កាលពីម្សិលមិញ សមាជិកនៃបណ្តាញសហគមន៍ព្រៃឡង់បានជំរុញរដ្ឋាភិបាលឲ្យធ្វើសេចក្តីព្រាងថ្មីរបស់ខ្លួនឡើងវិញក្នុងការប្រែក្លាយព្រៃនេះទៅជាតំបន់ការពារ ដោយតវ៉ាថា កន្លែងស្នើឡើងនោះមានទំហំតូចពេក និងមិនបានដាក់បញ្ចូលដីណាមួយក្នុងខេត្តព្រះវិហារទេ។
បណ្តាញនេះ ដែលជាសមាគមនៃសហគមន៍ដែលរស់នៅក្នុងនិងជំុវិញព្រៃឡង់ បាននិងកំពុងដើរល្បាតព្រៃស្រោងខៀវគ្រប់រដូវនេះ ដែលជាព្រៃធំជាងគេបំផុតនៅសល់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ច្រើនឆ្នាំមកហើយ ដោយបានព្យាយាមរារាំងពួកកាប់ឈើខុសច្បាប់និងការទន្ទ្រានយកដីធ្វើចម្ការកៅស៊ូមិនឲ្យចូលបំផ្លាញព្រៃ។ ពួកគេបាននិយាយនៅឯសិក្ខាសាលាមួយក្នុងក្រុងភ្នំពេញដែលរៀបចំដោយក្រសួងបរិស្ថានដើម្បីប្រមូលព័ត៌មានទាក់ទិននឹងផែនការរបស់ខ្លួនបន្ថែមព្រៃប្រាំកន្លែងទៀត ក្នុងនោះមានព្រៃឡង់ដែរ ចូលបញ្ជីនៃតំបន់ការពារផ្លូវការរបស់ប្រទេសនេះ។
រដ្ឋាភិបាលមានផែនការប្រែក្លាយព្រៃឡង់ទៅជាតំបន់ការពារច្រើនឆ្នាំហើយ ហើយបានរងការរិះគន់ចំពោះផែនការមុននោះ ដែលផ្តល់ឋានៈការពារទៅលើព្រៃតែ៤៧៥.០០០ហិកតាប៉ុណ្ណោះ ដែលដំបូងឡើយមានផ្ទៃដីទំហំជាង៦០០.០០០ហិកតាឯណោះ។ សំណើដែលបញ្ចេញឲ្យដឹងនៅឯសិក្ខាសាលាកាលពីថ្ងៃច័ន្ទបានកាត់បន្ថយតំបន់នោះមកនៅប្រហែល៣០០.០០០ហិកតា និងមិនបានរាប់បញ្ចូលព្រៃភាគច្រើនបំផុតនៃព្រៃភាគខាងជើងទេ។
នោះជាដំណឹងអាក្រក់សម្រាប់សហគមន៍ក្នុងតំបន់នោះដែលនៅតែពឹងផ្អែកលើព្រៃដើម្បីគ្រាន់តែរស់ ហើយពួកគេភាគច្រើនជាក្រុមជនជាតិដើមភាគតិច។
លោក ថាយ ប៊ុនលាង សមាជិកបណ្តាញម្នាក់ដែលបានចូលរួមក្នុងសិក្ខាសាលាបាននិយាយថា “ព្រៃឡង់គ្របដណ្តប់លើផ្ទៃដី៦១០.០០០ហិកតានៅបួនខេត្ត។ ឥឡូវនេះយើងស្នើឲ្យបញ្ចូល៤៧០.០០០ហិកតាក្នុងតំបន់ការពារនេះ ពីព្រោះវាប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិនានាជុំវិញព្រៃឡង់”។
សមាជិកបណ្តាញម្នាក់ទៀតដែលមិនប្រាប់ឈ្មោះរបស់ខ្លួនបាននិយាយថា “យើងចង់ដាក់បញ្ចូលខេត្តព្រះវិហារក្នុងតំបន់ការពារនេះ”។ សមាជិករូបនេះក៏បានជំរុញអាជ្ញាធរឲ្យបិទរោងអារឈើដែលបើកនៅក្នុងព្រៃនោះដែរ។
“ព្រៃឡង់កំពុងត្រូវកាប់បំផ្លាញពីព្រោះមានរោងអារឈើច្រើននៅក្នុងព្រៃនេះ។ ដូច្នេះខ្ញុំស្នើឲ្យបិទរោងអារឈើទាំងនោះ បើពុំដូច្នោះទេ ការកាប់ឈើខុសច្បាប់នឹងបន្តក្នុងព្រៃឡង់”។
រូបភាពនៃប្រទេសកម្ពុជាពីផ្កាយរណបអាមេរិកបង្ហាញថាការកាប់បំផ្លាញព្រៃឈើកំពុងបំផ្លាញព្រៃឡង់ពីគ្រប់ទិសទាំងអស់ ជាពិសេសនៅទិសខាងត្បូងនិងទិសខាងលិច។ រូបភាពដដែលបង្ហាញថាប្រទេសនេះមានអត្រាខ្ពស់បំផុតនៃការបាត់បង់ព្រៃឈើក្នុងពិភពលោក ពោលគឺការបាត់បង់ភាគច្រើនបំផុតគឺដោយសារចម្ការកសិឧស្សាហកម្មដែលកាប់ឈើអស់នៅខាងក្នុងតំបន់ការពារនានា។
រដ្ឋាភិបាលបានអញ្ជើញបណ្តាញព្រៃឡង់និងក្រុមស្រដៀងគ្នានេះឲ្យចូលរួមជាមួយអាជ្ញាធរ ក្នុងការជួយសង្គ្រោះតំបន់ការពារថ្មីប្រាំកន្លែង។ ទោះជាយ៉ាងនេះក្តី នៅសិក្ខាសាលាកាលពីថ្ងៃច័ន្ទ លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន បាននិយាយថា បណ្តាញនេះនឹងលែងទទួលបានការអនុញ្ញាតឲ្យប្រតិបត្តិការដោយឯករាជ្យទៀតហើយ ហើយនឹងតម្រូវឲ្យចូលរួមនឹងក្រុមល្បាតរដ្ឋាភិបាលវិញ។
ប៉ុន្តែក្រុមជាច្រើនដូចគ្នាទាំងនោះជឿជាក់ថា អាជ្ញាធរចូលដៃនឹងពួកកាប់ឈើខុសច្បាប់ ហើយជឿថា ឯករាជ្យភាពរបស់ពួកគេគឺធ្វើឲ្យមានប្រសិទ្ធភាព។
សមាជិកបណ្តាញព្រៃឡង់ លោក ហឿន សុភាព បាននិយាយថា “យើងមិនអាចទទួលយកបម្រាមនេះបានទេ ហើយយើងនឹងបន្តធ្វើកិច្ចការរបស់យើងដូចដែលយើងបានធ្វើពីមុន។ រដ្ឋាភិបាលចង់បញ្ឈប់យើង ពីព្រោះមិនចង់ឲ្យសហគមន៍មើលឃើញឧក្រិដ្ឋកម្មព្រៃឈើទេ”។
សិក្ខាសាលានេះជាសិក្ខាសាលាសាធារណៈលើកដំបូងដើម្បីពិនិត្យមើលផែនការថ្មីរបស់រដ្ឋាភិបាលសម្រាប់ព្រៃឡង់ និងព្រៃបួនកន្លែងផ្សេងទៀត ដែលខ្លួនបម្រុងប្រែក្លាយទៅជាតំបន់ការពារ។
ក្រុមអង្គការក្រៅរដ្ឋាភិបាលបានស្នើសុំពេលបន្ថែមទៀតដើម្បីពិនិត្យផែនការនិងផ្តល់មតិត្រឡប់វិញ។
លោក ចាយ សាមិត្ត អគ្គនាយកដ្ឋាន ការពារនិងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន បានធានាអះអាងនឹងពួកគេថា ការពិភាក្សានេះនឹងបន្ត។ ប៉ុន្តែមជ្ឈដ្ឋានមួយចំនួនជឿថា រដ្ឋាភិបាលបានសម្រេចរួចហើយ ហើយថាសិក្ខាសាលានេះគ្រាន់តែធ្វើឲ្យល្អមើលប៉ុណ្ណោះ។
លោក សោម ចាន់មុនី មេដឹកនាំក្រុមនៃអង្គការស្ពានសន្តិភាព ដែលធ្វើការជាមួយបណ្តាញព្រៃឡង់ បាននិយាយថា “ក្រសួងបរិស្ថានគ្រាន់តែចង់ឲ្យសហគមន៍ព្រៃឡង់ចូលរួមក្នុងសិក្ខាសាលានេះ ប៉ុន្តែក្រសួងនេះមិនចង់បានគំនិត ឬមតិរបស់សហគមន៍ទេ ពីព្រោះខ្លួនបានសម្រេចរួចហើយ”។
លោក ច័ន្ទ ប៊ុនហ៊ន ដែលបានចូលរួមក្នុងបណ្តាញនេះនៅពេលល្បាតជាច្រើនលើក និងបានឃើញកង្វះការអនុវត្តច្បាប់នៅព្រៃឡង់ផ្ទាល់ បាននិយាយថា លោកមិនជឿថា រដ្ឋាភិបាលប្ដេជ្ញាបញ្ឈប់ពួកកាប់ឈើខុសច្បាប់ទេ ហើយថា ការបង្ក្រាបជាបន្តលើជំនួញឈើ គឺគ្រាន់តែធ្វើឲ្យមានការចាប់អារម្មណ៍ជាសាធារណៈប៉ុណ្ណោះ។
លោកមិនអើពើនឹងការព្យាយាមរបស់អ្នករៀបចំព្រឹត្តិការណ៍នេះដើម្បីឲ្យគាត់ស្ងាត់មាត់នៅពេលវគ្គសួរឆ្លើយសំណួរខ្លីៗទេ។
លោក ប៊ុនហ៊ន បាននិយាយថា “ខ្ញុំសុំសួរ ហេតុអ្វីអាជ្ញាធរមូលដ្ឋានមិនបានបញ្ឈប់ការកាប់ឈើខុសច្បាប់ ហើយហេតុអ្វីឧក្រិដ្ឋកម្មព្រៃឈើនៅតែបន្តមកដល់សព្វថ្ងៃនេះ? ខ្ញុំសុំសួរ [នាយករដ្ឋមន្ត្រី] ហ៊ុន សែន។ ហេតុអ្វីគាត់មិនបានបញ្ឈប់ឧក្រិដ្ឋកម្មព្រៃឈើនេះ?”។
“លោក ហ៊ុន សែន បានចេញបញ្ជាដល់អាជ្ញាធរមូលដ្ឋានឲ្យបញ្ឈប់ឧក្រិដ្ឋកម្មព្រៃឈើ ហើយមួយម៉ោងក្រោយមក គេរកឃើញគំនរឈើដ៏ធំក្នុងព្រៃ។ ខ្ញុំគិតថា រដ្ឋាភិបាលគ្មានបំណងពិតប្រាកដដើម្បីបញ្ឈប់ការកាប់ឈើខុសច្បាប់ទេ។ បើគេចង់ធ្វើ វាមិនលំបាកទេ”។
លោកបានច្រានចោលការអះអាងពីមន្ត្រីរដ្ឋាភិបាលតាមរយៈសិក្ខាសាលានោះថាអ្នកភូមិដែលកាប់ឆ្ការព្រៃធ្វើចម្ការតូចៗគឺជាការគំរាមដ៏ធំ។
លោកបាននិយាយថា “បញ្ហាមិនមែនអ្នកភូមិក្រីក្រទេ។ គឺជាក្រុមអង្គការចាត់តាំងដែលយកឈើទាំងឡានធំៗចេញពីព្រៃ”។
ប៉ុន្តែក្រុមអភិរក្សមិនត្រឹមតែសង្ស័យលើឆន្ទៈរបស់រដ្ឋាភិបាលប៉ុណ្ណោះទេ។ ពួកគេមិនជឿជាក់ថា រដ្ឋាភិបាលមាន ឬនឹងរកបានប្រាក់និងកម្លាំងពលកម្មដើម្បីការពារទីតាំងថ្មីប្រាំកន្លែងនោះទេ។
ក្រសួងបរិស្ថានបាននិយាយថា ព្រៃប្រាំកន្លែងនោះនឹងគ្រប់ដណ្តប់លើផ្ទៃដីទាំងអស់ជិតមួយលានហិកតានៅពេលដែលព្រំប្រទល់ព្រៃកំណត់ហើយ។ ទំហំនេះនឹងបន្ថែមផ្ទៃដីជិតមួយភាគបីទៀតទៅឲ្យក្រសួងគ្រប់គ្រង ដែលបានទទួលស្គាល់ថា ខ្លួនមានឧទ្យានុរក្សមិនគ្រប់គ្រាន់តាមការជាក់ស្តែង។
ក្រុមអភិរក្សសង្ឃឹមថា ឋានៈទទួលបានការការពារនេះនឹងបង្ខំមន្ត្រីរដ្ឋាភិបាលឲ្យជំរុញផ្តល់មូលនិធិបន្ថែម ទន្ទឹមនឹងធ្វើឲ្យម្ចាស់ជំនួយអន្តរជាតិជឿជាក់ដើម្បីបន្ថែមជំនួយរបស់ពួកគេ។
លោក ដេវិដ អាសវែល អ្នកអភិរក្សជើងចាស់ដែលមានវត្តមាន នៅពេលដែលប្រព័ន្ធតំបន់ការពារទំនើបរបស់កម្ពុជាបានលេចចេញជារូបរាងនៅទសវត្សរ៍ឆ្នាំ១៩៩០ បាននិយាយថា លោកមានសុទិដ្ឋិនិយម។
លោកបាននិយាយថា “ក្នុងនាមជាអ្នករួមចំណែកយូរអង្វែងចំពោះផ្នែកនេះនៅកម្ពុជា ខ្ញុំពិតជាជឿថា នេះជាឱកាសប្រវត្តិសាស្ត្រមួយ។ វាមានភាពស្រដៀងគ្នាច្រើនទៅនឹងអ្វីដែលយើងបានជួបប្រទះនៅដើមនិងពាក់កណ្តាលទសវត្សរ៍ឆ្នាំ៩០។ ភាពខុសគ្នាចម្បងនោះគឺថា មានសមត្ថភាពច្រើនជាងនៅពេលនេះ។ មានសមត្ថភាពរដ្ឋាភិបាល មានសមត្ថភាពក្រៅរដ្ឋាភិបាលច្រើន និងមានសមត្ថភាពសហគមន៍ច្រើន។
រដ្ឋាភិបាលបាននិយាយថា ខ្លួនសង្ឃឹមថានឹងមានតំបន់ការពារថ្មីចំនួនប្រាំត្រូវបង្កើតឡើងនៅចុងឆ្នាំនេះ៕ និត