28 C
Phnom Penh

សវនាការ​​ជំនុំជម្រះ​​​​​មនុស្ស​បី​នាក់​ដែល​វាយ​តំណាង​រាស្ត្រ​ចាប់​ផ្ដើម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ម្នាក់​ក្នុង​ចំណោម​បុរស​បី​នាក់​​​​ដែល​ឡើង​សវនាការ​​ជំនុំជម្រះ​ទោស​​ពីបទ​​វាយ​ដំ​​យ៉ាង​សាហាវ​​លើ​​តំណាង​រាស្ត្រ​​​គណបក្ស​ប្រឆាំង​ពីរ​រូប​កាលពី​ឆ្នាំ​មុន ​បាន​​សារភាព​ក្នុង​តុលា​ការ​​​​​កាលពី​ម្សិលមិញ​​ថា ​ខ្លួន​និង​សហចុង​ចោទ​​របស់​ខ្លួន​គឺ​ជា​​អង្គរក្ស​មកពី​​​អង្គភាព​អង្គរក្ស​​ផ្ទាល់​​​​ខ្លួន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ជា​ការ​អះអាង​​មួយ​ដែល​​កន្លង​មក​​មន្ត្រី​បាន​បដិ​សេធ​​យ៉ាង​​​​ដាច់​អហង្ការ​​​។

ចាយ សារិទ្ធ អាយុ​៣៣​ឆ្នាំ ម៉ៅ ហឿន អាយុ​៣៤​ឆ្នាំ និង​ សុត វណ្ណនី អាយុ​​៤៥​ឆ្នាំ ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​​មាន​ស្ថានទម្ងន់ទោស​ និង​​បទ​បង្ក​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា​​មាន​ស្ថានទម្ងន់ទោស​ ចំពោះ​ការ​ជាប់​ពាក់​ព័ន្ធ​​របស់​ពួកគេ​នៅ​ក្នុង​ការ​​​វាយ​ដំ​​តំណាង​រាស្ត្រ​​គណបក្ស​សង្គ្រោះជាតិ​ពីរ​រូប​គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា នៅ​ខាង​ក្រៅ​រដ្ឋសភា​កាលពីខែ​តុលា។

ស្ថិត​ក្រោម​ការ​សាកសួរ​​កាលពី​ម្សិលមិញ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយ​លោក ​​ជូង ជូងី មេធាវី​​​តំណាង​ឲ្យ​​ដើម​ចោទ​ ឈ្មោះ ចាយ សារិទ្ធ ​បាន​សារភាព​​ដោយ​ស្ទាក់ស្ទើរ​ថា ខ្លួន​​ជា​អង្គរក្ស​មកពី​អង្គភាព​​​កង​អង្គរក្ស​នាយក​រដ្ឋមន្ត្រី។

cam-photo-front-channa-6-800x533ចាយ សារិទ្ធ ​និយាយ​​ដោយ​បដិសេធ​មិន​​​បញ្ចេញ​ឈ្មោះ​​ថ្នាក់​លើ​របស់​ខ្លួនថា ​​”​បាទ​​​​​គឺ​ខ្ញុំ​មែន” ប៉ុន្តែ​ក្រោយ​មក​និយាយ​ថា ​ខ្លួន​ធ្វើ​ការ​​ជាមួយ​បុរស​​​ពីរ​នាក់​ទៀត​ដែល​ឡើង​សវនា​​​ការ​ជំនុំជម្រះ​។ ​គាត់​និយាយ​ថា “​ពួកគេ​​ធ្វើ​ការ​​​​ជាមួយ​ខ្ញុំ​នៅ​អង្គភាព​កង​អង្គរក្ស​”។

លោក ញ៉យ ចំរើន និង​លោក គង់ សភា ​​ត្រូវ​​​គេ​ចាប់​ទាញ​ទម្លាក់​​​​ពី​រថយន្ត​ ហើយ​​​​វាយ​ដំ​នៅ​ខាង​ក្រៅ​រដ្ឋសភា​​​កាលពី​ថ្ងៃទី​២៦ ខែ​តុលា ខណៈ​លោក​ទាំង​ពីរ​ព្យាយាម​​ចាក​ចេញ​ពី​បរិវេណ​រដ្ឋសភា​​អំឡុង​​​​​​​ការ​​តវ៉ា​គាំទ្រ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ដែល​ទាម​ទារ​ឲ្យ​ដក​​លោក ​​កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង​​ចេញ​ពី​តំណែង​អនុប្រធាន​រដ្ឋសភា​។

ចាយ សារិទ្ធ ​​បដិសេធ​ការ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ ប៉ុន្តែ​​​បាន​សារ​ភាព​ទទួល​ស្គាល់​ការ​បង្ក​អំពើ​ហិង្សា​ដោយ​​​​ចេតនា​ ដែល​រៀបរាប់​​ពី​​សកម្មភាព​ខ្លួន​វាយ​ដំ​លោក គង់ សភា។ បទល្មើស​ទាំង​នេះ​​ត្រូវ​​ជាប់​​ពន្ធនាគារ​បញ្ចូល​គ្នា​​​​​​​​រហូត​ដល់​១០​ឆ្នាំ។ ​​

អង្គរក្ស​រូប​នេះ​បាន​ប្រាប់​តុលាការ​ថា ​ខ្លួន​បាន​ដើរ​ចុះ​ដើរ​ឡើង​ដើម្បី​​អង្កេត​មើល​ការ​តវ៉ា​នោះ​នៅ​ម៉ោង​ប្រហែល​៧និង​៣០​នាទី​ព្រឹក។ “​ខ្ញុំ​គ្រាន់តែ​ឈរ​​អង្កេត​មើល​ប៉ុណ្ណោះ ​ហើយ​ខ្ញុំ​​មិន​បាន​​ចូល​រួម​​ការ​តវ៉ា​ទេ”។​

គាត់​និយាយ​ទៀត​ថា ខ្លួន​បាន​​ផ្ទុះ​កំហឹង​នៅ​​​ពេល​លោក គង់ សភា ​​​អើត​ក​​តាម​បង្អួច​រថ​យន្ត​ ហើយ​ប្រមាថ​គាត់​អំឡុង​ពេល​ថ្ងៃត្រង់។ “នៅ​​​​​​ពេល​គាត់​ឈប់​ គាត់​បាន​បើក​បង្អួច​ហើយ​ស្រែក​ថា ‘ពួក​អាយ៉ង​យួន ពួក​ហ្អែង​មក​ធើ​អី?​ ពួក​ហ្អែង​មក​ធ្វើ​បាតុកម្ម​​ឲ្យ​យួន​នៅ​ក្នុង​សភា​​ហ្អេស​?’។ ខ្ញុំ​បាន​បើក​​​ទ្វារ​ឡាន​​គាត់​ ហើយ​ដាល់​មុខ​គាត់​មួយ​ដៃ​ បន្ទាប់​មក​ទាញ​គាត់​ចេញពី​ឡាន​។ គាត់​បាន​ដួល​ ហើយ​ខ្ញុំ​ក៏​ទាត់​ខ្លួន​​គាត់​មួយជើង​ទៀត​”។ គាត់​​និយាយ​ទៀត​ថា គាត់​ផ្ទុះ​កំហឹង​បែប​នេះ​​ដោយ​​​​សារ​អាកាសធាតុ​ក្ដៅ ​ហេវ​ហត់​​ និង​ឃ្លានខ្លាំង​​។

គាត់​​និយាយ​ទៀត​ថា គាត់​បាន​ទ្រាំ​​នឹង​​​​​ការ​ស្រេក​​ឃ្លាន​បែប​នេះ​អស់​រយៈពេល​​៥ម៉ោង​នៅ​​​ឯ​ការតវ៉ា​មួយ​​ដែល​គាត់​​មិន​ទាំង​បាន​ចូល​រួម​ ពីព្រោះ​គាត់​​គ្រាន់​តែ​ “ប្រមូល​​” ព័ត៌មាន​ប៉ុណ្ណោះ​ ប៉ុន្តែ​បាន​បដិសេធ​មិន​និយាយ​ថា យក​ការណ៍​ឲ្យ​​អ្នក​ណា​ទេ​។ គាត់​មិន​ដឹង​ថា បុគ្គល​នៅ​ខាង​​ក្នុង​រថយន្ត​​ដែល​ចាក​ចេញ​ពី​រដ្ឋសភា​​ជា​តំណាង​រាស្ត្រ​​ឡើយ​។

​មុន​ពេល​ ចាយ សារិទ្ធ សារភាព​ថា ខ្លួន​ជា​អង្គរក្ស​មកពី​អង្គភាព​កង​អង្គរក្ស​នាយក​រដ្ឋមន្ត្រី​ លោក សម សុគង់ ​មេធាវី​មួយ​រូប​ទៀត​​​​ដែល​តំណាង​ឲ្យ​ដើម​ចោទ​​ ត្រូវ​បាន​​​រំខាន​​​​ម្ដង​ហើយ​ម្ដង​ទៀត​ដោយ​សារ​ការ​ជំទាស់​ពី​ព្រះរាជអាជ្ញារង​ ស៊ិន វីរៈ នៅ​ពេល​លោក​ព្យាយាម​សាក​សួរ​ ចាយ សារិទ្ធ អំពី​ការ​ពាក់​ព័ន្ធ​របស់​គាត់​។

លោក សម សុគង់ បាន​សួរ​ថា “តើ​ទីបញ្ជា​ការ​​​​អង្គភាព​កង​អង្គរក្ស​ដែល​លោក​ធ្វើ​ការ​​នៅ​​​កន្លែង​ណា​ ហើយ​អ្នក​ណា​ជា​​មេបញ្ជា​ការ​​?” ដោយ​នៅ​ចំណុច​មួយ​​លោក ស៊ិន វីរៈ បាន​​ទាញ​​​​​ទឡ្ហីករណ៍​​ថា ការ​សាកសួរ​​​នោះ​មិន​ពាក់​ព័ន្ធ​គ្នា​។

ព្រះរាជអាជ្ញារង​រូប​នេះ​​​មាន​ប្រសា​សន៍​ថា ”​ទោះបី​ជា​​គាត់​ធ្វើ​ការ​ឲ្យ​អង្គភាព​នោះ​ក៏​ដោយ ​ក៏​ការ​ប្រព្រឹត្ត​​បទល្មើស​របស់​គាត់​​គឺ​ជា​រឿង​បុគ្គល​ ប្រសិន​បើ​យើង​និយាយ​​អី​ប៉ះ​ពាល់​ដល់​អង្គភាព​ វា​នឹង​ប៉ះពាល់​ដល់​ស្ថាប័ន​រដ្ឋ​”។ ចៅក្រម​ជំនុំជម្រះ ហេង​ សុខណា ​បាន​យល់​ស្រប​ថា ​ការ​​ស្គាល់​​ការ​ងារ​ កន្លែង​ធ្វើ​ការ​ និង​ភារកិច្ច​របស់​ចុង​ចោទ​គឺ​សុទ្ធតែ​ពាក់​ព័ន្ធ​នឹង​សំណុំរឿង​នេះ​។

ការ​ស៊ើបអង្កេត​​​លើ​ការ​វាយ​ដំ​​​តំណាង​រាស្ត្រ​​​​ខូច​​ដោយ​សារ​​ការ​ចោទ​ប្រកាន់​ថា មាន​​​ភាព​លម្អៀង​ខាង​នយោបាយ​ចាប់​តាំង​ពី​​មាន​​ការ​ប្រកាស​ថា ​ក្រុម​ស៊ើប​​​អង្កេត​​​​ដែល​មាន​សមា​​ជិក​ប្រាំបី​រូប​ នឹង​សុទ្ធតែ​​ជា​មន្ត្រី​​មាន​សមា​ស​ភាព​មកពី​គណបក្ស​ប្រជាជន​។

កាលពី​ដំបូង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស (HRW) បាន​បញ្ជាក់អត្តសញ្ញាណ​បុរស​ទាំង​នេះ​​ថា ជា​អង្គរក្ស​មកពី​អង្គភាព​​កង​អង្គរក្ស​​​របស់​លោក ហ៊ុន សែន នៅ​ក្នុង​របាយការណ៍​មួយ​កាលពី​ចុង​ខែ​មករា​ស្ដីអំពី​ស្ថានភាព​នយោ​​បាយ​ដែល​កាន់​តែ​​​អាក្រក់ទៅ​​នៅ​កម្ពុជា​។

លោក ហ្វីល រ៉ូបឺតសុន ​​អនុប្រធាន​​​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​​ប្រចាំ​តំបន់​​​​​អាស៊ី​បាន​មាន​ប្រសាសន៍​​កាលពី​ម្សិលមិញ​ថា ​​ការ​​រារាំង​​​សំណួរ​​​​ដោយ​ព្រះរាជអាជ្ញារង​ និង​ចៅក្រម​ ជា​​​​​ភ័ស្តុតាង​បញ្ជាក់​​ថា​តុលាការ​មាន​ភាព​លម្អៀង​។ ​លោក​បាន​លើក​ឡើង​តាម​រយៈ​សារ​អេឡិច​ត្រូនិក​ថា “​មិន​ចាំបាច់​ឆ្ងល់​ទេ ព្រះរាជអាជ្ញា និង​ចៅក្រម​​កំពុង​ធ្វើ​ការ​រួម​គ្នា​ក្នុង​សំណុំរឿង​តុលាការ​ដូច​នេះ​”។

លោក គង់ សភា ដែល​បាន​ធ្វើ​ពហិការ​មិន​ចូល​​សវនាការ​​ជាមួយ​លោក ញ៉យ ចំរើន​ ​ថ្លែង​ថា ការ​​ស្វែង​រក​​យុត្តិធម៌​តាម​រយៈ​​ប្រព័ន្ធ​ច្បាប់​របស់​កម្ពុជា​​​គឺ​អត់​ប្រយោជន៍​។ ”​ខ្ញុំ​គ្មាន​​ជំនឿ​លើ​តុលាការ​ទេ”៕ សុខុម (រាយការណ៍​បន្ថែម​ដោយ Taylor O’Connell)​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស