31 C
Phnom Penh

កម្ពុជាមិន​ស្ថិត​ក្នុង​កម្មវិធី​​ទស្សនកិច្ច​​របស់​រដ្ឋមន្ត្រី​​ការ​​​បរទេស​ជប៉ុន​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​កម្ពុជា បាន​ស្ថិត​​​​នៅ​​​​​​​ក្រៅ​​កម្មវិធី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ហ្វូ៊មីអុ គីស៊ីដា (Fumio Kishida) រដ្ឋ​​​មន្ត្រី​​​ការបរទេស​​​​​​​​​​​​​ជប៉ុន ​សម្រាប់​​​ដំណើរ​ទស្សនកិច្ច​មួយ​​​​​​​​មក​កាន់​​​អាស៊ីអាគ្នេយ៍​​នៅ​សប្ដាហ៍​នេះ ដោយ​លោក​នឹង​ធ្វើ​ទស្សន​កិច្ច​​ប្រទេស​ភូមា ឡាវ វៀតណាម និង​ថៃ ​​​​​​ហើយ​​​​​​​​​នៅ​​​​​​​​​ប្រទេស​​​​​​ថៃ កាលពី​ម្សិលមិញ លោក​​​បាន​សន្យា​ផ្ដល់​ជំនួយ​​៧ពាន់​លាន​ដុល្លារ​សម្រាប់​​តំបន់​ក្នុង​រយៈ​ពេល​​៣ឆ្នាំ។

លោក​ ហ្វូ៊មីអុ គីស៊ីដា ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​បាងកក​ កាលពី​ថ្ងៃ​អាទិត្យ ហើយ​គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​​ប្រទេស​ភូមា​ នៅ​​​ថ្ងៃ​នេះ ​ឡាវនៅ​ថ្ងៃពុធ ហើយ​វៀតណាម​​​​​​​​​​នៅ​ថ្ងៃ​ព្រហស្បតិ៍​ នេះ​បើ​យោង​តាម​កម្មវិធី​ដំណើរ​ទស្សនកិច្ច​​​​​មួយ​​​​​​​​​​​​ចេញពី​​​​​ក្រសួង​ការ​បរទេស​ជប៉ុន។ កម្ពុជា គឺ​ជា​​​ប្រទេស​តែ​មួយ​គត់​​នៅ​អាស៊ីអាគ្នេយ៍​ដែល​​​​​​​​​អវត្តមាន​​​​​​​​​​​ពី​​​​បញ្ជី​នេះ​​។

ឯកសារ​​​​ចុះ​​​​​​​​​​​​​ថ្ងៃទី​២៧ ខែ​មេសា​​​នេះ​និយាយ​​​ថា “​ថៃ ភូមា ឡាវ និង​វៀតណាម គឺ​​​ជា​​​​​​អ្នក​​​​​​គាំទ្រ​​​​​​​​ការ​​​​​​ធ្វើ​​​​​​​​​​​​​​​​​​សមាហរណកម្ម​​​​​​​​​របស់​​​​​​សមាគម​ប្រជា​ជាតិ​​​អាស៊ីអាគ្នេយ៍ (អាស៊ាន)។ តាម​​​​​​រយៈ​​ការ​​​បង្កើត​​​​​​ភ្លាមៗ​​​​​​​​​​​​​​​នូវ​​​​​​ទំនាក់​ទំនង​​ដែល​អាច​​​​ពឹង​​​​​​ពាក់​​​​​​​​​គ្នា​បាន​​​​​​​ជាមួយ​​​​​​ប្រទេស​​​​​​​ភូមា ឡាវ ​​​និង​វៀតណាម ​​ដែល​របប​ថ្មី​ទើប​តែ​​ចាប់​ផ្ដើម ​​​លោក​ ហ្វូ៊មីអុ គីស៊ីដា នឹង​​ធ្វើ​ការ​​​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិ​បត្តិការ​​មិន​​ត្រឹម​តែ​ទ្វេភាគី​ទេ ប៉ុន្តែ​ថែម​ទាំង​​​នៅ​​​​​​​​​​​​ថ្នាក់​​​​​​តំបន់​ និង​អន្តរជាតិ​ផង​ដែរ​”។

ពេល​​​ទាក់​ទង​កាលពី​ម្សិលមិញ លោក យូស៊ី អាបេ (Yoshi Abe) អ្នក​នាំពាក្យ​ស្ថានទូត​ជប៉ុន​បាន​បញ្ជាក់​​​​​​​​​​​ថា លោក ហ្វូ៊មីអុ គីស៊ីដា នឹង​មិន​​ធ្វើ​​​ទស្សនកិច្ច​​​​​​នៅ​​​​កម្ពុជា​ទេ ប៉ុន្តែ​​​​​​លោក​​មិន​អាច​ធ្វើ​​អត្ថាធិប្បាយ​​​​​​​​​លើ​​​មូល​ហេតុ​​​​​​​បាន​​​​​​ទេ​​​​​​ដោយសារ​​​ស្ថានទូត​​បិទទ្វារ​​​​​​​​​​​សម្រាប់​​​ទិវា​ពលកម្ម​។

ក្នុង​សុន្ទរកថា​​​មួយ​​​​នៅ​សកលវិទ្យាល័យ​ជូឡាឡុងកន ក្រុង​បាងកក​ លោក ហ្វូ៊មីអុ គីស៊ីដា ​​ក៏​បាន​ប្រកាស​​ជំនួយ​៧ពាន់​លាន​ដុល្លារ​​​​​ដែរ ជា​គម្រោង​រយៈ​ពេល​៣ឆ្នាំ​សម្រាប់​បណ្ដា​​​ប្រទេស​​ជាប់ដង​​​ទន្លេមេគង្គ​របស់​អាស៊ី​អាគ្នេយ៍​ ​​​ជា​តំបន់​មួយ​ដែល​ជា​ធម្មតា​រាប់​បញ្ចូល​​​ទាំង​​​​​​​កម្ពុជាផង នេះ​បើ​យោង​តាម​​អត្ថបទ​​​មួយ​​​​​​​​​ដែល​​​​​​​​​​​​ទីភ្នាក់ងារ​សារព័ត៌មាន​​ AP បាន​​​​​​ចុះ​​​ផ្សាយ​​​។

ដោយ​​​​​​មិន​គូស​បញ្ជាក់​​ពី​អវត្តមាន​របស់​កម្ពុជា អត្ថបទ​ចុះ​ផ្សាយ​​​​​​​​​នោះ​​​មាន​​​​​​​​​ខ្លឹមសារ​​​ថា ​​”រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​​ បាន​ប្រកាស​គំនិត​​​​ផ្ដួច​ផ្ដើម​មួយ​ក្នុង​​​​​​​ទំហំ​ទឹក​ប្រាក់​៧ពាន់​លាន​ដុល្លារ​​កាលពី​ថ្ងៃ​ច័ន្ទ ដើម្បី​លើក​កម្ពស់​ការ​អភិវឌ្ឍ​​ក្នុង​តំបន់​ទន្លេមេគង្គ​របស់​អាស៊ី​អាគ្នេយ៍​ ​​​ដែល​រាប់​បញ្ចូល​ផ្នែក​ខ្លះ​​នៃ​វៀតណាម​ ឡាវ និង​ថៃ ​តាម​ទឹក​ដែល​ទន្លេ​ហូរ​។

លោក ហ៊្វូមីអុ គីស៊ីដា ត្រូវបាន​​​​​​​​​ដក​​​ស្រង់​​​​​​សម្ដី​​​​​​​​​​​​ថា ”​យើង​នឹង​ប្រើ​ប្រាស់​មូលនិធិ​ដែល​មាន​​​​​​ចំនួន​​​៧៥០ពាន់​​​លាន​យ៉េនឆ្ពោះ​​​​​​ទៅ​​​​​​​​​កិច្ច​​​​​​សហ​​​ប្រតិ​​​បត្តិការ​​​ជា​​​​​​​​មួយ​​​​​​តំបន់​​​​​មេគង្គ”។ ​លោក​​​បាន​​​​​​​​​​​មាន​​​​​​​​​ប្រសាសន៍​​​​​​បន្ថែម​​​ថា មួយ​​​​​​ភាគ​​​​​​ធំ​​នៃ​​​មូល​​​និធិ​​​​​​៧ពាន់​លាន​ដុល្លារ​​​​នេះ​​​​​នឹង​ទុក​​​​​​សម្រាប់​​​ការស្ថាបនា​​ “​ផ្លូវ​ថ្នល់​ ស្ពាន និង​​ផ្លូវ​ដែក​។ ​​​ខ្ញុំ​​​​កំពុង​​​រង់​​​ចាំ​​​​​​ថ្ងៃ​នោះ​ ហើយ​​​ជា​​​​​​​​​លទ្ធ​​​ផល​​​​​​នៃ​​​​​​កិច្ច​​​ប្រឹង​​​ប្រែង​​​ទាំង​​​នេះ​​​ ខ្ញុំ​​​អាច​​​​​​ចេញ​​​ដំណើរ​​​ពី​​​​​​បាងកក ឆ្ពោះ​​​ទៅ​​​ភាគ​​​​​​​​​​​​ខាង​​​​កើត​​​​​​នៅ​​​​​​ពេល​​​​​​ព្រឹក ហើយ​​​​​​ទៅ​​​ដល់​​​​​​ក្រុង​​​ហូជីមិញ​​​ នៅ​​​ពេល​​​​​​យប់ ហើយ​​​​​​ទទួល​​​​​​ទាន​​​​​​គុយទាវ​ហ្វឺ​សម្រាប់​​​​​​​​អាហារ​​​​​​ពេល​​​​​​ល្ងាច”។

លោក ជុំ សុន្ទរី អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​​​​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ​​ លោក គូម៉ាម៉ារូ យូជិ (Kumamaru Yuji) ​ឯក​អគ្គ​រាជ​ទូត​ជប៉ុន បាន​ជួប​ជាមួយ​​លោក ឡុង វីសា​លោ ​​រដ្ឋលេខាធិការ​​ក្រសួង​ការ​បរទេស​កាលពី​ថ្ងៃពុធ ហើយ​​​​បក​​​ស្រាយ​​​​​​​ពី​មូលហេតុ​ដែល​លោក ហ្វូ៊មីអុ គីស៊ីដា រំលង​កម្ពុជា ​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​តំបន់​។

លោក​​​​​​​​​​​​បន្ត​​​ថា “​ជប៉ុន ​មិន​បាន​រាប់​បញ្ចូល​កម្ពុជា ទេ​​​​នៅ​ក្នុង​​​​​​​​​​ដំណើរ​​​​​​ទស្សនកិច្ច​​​នេះ ​ព្រោះ​​​​​​​​​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន ទើប​​​តែ​​​​​​​បាន​​​​​​ធ្វើ​​​​​​​​​​​​ទស្សន​​​​​​​​​​កិច្ច​​​នៅ​​​កម្ពុជា រួច​​​កាល​​​ពី​​​ឆ្នាំ​​​២០១៤។ មូល​ហេតុទី២​គឺ​ថា អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ទើប​តែ​មក​​​​ទស្សនកិច្ច​​​​នៅ​កម្ពុជា​កាលពី​ខែ​មុន។ មូល​ហេតុទី៣​គឺ​ថា ​ទើប​តែ​មាន​ការ​ផ្លាស់​​​ប្ដូរ​មេដឹកនាំ​នៅ​ឡាវ វៀតណាម និងភូមា។ ​មូលហេតុ​​​​ធ្វើ​​​​​​​​ទស្សនកិច្ច​​​​​​នៅ​​​​ប្រទេស​ថៃ គឺ​ថា រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន រូប​​​​នេះ​​​​​​​​​ត្រូវ​​​​​​​​​ថ្លែង​សុន្ទរកថា​​នៅ​បាងកក។ ទាំង​នេះ​ជាមូល​ហេតុ​ដែល​ឯកអគ្គរាជទូត​ជប៉ុន ​​​ប្រាប់​​​​​​​​​ទៅ​​​​​​​​​​​​លោក​ ឡុង វីសាលោ”។

​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដីការ​គណៈ​​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា លោក​មិន​ព្រួយ​បារម្ភ​​ទេ​ថា​​​ប្រហែល​​​​​​​​​​​​ជា​​​​មាន​ហេតុ​ផល​ផ្សេង​ទៀត​​​​​សម្រាប់​​​​​​ការ​​​​​​មិន​រាប់​បញ្ចូល​កម្ពុជា ក្នុង​​​កម្ម​​​​​​​​​វិធី​​​ដំណើរ​​​ទស្សនកិច្ច​​​។

លោក​ថ្លែង​​​ថា “​ខ្ញុំ​មិន​ដឹង​ទេ។ លោក​​​អាច​ធ្វើ​​​​​​អ្វី​​​​​​ក៏​​​​​​បាន​​​ ​និយាយ​អ្វី​​ក៏​បាន ប៉ុន្តែ​ខ្ញុំ​សុំ​ប្រាប់​លោក​ថា កម្ពុជា​ និង​ជប៉ុន ​​បាន​ចុះ​ហត្ថលេខា​​​ជា​​​​​​មួយ​​​​​​​​​គ្នា​​​​​​​​​​ដើម្បី​ក្លាយ​ជា​ដៃគូ​​យុទ្ធសាស្ត្រ ​ហើយ​​​​​​​​​​​​​​​​នោះ​​​មាន​សារៈសំខាន់​​​ជាង​​​នេះ​​​​​​​​​ទៅទៀត​​​។ វា​គ្មាន​អ្វី​ចម្លែក​ទេ យើង​​​​ទាំង​អស់​គ្នា​សុទ្ធតែ​ជា​ដៃគូសន្ទ​​​នា​​​ និង​ដៃគូ​ជា​យុទ្ធសាស្ត្រ​។ ខ្ញុំ​មិន​ដឹង​ថា ប្រទេស​ផ្សេងៗ​ទៀត​​​​​មាន​កិច្ច​ព្រម​ព្រៀង​អ្វី​នោះខ្លះ​​​​​​​ទេ ប៉ុន្តែ​យើង​មាន​ទំនាក់​ទំនង​ដ៏​​​ល្អ​​​​ជា​​​​​​មួយ​​​​​​​​​ជប៉ុន”។

ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក ប្រទេស​ជប៉ុន ​បាន​ក្លាយជា​​ម្ចាស់​ជំនួយ​ធំ​បំផុត​​​​របស់​​​​កម្ពុជា ​រួម​​​ជាមួយ​សហភាព​អឺរ៉ុប ​និង​​​​​​ជា​​​​​​អ្នក​​​គាំទ្រ​​​ដ៏​សំខាន់​​​​​​ដល់​​​​​​​​​ការ​​​​​​ធ្វើ​​​កំណែ​​​ទម្រង់គណៈ​​​កម្មា​ធិការ​​​​​​​​​​ជាតិ​​​​​​រៀបចំ​​​ការ​​​បោះ​​​ឆ្នោត (គ.ជ.ប.) ​​​នៅ​​​​​​​​​ក្នុង​​​​​​ការ​​​​​​​​​​​​​​​​​​​ត្រៀម​​​​​​​​​លក្ខណៈ​​​​​​​​​សម្រាប់​​​​​​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​​នៅ​ឆ្នាំ​ក្រោយ និង​ការ​បោះ​ឆ្នោត​​​​ជ្រើស​​​តាំង​​​តំណាង​​​រាស្ត្រ​​​​​​នៅ​ឆ្នាំ​២០១៨។

ក្នុង​រយៈ​ពេល​​​៦​ខែ​មក​នេះ ចាប់តាំង​ពី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​បារាំង ដើម្បី​គេច​វេះ​ទោស​ជាប់​ពន្ធនាគារ​​រយៈ​ពេល​២​ឆ្នាំ បណ្ដា​អ្នក​ធ្វើ​អត្ថាធិប្បាយ​ខាង​នយោបាយ​ និង​​មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​​​បាន​ត្អូញត្អែរ​អំពី​​បរិយា​កាស​នយោបាយ​កាន់​តែ​យ៉ាប់យ៉ឺន​ទៅ​នៅ​មុន​​​ការ​បោះ​ឆ្នោត​មក​ដល់។

លោក កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង​​ក៏​បាន​ក្លាយ​ជា​​​គោល​ដៅ​នៃ​យុទ្ធនា​ការ​​​ដ៏​ធំ​មួយ​របស់​រដ្ឋាភិបាល​ ដើម្បី​ស៊ើប​អង្កេត​រឿង​អាស្រូវ​ផ្លូវ​ភេទ ដែល​បាន​​ឈាន​ទៅ​ដល់​​ការ​ដាក់ពន្ធនាគារ​មន្ត្រី​គណបក្ស​ប្រឆាំង​មួយ​រូប ហើយ​កាលពី​ម្សិលមិញ​​​​មន្ត្រី​សិទ្ធិ​មនុស្ស​​ប្រាំនាក់​​ និង​អតីត​មន្ត្រី​ គ.ជ.ប. ជាន់​ខ្ពស់។

លោក អ៊ុំ សំអាន មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង និង​លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធ​សភា​ក៏​ត្រូវ​បាន​ដាក់​ពន្ធនាគារ​ដែរ​ទោះ​បី​ជា​ពួក​លោក​មាន​អភ័យ​ឯកសិទ្ធិ​​ដែល​អាច​ការ​ពារ​ខ្លួន​ពី​ការ​​​​ចាប់​ខ្លួន​ ហើយ​រដ្ឋាភិបាល​​បាន​ហាម​ប្រាម​គណបក្ស​សង្គ្រោះជាតិ​មិន​ឲ្យ​ដំឡើង​អង់តែន​​​សម្រាប់​ស្ថានីយ​ទូរទស្សន៍​​​។

លោក អ៊ូ វីរៈ ប្រធាន​ក្រុម​វេទិកា​​អនាគត​បាន​មាន​ប្រសាសន៍​ថា វា​មិន​អាច​ទៅ​រួច​ទេ​ក្នុង​​​​ការ​និយាយ​ថា មូលហេតុដែល​លោក​ គីស៊ីដា ​​បាន​​លុប​​កម្ពុជា​ចេញពី​បញ្ជី​។

លោក​​បន្ត​ថា “​យើង​នឹង​មិន​ដឹង​ទេ ប្រសិន​បើពួកគេ​មិន​និយាយ​ ប៉ុន្តែ​វា​នឹង​មាន​តម្លៃ​ជាង​​​​ប្រសិន​បើ​ពួកគាត់​មក​។ វា​គួរ​ឲ្យ​ខក​ចិត្ត​ដែល​ពួកគាត់​មិន​មក​។ មូល​ហេតុ​មួយ​អាច​ថា ពួក​គេ​​រវល់​ពេក ហើយ​កម្ពុជា​​មិន​ស្ថិត​នៅ​ក្នុង​រ៉ាដា​របស់​ពួកគេ​ទៀត​ទេ មាន​ន័យ​ថា​​ មិន​សំខាន់​គ្រប់គ្រាន់​។ មូលហេតុទី២​​គឺ​ថា ពួកគេ​មិន​បាន​​​​មក​​អាច​មក​ពី​ស្ថានភាព​តានតឹង​ផ្នែក​នយោ​​​បាយ​​នៅ​កម្ពុជា។ វា​អាច​រួម​ផ្សំ​មូលហេតុ​ទាំង​​​​ពីរ។ ប៉ុន្តែ​នេះ​អាច​ជា​ការ​ខូច​ខាត​លើក​ដំបូង​នៅ​​​​​​​​​ក្នុង​​ភាព​តាន​តឹង​ខាង​នយោបាយ​​”៕សុខុម​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស