កំពុងបញ្ចុកបបរក្មួយស្រីរបស់នាងនៅក្រៅផ្សារអូឡាំពិកក្នុងក្រុងភ្នំពេញនៅឆ្នាំ១៩៩៩ តាត ម៉ារីណា កាលនោះមានអាយុ១៥ឆ្នាំ ជាស្រីកំណាន់របស់លោក ស្វាយ ស៊ីថា មន្ត្រីគណបក្សប្រជាជនកម្ពុជា ត្រូវបានភរិយារបស់មន្ត្រីរូបនេះទាញអូសនៅនឹងដី ហើយបន្ទាប់មកបានចាក់ទឹកអាស៊ីតនីទ្រីកមួយលីត្រលើរូបនាង។
អំពើសងសឹកដ៏សាហាវនេះបានធ្វើឡើងទាំងកណ្តាលថ្ងៃ បានធ្វើឲ្យបបូរមាត់របស់កញ្ញា ម៉ារីណា រលាកទៅជាពងបែក ស្បែកនៅត្រង់មុខ ក ខ្នង ចង្កេះ និង កដៃរបស់នាងបានរលាយរួញចូលគ្នា។ ក្រុមវេជ្ជបណ្ឌិតត្រូវវះកាត់ត្រចៀកទាំងពីររបស់នាងចេញ ហើយបន្ទាប់មក តារាវីដេអូនេះមិនអាចនិយាយរួចអស់រយៈពេលជាច្រើនខែ។
នគរបាលមិនដែលអនុវត្តដីកាចាប់ខ្លួនភរិយាលោក ឈ្មោះ ឃួន សុផល ទេ ហើយលោក ស៊ីថា ដែលនៅឆ្នាំ២០០៩បានអះអាងថា ជាជនរងគ្រោះម្នាក់ក្នុងរឿងក្តីនេះ គឺក្រោយមកទទួលបានការដំឡើងតំណែងពីអនុរដ្ឋលេខាធិការនៅទីស្តីការគណៈរដ្ឋមន្ត្រី ទៅជារដ្ឋលេខាធិការ ដែលលោកនៅធ្វើការសព្វថ្ងៃនេះ។
និទណ្ឌភាពឥតលាក់បាំងបែបនេះបង្ហាញភាពខុសគ្នាដាច់ស្រឡះទៅនឹងការស៊ើបអង្កេតថ្មីៗលើរឿងស្នេហាក្រៅអាពាហ៍ពិពាហ៍ដែលគេចោទលើលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង ដោយមានទាំងការស៊ើបអង្កេតពីនគរបាលប្រឆាំងភេរវកម្ម គឺមន្ត្រីគណបក្សប្រឆាំងម្នាក់ត្រូវចាប់ខ្លួន ហើយករណីនេះក៏ឈានទៅដល់តុលាការរួចហើយដែរ។
ការយកចិត្តទុកដាក់ដោយអាជ្ញាធរលើករណីរបស់លោក សុខា មិនបានឆ្លងផុតដោយគ្មានការចាប់អារម្មណ៍ពីអ្នកស្រី ម៉ារីណា ដែលបាននិយាយតាមរយៈសារកាលពីយប់ថ្ងៃច័ន្ទថា នាងចង់ឲ្យអាជ្ញាធរធ្វើការស៊ើបអង្កេតហ្មត់ចត់បែបនេះលើការវាយប្រហារដែលបានធ្វើឲ្យរាងកាយរបស់នាង៤០ភាគរយមានស្លាកស្នាម។
នាងបាននិយាយពីរដ្ឋម៉ាសាឈូសេត ដែលនាងបានទទួលការវះកាត់កែឡើងវិញជាច្រើនឆ្នាំ ហើយឥឡូវនេះធ្វើការនៅហាងលក់ដូរមួយថា “ខ្ញុំនៅតែមិនអាចទទួលបានយុត្តិធម៌ពិត។ ប្រព័ន្ធតុលាការរបស់ប្រទេសកម្ពុជាជារឿងកំប្លែង”។
ម៉ារីណា បាននិយាយថា “ប្រព័ន្ធតុលាការរបស់កម្ពុជាបម្រើតែបក្ខពួកខ្លួន។ ប្រសិនបើគេមិនបម្រើបក្ខពួកខ្លួន ខ្ញុំមានយុត្តិធម៌ទៅហើយ”។
នាងបាននិយាយថា “ខ្ញុំមិនមែនជាអ្នកនយោបាយទេ ប៉ុន្តែខ្ញុំចង់បានស្មើភាព។ ខ្ញុំចង់ឃើញការប្រព្រឹត្តលើពលរដ្ឋស្មើៗគ្នា។ មិនថាពួកគេមកពីណាទេ”។ នាងបាននិយាយបន្ថែមថា សមភាពបែបនេះពិតជាមិនមាននៅប្រទេសកម្ពុជាទេ។
នាងបាននិយាយថា “ឧទាហរណ៍ ក្នុងករណីជាច្រើនរវាងអ្នកមាននិងអ្នកក្រ អ្នកមានតែងតែឈ្នះ គឺមិនថារឿងអ្វីនោះទេ! ប្រសិនបើគេមិនអាចរកឃើញកំហុសអ្នកទេ គេនឹងរកគ្រប់វិធីធ្វើឲ្យអ្នកចុះចាញ់។ គេមិនខ្វល់ថាតើប្រជាជនរស់ឬស្លាប់ទេ។ គេគិតតែអំពីលុយនិងអំណាចប៉ុណ្ណោះ”។
ផ្ទុយនឹងការស៊ើបអង្កេតទូលំទូលាយថ្មីៗនេះលើលោក សុខា និងស្រីកំណាន់ដែលគេចោទថារបស់លោក ហើយមកដល់សប្តាហ៍មុននាងបានបដិសេធរឿងស្នេហានោះ សមត្ថកិច្ចដែលស៊ើបអង្កេតករណីរបស់នាង ម៉ារីណា បន្ទាប់ពីការជះទឹកអាស៊ីតនៅខែធ្នូឆ្នាំ១៩៩៩ គឺហាក់ដូចជាមិនចង់យកមកផ្ដន្ទាទោសទេ។
នគរបាលនៅពេលនោះបានទទួលស្គាល់ថា រថយន្តមួយគ្រឿងដែលរឹបអូសបាននៅកន្លែងកើតហេតុ ត្រូវបានប្រគល់ទៅឲ្យគ្រួសាររបស់លោក ស៊ីថា បន្ទាប់ពីមានបញ្ជាពីថ្នាក់លើ សូម្បីនៅពេលដែលពួកគេបានកំណត់ភ្លាមៗថា លោកស្រី សុផល ជាជនសង្ស័យសំខាន់បំផុត និងបានចេញដីកាចាប់ខ្លួន ដែលមិនដែលបានអនុវត្ត។
រយៈពេលជាច្រើនឆ្នាំ អង្គការសិទ្ធិមនុស្សបានតវ៉ាអំពីនិទណ្ឌភាពនេះ ខណៈដែលលោកស្រី សុផល និងលោក ស៊ីថា បន្តរស់នៅដោយគ្មានផលលំបាកអ្វីបន្តិចសោះ។ នៅពេលនោះ អត្ថបទមួយរបស់កាសែត ខេមបូឌា ដេលី នៅខែវិច្ឆិកាឆ្នាំ២០១១ បានធ្វើឲ្យទីស្តីការគណៈរដ្ឋមន្ត្រីចេញជាសាធារណៈនូវការកាត់ឲ្យជាប់ទោសចំពោះលោកស្រី សុផល។
អត្ថបទបាននិយាយថា លោកស្រី សុផល តាមពិត ត្រូវបានកាត់ឲ្យជាប់ទោសនៅខែមេសាឆ្នាំ២០០១ ពាក់ព័ន្ធនឹងការជះទឹកអាស៊ីត នឹងបានសម្រេចឲ្យជាប់ទោសព្យួរមួយឆ្នាំ ដែលនគរបាលតាមមើលទៅមិនបានដឹងរយៈពេល១០ឆ្នាំមុនមកហើយ ក្នុងពេលដែលពួកគេការពារកុំឲ្យគេនិយាយថានិទណ្ឌភាព។
ភរិយារបស់លោក ស៊ីថា មិនដែលបានជាប់ពន្ធនាគារមួយថ្ងៃណាទេចំពោះការជះទឹកអាស៊ីតលើ ម៉ារីណា។
ទាក់ទងកាលពីថ្ងៃអង្គារ លោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយលោក ស៊ីថា បាននិយាយថា ការកាត់ឲ្យលោកស្រី សុផល ជាប់ទោសបានធ្វើឲ្យលុបលើការចោទប្រកាន់ណាមួយអំពីនិទណ្ឌភាពហើយ។
លោក សុធា បាននិយាយថា “តុលាការបានអនុវត្តនីតិវិធីរបស់គេហើយ និងបានសម្រេចការដាក់ទោស។ តើលោកទើបតែភ្ញាក់ពីដេកឬ? សំណុំរឿងនេះបានបញ្ចប់រួចរាល់ហើយ ដូច្នេះហេតុអ្វីនៅតែជជីកបង្កើតបញ្ហាទៀត?”។
អ្នកនាំពាក្យរូបនេះបានស្តីបន្ទោសការដែលលើកឡើងថា កម្រិតខុសគ្នាដែលករណីទាំងពីរត្រូវបានធ្វើឡើងនោះ គឺគួរឲ្យឆ្ងល់។
លោក សុធា បាននិយាយថា “តើខ្ញុំអាចប្រៀបធៀបរឿងក្តីមួយដែលដាក់ទោសរួចរាល់ច្រើនឆ្នាំហើយទៅនឹងរឿងក្តីបច្ចុប្បន្នយ៉ាងម៉េច?” លោកបាននិយាយបន្ថែមថា ការប្រព្រឹត្តកន្លងផ្លូវភេទរបស់លោក សុខា គឺត្រូវបានរិះគន់ត្រឹមត្រូវដោយរដ្ឋ។
“កឹម សុខា ជាមេដឹកនាំនៃអ្នកនយោបាយប្រឆាំងដែលប្រកួតប្រជែងជាមួយនាយករដ្ឋមន្ត្រី ដូច្នេះគ្រប់សកម្មភាពរបស់គាត់ត្រូវតែត្រឹមត្រូវនិងមានសីលធម៌។ ចំពោះបញ្ហាបុគ្គល នៅពេលដែលដៃគូរបស់គាត់លាតត្រដាងស្នេហារបស់ពួកគេ វាប៉ះពាល់ដល់សាធារណជន។ តើគាត់អាចធ្វើឲ្យប្រជាជនជឿទុកចិត្តលើគាត់យ៉ាងម៉េចកើត?”
លោក សុធា បាននិយាយថា លោក ស៊ីថា នៅក្រៅប្រទេស ដូច្នេះមិនអាចធ្វើអត្ថាធិប្បាយបានទេ។
រឿងរ៉ាវរបស់ ម៉ារីណា មិនមែនជាករណីតែមួយគត់ ដែលមានមន្ត្រីគណបក្សប្រជាជនកម្ពុជាជាន់ខ្ពស់ម្នាក់បានជាប់ពាក់ព័ន្ធក្នុងការអះអាងទាក់ទិននឹងរឿងស្នេហាក្រៅអាពាហ៍ពិពាហ៍នោះទេ មិនដូចគ្នានឹងរឿងរបស់លោក សុខា គឺបានបញ្ចប់ទៅដោយមានអំពើឃោរឃៅ ហើយបន្ទាប់មកសមត្ថកិច្ចមិនហ៊ានប៉ះពាល់ឡើយ។
ប្រាំមួយខែមុនពេល ម៉ារីណា ត្រូវបានគេវាយដំនិងជះទឹកអាស៊ីតដាក់នោះ តារាវីដេអូដូចគ្នា គឺ ពិសិដ្ឋ ពិលីកា ត្រូវបានគេបាញ់សម្លាប់ទាំងកណ្តាលថ្ងៃនៅក្រៅផ្សារអូរឫស្សី ក្នុងក្រុងភ្នំពេញ នៅពេលអ្នកស្រីកំពុងដើរជាមួយក្មួយស្រីតូចរបស់អ្នកស្រី។
ទស្សនាវដ្ដីបារាំងប្រចាំសប្តាហ៍ L’Express បានចេញផ្សាយអត្ថបទដ៏វែង ដោយចោទភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោកស្រី ប៊ុន រ៉ានី ថាបានបញ្ជាឲ្យធ្វើដោយសារតែរឿងស្នេហា ដែលតាមចោទថាតារារូបនេះមានទំនាក់ទំនងជាមួយស្វាមីរបស់ខ្លួន។
បងស្រីរបស់ ពិសិដ្ឋ ពិលីកា បានបញ្ចេញឲ្យដឹងតាមអីុនធឺណិតនូវការស្គែនបញ្ជីធនាគារមានប្រាក់៥០.០០០ដុល្លារនិង១០០.000ដុល្លារ រួមជាមួយនឹងកំណត់ហេតុប្រចាំថ្ងៃ ដែលអះអាងថា ប្រាក់នោះបានមកពីលោក ហ៊ុន សែន ហើយថាតារារូបនេះបានទទួលរងការព្រមានជាច្រើនលើកថា លោកស្រី រ៉ានី អាចព្យាយាមសម្លាប់នាង។
តួនាទីរងការចោទរបស់ស្ត្រីទី១ក្នុងរឿងក្តីនេះមិនដែលត្រូវបានគេស៊ើបអង្កេតទេ ហើយក៏គ្មាននរណាទទួលខុសត្រូវចំពោះឃាតកម្មលើតារារូបនេះដែរ។
លោក ឱម យ៉ិនទៀង ដែលសព្វថ្ងៃជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅពេលនោះជាទីប្រឹក្សារបស់លោក ហ៊ុន សែន និងបានចេញការការពារជាលាយលក្ខណ៍អក្សរ ដោយបដិសេធការអះអាងសំដៅលើលោកស្រី រ៉ានី។ លោក យ៉ិនទៀង និងអង្គភាពប្រឆាំងអំពើពុករលួយឥឡូវនេះកំពុងដឹកនាំការស៊ើបអង្កេតល្អិតល្អន់លើរឿងស្នេហាជាក់ស្តែងរបស់លោក សុខា ដោយសារកង្វល់អំពីថាគាត់បានប្រាក់មកពីណា ដែលតាមចោទថាបានសន្យាទិញផ្ទះឲ្យស្រីកំណាន់ច្រើននាក់។
លោក យ៉ិនទៀង បានបដិសេធមិនធ្វើអត្ថាធិប្បាយកាលពីថ្ងៃអង្គារ នៅពេលសួរអំពីករណី ពិសិដ្ឋ ពិលីកា និងការអះអាងថាប្រាក់ត្រូវបានដាក់ចូលក្នុងគណនីធនាគាររបស់នាងដោយលោក ហ៊ុន សែន ដែលមានប្រាក់ខែផ្លូវការរបស់លោក ទំនងជាមិនអាចឲ្យលោកមានចិត្តទូលាយសប្បុរសបែបនេះបានទេ។
លោក យ៉ិនទៀង បាននិយាយទាំងចំអកថា “ខ្ញុំគ្មានពេលវេលានិយាយទេ។ ខ្ញុំខ្លាចហើយ ដេលី”។
ក្នុងការបាញ់ប្រហារនាឆ្នាំ២០០៣ អ្នកចម្រៀងមានប្រជាប្រិយ ទូច ស្រីនិច ត្រូវបានគេបាញ់ចំមុខនិងចំក ដោយធ្វើឲ្យនាងធ្លាក់ខ្លួនពិការកម្រើកមិនរួចពីកចុះក្រោមក្នុងវ័យ២៤ឆ្នាំ។ ម្តាយរបស់នាងត្រូវបានគេបាញ់ស្លាប់នៅពេលព្យាយាមជួយនាង។ កញ្ញា ស្រីនិច ឥឡូវនេះរស់នៅរដ្ឋកាលីហ្វ័រញ៉ា។
បួនឆ្នាំបន្ទាប់មក អ្នកចម្រៀងវ័យ២៣ឆ្នាំ ពៅ បញ្ញាពេជ្រ ត្រូវបានគេបាញ់ចំក ហើយពិការកម្រើកលែងរួចមួយចំហៀងខ្លួន។ តាំងពីពេលនោះមក គ្មាននរណាម្នាក់ត្រូវបានគេនាំខ្លួនឡើងតុលាការចំពោះការវាយប្រហារណាមួយទេ បើទោះជាមានពាក្យចចាមអារ៉ាមថាមានភរិយាប្រចណ្ឌនិងស្វាមីដែលមានមុខមានមាត់លេចធ្លោ បានបិទបាំងករណីទាំងពីរដល់ថ្ងៃនេះក៏ដោយ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បាននិយាយកាលពីថ្ងៃអង្គារថា
ការលើកឡើងដែលថា រឿងស្នេហាចោទប្រកាន់របស់លោក សុខា កំពុងត្រូវគេដេញដោលខ្លាំងជាងអំពើហិង្សាលើកញ្ញា បញ្ញាពេជ្រ កញ្ញា ស្រីនិច និង ម៉ារីណា នោះ គឺខុសហើយ។
លោកបានពន្យល់ថា “ការស៊ើបអង្កេតមិនខុសគ្នាទេ វាអាស្រ័យថាប្រជាជនចាប់អារម្មណ៍រឿងទាំងនោះខ្លាំងយ៉ាងណាប៉ុណ្ណោះ។ ក្នុងករណីលោក សុខា មូលហេតុដែលប្រជាជនច្រើនបំផុតចាប់អារម្មណ៍នឹងករណីនេះ គឺពីព្រោះគាត់ជាមន្ត្រីឋានៈខ្ពស់”។
លោកបាននិយាយបន្ថែមថា “យើងនៅតែកំពុងស្វែងរកជនសង្ស័យនៅឡើយ ប៉ុន្តែយើងរកពួកគេមិនទាន់ឃើញនៅឡើយ។ យើងមិនដែលបិទការស៊ើបអង្កេតករណីទាំងនោះទេ។ ប្រសិនបើលោកដឹងថាអ្នកណាធ្វើវា អូខេ ប្រាប់យើង ហើយយើងនឹងចាត់វិធានការ”។
“យើងមិនមានភ្នែកទិព្វស្វែងរកជនសង្ស័យទេ”៕ និត