កាលពីម្សិលមិញ នគរបាលនៅខេត្តមណ្ឌលគិរី ចាប់បានអតីតមន្ត្រីរាជអាវុធហត្ថម្នាក់ តាមដីកាមិនទាន់អនុវត្តពីរ បន្ទាប់ពីដេញតាមរថយន្ត SUV របស់គាត់ និងរកឃើញឈើប្រណិតដែលបានដោយខុសច្បាប់លាក់ក្នុងរថយន្ត។
សមត្ថកិច្ចកំពុងស្វែងរកឈ្មោះ ស៊ូ ម៉ារិទ្ធ អាយុ៣៧ឆ្នាំ ជាច្រើនខែមកហើយទាក់ទិននឹងការពាក់ព័ន្ធរបស់ជននេះក្នុងការជួញឈើខុសច្បាប់ រួមទាំងឧប្បត្តិហេតុមួយដែលគាត់បានភ្ជង់ក្បាលអភិបាលស្រុកកែវសីមាផង។
កាលពីថ្ងៃពុធ លោក សូ សំអាត មេបញ្ជាការកងកម្លាំងរាជអាវុធហត្ថស្រុកអូររាំង បាននិយាយថា មន្ត្រីរបស់លោកកំពុងល្បាត ស្រាប់តែពេលនោះបានប្រទះឃើញរថយន្ត ឡិចស៊ិស អេសយូវី របស់លោក ម៉ារិទ្ធ កំពុងបើកតាមផ្លូវជាតិលេខ៧៦ នៅម៉ោងប្រហែល៥និង៣០នាទី។ បន្ទាប់មកពួកគេបានកត់សម្គាល់ឃើញថា រថយន្តនោះកំពុងបើកបរគួរឲ្យសង្ស័យ ពៀបទៅនឹងដី ហាក់បីដូចជាវាកំពុងដឹកអ្វីធ្ងន់ប្លែកអ៊ីចឹង ហើយក៏បានព្យាយាមឲ្យសញ្ញារថយន្តឈប់ ដើម្បីឲ្យពួកគេអាចពិនិត្យវា។
លោក សំអាត បាននិយាយថា “យើងបានព្យាយាមឆែករថយន្តនោះ ប៉ុន្តែពួកគេមិនបានឈប់ទេនៅតែបើកទៅមុខ ដូច្នេះនគរបាលរបស់យើងបានដេញតាមពួកគេ”។ លោកបាននិយាយថា ប៉ុន្តែក្រុមមន្ត្រីមិនបានដេញតាមទេ តែពួកគេបានបោះដៃទៅឲ្យគ្នារបស់ពួកគេនៅកែវសីមា ដែលរថយន្ត SUV បើកឆ្ពោះទៅ។
លោកបាននិយាយថា “វាមិនងាយស្រួលចាប់ឈ្មួញឈើទាំងនោះទេ។ យើងបានដេញតាមពួកគេពីក្រោយ ហើយកម្លាំងរាជអាវុធហត្ថផ្សេងទៀតនៅស្រុកកែវសីម៉ា បានរាំងផ្លូវពួកគេពីមុខ។ ពេលនោះទើបយើងអាចចាប់ពួកគេបាន”។
លោកមេបញ្ជាការ សំអាត បាននិយាយថា គេបានឃើញលោក ម៉ារិទ្ធ បើករថយន្ត SUV របស់គាត់ ហើយអ្នកដំណើរបីនាក់ផ្សេងទៀត រួមជាមួយនឹងឈើធ្នង់៨កំណាត់ផង ដែលអាចមានតម្លៃរាប់ពាន់ដុល្លារក្នុងមួយម៉ែត្រគូប។ គេបានបញ្ជូនមនុស្សនិងឈើទៅទីបញ្ជាការរាជអាវុធហត្ថខេត្តហើយ។
កងកម្លាំងរាជអាវុធហត្ថខេត្តមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
លោក ជុយ សុឃាង នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ដែលបានសួរបុរសទាំងនោះ បាននិយាយថា លោកនឹងបន្តសាកសួរពួកគេនៅថ្ងៃនេះ មុនពេលបញ្ជូនពួកគេទៅតុលាការ។ លោកបាននិយាយថា អ្នកដំណើរបីនាក់ឈ្មោះ ព្រៀង ម៉ាណែត អាយុ៣៤ឆ្នាំ ព្រំ ម៉ានី អាយុ១៧ និង សេង ពុត្រា អាយុ២៩ឆ្នាំ សុទ្ធតែជាជាងឈើ។
មុនពេលឈានដល់ការចាប់ខ្លួននៅថ្ងៃពុធ លោក ម៉ារិទ្ធ ក៏ត្រូវគេតាមចាប់ខ្លួនដែរពាក់ព័ន្ធនឹងឧប្បត្តិហេតុពីរដោយឡែកពីគ្នា។
នៅឆ្នាំ២០១៤ តាមចោទថា គាត់បានភ្ជង់ក្បាលលោក ស៊ិន វ៉ាន់វុធ អភិបាលស្រុកកែវសីម៉ា ក្នុងបំណងជួយដោះលែងអ្នកបើកបររថយន្ត SUV ម្នាក់ ដែលលោកអភិបាលបានឃាត់ឲ្យឈប់ ដោយសារតែដឹកឈើប្រណិតខុសច្បាប់។ ហើយនៅខែកុម្ភៈ លោក ម៉ារិទ្ធ តាមចោទថា បានបាញ់មន្ត្រីកម្លាំងរាជអាវុធហត្ថនិងមន្ត្រីព្រៃឈើ ដែលបានដេញតាមរថយន្តដឹកឈើទៅផ្ទះរបស់គាត់ បន្ទាប់មកបានគេចខ្លួនពីកន្លែងកើតហេតុទៅបាត់។
លោក ស៊ុន ប៊ុនធឿន អធិការនគរបាលស្រុកកែវសីម៉ា បាននិយាយថា លោក ម៉ារិទ្ធ ត្រូវគេតាមចាប់ពីបទគំរាមកំហែងចំពោះបទល្មើសពីមុន និងការស្តុកឈើខុសច្បាប់។
លោកបាននិយាយថា “យើងសប្បាយចិត្តណាស់ ដែលគេអាចចាប់ខ្លួនជនសង្ស័យនៅពេលនេះ។ តុលាការបានចេញដីកាចាប់ខ្លួនយូរហើយ ប៉ុន្តែមិនអាចចាប់គាត់បាន ទើបតែចាប់បាននៅថ្ងៃនេះ”៕ និត