28 C
Phnom Penh

មន្ត្រីធម្មការ​ស៊ើប​អង្កេត​ការ​ច្រៀងរាំ​របស់​មេគណ​ខេត្ត​កំពង់ស្ពឺ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ធម្មការ​កំពុងស៊ើបអង្កេត​​ករណី​​មេគណ​ខេត្ត​​​កំពង់ស្ពឺ​​ជុំវិញ​​វីដេអូ​ឃ្លីប​ដែល​បង្ហាញ​​​សកម្មភាព​ព្រះអង្គ​កំពុង​ច្រៀង និង​រាំ​នៅលើ​ឆាក​ក្នុង​​​ការ​ប្រគំ​តន្ត្រី​អប​អរ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ ដោយ​អះអាង​ថា ព្រះអង្គ​បាន​ប្រព្រឹត្ត​បំពាន​​ការ​ប្តេជ្ញា​របស់​ព្រះ​អង្គ​​ថា នឹង​គង់​នៅក្នុង​​ជីវិត​ស្ងប់​ស្ងាត់​ជា​ព្រះសង្ឃ​។

លោក ប៊ូ ប៊ុនថា ​ប្រធាន​មន្ទីរ​ធម្មការ​ និង​សាសនា​​ស្រុក​សំរោងទង​ បាន​មាន​ប្រសាសន៍​ ថា ព្រះតេជគុណ ឌូ វណ្ណឌឿន ​មេគណខេត្ត​​​ត្រូវ​បាន​គេ​ថត​វីដេអូ​​ខណៈ​ព្រះអង្គ​កំពុង​រាំ​ច្រៀង​នៅ​លើ​ឆាក​​​​ប្រគំ​តន្ត្រី​​ដើម្បី​អបអរ​យប់​ចុង​ក្រោយ​នៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ក្នុង​វត្ត​ របស់​ព្រះអង្គ​ស្ថិត​ក្នុង​ឃុំត្រពាំង​គង ។

លោក ប៊ូ ប៊ុនថា បាន​មាន​ប្រសាសន៍​​ថា កាលពី​ម្សិលមិញ មានការ​រៀប​ចំ​កិច្ច​ប្រជុំ​មួយ​​ដើម្បី​ពិភាក្សា​អំពី​ករណី​នេះ ដោយ​​មន្ត្រី​ធម្មការ​ សម្រេច​ស៊ើប​អង្កេត​ការ​ប្រព្រឹត្ត​ខុស​ឆ្គង​របស់​ព្រះតេជ​គុណ ឌូ វណ្ណឌឿន នៅ​ថ្ងៃ​នេះ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​សូម​រង់ចាំ​រហូត​ដល់​យើង​រៀបចំ​កិច្ច​ប្រជុំ​មួយ​ទៀត​ ដើម្បី​ពិភាក្សា​អំពី​ករណី​នេះ​ និង​ថាតើ​យើង​ត្រូវ​ចាត់​វិធានការ​​លើ​ករណី​របស់​ព្រះ​សង្ឃ​អង្គនេះ​ដោយ​របៀប​ណា។ យើង​នឹង​ទៅ​​សិក្សា​អំពី​ករណី​នេះ​នៅ​វត្ត​របស់​ព្រះអង្គ​នៅ​ថ្ងៃ​ស្អែក ដើម្បី​រក​ឲ្យ​ឃើញ​ថា តើ​ករណី​នេះពិត​ឬមិន​ពិត​”។

លោក​បាន​បន្ថែម​ថា “​បើ​តាម​វិន័យ​សង្ឃ កំហុស​នេះ​គឺ​តូច​​តាច​ទេ ប៉ុន្តែ​សកម្មភាព​របស់​ព្រះអង្គ​​អាច​​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​ព្រះសង្ឃ​ទាំង​អស់​ទូទាំង​​ប្រទេស​។ បញ្ហា​នេះ​​នឹង​បណ្ដាល​ឲ្យ​មាន​ការ​រិះគន់​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​”។

លោកមេឃុំ​ ម៉ៃ ចាន់ថន បាន​មាន​ប្រសាសន៍​ ថា លោក​ជឿ​ថា ព្រះតេជគុណ ឌូ វណ្ណឌឿន គួរ​សឹក​ភ្លាមៗ​។ លោក​បាន​ថ្លែង​ថា ”​តាម​​គំនិត​របស់​ខ្ញុំ​គឺ​ថា ព្រះអង្គ​គួរ​សឹក ព្រោះថា ​បើ​ព្រះអង្គ​គង់​នៅ​ជា​សង្ឃដដែល​ ពុទ្ធបរិស័ទ​នឹង​​រិះគន់ព្រះអង្គ​រហូត​”។ លោក​បាន​បន្ថែម​ថា ព្រះសង្ឃ​អង្គ​នេះ​បាន​បួស​​២៥​វស្សា​មក​ហើយ​។

​លោក ប៊ុង ប៊ុណ្ណា អាយុ​៥០​ឆ្នាំ ដែល​ជា​ម្ចាស់​តន្ត្រី​សម័យ​ ប៊ុណ្ណា ភូមិ​ពោធិ៍ ដែល​បាន​រៀប​ចំ​ប្រគំ​តន្ត្រី​នៅ​វត្ត​របស់​ព្រះតេជគុណ ឌូ វណ្ណឌឿន បាន​និយាយ​ថា ​លោក​បាន​ឃើញ​ ព្រះ​សង្ឃ​អង្គ​នេះ​ច្រៀង​​៦បទ ហើយ​រាំ​ចង្វាក់​រាំវង់​តាម​បែប​ប្រពៃណី​។

លោក ប៊ុណ្ណា បាន​និយាយ​ថា “​ខ្ញុំ​គិត​ថា វា​មិន​សមរម្យ​ទេ​ ប៉ុន្តែ​ខ្ញុំ​មិន​ហា៊ន​ប្រាប់​ព្រះអង្គ​។ សកម្ម​ភាព​របស់​​ព្រះអង្គ​ពិត​ជា​ខុស​ទាំងស្រុង​…។ ឥឡូវ​នេះ​ រៀងរាល់​ព្រឹក​ នៅ​ពេល​ខ្ញុំ​ទៅ​ផឹក​កាហ្វេ​ មនុស្ស​ម្នា​តែង​តែ​រិះគន់​ពី​ការ​ច្រៀង​របស់​ព្រះសង្ឃអង្គនេះ​​”។

លោក​បាន​និយាយ​ថា ”​តាំង​ពី​បុរាណ កាល​មក ខ្ញុំ​មិន​ដែល​ឮ​ព្រះសង្ឃ​ច្រៀង​ដូច​នេះ​ទេ”។ ព្រះ​តេជគុណ ឌូ វណ្ណឌឿន មិន​អាច​ទាក់​ទង​បាន​ទេ។

ក្នុង​រយៈពេល​​​១ទសវត្សរ៍​កន្លង​មក​ ព្រះ សង្ឃ​ពុទ្ធសាសនាបាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ធ្ងន់ ធ្ងរ ជាច្រើន​រួម​មាន​ការ​ចាប់​រំលោភ ការ​រំលោភ​កុមារ​ អំពើ​មនុស្ស​ឃាត​ ការ​ចែក​ចាយ​គ្រឿង​ញៀន និង​ប្រើ​ប្រាស់​ថ្នាំញៀន ជាដើម​​។ ប៉ុន្តែ​មន្ត្រី​ធម្មការ​​​បាន​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀត​ថា ​មិន​មាន​បញ្ហា​កើត​ឡើង ជា​ប្រព័ន្ធទេ ផ្ទុយ​ទៅវិញ​បាន​បន្ទោសថា​​​ វា​​​ជា​​​រឿង​​​បុគ្គល​​​របស់​​​សង្ឃ​​​ទេ​​​​។

ព្រះតេជគុណ ឃឹម សន មន្ត្រីសង្ឃ​ខាង​គណៈមហានិកាយ​បាន​មាន​សង្ឃដីកា​ថា បើ​ទោះ​ជា​មិនជា​ការ​​​ខុសឆ្គង​​ធ្ងន់ធ្ងរ​ដោយ​ការ​​ច្រៀងជា​ទូទៅ​​ក៏ដោយ ក៏​វា​មិន​មែន​ជា​សកម្ម ភាព​សម​រម្យ​​​សម្រាប់​ព្រះសង្ឃ​ដែរ​។

ព្រះអង្គ​​មាន​សង្ឃដីកា​ថា “​សកម្មភាព​របស់​ ព្រះអង្គ​​មិន​មែន​ជា​កំហុស​ធំដុំ​ទេប៉ុន្តែ​… វា​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​ព្រះសង្ឃ”៕សារុន​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស