28 C
Phnom Penh

អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​សម្លាប់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​នគរបាល​ឲ្យ​ដឹង​ថា អ្នក​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ពុធ​ក្នុង​ផ្ទះ​មួយ​កន្លែង​នៅ​ក្រុង​ភ្នំពេញ ដែល​ផ្តល់​ដោយ​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការ​សហ​ប្រជាជាតិ ដោយ​បាន​ធ្វើ​អត្តឃាត​នៅ​ក្នុង​បន្ទប់​របស់​គាត់។

លោក ថេង កុសល មេ​ប៉ុស្តិ៍​សង្កាត់​បាន​និយាយ​ថា បុរស​នោះ ជា​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​ជនជាតិ​វៀតណាម​ជិត​២០០​នាក់​ដែល​កំពុង​រង់ចាំ​ការ​ពិនិត្យ​សំណុំ​បែបបទ​របស់​ខ្លួន​ក្នុង​ក្រុង​ភ្នំពេញ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ម៉ោង​១១​ព្រឹក​ដោយ​អ្នក​ភូមិ​ម្នាក់​ទៀត​នៅ​ផ្ទះ​នោះ​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

លោក កុសល បាន​និយាយ​ថា “យើង​បាន​សួរ​ប្រជាជន​ដែល​រស់​នៅ​ទី​នោះ ហើយ​ពួកគេ​បាន​និយាយ​ថា គាត់​បាន​ធ្វើ​អត្តឃាត ពីព្រោះ​គាត់​តែងតែ​មិន​សប្បាយ​ចិត្ត​ដែល​គាត់​ឈឺ​ញឹកញាប់ ដូចជា​ឈឺ​ក្បាល​និង​ផ្តាសាយ ឈឺ​នេះ​ឈឺ​នោះ ប៉ុន្តែ​យើង​មិន​ដឹង​ប្រាកដ​ថា​គាត់​មាន​ជំងឺ​អ្វី​ខ្លះ​ទេ”។

លោក​បាន​និយាយ​ថា “បន្ទាប់ពី​ធ្វើ​ការ​ពិនិត្យ​សព យើង​បាន​សន្និដ្ឋាន​ថា គាត់​ពិតជា​បាន​សម្លាប់​ខ្លួន​ឯង​ដោយ​ការ​ចង​ក ដោយ​ប្រើ​ខ្សែ។ គ្មាន​នរណា​សម្លាប់ ឬ​វាយ​គាត់ ឬ​ធ្វើ​បាប​គាត់​ទេ ដូច្នេះ​ហើយ មិន​ចាំបាច់​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ទេ”។

ព័ត៌មាន​ក្នុង​ស្រុក​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា បុរស​នោះ​មាន​អាយុ៤១​ឆ្នាំ មាន​ជំងឺ​ក្រពះ​ធ្ងន់ធ្ងរ និង​បញ្ហា​ពោះវៀន និង​បាន​រស់​នៅ​ក្នុង​ផ្ទះ​នោះ​ចាប់​តាំងពី​ខែ​សីហា​មក​ម៉្លេះ។

លោក​ស្រី វីវៀន តាន មន្ត្រី​ព័ត៌មាន​ប្រចាំ​តំបន់​របស់​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន បាន​បញ្ជាក់​អំពី​ការ​ស្លាប់​នេះ។

លោក​ស្រី​បាន​និយាយ​តាម​រយៈ​សារ​អេឡិកត្រូនិក​ថា “យើង​ដឹង​អំពី​រឿង​អកុសល​នេះ ហើយ​យើង​កំពុង​ព្យាយាម​ស្វែងយល់​ថែម​ទៀត”។

លោក​ស្រី ដេនីស ខូកឡាន ប្រធាន​សេវា​ជនភៀសខ្លួន​កាតូលិក ក្នុង​ក្រុង​ភ្នំពេញ ដែល​កំពុង​ផ្តល់​សេវា​ជួយ​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា ក៏​បាន​បញ្ជាក់​អំពី​ការ​ស្លាប់​នេះ​ដែរ។

លោក​ស្រី​បាន​និយាយ​ថា “​នេះ​ជា​សោកនាដកម្ម​មួយ​ដែល​មនុស្ស​មាន​វ័យ​ក្មេង​បែប​នេះ​បាន​បោះបង់​ចោល​សេចក្តី​សង្ឃឹម ហើយ​នោះ​ជា​អ្វី​ដែល​ខ្ញុំ​និយាយ​អំពី​បញ្ហា​នេះ”។

កាលពី​ខែ​មករា រដ្ឋាភិបាល​បាន​ប្រកាស​ថា ម៉ុងតាញ៉ា​មួយ​ក្រុម​មាន​គ្នា​១៧១​នាក់ នឹង​ទទួល​បាន​ការ​វាយ​តម្លៃ​ការ​សុំ​សិទ្ធិ​ជ្រកកោន​របស់​ពួកគេ​ដោយ​ក្រសួង​មហាផ្ទៃ។ ក៏​ប៉ុន្តែ មិន​ដល់​មួយ​ខែ​ក្រោយ​មក ស្រាប់តែ​អ្នក​នាំ​ពាក្យ​ក្រសួង​នេះ​បាន​និយាយ​ថា ពួកគេ​ទាំង​អស់​សុទ្ធ​តែ​ធ្លាក់​ការ​សម្ភាស ហើយ​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​វៀតណាម​វិញ។

អង្គការ​សហ​ប្រជាជាតិ​និង​អង្គការ​សិទ្ធិ​មនុស្ស​បាន​ជំរុញ​រដ្ឋាភិបាល​ឲ្យ​ធ្វើការ​ពិនិត្យ​ពេញលេញ​ឡើង​វិញ​នូវ​ការ​សុំ​សិទ្ធិ​ជ្រកកោន​របស់​ក្រុម​នេះ ដែល​អ្នក​ខ្លះ​ឥឡូវ​នេះ​បាន​ជាប់​គាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​កន្លះ​មក​ហើយ៕ និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស