មួយថ្ងៃបន្ទាប់ពីរងបណ្តឹងបរិហារកេរ្តិ៍ពីក្រសួងការងារ លោក ប៉ាវ សីុណា ប្រធានសហ ជីពបានបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ ជុំវិញបណ្តឹងមិនសំខាន់មួយបន្ថែមទៀត។
លោក ប៉ាវ ស៊ីណា បានលើកឡើងថា លោកទទួលបានច្បាប់ចម្លងនៃដីកាកោះកាលពីថ្ងៃពុធ ពាក់ព័ន្ធនឹងបណ្តឹងរបស់ក្រសួង ដែលចោទប្រកាន់លោក និងមន្ត្រីសម្ព័ន្ធសហជីពចលនាកម្មករ៣នាក់ផ្សេងទៀតទាក់ទិនបទល្មើសមួយចំនួន។
លោកបានថ្លែងថា “ពួកគេបានដាក់ពាក្យប្តឹងខ្ញុំ និងមន្ត្រី៣នាក់ទៀតរបស់ខ្ញុំពីបទបរិហារកេរ្តិ៍ជាសាធារណៈ ប្រមាថមន្ត្រីរាជការសាធារណៈ និងបិទផ្លូវសាធារណៈ”។

លោក ហេង សួគ៌ អ្នកនាំពាក្យក្រសួង ការងារបានបញ្ជាក់ថា ពិតជាមានការដាក់ពាក្យប្តឹងលោក ប៉ាវ ស៊ីណា និងសហការីរបស់គាត់មែន ប៉ុន្តែ ថា វាស្រេចតែតុលាការទេក្នុងការសម្រេចថា តើត្រូវបន្ត ឬមិនបន្តសំណុំរឿងនោះ។
លោកបានមានប្រសាសន៍ថា “ប្រសិនបើគ្មានភ័ស្តុតាង និងព័ត៌មានគ្រប់គ្រាន់ទេ ខ្ញុំជឿថា ព្រះរាជអាជ្ញាមិនបន្តសំណុំរឿងនេះឡើយ”។
លោក ហេង សួគ៌ បានបង្វែរសំណួរបន្ថែម ទៅលោក ស្រី ម៉ាក់នី ព្រះរាជអាជ្ញារងដែលចេញដីកាកោះហៅ និងដែលមិនអាចទាក់ទងបាន។ មន្ត្រីនៅក្នុងនាយកដ្ឋានដោះស្រាយវិវាទនៃក្រសួងនេះដែលដាក់ពាក្យបណ្តឹងក៏មិនអាចទាក់ទងដើម្បីសុំការធ្វើអត្ថាធិប្បាយបានដែរ។
កាលពីខែកុម្ភៈ លោក ប៉ាវ ស៊ីណា បានធ្វើសន្និសីទកាសែតមួយនៅខាងក្រៅក្រសួងការងារដោយស្នើឲ្យក្រសួងនេះធ្វើអន្តរាគមន៍ដើម្បីឲ្យតុលាការលើកលែងការចោទប្រកាន់លើសមាជិកសហជីព៥នាក់ផ្សេងទៀតរបស់លោក ដែលបានព្យាយាមជួយកម្មករធ្វើកូដកម្មនៅរោងចក្រ Agile Sweater ក្នុងខេត្តកំពង់ស្ពឺមួយខែមុនរងការចោទប្រកាន់។ លោក ប៉ាវ ស៊ីណា បានមានប្រសាសន៍ ថា “នាយកដ្ឋានដោះស្រាយវិវាទមិនចង់ឲ្យខ្ញុំរិះគន់សកម្មភាពរបស់ពួកគេ ឬក៏ស្នើឲ្យពួកគេដោះស្រាយបញ្ហាសម្រាប់កម្មករ”។ លោកបានបន្ថែមថា លោកនៅមិនទាន់រកបានព័ត៌មានលម្អិតពាក់ព័ន្ធបណ្តឹងរបស់ក្រសួងនៅឡើយទេ។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ពួកគេធ្វើដូច្នេះ [ដាក់ពាក្យបណ្តឹង] ព្រោះ ពួកគេចង់បំបាក់ស្មារតីរបស់យើងដើម្បីកុំឲ្យយើងហ៊ានរិះគន់ពួកគេធ្ងន់ៗ និងតវ៉ាប្រឆាំងពួកគេ”។
លោក ប៉ាវ ស៊ីណា បានទៅសាលាដំបូងរាជធានីកាលពីម្សិលមិញជុំវិញដីកាកោះដាច់ដោយឡែកពាក់ព័ន្ធនឹងបណ្តឹងប្តឹងដោយរោងចក្រកាត់ដេរ Southland ដែលមានជម្លោះជាច្រើនឆ្នាំមកហើយជាមួយមន្ត្រីសម្ព័ន្ធសហជីពចលនាកម្មករដែលព្យាយាមបង្កើតសហជីពនៅទីនោះ។
រោងចក្រ Southland បានចោទប្រកាន់លោក ប៉ាវ ស៊ីណា ពីបទក្លែងបន្លំលិខិត និងផ្តល់ព័ត៌មានមិនពិតដោយសារសរសេរឈ្មោះរបស់បុគ្គលិករោងចក្រ២នាក់ខុសនៅក្នុងឯកសារដែលជូនដំណឹងដល់គណៈគ្រប់គ្រងរោងចក្រថា បុគ្គលិកទាំង២នាក់នេះមានគម្រោងចូលរួមជាមួយសហជីពរបស់លោក។
នៅក្នុងការឆ្លើយតបនឹងបញ្ហាដែលមិនគួរកើតនេះ លោក ប៉ាវ ស៊ីណា បានបដិសេធមិនឆ្លើយសំណួរទេនៅក្នុងតុលាការកាលពីម្សិលមិញ ព្រោះគេក៏សរសេរឈ្មោះរបស់លោកខុសដែរនៅក្នុងដីកាកោះ និងពាក្យបណ្តឹងដែលប្តឹងដោយរោងចក្រ។
លោកបានថ្លែងថា “ខ្ញុំបដិសេធមិនឆ្លើយព្រោះពួកគេក៏សរសេរឈ្មោះរបស់ខ្ញុំខុសដែរ”។ លោកបានបន្ថែមថា លោកនឹងដាក់ពាក្យបណ្តឹងតបវិញឲ្យដូចនឹងបណ្តឹងដែលរោងចក្របានប្តឹងលោក។
លោកថ្លែងបន្តថា “ខ្ញុំគិតថា នេះគឺជាកំហុស តូចតាច ប៉ុន្តែ ពួកគេចោទប្រកាន់ខ្ញុំហើយដាក់ពាក្យប្តឹងខ្ញុំ។ ខ្ញុំនឹងដាក់ពាក្យប្តឹងរោងចក្រនូវបទល្មើសដូចគ្នាដែលរោងចក្រប្តឹងខ្ញុំ”។
ព្រះរាជអាជ្ញារង ខាំ សុផារី ដែលទទួលបន្ទុកនៅក្នុងសំណុំរឿង “ក្លែងបន្លំលិខិត” និងតំណាងរោងចក្រ Southland មិនអាចទាក់ទងបានទេកាលពីម្សិលមិញ៕ ស៊ុយឈាង