី​​​ថ្នាក់​​កំពូល​​ក្នុង​​​ជួរ​​រដ្ឋាភិបាល​​ដើម្បី​​​ជះ​ឥទ្ធិ​​ពល​លើ​​ពន្ធ​​​ និង​​បទដ្ឋាន​​គតិយុត្តិ​​​ថ្នាំ​ជក់ដែល​​ស្រប​តាម​​​​​គោល​​ការណ៍​​​​​​​ឧស្សាហកម្ម​។​​

ដោយ​ដក​​ស្រង់​​​ឯកសារ​​​ផ្ទៃ​​ក្នុង​​របស់​ឧស្សា​​ហកម្ម​ដែល​​បាន​​​បែក​​ធ្លាយ​​ជា​សាធារណៈ​តាម​​​​​រយៈ​​ការ​​ប្តឹង​ផ្តល់​​គ្នា​ ព្រឹត្តិបត្រ​​​ព័ត៌មាន អត្ថបទ​​​​ព័ត៌មាន​ និង​របាយការណ៍​ទីផ្សារ​​​របស់​​ក្រុម​​ហ៊ុន​​​​​នេះ អ្នក​និពន្ធ​ទាំង​នេះ​សន្និដ្ឋាន​ថា ទំនាក់​ទំនង​​​​ជាមួយ​ក្រុម​ឥស្សរជន​នយោបាយ​ “ត្រូវ​បាន​ទទួល​ស្គាល់​​​​យ៉ាង​ទូលំ​​​​ទូលាយ និង​ហួស​ពី​ការ​រិះ​គន់​​​របស់​សាធារណជន​” ដែល​អនុញ្ញាត​ឲ្យ​​ក្រុម​​​ហ៊ុន​ BAT “ធ្វើឲ្យបទដ្ឋាន​គតិយុត្តិ​គ្រប់​គ្រង​​​ថ្នាំ​ជក់ចុះ​​ខ្សោយ”​។

​កាល​ពី​​​ម្សិល​​មិញ ក្រុម​ហ៊ុន​ BAT មិន​បាន​ឆ្លើយ​តប​​សំណើ​សុំ​ការ​ឆ្លើយ​បំភ្លឺ​កាលពី​នោះ​​​​ទេ។ ឥទ្ធិពល​របស់​ក្រុម​ហ៊ុន​នេះ​​ប្រហែល​ជា​​​អាច​ពន្យល់​បាន​​ពី​មូលហេតុ​​ដែល​រដ្ឋាភិបាល​កម្ពុជា ​ប្រើ​​ពេល​យ៉ាង​យូរ​​​​ដើម្បី​​អនុវត្ត​បទដ្ឋាន​​​​គតិយុត្តិ​ជា​បន្ត​បន្ទាប់​ស្ដីពី​ការផ្សាយ​ពាណិជ្ជ​កម្ម ​ការ​​​យក​ពន្ធ និង​វិធានការ​​​ពាក់​ព័ន្ធ​ការ​ជក់​បារី​ផ្សេងៗទៀត​ដែល​ខ្លួន​បាន​ផ្ដល់​សច្ចានុ​មតិ​​កាលពី​ឆ្នាំ​២០០៥ ​​ក្នុង​ឋានៈ​ជា​ម្ចាស់​ហត្ថលេខី​​នៃ​អនុសញ្ញា​ស្តីពី​ការ​​​គ្រប់​គ្រង​​ថ្នាំ​​ជក់​​​របស់​​អង្គការ​សុខភាព​ពិភព​លោក​។

នៅ​ដើម​ឆ្នាំ​១៩៩៥ ​ផែនការ​ “​ឥណ្ឌូចិន​” របស់​ក្រុម​ហ៊ុន​ BAT បាន​កត់​សម្គាល់​​ពី​សារៈ​សំខាន់​​នៃ​ ”​ការ​ទំនាក់​ទំនង​ជាមួយ​មន្ត្រី​រដ្ឋា​ភិបាល​ទាំង​នៅ​ថ្នាក់​ខេត្ត និង​ថ្នាក់​​ជាតិ​”។

BAC បាន​សរសេរ​ថា “ការដែល​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​​ជួរ​​រដ្ឋាភិបាល​ និង​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​សម្តែង​​មតិ​​ប្រឆាំង​ដោយ​​​​​ចាត់​វិធាន​ការ​​រឹត​បន្តឹង​ប្រឆាំង​​ទីផ្សារ​​ថ្នាំ​ជក់ គឺជា​​​រឿង​​​ចាំ​បាច់”។

ដោយ​ព្យាយាមធ្វើ​ខ្លួន​ឲ្យ​ក្លាយ​ជា​សំឡេង​​​​ស្ងាត់ស្ងៀម​នៅ​ក្នុង​ឧស្សាហកម្មមួយ​ដែល​ពិបាក​​គ្រប់​គ្រង ក្រុម​ហ៊ុន BAT បាន​សរសើរ​ពីតួនាទី​របស់​ខ្លួន​ម្តង​ហើយ​​ម្តង​ទៀត​នៅ​ក្នុង​​​​ការ​​គាំទ្រ​​​ការ​​អភិវឌ្ឍ​​សេដ្ឋ​កិច្ច ខណៈព្យា​យាម​​​​​​យក​​​ចិត្ត​​មន្ត្រី​​រដ្ឋាភិបាល​​សំខាន់ៗ​តាម​​រយៈ​ដៃ​​​គូ​​​​កម្ពុជារបស់​​ខ្លួន​។

​តាម​រយៈ​ការ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ថ្នាំ​​ជក់​កម្ពុជា​ របស់​ឧកញ៉ា គង់ ទ្រីវ និង​​​​ព្យា​យាម​​យក​​ចិត្ត​ឧកញ៉ា កុក អាន ដែល​​សុទ្ធ​តែ​បម្រើ​ការ​ងារ​នៅ​ព្រឹទ្ធសភា ​អ្នក​និពន្ធ​ទាំង​នេះ​និយាយ​​​​ថា ក្រុម​ហ៊ុន BAT ទទួល​បាន​​ទំនាក់​​ទំនង​ដើម្បី​​តស៊ូមតិ​​គាំទ្រ​ជំហរ​​គោល​នយោបាយ​​របស់​​​ខ្លួន​​នៅ​ឯ​វេទិកា​​វិស័យ​រដ្ឋ និង​ឯកជន​របស់​កម្ពុជា​។

យោង​តាម​គេហទំព័រ​របស់​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ​​បាន​ឲ្យ​​ដឹង​ថា ក្រុម​ការ​ងារ​​​ខាង​​ឧស្សាហ​កម្មនៃ​វេទិកា​នោះ “​បាន​​​ប្រគល់​វេទិកា​ជូន​តំណាង​ក្រុម​ហ៊ុន​សហគ្រាស​ដើម្បី​​​​ផ្ដល់​​ជំនាញ​លើ​​កំណែ​​ទម្រង់​គោល​នយោ​បាយ និង​បទដ្ឋាន​​​គតិយុត្តិ​” ដល់​​មន្ត្រី​​រដ្ឋាភិបាល។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​ហ៊ុន​​នេះ​លើក​ឡើង​ថា យុទ្ធ​​សាស្ត្រ​​របស់​​ខ្លួន​​​​គឺ​ការ​មាន​ភាគ​​លាភ​។ នៅ​ក្នុង​ព្រឹត្តិបត្រ​ព័ត៌មាន​មួយ​​ចេញ​​​ផ្សាយ​​​នៅ​ខែ​សីហា ឆ្នាំ​២០០៧ នាយក​គ្រប់គ្រង​ទូទៅ​នៅ​ក្រុម​ហ៊ុន​ BAT អឹុង អារ៉េន (Arend Ng) បាន​សរសើរ​ភាព​ជោគ​ជ័យ​របស់​ក្រុមហ៊ុន​នេះ​​នៅ​ក្នុង​ការ​​ទម្លាក់​ពន្ធ​អាករ​​ថា​ជា​ “​គំរូ​ដ៏ល្អ​នៃ​អ្វី​ដែល​អាច​សម្រេច​បាន​ នៅ​ពេល​​​​ឧស្សាហកម្ម និង​រដ្ឋាភិបាល​ធ្វើ​ការ​ជាមួយ​​​​គ្នា​”។

ក្រុម​ហ៊ុន​នេះ​ក៏​បាន​ព្យាយាម​​យក​ចិត្តក្រុម​មន្ត្រី​​មកពី​ក្រសួង​សុខាភិបាលខ្លាំង​​ដែរ​ដែល​ទទួល​បន្ទុក​​​ខាង​​ផ្តល់​​​អនុសាសន៍​អំពី​ច្បាប់​​មួយ​នៅ​​ឆ្នាំ​២០១០ ​ដែល​ទីបំផុត​បាន​ហាម​​ឃាត់​ការ​​ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំជក់​នៅ​តាម​​​កន្លែង​​​មួយ​ចំនួន​​​​។ នៅ​ពេល​នោះ គុណ លីម ប្រធាន​​​ផ្នែក​កិច្ច​ការ​​សាជីវកម្ម​ និង​​បទដ្ឋាន​គតិយុត្តិ​របស់​​​ក្រុម​ហ៊ុន BAT បាន​សរសើរ​មន្ត្រី​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​កាសែត​​ភ្នំពេញ​ប៉ុស្តិ៍ ចំពោះ​ “​ការ​តាំង​ចិត្ត​ស្ដាប់​” របស់​ពួកគេ​ ហើយ​​​​ធ្វើ​ឲ្យ​​ប្រាកដ​ថា “​​គ្មាន​ការ​​ដាក់​បន្ទុក​​មិន​ចាំ​បាច់​​លើ​​អាជីវ​កម្ម​​”។

​ចំណុច​​​មួយ​​​ទៀត​​​​នៃយុទ្ធសាស្ត្រ​របស់​ក្រុម​​​ហ៊ុន BAT ​ពាក់​​ព័ន្ធ​កម្មវិធី​ទទួល​ខុស​ត្រូវ​ផ្នែក​សង្គម​របស់​​​សាវ​ជីវ​កម្ម ដែល​​​រួម​​​​ទាំង​​ការ​​ឧបត្ថម្ភ​​​​គាំទ្រ​ដល់​គ្រួសារ​​​អ្នក​​ដាំ​​ថ្នាំ​​ជក់ ​​ការ​រៀបចំ​សិក្ខា​​សាលា​ស្ដីពី​ពលកម្ម​កុមារ​ និង​ការ​គាំទ្រ​​​ការ​​ដាំ​ដើម​​ឈើឡើង​​​វិញ​​​របស់​រដ្ឋាភិបាល​​ជាមួយ​នឹង​​​កន្លែង​បណ្តុះ​​កូន​​ឈើ​​ធំៗ​​ចំនួន​បួន​ទីតាំង ដោយ​​​ពីរ​​​ក្នុង​​ចំណោម​​នោះ​​ត្រូវ​បាន​ដាក់​ឈ្មោះ​​​​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។

លោក គុណ លីម ​បាន​​ថ្លែង​ថា កិច្ច​ខំប្រឹង​ប្រែង​ទាំង​នោះ​ “​ត្រូវ​បាន​​រាជរដ្ឋាភិបាល​ថ្លែង​​​​​អំណរគុណ​ និង​ឲ្យ​តម្លៃ​​ខ្ពស់​”។

សំណើមួយ​ចំនួន​ធំ​​​ក្នុង​​ចំណោម​​នេះ​ហាក់​​ដូច​ជា​បំពាន​ដោយ​ផ្ទាល់​​​លើ​ប្រការ​៥.៣​នៃ​ក្របខណ្ឌ​គ្រប់គ្រង​ថ្នាំជក់​របស់​អង្គការ​សុខ​ភាព​​​ពិភព​លោក​​​ដែល​ចែង​ថា “​ភាគី​ត្រូវ​​​ចាត់វិធាន​​​ការ​ការ​ពារ​​គោល​នយោបាយ [ថ្នាំជក់​] ពី​ផល​ប្រយោជន៍​ពាណិជ្ជកម្ម និងផល​ប្រយោជន៍​ផ្សេងៗ​​ទៀត​​​អនុលោម​តាម​ច្បាប់​របស់​ជាតិ​”។

ទីប្រឹក្សា​​​ជាន់​ខ្ពស់ ជូឌីត ម៉ាកខាយ (Judith Mackay) នៅ Vital Strategies ដែល​ជា​ក្រុម​តស៊ូ​​​មតិ​ការ​ពារ​សុខភាព​បាន​មាន​ប្រសាសន៍​​កាល​ពី​ម្សិលមិញ​ថា យុទ្ធសាស្ត្រ​របស់​ក្រុម​ហ៊ុន BATគឺជា​​រឿង​ធម្មតា​នៅ​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​។

វេជ្ជបណ្ឌិត ជូឌីត ម៉ាកខាយ បាន​លើក​ឡើង​តាម​រយៈ​សារ​អេឡិចត្រូនិក​មួយ​ថា “វត្ថុ​បំណង​របស់​ពួកគេ​​គឺ​ដើម្បី​បង្កើន​ប្រាក់​ចំណូល​ និង​ប្រាក់​ចំណេញ​របស់​ខ្លួន​តាម​​​រយៈ​ការ​ទទួល​បាន​​អតិថិជន​នៅ​ទូទាំងពិភព​លោក ជា​​​​​​ពិសេស​ក្នុង​​​ទីផ្សារដែល​មាន​ប្រាក់​ចំណូល​​​​​​ទាប និង​មធ្យម ពីព្រោះ​អត្រាជក់​បារី​បាន​ធ្លាក់​​ចុះ​នៅ​ក្នុង​បណ្ដា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ ដែល​​អ្នក​ប្រើ​ប្រាស់​​ត្រូវ​បាន​ណែ​នាំ​ អប់រំ​​​ណែនាំ​អំពី​​គ្រោះ​ថ្នាក់​នៃ​ថ្នាំជក់​។ ជា​ធម្មតា​ក្រុម​ហ៊ុន​ដូច​ជា​ BAT ជាដើម​​បំបែក​ខ្លួន​​​ទៅ​ជា​​​​​​ក្រុម​​​អាជីវ​កម្ម ​និង​សេដ្ឋ​កិច្ចដើម្បី​​​ជួយ​ពួកគេ​យក​​ចិត្ត​​​ក្រសួង​​​ហិរញ្ញវត្ថុ និង​​ពាណិជ្ជ​កម្ម​ ពួកគេ​ប្រើ​ប្រាស់​ធនធាន​​ច្រើន​​ដើម្បី​ផ្សព្វ​ផ្សាយ​អំពីផលិត​ផល​ និង​សកម្មភាព​​របស់​​​ខ្លួន​​​ដោយ​និទណ្ឌភាព​”។

លោក ម៉ាក ស្វីសូវ (Mark Schwisow) នាយក​​​​ប្រចាំ​ប្រទេស​នៃ​​ទីភ្នាក់​ងារ​​មនុស្ស​ធម៌​មួយ​ដែល​​​​​មាន​​ឈ្មោះ​ថា Adventist Development and ​​Relief Agency ​បាន​យល់​ស្រប​តាម​។ លោក​​​​ថ្លែង​ថា ”ទំនោរ​ជា​អន្តរជាតិ​នេះ​គឺ​សម្រាប់​អ្នក​បង្កើន​គោល​នយោបាយ​ធ្វើ​ឲ្យ​ច្បាប់នេះ​ខ្សោយ​​តាម​ដែល​អាច​ធ្វើទៅ​បាន​”។

អ្នក​នាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ និង​ហិរញ្ញ​វត្ថុ​បាន​បដិសេធ​មិន​ឆ្លើយ​បំភ្លឺ​​ឡើយ​​ទាក់​ទិន​​លទ្ធផល​រក​ឃើញដែល​ចុះ​ផ្សាយ​ដោយ​លោក ​​​ម៉ាកខេនហ្ស៊ី និង​លោក ខូលីន។

​ដោយសារតែថ្មីៗ​នេះ​​​ក្រុមហ៊ុន BAT មាន​ប្រវត្តិ​ចូល​រួម​ជាមួយ​រដ្ឋាភិបាល​​ផ្ដាច់​ការអ៊ុយ​បេគីស្ថាន ភូមា និង​​សូម្បី​កូរ៉េខាង​ជើង​ សាស្ត្រា​​ចារ្យ​ទាំងពីរ​​និយាយ​ថា ពួកគេ​​មាន​មន្ទិល​ថា​ក្រុម​ហ៊ុន​​នេះ​នឹងមិន​​​​​​ដក​​ខ្លួន​​​ថយ​​ពីការ​​​ចូលរួម​របស់​ខ្លួន​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​។

ពួកគេ​សរសេរ​ថា “​ទំនាក់​ទំនង​​ជិតស្និទ្ធ​របស់​​​ក្រុមហ៊ុន BAT និង​រដ្ឋាភិបាលកម្ពុជា ​​ធ្វើ​ឲ្យ​មាន​ការ​ចោទ​សួរ​កាន់​តែ​ច្រើនពាក់​ព័ន្ធ​ប្រតិ​បត្តិ​ការ​​សាជីវ​កម្ម​នៅ​​​ក្នុង​​​​​បណ្តា​ប្រទេស​ដែល​​​​រដ្ឋាភិបាល​ថ្នាក់​ជាតិ​ចូល​រួម​​​ការបំពាន​សិទ្ធិ​មនុស្ស​ទ្រង់​​​ទ្រាយ​ធំ។វា​​បន្ថែម​​​​បញ្ហា​​ប្រឈម​មួយ​​ទៀត​​​​ដល់​​ការ​​​ប្តេជ្ញា​​ចិត្ត​​របស់​​ក្រុម​ហ៊ុន BAT ‘ដើម្បី​ជួយ​​នៅ​ក្នុង​​ការ​​អភិវឌ្ឍ​ប្រទេស​នេះ និង​ប្រជា​ជន’”៕ សុខុម​

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស