29 C
Phnom Penh

អាជ្ញាធរហាម​ឃាត់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឱ្យ​​​​ដំឡើង​អង់តែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​​ក្នុង​ក្រុង​​តាខ្មៅ​ ខេត្ត​កណ្ដាល​បាន​​ហាម​ឃាត់​​គណបក្ស​សង្គ្រោះជាតិ​មិន​ឲ្យ​ដំឡើង​អង់តែន​ទូរទស្សន៍​នៅ​លើ​ដី​​ដែល​​ពួកគេ​បាន​ទិញ​នៅទីនោះទុក​​សម្រាប់​ស្ថានីយ​​​​ទូរទស្សន៍​គាំទ្រ​គណបក្ស​ប្រឆាំង​លើក​ដំបូង​ក្នុង​ប្រទេស​​​​កម្ពុជា ជា​​ផ្នែក​ដ៏សំខាន់​នៃ​កិច្ច​ព្រម​ព្រៀង​នយោ​​បាយ​ខែ​កក្កដា ឆ្នាំ​២០១៤។

លោក ហេង ធៀម អភិបាល​ក្រុង​តាខ្មៅ​បាន​មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​បាន​សម្រេច​​ហាម​ឃាត់​នេះ​បន្ទាប់ពី​មាន​ការដាក់​ពាក្យ​បណ្តឹង​​​កាលពី​ថ្ងៃទី​១៩ ខែ​កុម្ភៈ ដោយ​ប្រជា​ពល​រដ្ឋ​២១​គ្រួសារ​​ដែល​រស់​នៅ​ជុំវិញ​ដី​ដែល​​​ទុក​សម្រាប់​ដំឡើង​អង់តែន​ “ទូរទស្សន៍​ព្រះ​អាទិត្យ”​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ក្រុង​នេះ ដែល​ស្ថិត​នៅ​​​ប៉ែក​ខាង​ត្បូង​រាជ​ធានី​​ភ្នំពេញ​។

លោក​ ហេង ធៀម បាន​មាន​ប្រសាសន៍​ថា ”​យើង​បាន​សម្រេច​មិន​ផ្ដល់​ការ​អនុញ្ញាត​ដល់​គណ​បក្ស​សង្គ្រោះជាតិ​ដំឡើង​អង់តែន​សម្រាប់​ស្ថានីយ​ទូរទស្សន៍​របស់​ខ្លួន​ ពីព្រោះ​មាន​ប្រជា​ពលរដ្ឋ​តវ៉ាពីរឿង​នេះ​។ វា​មិន​​ពាក់​ព័ន្ធ​​នយោបាយ​ឡើយ​”។

​លោក​​បន្ថែម​ថា “​ប្រជាពលរដ្ឋក្នុង​មូលដ្ឋាន​​​​តវ៉ា​ជំទាស់​នឹង​គម្រោង​​ដំឡើង​អង់តែន​ទូរ​ទស្សន៍នេះ​ ពីព្រោះ​​​​គ្រួសារ​ទាំងនេះ​រស់​នៅ​ជុំវិញ​ដី​ដែល​គ្រោង​​ដំឡើង​អង់តែន​នេះ​ ហើយ​​​​ពួកគាត់​​បារម្ភ​ថា ពួកគាត់​នឹង​ទទួលរង​ជាត​ិ​​វិទ្យុ​សកម្ម​​ដែល​អាច​ប៉ះពាល់​​​​ដល់​សុខ​ភាព​របស់​ពួកគាត់​​”។

លោក​បាន​មាន​ប្រសាសន៍​ថា ”គ្រួសារ​ទាំង​​​​នោះទាម​ទារឱ្យ​គណបក្ស​នេះ​​​ស្វែង​រក​កន្លែង​​​ផ្សេង​ស្ថិត​​ក្នុង​ទីវាលឆ្ងាយ​​ពី​លំនៅ​ដ្ឋាន​​របស់​ពួកគាត់​”។ លោក​បាន​បន្ថែម​ថា អាជ្ញា​ធរ​ក្រុង​​​​នឹង​អនុញ្ញាត​ឲ្យ​​ទូរទស្សន៍​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ដំឡើង​អង់តែន​​​បាន​ “ក្នុង​ករណី​​ដែល​ពួកគេ​ស្វែង​រក​ការ​សម្រុះ​សម្រួល​ជាមួយ​​​​​ក្រុម​អ្នក​តវ៉ា​​តែ​ប៉ុណ្ណោះ”។

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា លោក​មាន​ការ​ភ្ញាក់​ផ្អើល​ដោយ​ឃើញ​អាជ្ញាធរ​អើ​ពើ​ខ្លាំង​ចំពោះ​​ក្រុម​អ្នក​តវ៉ា ហើយ​បាន​សួរ​​​ពីមូលហេតុ​ដែល​មន្ត្រី​ទាំង​នោះ​មិន​អើពើ​ចំពោះ​ការ​តវ៉ា​ធំៗ​ពាក់​ព័ន្ធ​​បញ្ហា​ផ្សេង​ទៀត​ក្នុង​​​​ពេល​កន្លង​មក​។ លោក​បានថ្លែង​ថា លោក​​​​សង្ឃឹម​ថា នឹង​ស្វែង​រក​ដំណោះស្រាយ​ដើម្បី​ដំឡើង​អង់តែន​តាមការ​គ្រោង​ទុក​។

លោក យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា ”​ខ្ញុំ​ចង់​និយាយ​ទៅ​កាន់​អាជ្ញាធរ​អំពី​បញ្ហា​នេះ។ វាពិត​ជា​ចម្លែក​ណាស់​ ព្រោះ​មាន​ប្រជា​​​ពលរដ្ឋ​តែ​ពីរ​បី​គ្រួសារ​ប៉ុណ្ណោះ​តវ៉ា ហើយ​ពួកគេ​លុប​ចោល​សំណើ​នេះ។ ប្រសិន​បើ​ដូច​នេះ​មែន សូម​ក្រឡេក​មើល​ការ​តវ៉ា​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​”។

លោក​បាន​សួរ​ថា ”​ប្រសិន​បើ​ប្រជាពល​រដ្ឋ​តែ​ពីរ​បី​គ្រួសារ​តវ៉ា​ធ្វើ​ឲ្យ​​ពួកគេ​លុប​ចោល​​សំណើ​នោះ ​ហេតុ​អ្វី​បានជា​យើង​មិន​លុប​ចោល​​​ដី​សម្បទាន​ទាំង​អស់​ដែល​​មាន​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​តវ៉ា​​ច្រើន​ឆ្នាំមកហើយ​នោះទៅ​?”។

លោក យឹម សុវណ្ណ បាន​បន្ថែម​ថា មាន​អង់តែន​ទូរទស្សន៍​ច្រើន​ទៀត​​ ដូច​ជា​អង់តែន​​​​ទូរទស្សន៍​មួយ​របស់​ទូរទស្សន៍​អប្សរា​​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ស្ថិត​ក្នុង​សង្កាត់​​បឹងកេងកង​១ ខណ្ឌចំការមន ​បាន​ផ្សព្វ​ផ្សាយ​ច្រើន​ឆ្នាំ​មក​ហើយ​ចេញពី​កណ្ដាល​រាជ​ធានី​ភ្នំពេញ។

លោក យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​​ថា ​”​​បើ​យើង​ក្រឡេក​មើល​បង្គោល​អង់តែន​ទូរទស្សន៍​ទាំង​អស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ យើង​ឃើញ​ថា ​អង់តែន​ទូរទស្សន៍​អប្សរា​ស្ថិត​​​​ចំ​កណ្ដាល​ក្រុង​តែ​ម្ដង​ ដែល​មាន​ផ្ទះ​មន្ត្រី​ជាន់​ខ្ពស់​​ជាច្រើន​នៅ​ជុំវិញ​នោះ​”។

លោក​បាន​បន្ថែម​ថា “​មិន​ត្រឹម​តែ​អង់តែន​​​មួយ​នោះ​ទេ ​មាន​អង់តែន​ច្រើន​ទៀត​ក្នុង​ក្រុង​ ហើយ​មិន​ដែលមាន​ការ​​តវ៉ា​ពី​រឿង​នេះ​ឡើយ។ ​​ហេតុ​អ្វី​មាន​​ការ​តវ៉ា​ចំពោះតែ​​ទូរទស្សន៍​ព្រះអាទិត្យមួយ​?”។

ទូរទស្សន៍​ដែល​ជា​ប្រភព​ដ៏សំខាន់​នៃ​ការ​ផ្ដល់​ព័ត៌មាន​ដល់​ប្រជាជន​ខ្មែរនោះ​ បច្ចុប្បន្ន​នេះ​​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​កាន់​អំណាច​។ ច្រើន​ឆ្នាំមកហើយ គណបក្ស​ប្រឆាំង​បាន​​ត្អូញត្អែរ​​​ចំពោះ​​ការ​ហាម​ឃាត់​មិន​ឱ្យ​​ខ្លួន​ធ្វើ​ការ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍ បើ​ពុំ​ដូច្នោះ​ទេ​​នឹង​ត្រូវ​​​ចាត់ទុក​ថា​ជា​​ឧក្រិដ្ឋជន​។ គណ​បក្ស​បាន​ស្នើ​សុំបង្កើត​​ស្ថានីយ​ទូរទស្សន៍​ផ្ទាល់​ខ្លួនជា​​យូរ​មក​ហើយ​ ហើយ​បាន​ស្វះ​ស្វែង​​​​រក​អាជ្ញាប័ណ្ណ​ជា​ផ្នែក​នៃ​កិច្ច​ព្រមព្រៀង​នយោ​​បាយ​ខែ​កក្កដា ឆ្នាំ​២០១៤។

កិច្ច​ព្រមព្រៀង​នេះ​បាន​បញ្ចប់​ការ​ធ្វើ​ពហិ​ការ​​រដ្ឋសភា​រយៈ​ពេល​​១ឆ្នាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បន្ទាប់ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ដ៏ចម្រូងចម្រាស​ ហើយ​បាន​ឈាន​ដល់​ការ​សម្រេច​បាន​​ “វប្បធម៌​សន្ទនា​” រវាង​គណបក្ស​ទាំង​ពីរ​ ជា​ការ​រៀបចំ​ដែលត្រូវ​បាន​បោះ​បង់​ចោល​តាំងពីរ​យូរ​មក​ហើយ​ ដោយ​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​​​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ ហើយ​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​និរទេស​ខ្លួន​ដោយ​ខ្លួន​ឯង​​​ដើម្បី​​​គេច​ពី​ការ​ផ្ដន្ទាទោស​។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​មិន​បាន​ឆ្លើយ​តប​ចំពោះ​សំណើ​សុំ​អត្ថា​ធិប្បាយ​​អំពី​ការ​ដំឡើង​អង់តែន​ទូរ​ទស្សន៍​​របស់​គណបក្សសង្គ្រោះ​ជាតិ​ទេ​​។ ប៉ុន្តែ​លោក ​​​សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ពីមុន​ជា​អគ្គនាយក​ទូរទស្សន៍​​អប្សរា​​​​បាន​មាន​ប្រសាសន៍​ថា ​អាជ្ញាធរ​មិនបាន​អនុវត្ត​​​ស្ដង់ដារ​ពីរ​ឡើយ​។

លោក សុខ ឥសាន បាន​មាន​ប្រសាសន៍​​ថា ”បញ្ហា​ដំឡើង​អង់តែន​មិន​ពាក់​ព័ន្ធ​ការ​រើស​អើង​ទេ ពីព្រោះ​មាន​ការ​តវ៉ា​​ពី​សំណាក់​អ្នក​ភូមិ​ក្នុង​មូលដ្ឋាន ដូច្នេះ​ហើយ​អាជ្ញាធរ​មូល​ដ្ឋាន​​​​ត្រូវ​ថ្លឹង​ថ្លែងអំពី​​បញ្ហា​នេះ​។ ដូច្នេះ​លោក​ យឹម ​​​សុវណ្ណ គួរ​យល់​ពី​បញ្ហា​​នេះ​​ ហើយ​កុំ​មាន​គំនិត​​​​​អវិជ្ជមាន​អំពី​រឿង​នេះ​”។

លោក​បាន​ថ្លែង​ថា ”​​ហេតុ​អ្វី​បាន​ជា​គាត់​ប្រៀប​ធៀប​ករណី​នេះ​ជាមួយ​ទូរទស្សន៍​អប្សរា ដោយ​លើក​ឡើង​ថា ​ទូរទស្សន៍​អប្សរា​ស្ថិត​នៅ​​​​កណ្ដាល​រាជធានីទៅវិញ?។ អង់តែន​​​ទូរ​ទស្សន៍​​​​អប្សរា​​​ត្រូវ​បាន​ដំឡើង​តាំង​ពី​ឆ្នាំ​១៩៩៦​មក​ម្លេ៉ះ ដូច្នេះ​វា​ជា​ពេល​វេលា​ខុស​គ្នា​ទាំង​ស្រុង។ ​​វា​ខុស​គ្នា​២០​ឆ្នាំ​​ឯណោះ”។

លោក​បាន​បន្ថែម​ថា “​គាត់​លើក​ឡើង​ខុស​ហើយ​ ពីព្រោះ​ឆ្នាំ​២០១៦​មិន​អាច​​យក​មក​ប្រៀបធៀប​ជាមួយ​​ឆ្នាំ​១៩៩៦​បាន​ឡើយ។ នៅ​ពេល​នោះ​​ វា​គ្មាន​បញ្ហា​ទេ​ចំពោះ​ការ​ដំឡើង​​​​អង់តែននៅកន្លែង​ណាក៏ដោយ ព្រោះ​​​​មាន​មនុស្ស​តិច​តួច​​ លើក​លែង​តែ​នៅ​ម្តុំ​ព្រះ​បរមរាជវាំង​។

លោក សុខ ឥសាន​ បាន​បន្ថែម​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះជាតិ​ដោះ​ស្រាយ​ជាមួយ​​​​អ្នក​ជិត​ខាង​របស់​ខ្លួន​បាន គ្មាន​បញ្ហា​ឡើយ​​។ លោក​ថ្លែងថា “ប្រសិន​បើ​ការ​ដំឡើង​អង់តែន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​​សប្បាយ​ចិត្ត​​ វា​មិន​អី​ទេ”។

លោក គល់ បញ្ញា នាយក​​ប្រតិបត្តិ​គណៈ​កម្មាធិការ​​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​​យុត្តិធម៌​​បាន​​​ស្នើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​សម្របសម្រួល​ការ​ពិភាក្សា​រវាង​គណ​បក្ស​សង្គ្រោះ​ជាតិ និងគ្រួសារ​ដែល​ធ្វើ​ការ​តវ៉ា​ ដើម្បី​ផល​ប្រយោជន៍​​ការ​បោះ​ឆ្នោត​​ដែល​​​​អាច​​​​ទទួល​យក​បាននៅ​​ឆ្នាំ​២០១៧ និង​២០១៨​។

លោកបាន​​មាន​ប្រសាសន៍​ថា ”​ទូរទស្សន៍​គឺ​​សំខាន់​ណាស់​ដើម្បី​​ធានា​ថា ការ​ប្រកួត​ប្រជែង​​​មាន​តុល្យភាព​រវាង​គណបក្ស​កាន់អំណាច និង​​​គណ​បក្ស​​ប្រឆាំង​។ ប្រជាពលរដ្ឋ​ជាច្រើន​នៅ​មិន​​ទាន់​មាន​អុីនធឺណិត​ប្រើ​ប្រាស់​នៅ​ឡើុយ​ ប៉ុន្តែ​ពួកគាត់​អាច​មើល​ទូរទស្សន៍​បាន ហើយ​ពួក​គាត់​អាច​មើល​​ទូរទស្សន៍​​របស់​គណបក្ស​ប្រឆាំង​។

លោក គល់ បញ្ញា មាន​​ប្រសាសន៍​ថា “ឥឡូវ​​​​នេះ​ មាន​តែ​គណបក្ស​កាន់អំណាច​ប៉ុណ្ណោះ​គ្រប់គ្រង​ទូរទស្សន៍​ ហើយ​យ៉ាង​ហោច​ណាស់​​​គួរ​មាន​ទូរទស្សន៍​មួយសម្រាប់​​គណបក្ស​មិន​កាន់​អំណាច​។ ដូច្នេះ​ហើយ​ ពួកគេ​​ត្រូវ​តាំង​ចិត្ត​ជួយ​គ្នា​​ទៅវិញ​ទៅ​មក។ បញ្ហា​នេះ​​ស្ថិត​ក្នុង​កិច្ច​ព្រមព្រៀង​របស់ខ្លួន​ ហើយ​ពួក​គេ​គួរ​កសាង​ទំនុក​ចិត្ត​ទៅវិញ​ទៅ​មក​”។

លោក​បានមាន​ប្រសាសន៍​បន្ថែម​ទៀត​​ថា ទាំង​គណបក្ស​កាន់​អំណាច និង​គណបក្ស​មិន​កាន់​អំណាច​​​ត្រូវ​​រីករាយ​​​ចំពោះ​ដំណើរ​ការ​នេះ​ ”​ប្រសិន​បើ​យើង​ចង់​បាន​ការ​បោះ​ឆ្នោត​​​​ត្រឹម​ត្រូវ “៕ សារុន​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស