41.3 C
Phnom Penh

ក្រសួង​កសិកម្ម​នឹងផ្ញើលិខិត​ជូន​លោក ហ៊ុន​ សែន​ ស្នើឱ្យ​ដក​បម្រាម​លើ​ការ​ចិញ្ចឹមត្រីឆ្តោ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា ​ក្រសួង​កសិកម្ម​ នឹង​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋ​​​​មន្ត្រី​ ហ៊ុន សែន ដក​បម្រាម​លើ​ការ​ចិញ្ចឹម​ត្រី​ឆ្ដោ​​ដើម្បី​កាត់​បន្ថយ​​ការ​ពឹង​ផ្នែក​លើ​ប្រភព​ចំណី​​អាហារ​​​នាំ​ចូល​ពី​ក្រៅ​ប្រទេស និង​​បង្កើន​ប្រាក់​ចំណូល​ដល់​កសិករ​។

កាល​​​ពី​​​ថ្ងៃ​​​ពុធ ​​​ លោក វ៉េង សាខុន ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ​​​ដែល​ទើប​ត្រូវ​បាន​តែង​តាំង​​​ថ្មីៗ​​​ បាន​លើក​​អំពី​ផែន​ការ​នេះ​អំឡុង​កិច្ច​ប្រជុំ​​ជាមួយ​មន្ត្រី​មក​​ពី​មន្ទីរ​កសិកម្ម​ខេត្ត​សៀមរាប។

ប្រសិន​បើ​ត្រូវ​បានអនុម័ត ចំណាត់​ការ​នេះ​​នឹងកែប្រែ​​បម្រាម​ដែល​បាន​អនុវត្ត​កាល​​​ពី​ឆ្នាំ​២០០៤ បន្ទាប់ពី​អ្នក​នេសាទ​បាន​ត្អូញត្អែរ​ថា បរិមាណ​ត្រី​ទន្លេ​កំពុងត្រូវ​បាន​បំផ្លាញ​ដើម្បី​ធ្វើ​ជា​​​ចំណី​​ត្រីឆ្ដោ​។ ប្រភេទ​ត្រី​ទាំង​នេះ​គឺ​ជា​ប្រភេទ​​ត្រី​ស៊ីសាច់​ជា​អាហារ ហើយ​រូប​ភាព​វីដេអូ​ក្នុង​ប្រព័ន្ធ​អុីនធឺណិត​​បង្ហាញ​ថា ប្រភេទ​ត្រី​ទាំង​​នេះ​ស៊ី​កណ្ដុរ​ កង្កែប​​​ និង​ត្រី​ផ្សេង​ៗ​ទៀត​​។

This undated file image shows a juvenile northern snakehead fish, a species that can breathe out of ..This undated file image shows a juvenile northern snakehead fish, a species that can breathe out of ..ដោយ​លើក​ឡើង​​ពី​ការ​អត្ថាធិប្បាយ​របស់​ លោក វ៉េង សាខុន លោក ឡោ រស្មី អ្នក​នាំ​ពាក្យ​​​​​ក្រសួង​កសិកម្ម​​បាន​មាន​​​ប្រសាសន៍​ថា​កសិដ្ឋាន​​ចិញ្ចឹម​ត្រី​​នឹង​តម្រូវ​ឲ្យ​ប្រើ​ចំណី​ត្រី។

លោក​បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា “​យើង​ មិន​អនុញ្ញាត​ឲ្យ​កសិករ​​ចាប់​ត្រី​ក្នុង​បឹង​យក​ធ្វើ​ជា​ចំណី​ត្រីឆ្ដោ​ទៀត​ទេ។ យើង​នឹង​ផលិត​ចំណី​​​​សម្រាប់​​ត្រីឆ្តោ​​​វិញ​​”។

លោក​ រស្មី បាន​ថ្លែង​ថា លោក វ៉េង សាខុន ​​​ជឿ​ថា ការ​ដក​បម្រាម​នឹង​ធ្វើ​​​​ឲ្យ​​​​​​ប្រជា​​​ជន​​​កម្ពុជា​​​ទទួល​​​បាន​​​ប្រភពប្រូតេអុីនក្នុង​ស្រុក​ ស្រស់ៗ​​​​។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​ត្រូវ​បញ្ឈប់​ការ​នាំចូល​ត្រី​ សាច់ និង​ពងមាន់​ដែល​មាន​គុណភាព​ទាប ពីព្រោះ​​របស់​ទាំង​នេះ​​បំផ្លាញ​សុខភាព​ប្រជាជន​ខ្មែរ​យើង​”។

លោក រស្មី បាន​ថ្លែង​ថា លោក​រដ្ឋមន្ត្រី​នឹង​សរសេរ​លិខិត​ផ្ញើ​ជូន​លោក​នាយក​រដ្ឋមន្ត្រី អំពី​បញ្ហា​នេះ​នៅ​ពេល​ឆាប់ៗ​ ហើយ​ថា ក្រសួង​​​​​​​សង្ឃឹម​ថា នឹង​មាន​ការ​ដក​បម្រាម​នៅ​​ឆ្នាំ​នេះ។

លោក​បាន​ថ្លែង​ថា “​យើង​ត្រូវ​រៀបចំ​របាយ​​​ការណ៍​លម្អិត ព្រោះ​យើង​​បាន​ផ្អាក​ការ​​​ចិញ្ចឹម​ត្រី​ជាយូរ​មក​ហើយ”។ លោក​បាន​បន្ថែម​ថា ក្រសួង​កំពុង​ប្រមូល​ព័ត៌មាន​ពី​​សមភាគី​របស់​ខ្លួន​ក្នុង​ប្រទេស​វៀតណាម​ កន្លែង​ដែល​មាន​ការ​ចិញ្ចឹម​ត្រី​ឆ្ដោយ៉ាង​ទូលំទូលាយ​​។

អាជ្ញាធរ​បាន​ឆ្មក់ចូល​កសិដ្ឋានចិញ្ចឹម​ត្រី​ឆ្ដោ​ខុស​ច្បាប់ជា​ប្រចាំ​​ ហើយ​បាន​​ពិន័យ​អ្នក​ដែល​​ប៉ុន​ប៉ង​ដឹក​​ងៀត​​ត្រី​ឆ្ដោ​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​មក​ហើយ​ចាប់​តាំង​ពី​បម្រាម​នេះ​បាន​ចូល​ជា​ធរមាន​មក​​​។

លោក​ ណៅ ធួក​​ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម បាន​មាន​ប្រសាសន៍​ថា អ្នក​​​​ចិញ្ចឹម   ​ត្រី​នឹង​តម្រូវ​ឲ្យ​ប្រើ​ចំណី​ត្រី​កែច្នៃ​ដើម្បី​ទប់​ស្កាត់​ការ​បំផ្លាញ​​បរិមាណ​ត្រី​ធម្មជាតិ​។

លោក​ ណៅ ធួក​ បាន​ថ្លែង​ថា “យើង​បាន​ហាម​ឃាត់​ប្រជាជន​មិន​ឱ្យ​ចិញ្ចឹមត្រី​ឆ្តោទេ​ពីមុន​មក ពីព្រោះ​យើ​ងមិន​មាន​ចំណី​សម្រាប់​ត្រី​ស៊ីទេ”។

ដោយ​សារ​បច្ចុប្បន្ន​នេះ មិន​មាន​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ផលិត​ចំណី​ត្រីនោះ លោក ណៅ ​​​ ធួក បាន​លើកឡើង​ថា ​ត្រូវ​​នាំ​ចូល​​​ផលិត​​​ផល​​ពី​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​។

បើ​ទោះ​ជា​លោក ណៅ ធួក​ បាន​លើក​ឡើង​ថា កសិករ​ “មិនត្រូវ​បាន​អនុញ្ញាត” ឱ្យ​ប្រើ​បរិមាណ​ត្រី​ធម្មជាតិជា​ចំណី​ក៏ដោយ ក៏​​​លោក​បាន​បដិសេធ​មិន​និយាយ​ថា តើ​ក្រសួង ​មាន​ផែន​ការ​ពង្រឹង​ច្បាប់​នេះ​ឬ​យ៉ាង​ណា​ដែរ​​​។

លោក មិញ ប៊ុនលី អ្នក​សម្របសម្រួល​កម្មវិធី​ទន្លេសាប​នៅ​ក្រុម​​សម្ព័ន្ធ​សកម្មភាព​ជល​ផល​ បាន​មាន​ប្រសាសន៍​ថា ការ​ដក​បម្រាម​ លើ​ការ​ចិញ្ចឹម​​ត្រី​​​ឆ្ដោ​មាន​សក្ដានុពល​ក្នុង​ការ​លើក​​​​កម្ពស់​ជីវភាព​របស់​កសិករ​។ប៉ុន្តែ​លោក​មាន​​មន្ទិល​​​​​ថា កសិករ​នឹង​​​មិន​​​សុខចិត្ត​​​ចំណាយ​លើ​ចំណី​ត្រី​នាំចូល​ដែល​មាន​តម្លៃ​ថ្លៃឡើយ​​​ ខណៈ​​​​ពួក​​​គាត់​​​​អាច​រក​ចំណី​ត្រី​​​​បាន​​​ដោយ​ឥតអស់​​​ប្រាក់​​​នៅ​​តាម​ទន្លេ​បឹងបួរនៅ​​​​ក្នុង​​ប្រទេស​កម្ពុជា​នោះ​។

លោក​បាន​ព្យាករ​ថា “​ខ្ញុំ​គិត​ថា “ប្រសិន​បើ​រដ្ឋាភិបាល​​អនុញ្ញាត​ឲ្យ​ប្រជាជនចិញ្ចឹម​ត្រី​ឆ្ដោ វា​នឹង​ប៉ះពាល់​ដល់​​ត្រី​ក្នុង​បឹង​ធម្មជាតិ​ ជា​ពិសេស​ក្នុង​បឹង​ទន្លេសាប​”។

លោក​បាន​បន្ថែម​ថា “​ប្រជាជន​​​នឹង​ចាប់​ត្រី​ក្នុង​បឹង​ ឬ​ក្នុង​ទន្លេសាប​យក​ទៅ​ធ្វើ​ចំណី​​​សម្រាប់​ត្រី​ឆ្ដោ​។ ប្រសិន​បើពួកគាត់​​ទិញ​ចំណី​​​​ សម្រាប់​ការ​​ចិញ្ចឹម​ត្រី​របស់​ខ្លួននោះ​​​ ពួកគាត់​នឹង​​ឈប់​ប្រកបរបរនេះ​មិន​ខាន​”៕ សារុន​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស