33 C
Phnom Penh

ស្រប​ពេល​បទល្មើស​​កើន​ឡើង​​​​ក្នុង​ចំណោម​ព្រះសង្ឃ​ ​មន្ត្រី​សង្ឃ​ដែល​​ច្រៀង​ត្រូវ​​​​បានដក​ពី​តំណែង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីខែមុន មេគណ​ខេត្ត​កំពង់ស្ពឺ ​​​បាន​​​​​​​​​ក្លាយ​ជា​​មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​​​ចុង​ក្រោយ​ដែល​​​​​ប្រឈម​​មុខសំណុំរឿង​​​​​រំលោភ​បំពានផ្លូវ​ភេទ​​​​​នៅ​​​​​​​​​ក្នុង​​​​​ដែន​សមត្ថកិច្ច​របស់​ព្រះអង្គ​ ដោយ​​​​ព្រះសង្ឃ​មួយ​អង្គ​​របស់​​ព្រះ​អង្គ​​បានជាប់​ពន្ធនា​​គារ​​ពីបទ​ប៉ុន​ប៉ង​ចាប់​រំលោភ​ក្មេងស្រី​អាយុ​៩ឆ្នាំ​ម្នាក់។

​​​​​​ដោយ​​​​​​កើត​​​​​​​​​​​ឡើង​​​រយៈ​​​ពេល​​​​​​ជាង​​​១ឆ្នាំ​​បន្ទាប់​ពី​អតីត​សង្ឃ​មួយ​អង្គ​បាញ់​សម្លាប់​អតីត​ព្រះចៅអធិការ​​នៅ​ទីសាធារណៈ​​​​ចម្ងាយ​​​​ត្រឹម​តែ​ពីរបី​គីឡូម៉ែត្រ​ពីវត្ត​ ​វា​ជា​សញ្ញា​បង្ហាញ​ថា ជំងឺ​សីលធម៌​ធ្ងន់ធ្ងរ​​កំពុង​​​កើត​​​​​​​​​ឡើង​​​​​​ដោយ​​​​​​គ្មាន​​​​​​​​​​ការ​​​​​​​ព្យាបាល​​ក្នុង​ចំណោម​​ព្រះសង្ឃ​​ដែលស្ថិត​​​​ក្រោម​​​ការ​​​​​​គ្រប់​​​គ្រង​​​​​​​​​​​​របស់​​​​​​​​​​ព្រះ​តេជគុណ ឌូ វណ្ណឌឿន។

មេគណ​អង្គ​នេះ​មិន​បាន​ទទួល​ខុស​ត្រូវ​ចំពោះ​ករណី​​​​​ខាង​​​​​​លើ​​​នេះ​​ទេ ហើយ​លោក​​​មិន​​​​​​​​ត្រូវ​​​បាន​​​​​​​​​ដាក់​​​ពិន័យ​​​​ ឬ​​​​​​ទទួល​​​ការ​​​​​​​​​ណែនាំ​​​​​​​​​ពីថ្នាក់​លើ​ធ្វើ​​​​​​យ៉ាងណាឲ្យព្រះ​​​​​​សង្ឃ​​​​​​ក្រោម​​​​​​ការ​​​​​គ្រប់​​​គ្រង​​​​​​របស់​​​​​​ព្រះ​​​អង្គ​​​​​​គោរព​​​​​​វិន័យ​ឡើយ​​។

ទោះ​ជាយ៉ាង​ណា កាលពី​ម្សិលមិញ ​ព្រះ​តេជគុណ ឌូ វណ្ណឌឿន មិន​​​​​​ទទួល​​​បាន​​​ការ​​​​​​អត់​​​ឱន​​​​​​​​​ដូច​​​​​​គ្នា​​​​​​នេៈ​​​ឡើយ ដោយ​​​​មន្ត្រី​​​​​​​​​​​​ធម្មការ​​​បាន​សម្រេច​​ដកព្រះ​​​អង្គ​​​ចេញពី​តំណែង​ចំពោះ​ការ​ឡើង​​​ច្រៀង​លើ​ឆាក​តន្ត្រី​​​​​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​​ នៅ​វត្ត​របស់​​ព្រះអង្គ​កាលពី​យប់​ថ្ងៃ​អាទិត្យ​។

