អ្នកនាំពាក្យក្រសួងរៀបចំដែនដីនិយាយកាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលបានផ្តល់ការយល់ព្រមចុងក្រោយសម្រាប់សាងសង់អគារភ្លោះកម្ពស់១៣៣ជាន់ដែលគិតជាទឹកប្រាក់អស់៣ពាន់លានដុល្លារដែលក្រុមហ៊ុនអភិវឌ្ឍន៍អះអាងថានឹងសាងសង់ចប់នៅឆ្នាំ២០១៨។
អ្នកនាំពាក្យក្រសួង លោក ជៀម សុផលមករា បានបញ្ជាក់ថាក្រុមហ៊ុនថៃប៊ុនរុ៉ង គ្រុប បានទទួលការយល់ព្រមលើគម្រោងរួចហើយ ដែលមានសណ្ឋាគារមួយ ការិយាល័យនិងអគារផ្ទះល្វែង ហើយថា ក្រុមហ៊ុនអភិវឌ្ឍន៍មានបំណងបញ្ចប់ការសាងសង់នៅឆ្នាំ២០១៨។
លោក សុផលមករាបាននិយាយថា “ខ្ញុំបានសួរមន្ត្រីនៅច្រកចេញចូលតែមួយនៅក្រសួង ហើយគេប្រាប់ខ្ញុំថា គម្រោងនេះត្រូវបានចុះហត្ថលេខាយល់ព្រមរួចហើយ ប៉ុន្តែខ្ញុំមិនដឹងថ្ងៃចុះហត្ថលេខាទេ”។
មណ្ឌលពាណិជ្ជកម្មភ្លោះក្រុមហ៊ុនថៃប៊ុនរ៉ុងនឹងសាងសង់នៅលើផ្ទៃដី៥ហិកតាទល់មុខកាស៊ីណូ ណាហ្គាវើល ហើយស្ថិតក្នុងបណ្តាអគារខ្ពស់បំផុតនៅលើពិភពលោក នៅពេលដែលសាងសង់រួច”។
ក្រុមហ៊ុនថៃប៊ុនរ៉ុងកាន់កាប់សណ្ឋាគារ អ៊ិនធឺខុនធីណែនថលក្នុងក្រុងភ្នំពេញ ហើយជាកម្មសិទ្ធិរបស់លោក ថេង ប៊ុនម៉ា ជាសេដ្ឋីលាក់មុខដែលមានប្រវត្តិដកកាំភ្លើងបាញ់ពេលមានជម្លោះ ដែលតាមការចោទប្រកាន់គឺមានទ្រព្យធនបានមកពីជួញដូរគ្រឿងញៀន។
គម្រោងនេះមានកើតឡើងក្នុងពេលដែលទីផ្សារអចលនទ្រព្យនៅក្រុងភ្នំពេញកំពុងតែបង្ហាញនូវសញ្ញាហូរហៀរ។
ក្នុងរបាយការណ៍នាពេលថ្មីៗបំផុតនេះដែលគ្របដណ្តប់លើឆមាសទីពីរនៃឆ្នាំ២០១៥ ទីប្រឹក្សាអចលនទ្រព្យ ណៃ ហ្វ្រែង និយាយថា គម្រោងការិយាល័យ លក់រាយនិងអគារផ្ទះល្វែងបានកើនឡើងយ៉ាងគំហុក ដោយមានការផ្តល់ខុនដូដែលនឹងកើនឡើង៦៤១ភាគរយនៅឆ្នាំ២០១៨។
របាយការណ៍ដែលមិនបញ្ចូលមណ្ឌលថៃប៊ុនរ៉ុង និយាយថា វិស័យខុនដូរំពឹងថានឹងទទួលរងសម្ពាធធ្លាក់ចុះក្រោមខ្លាំង ដោយសារតែការប្រកួតប្រជែងហួសហេតុពីឆ្នាំ២០១៧តទៅ ហើយព្យាករណ៍ថា ការិយាយល័យនៅទំនេរនឹងឡើងដល់៣៧ភាគរយនៅឆ្នាំ២០១៨។
អគារខ្ពស់បំផុតក្នុងប្រទេស ពោលគឺអគារវឌ្ឍនៈ កាពីថល កម្ពស់៣៩ជាន់អាចឆ្លុះបញ្ចាំងឲ្យឃើញនូវវាសនារបស់អគារភ្លោះនេះ។
អ្នកចាត់ការជួលជាន់ខ្ពស់របស់ក្រុមហ៊ុនបានប្រាប់កាសែត ឌឹ ហ្កាដៀនកាលពីខែកក្កដា ថា សាងសង់ចប់ក្នុងឆ្នាំ២០១៤ អគារនេះទទួលបានអត្រាចូលនៅប្រហែល៣០ភាគរយនៅពាក់កណ្តាលឆ្នាំ២០១៥។
លោក សឹង ប៊ុណ្ណា ប្រធានក្រុមហ៊ុនអចលនទ្រព្យប៊ុណ្ណា រៀលធី គ្រុប កាលពីមុនស្មានថា គម្រោងអគារភ្លោះនេះនឹងប្រើរយៈពេលយ៉ាងហោចណាស់បីទៅបួនឆ្នាំ ដើម្បីសាងសង់រួច ប៉ុន្តែបានបដិសេធមិនស្មានកាលពីថ្ងៃច័ន្ទ ដោយសារមិនបានឃើញគម្រោងសាងសង់ពិស្តារ៕