27 C
Phnom Penh

ម៉ាណែត​​​វិល​​​ត្រឡប់​​​មក​​​ពី​​​សហរដ្ឋ​​​អាមេរិក ហើយ​​​​​​បដិសេធ​​​ពាក្យ​​​បណ្តឹង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូន​​​ប្រុស​​​ច្បង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន គឺ​​​លោក ហ៊ុន ម៉ាណែត ​​​​​​បាន​​​វិល​​​មក​​​ដល់​​​​​​ក្រុង​​​ភ្នំពេញ​​​វិញ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ បន្ទាប់​​​ពី​​​ចំណាយ​​​ពេល​​​ពីរ​​​សប្តាហ៍​​​​​​នៅ​​​ក្នុង​​​សហរដ្ឋ​​​អាមេរិក​​​និង​​​ប្រទេស​​​កាណាដា ដោយទាត់​​​ចោល​​​​​​បណ្តឹង​​​ប្រឆាំង​​​នឹង​​​រូប​​​លោក​​​ក្នុង​​​ក្រុង​​​ឡូស អានជេឡេស​​​ពី​​​បទ​​​ការ​​​ចាប់​​​ដាក់​​​គុក​​​ដោយ​​​ខុស​​​ច្បាប់​​​​​​រួម​​​ទាំង​​​ភេរវកម្ម​​​អន្តរជាតិ។​​​​​​

ឧត្តម​​​សេនីយ៍​​​ឯក ម៉ាណែត ដែល​​​ជា​​​ប្រធាន​​​​​​នាយក​​​ដ្ឋាន​​​ប្រឆាំង​​​ភេរវកម្ម​​​នៃ​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​ត្រូវ​​​គេ​​​តាម​​​រំខាន​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​​​​ក្នុង​​​អំឡុង​​​ពេល​​​​​​ដំណើរ​​​​​​​​​ទស្សកិច្ច​​​នា​​​បុណ្យ​​​​​​​​​ចូល​​​ឆ្នាំ​​​ខ្មែរ ដោយ​​​​​​មាន​​​ការ​​​តវ៉ា​​​ “​​​គឺ​​​គ្មាន​​​ម៉ាណែត” ដែល​​​រៀប​​​ចំ​​​ឡើង​​​​​​ដោយ​​​សហ​​​​​​គមន៍​​​​​​ខ្មែរ​​​​​​ដែល​​​ជឿ​​​ថា​​​ លោក​​​គឺ​​​ជា​​​អ្នកស្នង​​​តំណែង​​​ឪពុក​​​របស់​​​លោក។​​​​​​

នៅ​​​ឯ​​​សន្និសីទ​​​កាសែត​​​​​​នៅ​​​អាកាស​​​យាន​​​ដ្ឋាន​​​អន្តរ​​​ជាតិ​​​ភ្នំពេញ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ទាន់​​​​​​បាន​​​ពិនិត្យ​​​មើល​​​រឿង​​​ក្តី​​​នោះ​​​ទេ ដែល​​​បាន​​​ប្តឹង​​​ក្នុង​​​នាម​​​ជា​​​​​​មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​និង​​​​​​ពល​​​រដ្ឋ​​​អាមេរិកាំង​​​គឺ​​​ មាជ សុវណ្ណារ៉ា។​​​ ពាក្យ​​​បណ្តឹង​​​អះ​​​អាង​​​ថា លោក សុវណ្ណារ៉ា ត្រូវ​​​បាន​​​គេ​​​ចាប់​​​ដាក់​​​​​​ពន្ធនាគារ​​​ដោយ​​​ខុស​​​ច្បាប់​​​​​​​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​ដោយ​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​​​​​​​ករណី​​​ មាជ សុវណ្ណារ៉ា ខ្ញុំ​​​​​​មិន​​​បាន​​​ឃើញ​​​ដីកា​​​ហ្នឹង​​​ទេ។ ប៉ុន្តែ​​​​​​ខ្ញុំ​​​​​​គ្រាន់​​​តែ​​​បាន​​​ឮ​​​​​​តាម​​​​​​ព័ត៌មាន​​​​​​ថា​​​មាន​​​ការ​​​ប្តឹង​​​​​​ខ្ញុំ​​​​​​ប៉ុន្មាន​​​ចំណុច​​​ រួម​​​ទាំង​​​​​​ភេរវកម្ម​​​អន្តរជាតិ ហើយ​​​ខ្ញុំ​​​កប់​​​យោបល់​​​​​​រឿង​​​ហ្នឹង”។​​​

លោក ហ៊ុន ម៉ាណែត ​​​ថ្លែង​​​​​​​​​នៅ​​​អាកា​​​សយានដ្ឋានអន្តរ​​​ជាតិ​​​ភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ។ បន្ទាប់​​​ពី​​​​​​ត្រឡប់​​​ពី​​​អាមេរិក និង​​​កាណាដាវិញ​​​ លោក​​​ចំអក​​​ឲ្យ​​​ពាក្យ​​​បណ្តឹង​​​ប្តឹង​​​លោក​​​នៅ​​​​​​កាលីហ្វ័រញ៉ា​​​ពី​​​បទ​​​បង្ខាំង​​​មនុស្ស​​​ខុសច​​​្បាប់ និង​​​ “ភេរវកម្ម​​​អន្តរជាតិ”។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោក ហ៊ុន ម៉ាណែត ​​​ថ្លែង​​​​​​​​​នៅ​​​អាកា​​​សយានដ្ឋានអន្តរ​​​ជាតិ​​​ភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ។ បន្ទាប់​​​ពី​​​​​​ត្រឡប់​​​ពី​​​អាមេរិក និង​​​កាណាដាវិញ​​​ លោក​​​ចំអក​​​ឲ្យ​​​ពាក្យ​​​បណ្តឹង​​​ប្តឹង​​​លោក​​​នៅ​​​​​​កាលីហ្វ័រញ៉ា​​​ពី​​​បទ​​​បង្ខាំង​​​មនុស្ស​​​ខុសច​​​្បាប់ និង​​​ “ភេរវកម្ម​​​អន្តរជាតិ”។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក​​​បាន​​​និយាយ​​​បន្ថែម​​​ថា “​​​ព្រោះ​​​បើ​​​ថា​​​ជ្រុល​​​ជា​​​ប្តឹង​​ ដាក់​​​រឿង​​​​​​សម​​​ហេតុ​​​ផល​​​តិច​​​ទៅ​​​។ ឥឡូវ​​​ ប្រជាជន​​​​​​ខ្មែរ​​​រាប់​​​លាន​​​នាក់​​​​​​​​​នៅ​​​ក្នុង​​​ស្រុក​​​​​​ដែល​​​ស្គាល់​​​​​​ ហ៊ុន ម៉ាណែត ហើយ​​​​​​តាមដាន​​​សកម្ម​​​​​​ភាព​​​ខ្ញុំ ហើយ​​​ប្រហែល​​​​​​ជា​​​គាត់​​​​​​​​​​​​កប់​​​យោបល់​​​​​​ដែរ​​​ហើយ​​​ នៅ​​​ពេល​​​គេ​​​ឮ​​​ថា ​​​ខ្ញុំ​​​ត្រូវ​​​គេ​​​ប្តឹង​​​ពី​​​បទ​​​ភេរវកម្ម​​​​​​អន្តរ​​​ជាតិ”។​​​​​​​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​មុន​​​នឹង​​​គូស​​​បញ្ជាក់​​​ថា ​​​លោក​​​នឹង​​​​​​ឆ្លើយ​​​តប​​​នឹង​​​​​​ការ​​​អះ​​​អាង​​​ដែល​​​ប្តឹង​​​ទៅ​​​​​​តុលាការ​​​​​​សហរដ្ឋ​​​អាមេរិក នៅ​​​ពេល​​​ដែល​​​លោក​​​មាន​​​ពេល​​​វេលាថា “ខ្ញុំ​​​គិត​​​ថា គេ​​​ប្តឹង​​​ខ្ញុំ​​​​​​ដែល​​​​​​គ្មាន​​​​​​មូលដ្ឋាន​​​ច្បាស់​​​លាស់​​​គឺ​​​គ្រាន់​​​តែ​​​ជា​​​​​​ការ​​​ចង់​​​រៀប​​​ចំ​​​កេង​​​ចំណេញ​​​​​​​​​​​​​​​ផ្នែក​​​នយោបាយ​​​តែ​​​​​​ប៉ុណ្ណោះ​​​​​​”។​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​នៅ​​​ពេល​​​គេ​​​ដំណើរ​​​ការ​​​ករណី​​​នេះ ខ្ញុំ​​​នឹង​​​ឆ្លើយ​​​តប ព្រោះ​​​​​​មាន​​​បញ្ហា​​​ច្រើន​​​ដទៃ​​​ទៀត​​​​​​ដែល​​​គេ​​​បង្កើត​​​ឡើង​​​ ពេល​​​ខ្ញុំ​​​នៅ​​​ក្រៅ​​​ប្រទេស”។

លោក សុវណ្ណារ៉ា ត្រូវ​​​បាន​​​តុលាការ​​​​​​កាត់​​​ទោស​​​​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​​​​រយៈ​​​ពេល​​​២០​​​ឆ្នាំ​​​ពី​​​បទ​​​ដឹក​​​នាំ​​​កុបកម្ម​​​ ដោយ​​​សារ​​​តែ​​​លោក​​​មាន​​​វត្តមាន​​​​​​នៅ​​​ឯ​​​​​​ការ​​​តវ៉ា​​​​​​នា​​​ខែ​​​កក្កដា ឆ្នាំ​​​២០១៤​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​​​​ដែល​​​បាន​​​ក្លាយ​​​ជា​​​ហិង្សា។​​​ លោក សុវណ្ណារ៉ា បាន​​​ផ្តល់​​​ទឡ្ហីករណ៍​​​ថា ​​​ការ​​​ចាប់​​​ខ្លួន​​​លោក​​​ដាក់​​​គុក​​​គឺ​​​ធ្វើ​​​ស្រេច​​​តែ​​​អំពើ​​​ចិត្ត​​​ ហើយ​​​មេធាវី​​​របស់​​​លោក​​​អះអាង​​​ថា ​​​ករណី​​​នេះ​​​ក៏​​​អាច​​​បកស្រាយ​​​​​​ថា​​​ជា​​​​​​ទង្វើ​​​ភេរ​​​វកម្ម​​​​​​ស្ថិត​​​ក្រោម​​​​​​ច្បាប់​​​សហរដ្ឋ​​​អាមេ​​​រិក​​​ដែរ។​​​​​​

មេធាវី​​​ដែល​​​​​​កាន់​​​រឿង​​​ក្តី​​​នេះ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ជឿ​​​ថា​​​អ្នក​​​កាន់​​​ដីកា​​​ឈ្មោះ ផូល ហេ បាន​​​កោះ​​​ហៅ​​​ឧត្តម​​​សេនីយ៍​​​ឯក ម៉ាណែត​​​​​​ កាល​​​ពី​​​ថ្ងៃ​​​ទី​​​៩ ខែ​​​​​​មេសា។ មេធាវី​​​រូប​​​នេះ​​​និយាយ​​​ថា លោក ហេ ​​​បាន​​​ចូល​​​ទៅ​​​ជិត​​​ឧត្តម​​​សេនីយ៍​​​រូប​​​នោះ​​​ ហើយ​​​​​​ជា​​​បច្ចេក​​​ទេស​​​ក៏​​​ប្រគល់​​​ដីកា ក្នុង​​​ពេល​​​ដែល​​​​​​គេ​​​វាយ​​​​​​តប់​​​លោក គឺ​​​មាន​​​ន័យ​​​ថា​​​ឧត្តម​​​សេនីយ៍​​​ឯក​​​ ម៉ាណែត មាន​​​រយៈ​​​ពេល​​​៣០​​​ថ្ងៃ ដើម្បី​​​ឆ្លើយ​​​តប។​​​​​​​​​​​​

លោក ម័រតុន សក្លា ជា​​​មេធាវី​​​មិន​​​បាន​​​ឆ្លើយ​​​តប​​​សំណើ​​​សុំ​​​ការ​​​ធ្វើ​​​អត្ថាធិប្បាយ​​​ទេ។ ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី​​​ លោក ហេ បាន​​​និយាយ​​​ថា លោក​​​​​​រង​​​របួស​​​ជាំ​​​ឆ្អឹង​​​ខ្នង ហើយ​​​ត្រូវ​​​គេ​​​បញ្ជូន​​​ទៅ​​​សង្គ្រោះ​​​បន្ទាន់​​​​​​ជិត​​​មួយ​​​សប្តាហ៍​​​ ក្រោយ​​​ពី​​​​​​ត្រូវ​​​វាយ​​​ដោយ​​​​​​អង្គរក្ស​​​របស់ឧត្តម​​​សេនីយ៍​​​ឯក ម៉ាណែត​​​ ក្នុង​​​ពេល​​​ប្រគល់​​​ដីកា ហើយ​​​ថា​​​លោក​​​​​​ជំរុញ​​​ឲ្យ​​​មាន​​​ការ​​​ចោទ​​​ប្រកាន់។

លោក ហេ ក៏​​​បាន​​​ច្រាន​​​ចោល​​​​​​ថា​​​គ្មាន​​​ន័យ​​​ទាល់​​​តែ​​​សោះ​​​​​​ចំពោះ​​​ការ​​​អះអាង​​​​​​របស់​​​ឧត្តម​​​សេនីយ៍​​​​​​រូប​​​នេះ​​​ដែល​​​ថា លោក​​​គ្រាន់​​​តែ​​​​​​ដួល​​​ទៅ​​​លើ​​​ដី​​​នោះ។​​​ ប៉ុន្តែ​​​កូន​​​​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​លើក​​​ឡើង​​​ម្តង​​​ទៀត​​​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​​ថា ​​​អង្គ​​​រក្ស​​​របស់​​​លោក​​​​​​មិន​​​ដែល​​​បាន​​​ប៉ះ​​​បុរស​​​នោះ​​​ទេ។​​​​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​មនុស្ស​​​ប្របូក​​​ច្របល់​​​​​​ព្យាយាម​​​​​​ចូល​​​ទៅ​​​ខាង​​​ក្នុង ​​​[ភោជនីយ​​​ដ្ឋាន] អ៊ីចឹង​​​គាត់​​​ប្រហែល​​​ជា​​​ដួល​​​ពេល​​​នោះ។ ដូច្នេះ ខ្ញុំ​​​​​​សូម​​​សោក​​​ស្តាយ​​​ការ​​​ដួល​​​នេះ​​​​​​”៕

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស