មន្ត្រីជាន់ខ្ពស់បួនរូបមកពីសមាគមសិទ្ធិមនុស្សអាដហុក និងអតីតមន្ត្រីមួយរូបដែលឥឡូវបម្រើការងារឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) ត្រូវបានបញ្ជូនទៅពន្ធនាគារកាលពីម្សិលមិញពីបទសូកប៉ាន់សាក្សី និងសមគំនិតនៅក្នុងអំពើសូកប៉ាន់។
លោក ស៊ឺន សាលី មន្ត្រីអង្គការសហប្រជាជាតិ ក៏ត្រូវបានចោទប្រកាន់កំបាំងមុខពីបទសមគំនិតនៅក្នុងអំពើសូកប៉ាន់សាក្សីដែរ បន្ទាប់ពីមិនបានបង្ហាញខ្លួនសម្រាប់ការសាកសួរ។
មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុកបួនរូប ដែលរួមមានដូចជា លោក នី សុខា ប្រធានផ្នែកឃ្លាំមើល អនុប្រធានរបស់លោក គឺលោក ណៃ វ៉ាន់ដា និងលោក យី សុខសាន្ត ព្រមទាំងលោកស្រី លឹម មុនី អ្នកស៊ើបអង្កេតជាន់ខ្ពស់ ហើយនិងលោក នី ចរិយា អគ្គលេខាធិការងគ.ជ.ប. ត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុនហើយត្រូវបានចោទប្រកាន់ថា បានបញ្ចុះបញ្ចូលឱ្យស្រីកំណាន់ដែលគេចោទថា ជារបស់លោក កឹម សុខា និយាយកុហកអាជ្ញាធរទាក់ទិនរឿងសហាយស្មន់។
ពួកគាត់ត្រូវបានឃុំខ្លួនកាលពីចុងសប្តាហ៍ហើយត្រូវបានសាកសួរម្តងហើយម្តងទៀតដោយអង្គភាពប្រឆាំងអំពើពុករលួយ ដែលកំពុងដឹកនាំការស៊ើបអង្កេតលើរឿងអាស្រូវផ្លូវភេទនេះ និងដោយព្រះរាជអាជ្ញាអមសាលាដំបូង ហើយជាចុងក្រោយដោយចៅក្រមកាលពីម្សិលមិញ។

លោកស្រី គា សុផល មេធាវីការពារក្តីឲ្យសមាគមអាដហុក បានលើកឡើងថា មន្ត្រីទាំងបួនរូបរបស់សមាគមនេះត្រូវបានចោទប្រកាន់កាលពីម្សិលមិញពីបទសូកបា៉ន់សាក្សី ជាបទចោទតែមួយដែលគេបានចោទប្រកាន់លើលោក ស៊ាង ែចត មេឃុំគណបក្សប្រឆាំងកាលពីសប្តាហ៍មុនដោយសារការសន្យាផ្តល់ប្រាក់៥០០ដុល្លារទៅឱ្យស្រីកំណាន់ដែលគេចោទថា ជារបស់លោក កឹម សុខា បន្ទាប់ពីរឿងអាស្រូវបែកធ្លាយ។
លោកស្រី គា សុផល បានមានប្រសាសន៍ថា “ពួកគាត់ត្រូវបានចោទប្រកាន់តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ។ តុលាការបានសម្រេចបញ្ជូនលោក នី ចរិយា ទៅកាន់ពន្ធនាគារ ប៉េហ្ស៊ី ហើយមន្ត្រីសមាគមអាដហុកត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារព្រៃស”។
លោក អុប វិបុល មេធាវីម្នាក់ទៀតរបស់សមាគមអាដហុក បានលើកឡើងថា លោក ជឿថា ការចោទប្រកាន់ពីបទសូកប៉ាន់កើតចេញពីប្រាក់ចំនួន២០៤ដុល្លារដែលសមាគមអាដហុកបានលើកឡើងថា ខ្លួនផ្តល់ទៅឱ្យស្រីកំណាន់រូបនេះ ដែលមានឈ្មោះ ខុម ចាន់តារ៉ាទី ខណៈខ្លួនធ្វើជាតំណាងឱ្យនាង ហើយនាងបានបដិសេធរឿងសហាយស្មន់នេះ។ នាង ខុម ចាន់តារ៉ាទី បានកែប្រែរឿងរ៉ាវរបស់នាងកាលពីខែមុន ខណៈស្ថិតក្រោមការសាកសួរជុំវិញការចោទប្រកាន់ពីបទពេស្យាចារ ដោយសារភាពថា ពិតជាមានរឿងសហាយស្មន់ជាមួុយលោក កឹម សុខា មែន។
លោកបានមានប្រសាសន៍ថា “ពួកគេបានចោទប្រកាន់ពួកគាត់ពីបទសូកប៉ាន់ គឺវាពាក់ព័ន្ធនឹងលុយនោះ។ ប៉ុន្តែខ្ញុំមិនអាចនិយាយអ្វីឱ្យជាក់លាក់បានទេក្នុងពេលឥឡូវនេះ ព្រោះខ្ញុំទើបតែទទួលបានព័ត៌មានបន្តិចបន្តួចប៉ុណ្ណោះ។ តុលាការនៅមិនទាន់បង្ហាញភ័ស្តុតាងណាមួយដាក់បន្ទុកលើកកូនក្តី របស់ខ្ញុំនៅឡើយទេ។ ពួកគេគ្រាន់តែឃុំខ្លួនពួកគាត់ប៉ុណ្ណោះ”។
លោក សួស វិទ្យាវ៉ាន់ឌី អ្នកនាំពាក្យចៅក្រមសាលាដំបូងបានបញ្ជាក់អំពីការចោទប្រកាន់នេះ ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។ លោក លី សុផាន់ណា អ្នកនាំពាក្យព្រះរាជអាជ្ញាអមសាលាដំបូងបានបញ្ជាក់ថា មន្ត្រីទាំងប្រាំរូបនេះត្រូវបានបញ្ជូនទៅពន្ធនាគារហើយ។
លោក លី សុផាន់ណា មានប្រសាសន៍ថា “ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនពួកគាត់ជាបណ្តោះអាសន្ន”។
មនុស្សប្រាំមួយនាក់ដែលត្រូវបានឃុំខ្លួនគិតមកដល់ថ្ងៃម្សិលមិញ និងលោក ស៊ឺន សាលី មន្ត្រី អង្គការសហប្រជាជាតិប្រឈមការជាប់ពន្ធនាគារពី៥ទៅ១០ឆ្នាំ ប្រសិនបើត្រូវបានរកឃើញថាមានពិរុទ្ធភាព។ លោក លី សុផាន់ណា បានលើកឡើងទៀតថា លោកមិនដឹងទេថា តើឥឡូវនេះនឹងមានការចេញដីកាចាប់ខ្លួនមន្ត្រីអង្គការសហប្រជាជាតិឬក៏អត់នោះ។
នៅក្នុងសុន្ទរកថា កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា លោក ស៊ឺន សាលី នឹងមិនអាចត្រូវបានការពារដោយអភ័យឯកសិទ្ធិដែលផ្តល់ទៅឱ្យបុគ្គលិកអង្គការសហប្រជាជាតិឡើយ ដោយទំនងជាជំទាស់ថា អភ័យឯកសិទ្ធិផ្តល់ទៅឱ្យតែមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិប៉ុណ្ណោះ។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានលើកឡើងថា នគរបាលត្រៀមខ្លួនរួចហើយដើម្បីចាប់ខ្លួនលោក ស៊ឺន សាលី ប្រសិនបើមានការចេញដីកាចាប់ខ្លួននោះ ប៉ុន្តែថា នឹងមានការពិនិត្យមើលសុពលភាពនៃអភ័យឯកសិទ្ធិរបស់គាត់ក្នុងនាមជាមន្ត្រីអង្គការសហប្រជាជាតិជាមុនសិន មុនពេលអនុវត្តដីកាចាប់ខ្លួន។
ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានថ្លែងថា ”នគរបាលគឺជាអ្នកដែលអនុវត្តច្បាប់។ ប្រសិនបើយើងទទួលបានដីកាចាប់ខ្លួន យើងពិបាកនឹងគេចណាស់ គឺយើងត្រូវអនុវត្តតាមច្បាប់ហើយ។ ប្រសិនបើគាត់មានអភ័យឯកសិទ្ធិ នគរបាលជាតិនឹងមិនរំលោភបំពានគាត់ឡើយ”។
លោកស្រី វ៉ានហៀ លី តំណាងប្រចាំប្រទេសរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR) បានលើកឡើងកាលពីម្សិលមិញថា លោកស្រីជឿថា ឯកសារផ្លូវច្បាប់ដែលផ្តល់អភ័យឯកសិទ្ធិមានភាពច្បាស់មិនចាំបាច់ត្រូវការពន្យល់បន្ថែមឡើយ។
លោកស្រីលើកឡើងនៅក្នុងអីុម៉េលថា “វាមិនស្ថិតក្នុងអំណាចរបស់ខ្ញុំក្នុងការអានអនុសញ្ញាស្តីពីឯកសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការសហប្រជាជាតិតាមវិធីផ្សេងណាមួយក្រៅពីអ្វីដែលមានជាលាយលក្ខណ៍អក្សរនៅក្នុងនោះឡើយ។ ក្រុមមន្ត្រីអង្គការសហប្រជាជាតិមានអភ័យឯកសិទ្ធិរួចផុតពីដំណើរការផ្លូវច្បាប់ដែលកើតចេញពីសកម្មភាពរបស់ខ្លួនក្នុងការបំពេញការងារ”។
លោកបានបន្ថែមថា “អង្គការសហប្រជាជាតិបានផ្ញើការឆ្លើយតបផ្លូវការពាក់ព័ន្ធរឿងនេះដល់រាជរដ្ឋាភិបាល ហើយយើងរង់ចាំការឆ្លើយតបវិញ”។
ស្ថានទូតអាមេរិកបានលើកឡើងកាលពីម្សិលមិញថា ខ្លួនមានការព្រួយបារម្ភអំពីការចោទប្រកាន់មកលើបុគ្គលិកសមាគមអាដហុក និងលោក នី ចរិយា។
លោក ចាយ រ៉ាម៉ាន (Jay Raman) អ្នកនាំពាក្យស្ថានទូតអាមេរិកបានលើកឡើងនៅក្នុងអីុម៉េលថា “ស្ថានទូតអាមេរិកព្រួយបារម្ភយ៉ាងខ្លាំងពីការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ ហើយកំពុងឃ្លាំមើលករណីនេះយ៉ាងដិតដល់”។
លោក ចច អេដហ្គា (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបក៏មានប្រសាសន៍ផងដែរថា ការចាប់ខ្លួននេះធ្វើឱ្យលោកមានការព្រួយបារម្ភ ហើយលោកនឹងលើកឡើងអំពីបញ្ហានេះអំឡុងជំនួបការទូតនៅសប្តាហ៍នេះរវាងក្រុមមន្ត្រីសហភាបអឺរ៉ុប និងរដ្ឋាភិបាលកម្ពុជា។
លោក ចច អេដហ្គា បានសរសេរនៅក្នុងអីុម៉េលថា “ស្ថានការណ៍នយោបាយបច្ចុប្បន្នរួមទាំងសកម្មភាពកាលពីពេលថ្មីៗនេះទាក់ទងក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង និងការឃុំខ្លួនមន្ត្រីអង្គការមិនមែនរដ្ឋាភិបាល នឹងស្ថិតក្នុងចំណោមបញ្ហាដែលបានពិភាក្សានៅគណៈកម្មាធិការរួមសហភាពអឺរ៉ុប-កម្ពុជា”។
លោកបានបន្ថែមថា “បរិយាកាសដែលក្នុងនោះគណបក្សនយោបាយ និងសង្គមស៊ីវិលអាចដំណើរការដោយសេរី ជាមូលដ្ឋានដ៏សំខាន់សម្រាប់ការបោះឆ្នោតប្រកបដោយការជឿទុកចិត្ត ដែលលទ្ធផលត្រូវបានចាត់ទុកថាស្របច្បាប់”។
លោក ធន សារាយ ប្រធានសមាគមអាដហុក និងលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. មិនអាចទាក់ទងបានទេ។
សេចក្តីថ្លែងការណ៍ដែលចេញផ្សាយកាលពីម្សិលមិញដោយអង្គការមិនមែនរដ្ឋាភិបាលចំនួន៥៩រួមទាំងសមាគមអាដហុក គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានថ្កោលទោសការចាប់ខ្លួនបុគ្គលិកសិទ្ធិមនុស្សទាំងនេះផងដែរ។
សេចក្តីថ្លែងការណ៍នេះបន្តថា “ការផ្តោត
គោលដៅលើបុគ្គលទាំងនេះ…គឺជាការកើនឡើងថ្មីបំផុតក្នុងការវាយប្រហារទ្រង់ទ្រាយធំរបស់រដ្ឋាភិបាលទៅលើសង្គមស៊ីវិលនៅមុនការបោះឆ្នោតថ្នាក់មូលដ្ឋាននិងការបោះឆ្នោតជាតិនៅពេលខាងមុខ ហើយជាការសងសឹកច្បាស់ក្រឡែតចំពោះការគាំទ្រដែលផ្ដល់ដោយបុគ្គលិកសិទ្ធិមនុស្សនៅក្នុងករណីនយោបាយដ៏រសើបបែបនេះ”។
សេចក្តីថ្លែងការណ៍ដដែលនេះបន្ថែមថា “ករណីនេះគឺជាការប្រើប្រាស់ប្រព័ន្ធតុលាការព្រហ្មទណ្ឌ និងស្ថាប័នរដ្ឋាភិបាលដ៏គួរឱ្យអស់សំណើចជាឧបករណ៍ ដើម្បីបំភិតបំភ័យ ដាក់ទោសព្រហ្មទណ្ឌ និងដាក់ទោសទណ្ឌលើសកម្មភាពស្របច្បាប់របស់ក្រុមការពារសិទ្ធិមនុស្ស និងសង្គមស៊ីវិល”។
ដោយធ្វើការតវ៉ានៅខាងក្រៅសាលាដំបូងរាជធានី ព្រះតេជគុណ ស៊ឹម សុវណ្ណឌី ព្រះជន្ម៤១វស្សា ជាសកម្មជនព្រះសង្ឃបានមានសង្ឃដីកាថា គណបក្សប្រជាជនកម្ពុជាកំពុងប្រើឥទ្ធិពលនៅពីក្រោយការស៊ើបអង្កេតនាពេលថ្មីៗនេះ។
ព្រះតេជគុណអង្គនេះមានសង្ឃដីកាថា “អាត្មាគិតថា សព្វថ្ងៃនេះ តុលាការជាអាយ៉ងរបស់រដ្ឋាភិបាល។មានតែមនុស្សម្នាក់ប៉ុណ្ណោះ ហើយគាត់អាចធ្វើអ្វីៗបានទាំងអស់ ដូចជាការចាប់ខ្លួន ឬចាប់នរណាម្នាក់ដាក់គុកជាដើម។ តុលាការនេះជារបស់គណបក្ស មិនមែនរបស់ប្រជាពលរដ្ឋឡើយ”៕ ស៊ុយឈាង និង សារុន