27 C
Phnom Penh

បក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​ធ្វើ​​តាម​​​​ការ​កោះ​​ហៅ​របស់​តុលា​​​ការ​ ខណៈ ACU ព្រមាន​ចាប់​ខ្លួន​បន្ថែម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ ​គណបក្ស​សង្គ្រោះជាតិ​​បាន​លើក​ឡើង​ថា ​តំណាង​រាស្ត្រ​របស់​ខ្លួន​​នឹង​​​​មិន​ធ្វើ​តាម​ការ​កោះ​ហៅ​​សម្រាប់​ការ​សាក​សួរ​​​​​​ពាក់​ព័ន្ធ​រឿង​អាស្រូវ​​ផ្លូវ​ភេទ​របស់​មេដឹកនាំ​បក្ស​​​ឡើយ ​ខណៈ​ លោក ឱម យ៉ិនទៀង ​ប្រធាន​​​​​អង្គភាព​ប្រឆាំងអំពើ់ពុករលួយ​ ដែលជាអ្នក​​​​ដឹកនាំ​ការ​​​​​​​ស៊ើបអង្កេតរបស់រដ្ឋាភិបាល​ ​​បាន​និយាយ​ការ​​​​ពារ​ការ​ស៊ើបអង្កេត​នេះ​​តាម​កញ្ចក់​​​ទូរទស្សន៍​ក្នុងស្រុក​មួយ ហើយបាន​ព្រមាន​អំពី​​​ការ​ចាប់​ខ្លួន​បន្ថែម​ទៀត​។

កាលពី​ថ្ងៃ​ច័ន្ទ សាលា​ដំបូង​រាជធានី​ភ្នំពេញ​​​​​​បាន​ដាក់​ការ​ចោទ​ប្រកាន់​ពីបទ​សូកប៉ាន់​លើ​លោក​ នី ចរិយា អគ្គលេខាធិការ​រង​​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.) ​​មន្ត្រី​អង្គការ​សហប្រជាជាតិ​មួយ​រូប​ និង​មន្ត្រី​ជាន់​ខ្ពស់​បួន​រូប​​របស់​សមាគម​សិទ្ធិ​មនុស្ស​​អាដហុក ជា​​ផ្នែក​នៃ​​ការ​ពង្រីក​ការ​ស៊ើប​អង្កេត​​​​​របស់​​អង្គភាព​ប្រឆាំង​អំពើ​​ពុករលួយ​ (ACU) លើ​រឿង​ស្នេហាលួចលាក់​​​ដែល​គេ​ចោទ​ថា កើត​ឡើង​រវាង​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​ធ្វើ​សក់​ម្នាក់​​អាយុ​២៥​ឆ្នាំ​។ នៅ​ថ្ងៃ​បន្ទាប់​ តុលាការ​បាន​កោះ​ហៅ​លោក កឹម សុខា និង​តំណាង​រាស្ត្រ​ពីរ​រូប​ទៀត​មកពី​គណបក្សលោក​​​សម្រាប់ការ​សាក​សួរ​។

ប៉ុន្តែ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​កាលពី​ម្សិលមិញ គណបក្ស​សង្គ្រោះជាតិ​បានលើក​ឡើង​ថា តំណាង​រាស្ត្រ​របស់​ខ្លួន​​​នឹង​មិន​គោរព​​​តាម​​ការ​កោះ​ហៅ​បែប​នេះ​ឡើយ លុះ​ត្រា​តែ​អភ័យ​ឯកសិទ្ធិ​​ដែល​មាន​ការ​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​​របស់​ពួកគាត់​ត្រូវ​បាន​ដក​ជា​ផ្លូវ​ការ​ជាមុន​សិន។

រដ្ឋធម្មនុញ្ញ​​​​​ធានា​ការ​ពារ​តំណាង​រាស្ត្រ​ពី​ការ​​​ផ្ដន្ទាទោស​​ លុះ​ត្រា​តែ​តំណាង​រាស្ត្រ​២​ភាគ​៣​​​​ទាំង​នៅ​ក្នុង​​​​​សភា និង​ព្រឹទ្ធសភា​​បោះ​ឆ្នោត​ដក​អភ័យ​ឯកសិទ្ធិ​​​របស់​ពួកគាត់​ជាមុន​សិន​ ជា​កម្រិត​ភាគរយ​មួយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​​មិន​អាច​​ទទួល​បាន​ឡើយ។ ជាការ​ឆ្លើយ​តប​នឹង​ការ​រិះគន់​ ​នគរ​បាល​បាន​ចាប់​ខ្លួន​តំណាង​រាស្ត្រ​​គណបក្ស​ប្រឆាំង​ពីរ​រូប​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដោយ​អះអាង​ថា ​​មាន​ភ័ស្តុតាង​ជាក់​ស្ដែង​នៃ​ការ​ប្រព្រឹត្តបទ​ល្មើស​។

សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​នេះ​មាន​ខ្លឹមសារ​ដូច្នេះ​ថា ” តំណាង​រាស្ត្រ​គណ​បក្ស​​​សង្គ្រោះជាតិ​មើល​ឃើញ​ថា រាល់​ការ​កោះ​ហៅ​ចេញ​ដោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​​សម្រាប់​​សមាជិក​សភា​​​ដែល​មាន​អភ័យ​ឯក​សិទ្ធិ​គឺ​ជា​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​លើ​អភ័យ​ឯកសិទ្ធិ​របស់​សមាជិក​សភា​ ដូច​ដែល​បាន​ធានា​​​នៅក្នុង​​មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ​”។

​សេចក្ដី​ថ្លែងការណ៍​នេះ​មាន​ខ្លឹមសារ​បន្ត​ដូច្នេះ​ថា “តំណាង​រាស្ត្រ​​គណបក្ស​សង្គ្រោះ​ជាតិ​​នឹង​មិន​ទៅ​តាម​ការ​កោះ​ហៅ​​របស់​អយ្យការ​អម​សាលា​ដំបូង​​រាជធានី​ភ្នំពេញ​ដែល​រំលោភ​​​​​បំពាន​ច្បាប់​​នោះ​ឡើយ​”។

លោក សុន ឆ័យ​ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​បាន​លើក​ឡើង​ថា ការ​សម្រេច​បែប​នេះ​​​សំដៅ​ដល់​​ការ​កោះ​ហៅ​ដែល​ចេញ​កាល​ពី​ថ្ងៃ​​អង្គារ ប៉ុន្តែ​​មិន​សំដៅ​បុគ្គល​ណាម្នាក់​ឲ្យ​ជាក់​លាក់​នោះឡើយ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​មិន​ចង់​បញ្ចេញ​ឈ្មោះ​បុគ្គល​ណា​ម្នាក់​ឡើយ។ ប៉ុន្តែ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ ដោយ​អនុលោម​ទៅ​តាម​គោលការណ៍​នៃ​រដ្ឋធម្មនុញ្ញ​ និង​នីតិវិធី​​ច្បាប់​​ផ្សេងៗ​ទៀតនោះ​ ​ការ​ចេញ​ដីកា​កោះ​ហៅ​បែប​នេះ​គឺ​មិន​ត្រឹម​ត្រូវ​​ទេ​”។

លោក លី សុផាន់ណា អ្នក​នាំពាក្យ​អយ្យ​ការ​​អម​សាលា​ដំបូង​រាជធានី​​បាន​បដិសេធ​មិន​និយាយ​ថា តើ​​តុលាការ​នឹង​បន្ត​នីតិវិធី​តាម​​​របៀប​ណា​នោះ​ឡើយ ប្រសិន​បើ​តំណាង​​​រាស្ត្រ​ទាំង​នេះ​មិន​បង្ហាញ​ខ្លួន​នោះ​។ លោក កឹម សុខា ត្រូវ​បង្ហាញខ្លួន​នៅ​ក្នុង​តុលាការ​នៅ​ថ្ងៃ​ពុធ។

​លោក​បាន​មាន​ប្រសាសន៍​ថា ”​យើង​នឹង​រង់ចាំ​រហូត​ដល់​​ថ្ងៃ​ដែល​កំណត់​សម្រាប់​​ពួក​គាត់​ ព្រោះ​យើង​មិនជឿ​ថា ពួកគាត់​មិន​មក​នោះ​ទេ​”។​លោក​បាន​​បន្ថែម​ថា ប៉ុន្តែ​បើ​ពួក​គាត់​មិន​មក​ ”យើង​មាន​វិធានការ​​ជាច្រើន​ដែល​ត្រូវ​ចាត់​ការ​ចំពោះ​បុគ្គល​ដែល​តតាំង​មិន​ផ្ដល់​​ចម្លើយ​ចំពោះ​មុខ​​អយ្យការ​”។

​ទោះ​ជា​យ៉ាង​ណា នៅ​ខាង​ក្រៅ​រដ្ឋសភា​បន្ទាប់ពី​កិច្ច​ប្រជុំ​​​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​​រដ្ឋ​សភា​ លោក ឈាង វុន តំណាង​រាស្ត្រ​​គណ​បក្ស​ប្រជាជន​កម្ពុជា​​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​​​​ថា លោក កឹម សុខា ​​​ទំនង​ជា​​នឹង​មិន​​ត្រូវ​ចាប់​ខ្លួន​នោះ​ឡើយ​ ​បើ​អភ័យ​ឯកសិទ្ធិ​របស់​គាត់​មិន​ទាន់​ត្រូវ​បាន​ដក​ជា​ផ្លូវ​ការ​នោះ​ ហើយ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​​រូប​ផ្សេង​ទៀត​ក៏​ប្រហែល​ជា​ដូច្នោះ​​ដែរ។​

ដោយ​សំដៅ​ដល់​​វាក្យខណ្ឌ​ស្ដីអំពី​បទ​ល្មើស​​​ជាក់​ស្ដែង​​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ លោក​មាន​ប្រសាសន៍​ថា ​​”នេះ​មើល​​​​​​ទៅ​​​​មិន​ដូច​ករណី​បទ​ល្មើស​ជាក់​ស្ដែង​នោះ​ទេ”។

ស្រប​ពេល​ដំណាល​គ្នា​នេះ លោក ឱម យ៉ិនទៀង ប្រធាន ACU ​បាន​​​ចេញ​មក​និយាយ​​​​​តាម​កញ្ចក់​ទូរទស្សន៍ PNN ជា​ស្ថានីយ​ទូរ​ទស្សន៍​​​​គ្រប់គ្រង​ដោយ​លោក លី យ៉ុងផាត់ ​សមាជិក​​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​​ការ​ពារ​ការ​ស៊ើបអង្កេត​ដែល​លោក​បាន​បើក​ជា​ផ្លូវ​ការ​លើ​ការ​អះអាង​​ពាក់​ព័ន្ធ​​អំពើពុក​រលួយ​​​ជុំវិញ​រឿង​ស្នេហា​លួចលាក់​​ដែល​គេ​ចោទ​ថា​ជាប់​​ទាក់​ទិន​នឹង​​លោក កឹម សុខា ​​កាលពី​ខែ​មីនា។

នៅ​ក្នុង​កិច្ច​សម្ភាស​មួយ​ ​​លោក​បាន​សំដៅ​ជា​ពិសេស​លើ​លោក នី ចរិយា អគ្គ​លេខា​​ធិការ​​រង​ គ.ជ.ប. ដែល​​កំពុង​ត្រូវ​បាន​ឃុំខ្លួន​ជា​បណ្ដោះ​អាសន្ន​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​បួន​រូប​ទៀត​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​។

​លោក​បាន​ចាត់​ទុក​លោក នី ចរិយា អតីត​មន្ត្រី​កំពូល​មួយ​រូប​នៅ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ថា ជា​មេខ្លោង​នៅ​ពីក្រោយ​​ការ​សូក​ប៉ាន់​​​ដើម្បី​​ស្រីកំណាន់​ដែល​គេ​ចោទ​ថា ជា​របស់​លោក កឹម សុខា បដិសេធ​រឿង​​ស្នេហា​លួច​លាក់​នេះ​។ ស្ត្រី​រូប​នេះ​ដែល​មាន​ឈ្មោះ​​​ថា ខុម ចាន់តារ៉ាទី ​បាន​បដិសេធ​​រឿង​ស្នេហា​លួចលាក់​នេះ​រហូត​ដល់​ខែ​មុន ​​ជាពេល​ដែល​​​នាង​បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​​រឿង​ស្នេហា​​​​​​​​លួច​លាក់​នេះ​មែន​ ​​ខណៈ​ពេល​ដែល​ត្រូវ​បាន​​​​​​​សាកសួរ​​ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​បទ​ពេស្យា​ចារ​ ហើយ​នាង​បាន​ចោទ​ប្រកាន់​លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក និង​អ្នក​ផ្សេង​ទៀត​​ថា​បាន​បញ្ចុះ​បញ្ចូល​​ឲ្យ​នាង​និយាយ​កុហក​។

​លោក ឱម យ៉ិនទៀង បាន​និយាយ​ទាក់​ទង​​នឹង​លោក នី​ ចរិយា ថា “​គាត់​គឺ​ជា​អ្នក​ដែល​បញ្ជា​​ និង​នៅ​ពីក្រោយ​​​ករណី​​នេះ​។ គាត់​បាន​​​បញ្ជា​ឲ្យ​ផ្ដល់​សំណូក​ទៅ​ឲ្យ​សាក្សី​រូប​នេះ​ ហើយ​​​​ក៏​ទទួល​បាន​ជោគ​ជ័យ​។ ​ហេតុ​ដូច្នេះ​​គាត់​គឺ​ជា​​អ្នក​សម​គំនិត​នៅ​ក្នុង​អំពើ​សូកប៉ាន់​”។

​លោក ឱម យ៉ិនទៀង បាន​​​បន្ត​អះអាង​ថា លោក​ នី សុខា ​​ដែល​ជាមន្ត្រី​មួយ​រូប​ក្នុង​ចំណោម​មន្ត្រី​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ ដែល​ត្រូវ​បាន​ចោទប្រកាន់ និង​បញ្ជូន​ទៅ​ពន្ធនាគារ​នោះ​​ បាន​​​ដាក់​សម្ពាធ​ឲ្យ​នាង​ ខុម ចាន់តារា៉ទី ហៅ​ស្រីមុំ និយាយ​បដិសេធ​ថា លោក កឹម សុខា ​មិន​បាន​​ចេញ​ថ្លៃ​សំបុត្រ​​​យន្តហោះ​ឲ្យនាង​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​ជាមួយ​គ្នា​​ទេ​។

​លោក​បាន​មាន​ប្រសាសន៍​ថា “​លោក នី សុខា ដែល​ជា​ប្អូន​ប្រុស​របស់​លោក នី ចរិយា បាន​ស្នើ​ និង​ដាក់​សម្ពាធ​លើ​ ស្រីមុំ ដើម្បី​ឲ្យ​នាង​ផ្ដល់​សក្ខីកម្ម​ក្លែង​ក្លាយ​​មួយ​ម៉ោង​មុន​ពេល​នាង​បង្ហាញ​ខ្លួន​នៅ​តុលាការ​”។

​លោក​បាន​ថ្លែង​បន្ត​​ថា ”​ហើយ​​គាត់​នៅ​តែ​សន្យា​ផ្ដល់​សំណូក​។ ឧទាហរណ៍​ គាត់​បាន​សួរ​ ‘ស្រីមុំ ថាតើ​រឿង​ទៅ​ប្រទេស​ថៃ​ពិត​ឬ​មិនពិត​?’ ហើយ​ ស្រីមុំ ឆ្លើយ​ថា ‘ពិត​​ហើយ​ ខ្ញុំ​បាន​ទៅ​ប្រទេស​ថៃ​មែន​’។ គាត់​បាន​ឆ្លើយ​ថា ‘ហេ មិនត្រូវ​និយាយ​​​ថា វា​ជា​រឿង​ពិត​នោះ​ទេ’។ ហើយ​នៅ​ពេល​គាត់​សួរ​ថា តើ​នរណា​​ជា​អ្នក​ទិញ​សំបុត្រ​យន្ត​​ហោះ​​ពេល​នាង​ទៅ​ប្រទេស​ថៃ នាង​និយាយ​ថា លោក កឹម សុខា​ ជា​អ្នក​ទិញ​ឲ្យ​នាង​”។

ដោយ​ទំនង​ជា​ច្រឡំ​ឈ្មោះ​បង​ប្អូន​ទាំង​ពីរ​​​នាក់​នេះ​ហើយចង់សំដៅដល់​លោក នី សុខា​នោះ លោក​បាន​បន្ថែម​ថា “​តើ​អ្នក​មាន​ដឹង​ថា លោក នី ចរិយា ​មាន​បាន​និយាយ​អ្វី​ខ្លះ​ទៀត​ដែរ​ឬទេ?”។លោកបាន​បន្ថែម​​​​ទៀតថា ” គាត់​​​​បាន​និយាយ​ថា ‘ស្រីមុំ នាង​​ត្រូវ​និយាយ​ថា ​តើ​​​​ខ្ញុំ​គ្មាន​លទ្ធភាព​ទិញ​សំបុត្រ​ដោយ​ខ្លួន​ឯង​ឬ​?។ នាង​អាច​និយាយ​ថា ទិញ​ដោយ​ខ្លួន​ឯង​។ ហេតុ​​​អី​ត្រូវ​​និយាយ​ថា មាន​គេ​ទិញ​ឲ្យ​នាងនោះ​?'”។

​ប្រធាន ACU រូប​នេះ ​​បាន​លើក​ឡើង​​ថា វិក្កយបត្រ​ដែល​អង្គ​ភាព​របស់​លោក​ប្រមូល​បាន​​​ពាក់​ព័ន្ធ​ប្រាក់​​២០៤​ដុល្លារ​ដែល​សមា​គម​សិទ្ធិ​មនុស្ស​អាដ​ហុក ​​ចេញ​ឲ្យ​នាង​​ ខុម ចាន់តារ៉ាទី ដើម្បី​រា៉ប់រង​លើ​​ការ​ចំណាយ​លើ​ថ្លៃ​​​ធ្វើ​ដំណើរ ខណៈ​​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​​នេះ​កំពុង​ជួយ​ផ្ដល់​ជំនួយ​គាំទ្រ​នាង​​នៅ​ក្នុង​ការ​តតំាង​​​ផ្លូវ​ច្បាប់​នោះ ក៏​ជា​ភ័ស្តុតាង​នៃ​ការ​សូកប៉ាន់​ដែរ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​បាន​បង្ហាញ​​ភ័ស្តុតាង​ទៅ​លោក​ នី ចរិយា ហើយ​ វា​មិន​មែន​ជា​ភ័ស្តុតាង​នៃ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយទេ ប៉ុន្តែ​ជា​ភ័ស្តុតាង​​​ដែល​បង្ហាញ​​ថា​អ្នក​សូក​ប៉ាន់​នាង​ឲ្យ​និយាយ​កុហក”។

លោក ឱម យ៉ិនទៀង បាន​លើក​ឡើង​ទៀត​​​ថា អ្នក​ផ្សេង​​ទៀត​នៅ​តែ​អាច​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​សំណាញ់​របស់​ ACU ខណៈ​ការ​ស៊ើបអង្កេត​កំពុង​​បន្ត​​ ដោយ​សំដៅ​ដល់​លោក ស៊ាង ចែត មេឃុំ​គណបក្ស​ប្រឆាំង​​​ដែល​​​​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់​ព័ន្ធ​ការ​​ចោទ​ប្រកាន់​​នៃ​ការ​ផ្ដល់​​សំណូក​មួយ​ទៀត គឺ​​ការ​សន្យា​ផ្ដល់​​ប្រាក់​៥០០​ដុល្លារ​ទៅ​ឲ្យ​នាង​ ខុម ចាន់តារ៉ាទី។

​លោក​​ថ្លែង​ថា “​យើង​មាន​ឈ្មោះ​មនុស្ស​មួយ​ចំនួន​។ យើង​ត្រូវ​តែ​ឃ្លាំមើល​ពួកគាត់​បន្ថែម​ទៀត​។ ប្រសិន​បើ​យើង​មាន​ភ័ស្តុតាង យើង​នឹង​ចាត់វិធានការ​បន្ថែម​​ដូច​ជា​ករណី​លោក​មេឃុំ​ ស៊ាង ចែត​ ដែរ​”។

​លោក​បាន​លើក​ឡើង​បន្ត​ទៀត​ថា លោក ​ធន សារ៉ាយ ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​​ ដែល​បាន​រិះគន់​ការ​ចាប់​ខ្លួន​បុគ្គលិក​របស់លោក​​​ក៏​អាច​​ជា​មនុស្ស​ដែល​ពាក់​ព័ន្ធ​ដែរ​ ប្រសិន​បើ​គាត់​បន្ត​និយាយការ​ពារ​បុគ្គលិក​​​របស់​គាត់​។

លោក​​​មាន​ប្រសាសន៍​ថា “​បើគាត់​​ [លោក ​​ធន សារ៉ាយ] ថ្លែង​ការ​ពារ​ផល​ប្រយោជន៍​របស់​​​​អាដហុក​ ដោយ​សារមនុស្ស​ខុស​​បួន​​ឬ​ប្រាំនាក់​នេះ​ ​នេះកាន់តែ​បង្ហាញ យើង​នឹង​ប្រមូល​ភ័ស្តុតាងជំហាន​​ៗ​ទៅទៀត​​ ថាគាត់​មាន​ជាប់ទៀត​ឬក៏អត់​​”។

លោក ឱម យ៉ិនទៀង ក៏​បាន​​ឆ្លៀត​ឱ​កាស​និយាយ​​ទាក់​ទង​​នឹង​លោក ប្រែ៊ដ​ អាដាម ​ប្រធាន​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស ដែលរួម​​​ជាមួយ​អង្គការ​រាប់​សិប​​ផ្សេង​​ទៀត​ បាន​​រិះគន់​ខ្លាំង​ៗ​ចំពោះ​ការ​​ស៊ើប​អង្កេត​របស់​ ​ACU​។ លោក​ ប្រែ៊ដ អាដាម ក៏​​ដូច​​​ជា​អ្នក​រិះ​គន់​មួយ​ចំនួន​​ផ្សេង​ទៀត​ដែរ​ បាន​​​​​ធ្វើ​ឲ្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​ខឹង​ជាច្រើន​ឆ្នាំ​មក​ហើយ ​ហើយ​លោក ឱម យ៉ិនទៀង បាន​ឆ្លៀត​ឱកាស​​​​នេះ​​យក​​​នាមខ្លួន​របស់​គាត់ ដែល​​​​​មាន សូរ​សៀង​ស្រដៀង​ទៅ​នឹង​ពាក្យ​ខ្មែរ​ថា ​​​ប្រេត មក​លេង​​សើច​។ ​

ប្រធាន​ ACU រូប​េនះ​បាន​លើក​ឡើង​ថា “ខ្ញុំ​​ចង់​ជម្រាប​លោក ប្រេត ​​អូ​!សុំទោស លោក ប្រែ៊ដ អាដាម​ ដែល​ធ្វើ​ការ​​ឲ្យ​​ Human Wrong អូ! សុំទោស Human Rights ថា លោក​​និយាយ​គ្មាន​ហេតុ​ផល​ទេ”៕ ស៊ុយឈាង

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស