31 C
Phnom Penh

នគរបាល​​និយាយ​កែ​ប្រែ​រឿង​រា៉វ​អំពី​សាក្ស​ី​ឃើញ​រថយន្ត​បង្ក​គ្រោះ​ថ្នាក់​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​ខេត្ត​កណ្តា​​​ល​​​ដែល​​​​កំពុង​ស៊ើប​អង្កេត​​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃទី​១២ ខែមេសា​ ​​ដែល​ក្នុង​នោះ​ រថយន្ត​មួយ​គ្រឿង​បើក​បរដោយ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ទេស​ចរណ៍​ម្នាក់​​បាន​បុក​ម៉ូតូ​មួយ​គ្រឿង​ ហើយ​ បណ្តាល​ឱ្យ​អ្នក​បើក​បរ​ស្លាប់​​​នោះ បាន​អះ​អាង​​​​ថា ខ្លួន​មិន​ស្គាល់​ឈ្មោះ​សាក្សី​ដែល​ន​ិយាយ​ថា រថយន្ត​​​​ទី​៣ ដែលរត់​​​បាត់ ​​​ជា​​​អ្នក​​​​បង្កគ្រោះ​ថ្នាក់ឡើយ​​​ ​​​ដោយ​​​ផ្ទុយ​​​ពី​​​ការ​​​លើក​​​ឡើង​​​ពី​​​មុន​​​។

លោក នួន សុមេ៉ត​ អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​ជា​អតីត​អភិបាល​រង​រាជ​ធានី​ភ្នំពេញ​​ ត្រូវ​បាន​ឃាត់​ខ្លួន​ភ្លាម​ៗ​បន្ទាប់​​​ពី​បង្កគ្រោះ​ថ្នាក់​ ប៉ុន្តែ​តុលាការ​បាន​ដោះ​លែង​​​​​​វិញ​បន្ទាប់ពី​គាត់​បាន​បង់​ប្រាក់​ចំនួន​៥.៥០០​​ដុល្លារ​ដល់​ក្រុម​គ្រួសារ​សព​លោក មិត្ត​ សុធា អាយុ​៣៨ឆ្នាំ។ លោក សុម៉េត បាន​ប​ដិសេធ​​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ។

កាលពី​​ថ្ងៃច័ន្ទ​ លោក ព្រំ​ សំណាង​ អធិការ​​​រង​ស្រុក​កៀន​ស្វាយ​បាន​អះ​អាង​ថា សាក្សីពីរ​នាក់​បាន​ប្រាប់​នគរបាល​ថា រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ដែល​​បើក​កណ្តាល​ផ្លូវ បាន​បុក​រថយន្ត​របស់​លោក សុម៉េត បណ្តាល​ឱ្យ​បែក​កង់​ខាង​ឆ្វេង​ ហើយ​រេ​ចង្កូត​ចូល​គន្លង​ផ្លូវ​ខាង​មុខ​ ហើយ​​​​បាន​​បុក​ម៉ូតូ​តែម្តង។

កាលពី​ថ្ងៃអង្គារ​ លោក សំណាង​ បាន​និយាយ​ថា លោក​មាន​ឈ្មោះ​ពេញ​របស់​សាក្សី​​​ទាំងពីរ​នាក់នោះ ហើយ​នឹង​ផ្តល់​ឱ្យ​។ ប៉ុន្តែ កាលពី​ថ្ងៃពុធ​ លោក​​និយាយ​ថា លោក​មិន​មាន​​​​ឈ្មោះ​ពេញ ឬ​លេខ​ទូរស័ព្ទ​ឡើយ​ ហើយ​ខឹង​អ្នក​យក​ព័ត៌មាន​ដែលបាន​សុំ​ឈ្មោះ និង​លេខ​ទូរស័ព្ទ​នោះ​​។ លោក​បាននិយាយ​ថា “​ខ្ញុំ​មិន​មាន​ទេ”។

លោក​ សំណាង​ បាន​អះ​អាង​ថា អាជ្ញាធរ​កំពុង​ស្វែង​រក​​រថយន្ត​ធុន​ធំ​នោះ​នៅឡើយ ដែល​​​​​បាន​បើក​គេ​ចពី​កន្លែង​កើត​ហេតុ​។ ប៉ុន្តែ ​​សាក្សី​​បីនាក់​​​ឃើញ​គ្រោះ​ថ្នាក់ ដែល​បាន​និយាយ​​​​ជាមួយ​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃអង្គារ​សុទ្ធ​តែនិយាយ​ថា​ មិនមាន​រថយន្ត​ធុន​ធំទេ។ ពួក​គាត់​និយាយថា រថយន្ត​ផ្សេងទៀត​មិន​បាន​បុក​​​រថយន្ត​លោក សុម៉េត​ ទេ ហើយ​រថយន្ត​នេះ​បើក​ក្នុង​គន្លង​ផ្លូវ​ខាង​មុខ ស្រាប់តែពេល​នោះ​​បុក​ម៉ូតូ​តែម្តង៕សារុន​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស