38 C
Phnom Penh

​​បក្ខពួក​និយម​ទាក់​ទាញ​ការ​ចាប់​​អារម្មណ៍​​ក្រោយ​កូន​​លោក ​ឱម ​​យ៉ិនទៀង ត្រូវ​​​បាន​តែង​តាំង ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូន​ប្រុស​ពី​រនាក់​របស់​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​​ (ACU) ​​ត្រូវ​បាន​តែង​តាំង​ជា​ឧបការី​នៃ​ស្ថាប័ន​​​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​​​​​​​របស់​​​​​​​​​រដ្ឋ​​​មួយ​នេះ ​​​ជា​​​​​​​​​ហេតុ​​​បង្ក​​​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ថា​មាន​បក្ខ​ពួក​និយម​ក្នុង​​ស្ថាប័ន​​ដែល​មាន​បំណង​ទប់​ស្កាត់​​​​​​​ការ​​​​​​អនុវត្ត​​​បែប​នេះ​។

ព្រះរាជក្រឹត្យ​​ឡាយ​ព្រះហស្ត​ដោយ​ព្រះ​មហាក្សត្រ នរោត្តម សីហមុនី ​កាលពី​ថ្ងៃ​សៅរ៍ ​ប្រកាស​​​តែង​តាំង​លោក យ៉ិនទៀង ពុទ្ធិរ៉ា និង​​​លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ជា​ឧបការី​​ក្នុង​ចំណោម​​ឧបការី​ថ្មី​ៗចំនួន​១៨​រូប​​​​​​​​របស់ ​ACU មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខា​ធិការ និង​​​​រដ្ឋលេខាធិការ​ដែល​មាន​ប្រសិទ្ធភាព​ភ្លាមៗ។

ការ​តែង​តាំង​នេះ​​​​​​​​ត្រូវ​​​បាន​​​​​​​​​ស្នើឡើង​​​​ដោយ​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ដែល​កាល​ពី​ថ្ងៃ​សុក្រ​ក៏​បាន​ចុះ​​ហត្ថលេខា​លើ​អនុក្រឹត្យ​ដោយ​ឡែក​មួយ​​​​​​ប្រកាស​​តែង​តាំង​ឧបការី​​ឋានៈ​​​ទាប​​​ជាង​​​​​​ចំនួន​​​ប្រាំមួយ​រូប​​សម្រាប់​អង្គភាព​នេះ​។

លោក ឱម យ៉ិនទៀង បាន​បដិសេធ​មិន​និយាយ​ជាមួយ​អ្នក​យក​ព័ត៌មាន​​ទេកាលពី​ម្សិលមិញ ហើយ​លោក កែវ រ៉េមី អ្នក​នាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ឡើយ។ លោក នៅ​ រ៉ា ​ជា​​​មន្ត្រី​មួយ​រូប​នៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​​បាន​បង្វែរ​​សំណើ​សុំ​ការ​ឆ្លើយ​បំភ្លឺ​ត្រឡប់​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយវិញ​​​​។

លោក តុប សំ ប្រធាន​​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​ដែល​គ្រប់គ្រង​ពីលើ​​​​​​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ មិន​​បាន​​​​​​វែក​​​ញែក​​​អំពី​​​ការ​តែង​តាំង​​កូន​ប្រុស​របស់​លោក ឱម យ៉ិនទៀង ទេ ប៉ុន្តែ​បាន​​​​​​​និយាយ​​​ការ​ពារ​​​​​ថា​​​​​វា​​​ជាការ​តែង​តាំង​​​​​ជំនួយ​​​ការ​​​ទូទៅ​។ លោក​​​​​​បាន​​​មាន​​​​​​ប្រសាសន៍​​​​​​មុន​​ពេល​​​ផ្តាច់​​​ទូរស័ព្ទ​​​​​​​ថា ​”សូម​​​ក្រឡេក​​​មើល​​​គ្រប់​​​​​​អង្គ​​​ភាព​​​ទាំង​​​អស់។ ​មិនមែន​​​មាន​​​តែ​​​អង្គ​​​ភាព​​​ប្រឆាំងអំពើ​​​ពុក​​​រលួយ​​​​​​ទេដែល​​​​​​​​​ធ្វើ​​​ការ​​​​​​តែង​​​តាំង អង្គ​​​​​​ភាព​​​​​​​​​ផ្សេងៗ​​​ទៀត​​​ក៏​​​​​​តែង​​​​​​​​​តាំង​​​​​​ដែរ”។

លោក សុខ ឥសាន អ្នក​​​នាំពាក្យ​គណបក្ស​ប្រជា​​​ជន​កម្ពុជា​​ ​មាន​ប្រសាសន៍​ថា ​វា​ធម្មតា​ទេដែល​​​​គណបក្ស​កាន់​អំណាច​តែង​តាំង​កូន​​​​​របស់​​​​សមាជិក​ខ្លួន​​។ លោក​​​​​​បាន​​​លើក​​​ឡើង​​​អំពី​​​ការ​​​តែង​​​តាំង​​​​​​កូន​​​​​​ប្រុស​​​របស់​​​​​​លោក ឱម ​យ៉ិនទៀង ថា “វា​ជា​​​​​​រឿង​​​ធម្មតា​​ទេ។ គណ​បក្ស​​​ប្រជាជន​​​​​ជា​គណបក្ស​កាន់​អំណាច​ ហើយ​មិន​ដែលទៅ​​​​តែង​តាំង​​កូន​របស់​គណបក្ស​សង្គ្រោះ​​​​ជាតិ​ទេ។​ គណបក្ស​ប្រជាជន​​​​​ប្រាកដ​​​ជា​​​ត្រូវ​តែ​​តែង​តាំង​​យុវជន​របស់​គណបក្ស​ប្រជា​ជន ​ពីព្រោះ​យើង​មិន​អាច​តែង​តាំង​​យុវជន​របស់​គណបក្ស​​ផ្សេង​ទេ”។

ការ​អត្ថាធិប្បាយ​របស់​អ្នក​នាំពាក្យ​រូប​នេះ​​គឺ​ស្មើ​នឹង​ការ​ទទួល​ស្គាល់​​ការ​រើស​អើង​ខាង​នយោបាយ​។ ប៉ុន្តែ​​លោក​​បានបដិសេធ​​​​រាល់​​​ការ​​​ព្រលយ​ពាក្យ​​​​​​​អំពី​​​​​​​​​​​​​​បក្ខពួក​និយម ហើយ​បាន​ច្រាន​ចោល​​ការ​លើក​ឡើង​ថា ​ការ​តែង​តាំង​នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​។

លោក​​បាន​ថ្លែង​​​​ថា “​វា​មិន​មែន​ជា​បក្ខ​ពួក​និយម​​​​ទេ។ បក្ខពួក​និយម​ទាល់​តែ​​អ្នក​ដែល​​​​ទទួល​បាន​ការ​តែង​តាំង​គ្មាន​ចំណេះ​ដឹង។ ប៉ុន្តែ​​​ពួកគាត់​​​ [កូន​ប្រុស​របស់​លោក​ ឱម យ៉ិនទៀង​] ​​​​មាន​សមត្ថភាព​ធ្វើ​ការ​”។

​ព្រះរាជក្រឹត្យ​តែង​តាំង​​កូន​ប្រុស​របស់​លោក ឱម យ៉ិនទៀង ​​​​​មិន​​​បាន​​​​​​​ពណ៌នា​ពី​លក្ខណ​​​​​​​សម្បត្តិ​​​​​​​​របស់​​​​​​ពួកគេសម្រាប់​​មុខ​តំណែង​​​​ ឬ​​​​​​ថា​​​​​​តើ​​​ពួកគេ​មាន​​​​​​​​​ទស្សនៈ​​​អ្វីស្តីពី​អំពើ​ពុក​រលួយ​​​សម្រាប់​​ផ្ដល់​​យោបល់​​ដល់​​ឪពុក​របស់​ខ្លួន។ បង​ប្អូន​ទាំង​ពីរ​​​នាក់​​​​​​នេះ​​​​​ទំនង​ជា​​​ទទួល​​​បាន​​​​​ជោគ​ជ័យ​ដោយ​សារ​​​ឥទ្ធិពល​របស់​ឪពុក​​​​​​​ខ្លួន​​​​​​​​​​​​ក្នុង​​​​​​រយៈ​​​ពេល​​​​​​​​​​​រាប់​​​​​​ឆ្នាំ​​​មក​​​នេះ។

យោង​តាម​សារ​ទូរលេខ​សម្ងាត់ឆ្នាំ​​​២០០៩ ​​​​​មួយ​​​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ​ដែល​​​អង្គភាព​​​​ប្រឆាំង​​ការ​សម្ងាត់វីគីលីក​(WikiLeaks) បាន​ឲ្យ​ដឹង​ថា លោក ឱម ​យ៉ិនទៀង ​​ពុទ្ធិរ៉ា និង​ យ៉ិនទៀង ពុទ្ធិរិទ្ធ ដែល​ជាមន្ត្រី​ជាន់​ខ្ពស់​​​ក្នុង​ជួរ​កង​យោធពល​ខេមរភូមិន្ទ​ សុទ្ធតែមាន​​​តំណែង​​​​​​​ជា​ប្រធាន​នាយកដ្ឋាន​​​​​​​នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​​ភេរវកម្ម​។ សារ​ទូរលេខ​សម្ងាត់​​​​​​ដដែល​​បញ្ជាក់​ថា លោក ឱម យ៉ិនទៀង គឺ​​អនុប្រធាន​​លេខាធិកា​រដ្ឋាន​របស់​​គណៈកម្មាធិការ​នេះ។

លោក សន ជ័យ នាយក​ប្រចាំ​​ប្រទេស​នៃ​​​​​​​អង្គ​​​ការ​​​បណ្តាញគណ​នេយ្យភាព​សង្គម ​ដែល​​​​​​​​​​​​​​តស៊ូមតិដើម្បី​ឱ្យមាន​អភិបាលកិច្ចល្អ​មាន​ប្រសាសន៍​​ថា ការ​តែងតាំង​​ចុង​ក្រោយ​នេះ​​​ប្រាកដ​ជា​​ធ្វើ​ឱ្យ​ប៉ះ​ពាល់​​ដល់​​មុខ​មាត់​​របស់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុករលួយ ជា​ពិសេស​​​អំឡុង​ពេល​​រុះរើគណៈរដ្ឋ​មន្ត្រី​​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី។

លោក​​​​​​​​បាន​​​​​​បន្ត​​​​​​ទៀត​​​ថា “វាមិនមែនជារូប​ភាព​​ល្អ​​ទេសម្រាប់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​​នៅ​​​ពេល​​​នេះ ខណៈ​ក្រសួងផ្សេងៗទៀត​​ស្ថិត​​​​ក្រោម​​​​​​​ការ​​​​​​ធ្វើ​​​កំណែទម្រង់ និង​​​ខ​ណៈ​​ពេល​​​​គាត់​ ​[លោក ឱម យ៉ិនទៀង] ផ្តល់​ដំបូន្មាន​ដល់​​ក្រសួង​​​ដទៃ។ វា​ជាបក្ខពួក​និយម​មួយ​​ប្រភេទ”។

លោក​លើក​ឡើង​​ទៀត​ថា ​ការ​តែង​តាំង​​នេះ​​ក៏​ត្រូវ​បាន​​ចាត់​​​​ទុក​​ថា​​ផ្ទុយ​គ្នា​ស្រឡះ​​​​​​ផង​​​​​​​​​​​​ដែរ​​​​ទៅ​​នឹង​ការ​ស៊ើបអង្កេត​​របស់​អង្គ​ភាព​​​ប្រឆាំង​អំពើ​ពុករលួយ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​​​ខ្លាំង​លើ​​​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​​មជ្ឈ​ដ្ឋាន​​​​ជា​​​ច្រើន​​​​​​​មើល​​​ឃើញ​​​​ថា​​​វា​​​ជា​​​​​ការ​​វាយ​ប្រហារ​​​​ខាង​​នយោបាយ​​ទៅ​លើ​គណបក្ស​ប្រឆាំង។

លោក​មាន​ប្រសាសន៍​អំពី​​​ការ​តែង​តាំង​​នេះ​ថា “សាធារណជន​​​ប្រហែលជា​​បន្ថយ​ការ​​​​ជឿ​​ទុក​​​​​ចិត្ត​​​របស់​​ខ្លួន​​លើ​​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ។ ជាពិសេស​ពេល​នេះ សាធា​រណជន​​​កំពុង​​​សម្លឹង​​មើល​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ពួកគេកំពុង​សម្លឹង​មើល​​យ៉ាង​ប្រុង​ប្រយ័ត្ន”។

លោក កែម ឡី ដែល​បណ្ដាញ​ខ្មែរ​ដើម្បី​ខ្មែរ​របស់​លោក​តស៊ូ​​មតិ​ដើម្បី​ឲ្យ​​​​មាន​​​​​​អភិបាល​​​​​​​​កិច្ច​​​​ប្រជាធិបតេយ្យ និង​តម្លាភាព​​មាន​ប្រសា​សន៍​​​​​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មាន​កាតព្វ​កិច្ច​​​​​​ខាង​​​​សីលធម៌ ​​​ប្រសិន​បើ​​មិន​មែន​ជា​កាតព្វ​កិច្ច​ផ្លូវ​ច្បាប់ ​ក្នុង​ការ​បើក​ទូលាយ​បន្ថែម​ទៀត​អំពី​លក្ខណ​សម្បត្តិ​របស់​មន្ត្រី​ខ្លួន​។

លោក​ថ្លែង​ថា ការ​តែង​តំាង​កូន​ប្រុស​របស់​​លោក ឱម យ៉ិនទៀង ​នឹង​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​​​​​​ទូទៅ​​​យល់​​​​​​​​កាន់​​​តែ​​​ច្បាស់​​​​​​ថា ​​​មាន​​​បក្ខពួក​និយម និង​​​​​​អំពើ​ពុករលួយ​​​នៅ​ក្នុង​ជួរ​​​​គណបក្ស​ប្រជា​ជន​កម្ពុជា និង​​​ទស្សនៈ​​​លើ​​​​​​រដ្ឋាភិបាល​​​មួយ​​​​ដែល​​​ក្នុង​​​​​​នោះ​​​​ទំនាក់​ទំនង​គ្រួសារ​​​​ជួយ​​​​​​​ឲ្យ​មាន​​​​​លក្ខណសម្បត្តិ​គ្រប់​​​គ្រាន់​​​ផ្លូវ​ការ​។

លោក​​​​​​មាន​​​​​​ប្រសាសន៍​​​ទៀត​​​ថា ”​ទោះ​បី​ជា​​​​ពួកគេ​មាន​លក្ខណ​​​​សម្បត្តិ​ខ្ពស់​ក៏ដោយ ​ក៏​ពួកគេ​រក​​​​​​​​​​​​ការងារ​​​មិន​​​បាន​​​ដែរ ប្រសិន​បើ​ពួក​គេ​មិន​​​​​​ជាប់​​​ខ្សែលោហិតទេ​​​នោះ​។ ​​​កត្តា​​​នេះ​បាន​ក្លាយ​ជា​វប្បធម៌​បក្ខពួក​និយម​ ហើយ​ស្ថាប័ន​​​​គ្រួសារ​ជួប​ការ​លំបាក​​នៅ​ក្នុង​អាណត្តិ​បច្ចុប្បន្ន។ ​​វា​ជា​អំពើ​ពុករលួយ​មួយ​ប្រភេទ”៕ សុខុម​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស