កាលពីម្សិលមិញ លោក ធន សារាយ ប្រធានសមាគមអាដហុកបាននិយាយការពារការតំណាងផ្លូវច្បាប់ដោយឥតគិតថ្លៃរបស់សមាគមសិទ្ធិមនុស្សរបស់លោកឲ្យស្រីកំណាន់ដែលចោទថា ជារបស់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង និងដែលកាលពីសប្ដាហ៍មុនបានកែប្រែការបដិសេធរបស់នាងអំពីទំនាក់ទំនងស្នេហានោះ ហើយបានចោទប្រកាន់បុគ្គលិកសមាគមអាដហុកថាបានបញ្ចុះបញ្ចូលនាងឲ្យនិយាយកុហក។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានកោះហៅបុគ្គលិកសមាគមសិទ្ធិមនុស្សអាដហុកប្រាំនាក់ មន្ត្រីអង្គការសហប្រជាជាតិម្នាក់ មន្ត្រីគ្រប់គ្រងការបោះឆ្នោតម្នាក់ និងអ្នកតស៊ូមតិសិទ្ធិស្ត្រីម្នាក់មកសាកសួរនៅសប្ដាហ៍នេះពាក់ព័ន្ធការអះអាងរបស់នាង ខុម ចាន់តារា៉ទី ដែលថាពួកគេបានបញ្ចុះបញ្ចូលឲ្យនាងនិយាយកុហកអំពីទំនាក់ទំនងស្នេហានេះ។
នាង ចាន់តារ៉ាទី អាយុ២៥ឆ្នាំ ជាអ្នកធ្វើសក់បានចោទប្រកាន់នៅក្នុងលិខិតចំហមួយកាលពីសប្ដាហ៍មុន បន្ទាប់ពីបាននិយាយកែប្រែការបដិសេធរបស់នាងកាលពីថ្ងៃទី១៩ ខែមេសា ខណៈពេលត្រូវបានសាកសួរពាក់ព័ន្ធការចោទប្រកាន់ពីបទពេស្យាចារ និងការផ្ដល់សក្ខីកម្មមិនពិតដោយនគរបាលប្រឆាំងភេរវកម្ម ដែលកំពុងស៊ើបអង្កេតពីទំនាក់ទំនងស្នេហានេះ។

លោក ធន សារាយ បានធ្វើសន្និសីទសារព័ត៌មានកាលពីម្សិលមិញដើម្បីតបតនឹងការអះអាងនេះ។
លោក ធន សារាយ បានអះអាងថា “ខ្ញុំចង់សួរលោកអ្នកសារព័ត៌មានទាំងអស់គ្នា។ នៅពេលនាងមកជួបយើង នាងភ័យណាស់ ដោយប្រាប់ពីរឿងពិតរបស់ខ្លួន ហើយសុំឲ្យយើងជួយការពារកិត្តិយសនាង ប្រសិនបើអស់លោកជាយើងដែលមានបទពិសោធន៍ ២៥ឆ្នាំពីរឿងនោះវិញ តើអស់លោកនឹងធ្វើដូចម្ដេច?”។
លោកបានមានប្រសាសន៍ថា “ប្រសិនបើយើងមិនទទួលយកបណ្ដឹងរបស់នាង ឬប្រាប់នាងឲ្យត្រឡប់ទៅផ្ទះវិញ យើងគ្មានគុណធម៌ ហើយមនុស្សគ្រប់គ្នានឹងរិះគន់សមាគមរបស់យើង”។
លោក ធន សារាយ បានចាក់ផ្នែកនៃបទសម្ភាសន៍ដំបូងរបស់អង្គការអាដហុកជាមួយនាង ចាន់តារ៉ាទី កាលពីខែមុន ដោយបង្ហាញពីការរៀបរាប់លម្អិតនូវរឿងរ៉ាវរបស់នាងប្រាប់បុគ្គលិកសមាគមអាដហុក រួមទាំងការបដិសេធថា នាងមិនដែលមានទំនាក់ទំនង ស្នេហាជាមួយលោក កឹម សុខា ផងដែរ។
ប្រធានសមាគមអាដហុករូបនេះបានមានប្រសាសន៍ថា មេធាវីរបស់សមាគមលោកបានផ្ដល់ប្រាក់ចំនួន២០៤ដុល្លារដល់នាង ចាន់តារ៉ាទី ដើម្បីជួយនាងអំឡុងការសាកសួររបស់អាជ្ញាធរ ហើយបន្ទាប់មកបានចោទសួរថាតើហេតុអ្វីបានជាស្ថាប័នប្រឆាំងអំពើពុករលួយស៊ើបអង្កេតករណីនេះទៅវិញ។
លោក ធន សារាយ បានថ្លែងថា “យើងគ្រាន់តែផ្ដល់ទីប្រឹក្សាផ្នែកច្បាប់ដល់នាងផ្អែកតាមអ្វីដែលនាងបានរ៉ាយរ៉ាប់ប្រាប់យើងតែប៉ុណ្ណោះ។ គ្មានហេតុផលណាដែលយើងណែនាំនាងឲ្យផ្ដល់សក្ខីកម្មមិនពិតផ្ទុយនឹងអ្វីដែលនាងបានរ៉ាយរ៉ាប់ប្រាប់យើងឡើយ”។
លោកបានមានប្រសាសន៍ថា “អ្វីដែលយើងយល់គឺថា ACU ស៊ើបអង្កេតអ្នកដែលលួចប្រាក់ជាតិ ប៉ុន្តែសម្រាប់យើង យើងមិនបានលួចប្រាក់ជាតិឡើយ ដូច្នេះហេតុអ្វីបានជា ACU កោះហៅយើងដូចនេះទៅវិញ?”។
នៅពេលទាក់ទងតាមទូរស័ព្ទ លោក ឱម យ៉ិនទៀង បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការលើកឡើងរបស់លោក ធន សារាយ ឡើយ។
បន្ទាប់ពីសន្និសីទសារព័ត៌មាន លោក យី សុខសាន្ត អនុប្រធានផ្នែកឃ្លាំមើលនៅសមាគមអាដហុក ដែលក៏ត្រូវបាន ACU កោះហៅដែរនោះបានមានប្រសាសន៍ថា សមាគមទទួលយកនរណាក៏ដោយដែលមកសុំជំនួយផ្នែកច្បាប់។
លោកបានថ្លែងថា “ជាគោលការណ៍ នៅពេលមានប្រជាពលរដ្ឋមកដាក់ពាក្យបណ្ដឹងជាមួយយើងនៅសមាគមអាដហុក យើងតែងតែទទួលយកមិនថាករណីចាប់យកដី ករណីរំលោភសិទ្ធិមនុស្ស ករណីជួញដូរមនុស្ស ឬករណីចាប់រំលោភឡើយ”។
លោកបានបន្ថែមថា “ខ្ញុំគិតថា ប្រសិនបើករណីរបស់ ស្រីមុំ គឺជាករណីធម្មតា ACU និងរដ្ឋាភិបាលនឹងមិនលូកដៃឡើយ”។
មនុស្សបីនាក់ទៀតដែលត្រូវបានកោះហៅមកសាកសួរពាក់ព័ន្ធករណីនេះដែរ រួមមាន លោកស្រី ធីតា ឃឹះ ប្រធានអង្គការសីលការ ជាអង្គការមិនមែនរដ្ឋាភិបាលផ្នែកសិទ្ធិស្ត្រី លោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) និងជាអតីតមន្ត្រីជាន់ខ្ពស់សមាគមអាដហុក និងលោក ស៊ឺន សាលី ដែលបម្រើការនៅការិយាល័យសិទ្ធិមនុស្សក្នុងស្រុករបស់អង្គការសហប្រជាជាតិ។
កាលពីថ្ងៃអាទិត្យ លោក ឱម យ៉ិនទៀង បានចាប់ខ្លួនមេឃុំគណបក្សប្រឆាំងម្នាក់ដែលលោកនិយាយថា បានសន្យាផ្ដល់ប្រាក់៥០០ដុល្លារដល់គ្រួសារនាង ចាន់តារ៉ាទី ឲ្យនិយាយបដិសេធអំពីទំនាក់ទំនងស្នេហានោះ ហើយលោកបានគំរាមចាប់ខ្លួនមនុស្សជាច្រើនទៀតពាក់ព័ន្ធករណីនេះ ប្រសិនបើចាំបាច់៕ សារុន