លោក សេង សុមុនី អ្នក​នាំពាក្យ​ក្រសួង​ធម្មការ​ និង​សាសនា​ បានមាន​ប្រសាសន៍ថា “​​គណៈសង្ឃ​បាន​សម្រេច​ដក​លោក​ចេញពី​តំណែង​​​​​​ហើយ​​​​​​ទុក​​​​ជា​ការ​ព្រមាន​ដល់​ព្រះ​សង្ឃ​​​ផ្សេង​ទៀត​កុំ​​​​​​ឲ្យ​​​​​​​ប្រព្រឹត្តកំហុស​​​​​​​ដូច​​​​​​​​​​​​នេះ​​​​ទៀត ​និង​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​កេរ្តិ៍​ឈ្មោះ​របស់​ព្រះពុទ្ធសាសនា​។ ការ​ច្រៀងរាំ​មិន​​មែនជា​កំហុស​ធ្ងន់​​ដល់​ថ្នាក់​​​​អាច​​​ផ្សឹក​លោក​​​​បាន​​​ទេ ប៉ុន្តែ​​លោក​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ និង​​​​ត្រូវ​​​បាន​​​​​​ដក​ចេញពី​តំណែង។ លោក​បាន​ល្មើស​​​នឹង​​​​វិន័យ ​​​ហើយ​​ព្រះសង្ឃ​ត្រូវ​តែ​គោរព​វិន័យ”។

ព្រះតេជគុណ ឌូ វណ្ណឌឿន ត្រូវ​គេ​ថត​វីដេអូ​​ពេល​ច្រៀង​ចម្រៀង​​ចំនួន ៦ ​បទ​ និង​​ឡើង​​​​​​​​​​រាំចង្វាក់​រាំ​វង់​ដោយ​សារ​ឧបាសក​ដែល​ចូល​រួម​ក្នុង​ពិធី​នោះ​​បញ្ចុះ​បញ្ចូល​​ឲ្យ​ព្រះអង្គ​ធ្វើ​បែប​នេះ​។ នៅ​ពេល​​ទាក់​ទង​បាន​តាម​ទូរ​ស័ព្ទ​​កាលពី​ម្សិលមិញ ​​​ព្រះ​​​​​​អង្គ​​​​​​បាន​​​​​​មាន​​​​​​​​​សង្ឃដីកា​​​ការ​​ពារ​ការ​ច្រៀងរាំ​​​នេះ។​

ព្រះអង្គ​​​​មាន​​​សង្ឃដីកា​​​​ថា ”​អាត្មា​ច្រៀង​តាម​​​​សំណូមពរ​​របស់​ញាតិញោម​។ ដំបូង​អាត្មា​​​​​​​​​​​​ច្រៀង​នៅ​នឹង​ដីទេ​ ប៉ុន្តែ​​​​ញាតិ​​​ញោម​​​​​​បាន​​​​សំណូមពរ​ឲ្យ​អាត្មា​ឡើង​ច្រៀង​លើ​ឆាក។ ​​​អាត្មា​ទទួល​ស្គាល់​ថា​នេះ​ជា​កំហុស​ ប៉ុន្តែ​វា​​តូច​​​តាច​​​​ទេ។ អាត្មា​មិន​បាន​ច្រៀង​នៅ​ខារ៉ាអូខេ​​ឯណា វា​ទើប​តែ​ចូល​ឆ្នាំ​ខ្មែរ​រួច​ ហើយ​ញាតិ​ញោម​សប្បាយ​​​​​​​គ្រប់​​​គ្នា មនុស្ស​មិន​មែន​ទេវតា​​​ទេ។ អាត្មា​មិន​ប្រកែក​ទេ ព្រោះ​វា​ជា​​ការ​សម្រេច​​​​របស់​គណៈសង្ឃ​។ ប៉ុន្តែ​អាត្មា​​គិត​ថា កំហុស​របស់​អាត្មា​​មិន​​​​​គួរ​ឈាន​ដល់​ការ​ដក​អាត្មា​ចេញពី​តំណែង​បែប​នេះទេ”។

ពិត​​​មែន​​​ហើយ ការ​ប្រព្រឹត្ត​​ខុស​​​របស់​ព្រះ​តេជគុណ ឌូ វណ្ណឌឿន គឺ​តូច​តាច​ណាស់​​បើ​ប្រៀបធៀប​ទៅ​នឹង​​បទល្មើស​ប្រព្រឹត្ត​ដោយ​ព្រះសង្ឃ​ផ្សេង​ៗទៀត​ក្នុង​រយៈពេល​៦​ខែ​មក​នេះ។ កាលពី​ខែ​វិច្ឆិកា ព្រះចៅអធិការ​វត្ត​មួយ​អង្គ​នៅ​ខេត្ត​សៀមរាប ​ត្រូវ​បាន​ចាប់​ព្រះកាយ បន្ទាប់ពី​សារភាព​ថា​បាន​ចាប់​រំលោភ​​​​កូន​នេន​១០​អង្គ​​ដែល​ស្ថិត​ក្រោម​ការ​មើល​​​​​​ខុស​​​​​​ត្រូវ​​​​របស់​លោក។

ព្រះ​​​ចៅ​​​​​​​​​អធិការ​​​​​​​វត្តព្រះជន្ម​៤៦​វស្សា​​​អង្គ​​​​​​នេះ​​​​​​​​​​​​ដែល​​​​​​​​​ជា​​​​​​​​​អតីត​​​ទាហាន ​​​បាន​គង់​នៅ​វត្ត​ចំនួន​បី​ផ្សេង​ទៀតក្នុង​​​​ខេត្ត​កំពត បាត់ដំបង និង​សៀមរាប គ្រាន់​​​តែ​​​​​​​​​ក្នុង​​​​​​​​​​​​រយៈ​ពេល​ពីរ​បី​ឆ្នាំ​មុន​ពេលទទួល​បាន​ការ​តែង​តាំង​ជា​ព្រះចៅ​អធិការ​វត្ត​រតនៈមុនី ក្នុង​ខេត្ត​សៀមរាប។

គ្មាន​មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​​​​​អង្គ​​​ណា​ត្រូវ​បាន​ចាប់​​ឲ្យ​ទទួល​ខុស​ត្រូវ​​​​​​​​ចំពោះ​ការ​បណ្ដោយ​ឲ្យ​​​​ព្រះសង្ឃ​​អង្គ​នេះ​ប្រព្រឹត្តបទល្មើស​​​​បែប​​​នេះ​​​​​​​​​​​ឡើយ ហើយ​​​​​​វា​​​​​​​​​ក៏​​​​​​​​​ដូច​​​គ្នា​​​​​​ដែរនៅ​ពេល​ព្រះ​សង្ឃ​​​ព្រះជន្ម​៦៨​វស្សា​មួយ​អង្គ​ត្រូវ​បាន​ចាប់​​​​ព្រះ​​​កាយ​​​​ក្នុង​ខេត្ត​​​​​​​​បាត់ដំបង​​ នៅ​​​២ខែ​ក្រោយ​​​មក​​​ពីបទ​​​​ចាប់​​​រំលោភ​ក្មេងស្រី​អាយុ​៩​ឆ្នាំ​ពីរ​នាក់​។

ព្រះញាណវង្ស ឃឹម សន ​ប្រធាន​លេខា​ធិការដ្ឋាន​​គណៈសង្ឃ​​នៃ​គណៈមហានិកាយ​​​បាន​​​​​​​​​មាន​​​​​ព្រះថេរដីកា​​​ថា “ប្រសិន​​​បើ​​​រឿង​​​​​​ទាំង​​​​​​នេះ​​​​​​កើត​​​ឡើង យើង​​​​​​​​​ត្រូវ​​​តែ​​​​​​កំណត់​​​​​​ថា ​តើ​អនុ​គណស្រុក ឬ​​​មេគណ​​​​​​ខេត្ត​​​ណាដែល​​​បណ្តោយ​​​​ឲ្យ​​​បទ​​​ល្មើស​​​​​​​​​​​​ទាំង​​​នោះ​​​​​​កើតឡើង។ យើង​នឹង​​​​​​ពិនិត្យ​មើល​ហើយមើល​​​ទៀត រួច​​​​ធ្វើ​ការ​វិនិច្ឆ័យ​​​​​លើ​​​ប្រភេទបញ្ហា​ទាំង​នោះ”។

លោក កែវ ភិរម្យ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ដែល​ធ្លាប់​​បួស​ជា​ព្រះសង្ឃ​មួយ​រយៈ​ពេល​ខ្លី​​កាលពី​​ឆ្នាំ​មុន​ បាន​​​មាន​​ប្រសាសន៍​ថា លោក​រីក​រាយ​ដែល​ឮថា ព្រះតេជគុណ ឌូ វណ្ណឌឿន ត្រូវបាន​ដក​ចេញពី​តំណែង​ដោយ​​​​សារ​ការ​ច្រៀង ប៉ុន្តែ​​លោក​សង្ឃឹម​ថា សមត្ថ​​​កិច្ច​​នឹង​​​​ចាត់​​​​​​វិធាន​​​ការ​​​បង្ការចាប់​ឲ្យ​មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​ទទួល​ខុស​ត្រូវ​ចំពោះ​បទល្មើស​ដែល​​​​កើត​​​​​​ឡើង​​តាម​វត្ត​អារាម។

លោក​បន្ត​ថា “​ក្រសួង​ធម្មការ និង​​​​​​សាសនា​​​ត្រូវស៊ើប​​​​​​​​​អង្កេត​​​​​​​ឲ្យ​បានល្អិត​​​​​​ល្អន់​​លើ​ការ​បំពាន​​​​ច្បាប់​​​​ធ្ងន់​​​ធ្ងរ​​​ពី​សំណាក់​ព្រះសង្ឃ ​ពីព្រោះ​វា​កំពុង​កើត​ឡើង​កាន់​តែ​​ច្រើន។ ក្រសួង​​​​​​មាន​សិទ្ធិ​អំណាច​​ច្រើន ហើយ​ពួកគាត់​​ត្រូវ​កោះ​ប្រជុំ​​មន្ត្រី​សង្ឃ រួច​​​​​ប្រាប់​​​​​​មន្ត្រី​​​​​​​​​សង្ឃ​​​ទាំង​​​​​​នោះ​​​​​ឲ្យ​ចាត់​វិធាន​ការ។ បច្ចុប្បន្ន មាន​ព្រះសង្ឃ​​​ច្រើន​ដែល​មិន​គោរព​វិន័យ ហើយ​​​កត្តា​​​នេះ​កំពុង​បង្ក​​​​បរិយាកាស​គ្មាន​ច្បាប់​ទម្លាប់​​ក្នុង​ចំណោម​ព្រះសង្ឃ។ ការ​​​​​​​​​ធ្វើ​​​​​​ឲ្យ​​​​​​ព្រះ​​​សង្ឃ​​​​ទ្រទ្រង់​វិន័យ​របស់​ព្រះពុទ្ធសាសនា​គឺជា​​​​​​រឿង​​​​​​​ចាំ​​​បាច់”។

មន្ត្រីក្រសួង​ធម្មការ​ និង​សាសនា​ និង​មន្ត្រី​សង្ឃ​ដូច​ព្រះតេជគុណ ឃឹម សន ​ជា​​​​​​ដើម​​​តែង​​​​តែ​ច្រាន​ចោលសេចក្ដី​រាយការណ៍​អំពី​ករណី​ចាប់​រំលោភ​ ឃាតកម្ម ឬ​បទល្មើស​គ្រឿងញៀន​​ដែល​​​ប្រព្រឹត្ត​ដោយ​ព្រះសង្ឃ ​ហើយ​ថា​​​វា​​​ជា​​​​​​ទង្វើ​​​របស់​​​​​​បុគ្គល​​​ដែល​មិន​ឆ្លុះ​បញ្ចាំងពី​ឥរិយាបថ​របស់​ព្រះសង្ឃ​ថ្មីៗ​​​ទូទៅ ​ថ្វីបើ​​​​​​​​បទ​​​ល្មើស​​​បែប​​​​​នេះ​​​​កើត​ឡើង​កាន់​តែ​ញឹកញាប់​​​​ក្តី​​​។

លោកស្រី ចក់ សុភាព ​​នាយិកា​ប្រតិបត្តិ​​នៃ​​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្សកម្ពុជា បាន​មាន​​ប្រសាសន៍​​ថា គណៈសង្ឃ​គួរ​តែ​ព្យាយាម​បន្ថែម​​​​​​​ទៀត​ដើម្បី​ទប់ស្កាត់​បទល្មើស​ដែល​កំពុង​កើត​​​ឡើង​ក្នុង​ចំណោមព្រះសង្ឃ​​ ទោះបី​ជា​សមត្ថ​​​កិច្ច​​​ស័ក្តិ​​​សម​​​នឹង​​​​ដោះ​​​ស្រាយ​​​​​​បទ​​​ល្មើស​​​​​​​​​​​​​​​បុគ្គល​​​​​​នៅ​​​​​​ក្នុង​​​​​​​​​​​​បរិយាកាស​​​​​​ផ្លូវ​​​​​​ច្បាប់​​​ក្តី។

លោកស្រី​បាន​​​​បន្ត​​​​ថា “​ក្រៅ​ពី​បញ្ហា​​បុគ្គល ​ប្រសិន​បើ​យើង​និយាយ​ពី​​ព្រះពុទ្ធ​សាសនា គឺ​​​មាន​ឱកាស​ច្រើន​​​​​​​​ក្នុង​​​ការកែលម្អ​​​សីលធម៌​​​ដែល​អនុវត្ត​​​​​​​តាម​​​​​​វត្តអារាម​។មាន​​រចនា​​​​សម្ពន្ធ​ដឹកនាំ​​​​​​​​​​​​​​​​​ក្នុង​​​​​​​​​ចំណោម​​​​​​ព្រះ​​​សង្ឃ ហើយ​ចំាបាច់​ត្រូវ​ពង្រឹង​​​វិន័យ​​​​​ក្នុង​​​​​​រចនា​​​សម្ព័ន្ធ​​​​​​ដឹក​​​នាំ​​​នោះ ​ហើយ​រហូត​មក​ទល់​ពេលនេះ​​ ខ្ញុំ​មិន​ទាន់​ឃើញ​​​​​​​មាន​​​ការ​ខំ​ប្រឹង​ប្រែង​​​​ទេ ទោះបី​ជា​រឿង​​​រ៉ាវ​​​បាន​​​​ក្លាយ​ជា​អនាធិបតេយ្យក្តី​​​​”។

ទោះ​ជា​យ៉ាង​ណា លោក​​​​​​ស្រី ចក់ សុភាព ​បាន​​​​​កត់សម្គាល់​ថា លោកស្រី​ជឿ​ថានឹង​​​​​​គ្មាន​​​ការ​​​​​​ដាក់​ទណ្ឌកម្ម​​​ពិត​​​​​​ប្រាកដ​​​​លើ​មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​ដែល​​​​​​មាន​​​​​​ទំនាក់​​​ទំនង​​​ជិតស្និទ្ធ​​​​​​នឹង​​​​​​​​​គណ​​​បក្ស​​​​​​ប្រជា​​​​​​ជន​​​កម្ពុជា កំពុង​​​​​​កាន់​​​​​​អំណាច​​​ឡើយ ដែល​​​​​​​​​​​​បច្ចុប្បន្ន​​​អនុវត្ត​​​ទៅ​​​លើ​​​​​​ព្រះ​​​សង្ឃ​​​ភាគ​​​​​​​​​ច្រើន​​​​​​​​​​នៅ​​​​​​ក្នុង​​​​​​ស្ថាប័ន​​​​​​សង្ឃ​​​ទាំង​​​​​​មូល។

ក្នុង​​​ចំណោម​​​ព្រះ​​​សង្ឃ​​​ផ្សេងៗ​​​ទៀត ​សម្តេច​​​​​ព្រះ​​​សង្ឃរាជ ទេព វង្ស បាន​​​​​​​​​​​​កាន់​​​តំណែង​​​​​​​​​ជា​​​​​​អនុប្រធាន​​​រដ្ឋ​​​​​​សភា​​​ក្នុង​​​​​​ទស​​​វត្សរ៍​​​​​​​​​ឆ្នាំ​​​​​​១៩៨០ ​សម្រាប់​​​​​​​​​របប​​​កុម្មុយនីស្តដែល​​​​​​បាន​​​​​​​​​ប្រែខ្លួន​​​ទៅ​​​ជា​​​​​​គណ​​​បក្ស​​​​​​ប្រជា​​​ជន​​​កម្ពុជា ដើម្បី​​​​​​​​​ចូល​​​​​​រួម​​​​​​​​​ប្រកួត​​ប្រជែង​​​​​​នៅក្នុង​​​ការ​​​​​​បោះ​​​​​​ឆ្នោត​​​ឆ្នាំ​​​១៩៩៣ ដែល​​​​​​​​​រៀបចំ​​​​​​​​​ដោយ​​​​​​​​​​​​​​អង្គការ​​​សហ​​​​​​​​​ប្រជាជាតិ។

លោក កែវ ភិរម្យ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​​​​ជឿ​​​ថា មន្ត្រី​​​​​​សង្ឃ​​​ជាន់​​​ខ្ពស់​​​ទំនង​​​ជា​​​មិន​​​​​​ត្រូវ​​​​​​បាន​​​​​​ដក​​​ចេញ​​​​​​ពីតំណែង​​​​​​ដោយ​​​​​​សារ​​​ការ​​​បណ្តោយ​​​​​​ឲ្យ​​​ករណី​​​​​​ចាប់​​​រំលោភ និង​​​​​​​​​​​​អំពើ​​​ហិង្សា​​​​​​កើត​​​ឡើង​​​រាល​​​ដាល​​​ឡើយ។

លោក​​​បាន​​​​​លើក​​​ឡើង​​​​​​ទៀត​​​ថា ”នេះជា​​​កម្ពុជា​ ប្រសិន​បើ​លោក​​​មានទំនាក់ទំនងជា​​​មួយ​​​​​​អ្នក​​​មាន​​​​​​អំណាច លោក​​​​​​នឹង​​​មិន​​​​​​បាត់​​​បង់​​​​​តំណែង​​​ទេ ទោះ​​​បី​​​ជា​​​​​​​​លោក​​​​​ប្រព្រឹត្ត​កំហុស​ច្រើន​​​​យ៉ាង​​​ណា​​​ក៏ដោយ។ តើ​ប្រជាជន​បាត់​បង់​ការ​ងារ​ទេ​? ​​​ប្រាកដណាស់ ប៉ុន្តែ​យើង​ត្រូវ​បញ្ចុះបញ្ចូល​​ឲ្យ​សមត្ថកិច្ច​​​​​​​​​​​​ធ្វើ​​​វា​​​”៕ សុខុម​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស