មន្ត្រីអន្តោប្រវេសន៍ម្នាក់បាននិយាយកាលពីម្សិលមិញថា ជនភៀសខ្លួនពីរនាក់ទៀត ដែលឃាត់ទុកដោយប្រទេសអូស្ត្រាលីនៅមណ្ឌលឃាត់ខ្លួនក្នុងសមុទ្រ បានស្ម័គ្រចិត្តមកតាំងទីលំនៅថ្មីនៅប្រទេសកម្ពុជា ជាសញ្ញាមួយបង្ហាញឲ្យឃើញថា កិច្ចព្រមព្រៀងតាំងលំនៅជាថ្មីដ៏ចម្រូងចម្រាសររវាងប្រទេសទាំងពីរមានដំណើរការជាធម្មតានៅឡើយ។
លោក កែម សារិន ប្រធាននាយកដ្ឋានជនភៀសខ្លួននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បាននិយាយថា អ្នកស្ម័គ្រចិត្តពីរនាក់ថ្មីមកពីជំរំជនភៀសខ្លួននៅប្រទេសកោះណូរូនៃមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូងមិនបានដាក់ពាក្យសុំជាផ្លូវការនៅឡើយទេ។ ព័ត៌មាននេះលេចឮឡើងបន្ទាប់ពីមានរបាយការណ៍ថា ជនភៀសខ្លួនពីរនាក់នៅប្រទេសណូរូបានដុតសម្លាប់ខ្លួនឯងកាលពីសប្តាហ៍មុន។
ប្រសិនបើទទួលបានការយល់ព្រម អ្នកទាំងពីរនឹងចូលរួមជាមួយមនុស្សពីរនាក់ផ្សេងទៀត ដែលបានចាកចេញពីប្រទេសណូរូមកក្រុងភ្នំពេញ និងបានស្នាក់នៅ ចាប់តាំងពីប្រទេសកម្ពុជាបានទទួលយកកញ្ចប់ជំនួយ៣០លានដុល្លារពីប្រទេសអូស្ត្រាលីកាលពីខែកញ្ញាឆ្នាំ២០១៤ ជាថ្នូរនឹងការទទួលយកជនភៀសខ្លួនច្រើនរយនាក់នៅលើប្រទេសកូនកោះនេះ។
លោក សារិន បាននិយាយកាលពីម្សិលមិញថា ”ប្រទេសអូស្ត្រាលីបានជូនព័ត៌មានដល់យើងថា មនុស្សពីរនាក់ទៀតបានស្ម័គ្រចិត្តមកប្រទេសកម្ពុជា”។
លោកនិយាយថា ”នេះគ្រាន់តែជាព័ត៌មានមិនផ្លូវការពីប្រទេសអូស្ត្រាលី ហើយយើងមិនទាន់បានទទួលលិខិតផ្លូវការណាមួយនៅឡើយទេ។ យើងនឹងពិនិត្យមើលឯកសារសំណើសុំតាំងទីលំនៅថ្មីរបស់ជនភៀសខ្លួនស្ម័គ្រចិត្ត និងដាក់សំណើនោះទៅរដ្ឋមន្ត្រីដើម្បីសុំសេចក្តីសម្រេច”។
លោក សារិន បាននិយាយថា លោកមិនបានដឹងអំពីភេទ អាយុ ឬសញ្ជាតិនៃអ្នកស្ម័គ្រចិត្តពីរនាក់នោះ ឬថាតើពួកគេជាប់សាច់ញាតិគ្នាឬយ៉ាងណានោះឡើយ។
អ្នកនាំពាក្យការិយាល័យនៃក្រសួងអន្តោប្រវេសន៍អូស្ត្រាលី លោក ភីធើ ដាត់ថុន មិនបានឆ្លើយតបនឹងសំណើសុំការពន្យល់ទេ។
មានតែប្រាំនាក់ប៉ុណ្ណោះក្នុងចំណោមជនភៀសខ្លួនលើកោះណូរូបានផ្លាស់មករស់នៅក្រុងភ្នំពេញ ចាប់តាំងពីមន្ត្រីកម្ពុជានិងអូស្ត្រាលីបានសម្រេចកិច្ចព្រមព្រៀងតាំងលំនៅថ្មីនេះដោយមានការអបអរនៅក្រសួងមហាផ្ទៃជាងមួយឆ្នាំកន្លះមកហើយ។ ប៉ុន្តែ មនុស្សបីនាក់ក្នុងចំណោមពួកគេ គឺបុរសម្នាក់មកពីប្រទេសភូមា និងប្តីប្រពន្ធមួយគូមកពីប្រទេសអីុរ៉ង់ ចាប់តាំងពីពេលនោះមកបានសម្រេចចិត្តត្រឡប់ទៅស្រុកវិញ ជាជាងស្នាក់នៅក្នុងប្រទេសកម្ពុជា។
លោក អៀន រីនថូល អ្នកនាំពាក្យអង្គការសម្ព័ន្ធសកម្មភាពជនភៀសខ្លួន មានមូលដ្ឋាននៅក្រុងស៊ីដនី បាននិយាយថា ជនភៀសខ្លួនមួយចំនួននៅប្រទេសណូរូ អាចនៅតែយល់ឃើញថាប្រទេសកម្ពុជាជាដំណាក់មួយឆ្ពោះទៅរកប្រទេសប្រសើរជាងនេះ បើទោះជាប្រទេសអូស្ត្រាលីបានបញ្ជាក់ច្បាស់ថា ប្រទេសរបស់ខ្លួនមិនអាចទៅដល់បានយ៉ាងណាក៏ដោយ។
លោកបាននិយាយថា ការដុតសម្លាប់ខ្លួននៃជនភៀសខ្លួនម្នាក់លើកោះណូរូ កាលពីថ្ងៃច័ន្ទ ជាលើកទីពីរក្នុងពេលមួយសប្តាហ៍ ក៏អាចបង្ខំឲ្យមនុស្សមួយចំនួនពិចារណាអំពីប្រទេសកម្ពុជាដែរ ប៉ុន្តែនៅតែមានមន្ទិលថា ការបញ្ជូននឹងអាចជាកិច្ចកលច្រើនជាង។
លោកបាននិយាយថា ”អំពើឃោរឃៅនិងភាពរន្ធត់នៃអ្វីដែលបានកើតឡើងនាពេលថ្មីៗនេះនៅណូរូ អាចជំរុញឲ្យមនុស្សមួយចំនួនតូចពិចារណាថាប្រទេសកម្ពុជាជាជម្រើសមួយ។ យើងក៏មានការខំប្រឹងប្រែងថ្មីៗនេះរបស់រដ្ឋាភិបាលអូស្ត្រាលីបញ្ជាក់ថា មិនមានជម្រើសណាផ្សេងក្រៅពីប្រទេសកម្ពុជា។ អ្វីដែលសម្រេចបាន គឺថា មនុស្សមួយចំនួនតូចប៉ុណ្ណោះសុខចិត្តពិចារណាអំពីប្រទេសកម្ពុជាថ្វីបើស្ថានការណ៍កំពុងដុនដាបនៅកោះណូរូក៏ដោយ”។
លោកបាននិយាយបន្ថែមថា “ខ្ញុំមិនជឿថានឹងមានមនុស្សច្រើនដែលអាចត្រូវជំរុញឲ្យពិចារណាមកប្រទេសកម្ពុជាទេ។ វាច្បាស់ណាស់ថា ដំណោះស្រាយកម្ពុជាដែលស្នើឡើងដោយរដ្ឋាភិបាលអូស្ត្រាលីជារឿងលេងសើចដែលចំណាយច្រើន”។
បើទោះជាមានប្រយោជន៍តិចតួចនៅកម្ពុជាក៏ដោយ ក៏លោក ដាត់ថុន បានបន្តការពារកិច្ចព្រមព្រៀងនេះ ព្រោះជាការរារាំងដ៏មានប្រសិទ្ធភាពមួយទប់ស្កាត់ការប៉ុនប៉ងដោយអ្នកបម្រុងនឹងក្លាយជាអ្នកស្វែងរកសិទ្ធិជ្រកកោនមិនឲ្យមកកាន់ប្រទេសអូស្ត្រាលី។ ប៉ុន្តែក្រុមសិទ្ធិមនុស្សនិងសមាជិកសភាបក្សប្រឆាំងនៅប្រទេសទាំងពីរបានចោទប្រទេសអូស្ត្រាលីថាបានគេចចេញពីកាតព្វកិច្ចរបស់ខ្លួនចំពោះជនភៀសខ្លួនក្រោមច្បាប់អន្តរជាតិ ដោយស្វះស្វែងបញ្ជូនពួកគេចេញទៅប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតនិងពុករលួយបំផុតនៅក្នុងតំបន់៕ និត