31 C
Phnom Penh

បម្រាម​លើ​ភាពយន្ត ខ្ញុំ​គឺ ឈុត វុទ្ធី គឺ​អនុវត្ត​នៅ​គ្រប់​កន្លែង​បញ្ចាំង​សាធារណៈ​ទាំងអស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពី​ផែនការ​បញ្ចាំង​ភាពយន្ត​ឯកសារ​ស្តី​អំពី​លោក ឈុត វុទ្ធី សកម្មជន​បរិស្ថាន​ដែល​ត្រូវ​គេ​ធ្វើ​ឃាត នៅ​ផ្ទះ​មេត្តា (Meta House) ក្នុង​ក្រុង​ភ្នំពេញ ត្រូវ​បាន​លុប​ចោល​តាម​សំណើ​របស់​ក្រសួង​វប្បធម៌​កាលពី​សប្តាហ៍​មុន​មក មន្ត្រី​ក្រសួង​ម្នាក់​បាន​និយាយ​កាលពី​ចុង​សប្តាហ៍​ថា ភាពយន្ត​នេះ​មិន​អាច​ដាក់​បញ្ចាំង​ជា​សាធារណៈ​នៅ​គ្រប់​ទី​កន្លែង​ទាំង​អស់​ក្នុង​ប្រទេស។

លោក ស៊ិន ច័ន្ទសាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត​និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​និយាយ​ថា ផលិតករ​ភាពយន្ត​រួម​ទាំង​ម្ចាស់​រោង​ណា​ដែល​បញ្ចាំង​ភាពយន្ត “ខ្ញុំ​គឺ ឈុត វុទ្ធី” គឺ​ជា​ការ​រំលោភ​ច្បាប់”។

លោក ច័ន្ទសាយ៉ា បាន​និយាយ​ក្នុង​អីុម៉េល​ថា “ជា​ការ​បំភ្លឺ ខ្ញុំ​សូម​បញ្ជាក់​ថា ភាពយន្ត​ដែល​មាន​ចំណង​ជើង​ថា “ខ្ញុំ​គឺ ឈុត វុទ្ធី” មិន​បាន​ទទួល​ការ​អនុញ្ញាត​ណា​មួយ​សម្រាប់​ការ​បញ្ចាំង​ក៏​ដូច​ជា​ទិដ្ឋាការ​សម្រាប់​ការ​បញ្ចាំង​ពី​អាជ្ញាធរ​ខ្មែរ​មុន​ពេល​ដាក់​បញ្ចាំង​ជា​សាធារណៈ​នៅ​ឡើយ​ទេ”។

លោក ច័ន្ទសាយ៉ា បាន​និយាយ​ថា ផលិតករ​ភាពយន្ត​គឺ ហ្វ្រង់ ឡាមប្រិក (Fran Lambrick) មិន​ដែល​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ថត​ភាពយន្ត​ឯកសារ​ក្នុង​ប្រទេស​កម្ពុជា​ពី​មុន​មក​ទេ។

លោក​បាន​និយាយ​ថា “យោង​តាម​ច្បាប់ ផលិតករ​ភាពយន្ត​ត្រូវ​ដាក់​ពាក្យ​ដើម្បី​ទទួល​បាន​ការ​អនុញ្ញាត​សម្រាប់​ការ​ថត​ភាពយន្ត ដូច្នេះ​ប្រសិនបើ​គ្មាន​ការ​អនុញ្ញាត​ឲ្យ​ថត ក៏​គ្មាន​ទិដ្ឋាការ​សម្រាប់​ដាក់​បញ្ចាំង​ដែរ”។

កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៤ ភាពយន្ត​នេះ​បាន​បញ្ចាំង​ដំបូង​នៅ​ផ្ទះ​មេត្តា​ដែល​មាន​អ្នក​ទស្សនា​ពេញ។

អ្នក​ស្រី ឡាមប្រិក មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ថ្ងៃ​អាទិត្យ ប៉ុន្តែ​យោង​តាម​ទំព័រ​ហ្វេសប៊ុក “ខ្ញុំ​គឺ ឈុត វុទ្ធី” ភាពយន្ត​នេះ​ត្រូវ​បាន​បញ្ចាំង​ជាថ្មី​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​សៅរ៍​នៅ​កន្លែង​មួយ​ដែល​គេ​មិន​ប្រាប់​ឲ្យ​ដឹង។

ការ​បង្ហោះ​នោះ​បាន​និយាយ​ថា “អរគុណ​អ្នក​គ្រប់​គ្នា​ដែល​បាន​មក​ទស្សនា​ការ​បញ្ចាំង​ជា​ឯកជន​នៅ​ថ្ងៃ​អាទិត្យ​ក្នុង​ក្រុង​ភ្នំពេញ! នេះ​ជា​ការ​បញ្ចាំង​លើក​ដំបូង​ចាប់តាំង​ពី​មាន​បម្រាម ហើយ​នឹង​មាន​ច្រើន​លើក​ទៀត” និង​បាន​បន្ថែម​ទៀត​ថា អ្នក​ណា​ដែល​ចង់​ទទួល​បញ្ចាំង​ផ្ទាល់​ខ្លួន សូម​ទាក់ទង​មក។

រោង​ភាពយន្ត ជា​បណ្តាញ​នៃ​កន្លែង​បញ្ចាំង​ភាពយន្ត​មាន​នៅ​ក្នុង​ក្រុង​ភ្នំពេញ ក៏​បាន​រៀបរាប់​ក្នុង​ការ​បង្ហោះ​មួយ​លើ​ហ្វេសប៊ុក​ថា គេ​នឹង​បញ្ចាំង​ភាពយន្ត​នេះ​នៅ​ថ្ងៃ​អង្គារ ជា​ខួប​ទី​៤​នៃ​មរណភាព​របស់​លោក ឈុត វុទ្ធី ប៉ុន្តែ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​អាសយដ្ឋាន​សម្រាប់​”ការ​បញ្ចាំង​ជា​ឯកជន​នេះ​ទេ”។ អ្នក​បញ្ចាំង​ភាពយន្ត​នេះ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស