ក្នុងការប្រែប្រួលចុងក្រោយក្នុងរឿងអាស្រូវខូចសីលធម៌ពាក់ព័ន្ធនឹងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង និងស្រីកំណាន់ដែលគេចោទប្រកាន់ថារបស់លោក អង្គការសិទ្ធិមនុស្សដែលបានផ្ដល់ប្រឹក្សាផ្នែកច្បាប់ និងតំណាងស្ត្រីដែលស្ថិតក្នុងការចាប់អារម្មណ៍នៃរឿងក្ដីនេះ បានដកខ្លួនចេញពីករណីនេះ ដោយនិយាយថា នាងលែង “ស្ថិតក្នុងការគំរាមកំហែងធ្ងន់ធ្ងរទៀតហើយ”។
អង្គការអាដហុកបានគាំទ្រកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ចាប់តាំងពីការសន្ទនាតាមទូរស័ព្ទដែលគេអះអាងថា ធ្វើឡើងរវាងនាង និងលោក កឹម សុខា បានលេចធ្លាយតាមបណ្ដាញអុីនធឺណិតកាលពីខែកុម្ភៈ ប៉ុន្តែក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃសុក្រ អង្គការនេះបាននិយាយថា ពីព្រោះតុលាការក្រុងភ្នំពេញលែងចាត់ទុកនាងជា “ជនសង្ស័យ” ទៀតហើយ។ អង្គការនេះបានដកជំនួយរបស់ខ្លួន។
កញ្ញា ចាន់តារ៉ាទី គឺស្ថិតក្នុងការចាប់អារម្មណ៍នៃរឿងក្ដីពីរដាច់ដោយឡែកពីគ្នា ប៉ុន្តែទាក់ទងនឹងតុលាការ គឺករណីបរិហារកេរ្តិ៍ប្ដឹងដោយកញ្ញា ធី សុវណ្ណថា ដែលជាសកម្មជនលេចធ្លោប្រឆាំងរដ្ឋាភិបាលក្នុងការបោះឆ្នោតឆ្នាំ២០១៣ មុនពេលងាកចេញពីគណបក្សសង្គ្រោះជាតិ ហើយត្រូវគេលើកឈ្មោះមកនិយាយក្នុងការសន្ទនាដែលគេលួចថត និងករណីមួយទៀតគឺចោទកញ្ញា ចាន់តារា៉ទី ពីបទអំពើពេស្យាចារ និងផ្ដល់សក្ខីកម្មក្លែង ដែលប្ដឹងដោយនគរបាលប្រឆាំងភេរវកម្ម។
កាលពីថ្ងៃអង្គារ បន្ទាប់ពីកញ្ញា ចាន់តារ៉ាទី ត្រូវបានសាកសួរក្នុងនាមជា “ជនសង្ស័យ” ក្នុងករណីទី២ ហើយបានសារភាពថា មានស្នេហាលួចលាក់ជាមួយលោក កឹម សុខា នោះ តុលាការបានចេញសេចក្ដីថ្លែងការណ៍មួយ ដោយចាត់ទុកជាថ្មីថានាងជាបុគ្គលសំខាន់ក្នុងការផ្ដល់ព័ត៌មាន” គឺជាការកែប្រែមួយដែលអង្គការអាដហុកយល់ឃើញថា ជាមូលហេតុដែលត្រូវដកខ្លួនពីតំណាងរូបនាង។
អង្គការសិទ្ធិមនុស្សនេះបាននិយាយថា “យើងគិតថា ស្រីមុំ គឺមិនមែនស្ថិតក្នុងស្ថានភាពគំរាមកំហែងធ្ងន់ធ្ងរ និងគួរឲ្យព្រួយបារម្ភទៀតទេ ព្រោះ…ចំពោះករណីផ្ដល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ អាដហុកយល់ថា នីតិវិធីបន្តកញ្ញា ស្រីមុំ អាចគ្រាន់តែជាសាក្សីតែប៉ុណ្ណោះ”។
សេចក្ដីថ្លែងការណ៍នោះបានបន្ថែមថា អង្គការអាដហុកលែងពាក់ព័ន្ធក្នុងករណីបរិហារកេរ្តិ៍ទៀតហើយ ព្រោះវា “ជារឿងរវាងបុគ្គលសាមញ្ញពីរនាក់ ហើយមិនស្ថិតក្នុងអាណត្តិរបស់សមាគមអាដហុកទេ”។
លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក បានបញ្ជាក់ថា ដំបូងឡើយអង្គការសិទ្ធិមនុស្សនេះបានផ្ដល់ជំនួយដល់កញ្ញា ចាន់តារ៉ាទី ពីព្រោះនាងមាន “ការតក់ស្លុត និងភ័យខ្លាចជាខ្លាំង” បន្ទាប់ពីនាងទទួលបានលិខិតអញ្ជើញពីនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃក្រសួងមហាផ្ទៃ ប៉ុន្តែនៅពេលនេះនាងមិនស្ថិតក្នុងស្ថានភាពគំរាមកំហែងទៀតទេ។
ការស៊ើបអង្កេតលើការសាសងតាមទូរស័ព្ទដែលបែកធ្លាយដែលធ្វើឡើងដោយនគរបាលប្រឆាំងភេរវកម្ម តុលាការក្រុងភ្នំពេញ និងអង្គភាពប្រឆាំងអំពើពុករលួយ បានទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អង្គការសិទ្ធិមនុស្ស និងក្រុមអ្នកសង្កេតការណ៍ថា ជាយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះដែលមិនពាក់ព័ន្ធទៅនឹងសាធារណជន ឬមានតម្លៃសមនឹងធ្វើនោះទេ។ មជ្ឈដ្ឋានខ្លះយល់ថា រឿងអាស្រូវនេះត្រូវបានរៀបចំដើម្បីកេងចំណេញនយោបាយ ដោយធ្វើឲ្យខូចកេរ្តិ៍ឈ្មោះកញ្ញា ចាន់តារ៉ាទី។
លោក កែម ឡី អ្នកវិភាគនយោបាយបាននិយាយកាលពីថ្ងៃសុក្រថា “តាមយោបល់របស់ខ្ញុំ នេះមិនមែនជារឿងក្ដីសម្រាប់តុលាការបន្តនីតិវិធីទេ”។
លោកបាននិយាយថា “គេបាននាំមនុស្សស្លូតត្រង់ម្នាក់មកឈ្លេចសួរដើម្បីចង់បានអ្វីដែលគេចង់បាន។ នេះជាល្បែងនយោបាយស្មោកគ្រោកដែលមិនគួរលេងនៅសម័យនេះទេ”។
ក្នុងការបង្ហោះហ្វេសប៊ុកកាលពីថ្ងៃសុក្រ កញ្ញា សុវណ្ណថា ថ្លឹងថ្លែងលើករណីដែលនាងមិនពាក់ព័ន្ធ ដោយលើកឡើងថា ការធ្វើដំណើររបស់លោក សុខា បានទៅប្រទេសថៃជាមួយកញ្ញា ចាន់តារ៉ាទី គឺអាចធ្វើឲ្យអនុប្រធានគណបក្សប្រឆាំងនេះជាប់ពន្ធនាគារបាន។
កញ្ញាបានសរសេរថា “កឹម សុខា បានប្រព្រឹត្តជាក់ស្ដែងនូវបទល្មើសជួញដូរផ្លូវភេទ ហើយអាចជាប់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ”៕ និត