កាលពីម្សិលមិញ កម្មករប្រហែល២.០០០នាក់នៅក្នុងរាជធានីភ្នំពេញបានផ្គើនបម្រាបរដ្ឋាភិបាលដែលហាមមិនឲ្យប្រារព្ធទិវាពលកម្មអន្តរជាតិឡើយ ដោយបាននាំគ្នាធ្វើការហែក្បួនមួយអាចទៅជិតដល់រដ្ឋសភា កន្លែងដែលពួកគេបានអំពាវនាវសុំដំឡើងប្រាក់ខែ និងឲ្យមានការកែប្រែច្បាប់សហជីពដែលទើបតែអនុម័តនាពេលថ្មីៗនេះ។
ដូចដែលបានធ្វើមុនទិវាពលកម្មអន្តរជាតិកន្លងមក សាលារាជធានីភ្នំពេញកាលពីសប្តាហ៍មុនបានបដិសេធសំណើរបស់សហជីពសុំហែក្បួននៅរាជធានីភ្នំពេញ ដោយសំអាងមូលហេតុថា ពួកគេនឹងបង្កឲ្យមានបញ្ហាច្រើនដល់អ្នកបើកបរនៅចុងសប្ដាហ៍។ ប៉ុន្តែដូចពីមុនអ៊ីចឹង សហជីពមួយចំនួនមិនធ្វើតាមការព្រមានទេ ដោយធ្វើតាមការគ្រោងទុករបស់ខ្លួន គ្រាន់តែកែច្នៃបន្តិចបន្តួច។
ជំនួសការដើរហែពីវត្តភ្នំ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានដឹកនាំកម្មករប្រមាណ២.៥០០នាក់ពីខាងក្រៅស្ថានទូតរុស្ស៊ីនៅម៉ោងប្រហែល៨ព្រឹក។ ដោយត្រូវរារាំងដោយនគរបាលប្រហែល១០០នាក់មិនឲ្យដើរតាមផ្លូវសុធារស ក្រុមកម្មករបានប្តូរផ្លូវជិតក្រសួងការបរទេសនិងកាស៊ីណូ ណាហ្គាវើល មុនពេលត្រូវរាំងផ្លូវជាថ្មីទៀតនៅតីរវិធីស៊ីសុវត្ថិ តែប៉ុន្មានរយម៉ែត្រពីសភា ជាកន្លែងដែលពួកគេជួបជុំគ្នារហូតដល់ម៉ោង១១ព្រឹក។
ទីបំផុតតំណាង៨រូបត្រូវបានអនុញ្ញាតឲ្យចូលសភាដើម្បីប្រគល់ញត្តិរបស់ខ្លួនទៅគណៈកម្មការសិទ្ធិមនុស្ស។ ក្នុងចំណោមការទាមទារសំខាន់ៗរបស់ពួកគេគឺការសុំដំឡើងប្រាក់ខែអប្បបរមាបច្ចុប្បន្ន១៤៥ដុល្លាររបស់កម្មករកាត់ដេរដល់២០៧ដុល្លារ។
អ្នកស្រី រស់ គា កម្មករកាត់ដេរដែលមកពីខេត្តកណ្តាលដើម្បីចូលរួមការហែក្បួននេះ បាននិយាយថា “ខ្ញុំរីករាយ ដែលខ្ញុំមានឱកាសនេះដើរហែនៅទិវាពលកម្មអន្តរជាតិ ដើម្បីទាមទារឲ្យមានការដំឡើងប្រាក់ខែរបស់យើង។ ប៉ុន្តែខ្ញុំមិនសង្ឃឹមថា គេនឹងដំឡើងដល់២០៧ដុល្លារទេ ពីព្រោះយើងធ្លាប់ទាមទារ១៦០ដុល្លារ ប៉ុន្តែបានត្រឹមតែ១៤៥ដុល្លារប៉ុណ្ណោះ”។
អ្នកស្រី រស់ គា បាននិយាយបន្ថែមថា អ្នកស្រីនិងប្តីរបស់អ្នកស្រីខំប្រឹងទាំងលំបាកដើម្បីចិញ្ចឹមកូន៦នាក់របស់ខ្លួនផ្អែកលើប្រាក់ដែលរកបាន។
អ្នកស្រីបាននិយាយថា ”ខ្ញុំចង់បាន៣០០ដុល្លារមួយខែដើម្បីរស់ ពីព្រោះខ្ញុំចំណាយ៥០ដុល្លារគ្រាន់តែថ្លៃជួលផ្ទះ ដូច្នេះខ្ញុំត្រូវរកប្រាក់ពីការងារផ្សេងទៀតដើម្បីទ្រទ្រង់ការចំណាយប្រចាំខែរបស់យើង”។
ប៉ុន្តែ កាលពីម្សិលមិញមិនមែនសហជីពទាំងអស់បន្តការហែក្បួនរបស់ខ្លួននោះទេ។

សហជីពប្រហែល១០និងអង្គការក្រៅរដ្ឋាភិបាលបានបោះបង់ផែនការរបស់ខ្លួនដែលគ្រោងហែក្បួនចេញពីពហុកីឡដ្ឋានអូឡាំពិកទៅក្រសួងការងារ ហើយបានទុកកម្មករប្រហែល៤០០នាក់ដែលបានចូលរួមជាមួយនឹងពួកគេឲ្យនៅកន្លែងនេះ បើទោះជាពួកគេមិនទទួលរងបម្រាមរបស់សាលារាជធានីក៏ដោយ។
សំដៅដល់បណ្ដឹងដែលចេះតែកើតឡើងរបស់រដ្ឋាភិបាលប្រឆាំងគណបក្សសង្គ្រោះជាតិនិងអ្នកគាំទ្រសិទ្ធិមនុស្សនោះ មេដឹកនាំកម្មករ លោក វន់ ពៅ បាននិយាយថា”ធាតុអាកាសថ្ងៃនេះក្តៅ ហើយស្ថានការណ៍នយោបាយក៏ក្តៅដែរ”។
លោកបាននិយាយថា ”សិទ្ធិរបស់យើងកាន់តែតិចទៅៗ។ ដូច្នេះហើយ ទើបយើងរំឭកទិវានេះនៅពហុកីឡាដ្ឋាន”។
លោក ទេស រុក្ខាផល សមាជិកគណៈកម្មាធិការរបស់ក្រសួងការងារទទួលបន្ទុកដោះស្រាយបញ្ហាកូដកម្ម បានចេញមកទទួលញត្តិពីក្រុមទាំងនោះ។
ខណៈដែលសហជីពបានជួបជុំគ្នានៅជិតរដ្ឋសភា ពួកគេបានទាមទារឲ្យមានការកែប្រែច្បាប់សហជីពស្របតាមអនុសញ្ញាអង្គការពលកម្មអន្តរជាតិ ដែលប្រទេសកម្ពុជាបានចុះហត្ថលេខា។ មុនមានការអនុម័តដោយសភាកាលពីខែមុន សហជីពមួយចំនួនបានតវ៉ាថា ច្បាប់ថ្មីនេះរឹតត្បិតណាស់។ ឧស្សាហកម្មកាត់ដេរបានលើកហេតុផលថា ច្បាប់ថ្មីនេះត្រូវការជាចាំបាច់ដើម្បីដាក់បទបញ្ជាថែមទៀតលើកម្លាំងការងារដែលមិនស្តាប់បង្គាប់៕និត