28 C
Phnom Penh

រដ្ឋាភិបាល​លើកឡើង​ថា តំណាង​រាស្ត្រ​ត្រូវ​គោរព​ដីកាកោះ​ហៅ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ ក្រសួង​យុត្តិធម៌​​បាន​ច្រាន​​​ចោល​ការ​​ជំទាស់​របស់​គណបក្ស​សង្គ្រោ​ះ​​​​ជាតិ​​ដែល​បដិសេធ​ការ​សាក​សួរ​របស់​​ព្រះ​រាជ​អាជ្ញា​ធរ​​ជុំវិញ​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​លោក កឹម សុខា អនុប្រធានគណបក្ស​ ដោយ​ហៅ​ការ​អះ​អាង​​​របស់​​គណបក្ស​​​​​​​នេះ​​​ថាជា “​ការ​​​មួល​បង្កាច់​​” ផ្ទុយ​រដ្ឋធម្មនុញ្ញ​”។

គណបក្ស​ប្រឆាំង​ទទួលបាន​ការ​គាំទ្រ​លើសលប់​​ពី​​សង្គម​ស៊ីវិល​​ដែល​​ហៅ​ការ​​​​ស៊ើប​​​អង្កេត​របស់​រដ្ឋាភិបាល​លើ​រឿង​​ស្នេហាលួច​លាក់​នោះ​ថា ជាការ​វាយ​ប្រហារ​​​នយោបាយ​ដោយ​ឥត​លាក់​លៀម​​។

កាលពី​ថ្ងៃពុធ គណបក្ស​សង្គ្រោះជាតិ​​បាន​​​លើក​ឡើង​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ មិន​មាន​សិទ្ធិ​​កោះ​ហៅ​លោក កឹម សុខា​ និង​តំណាង​រាស្ត្រ​គណបក្ស​ពីរ​រូប​ទៀត​មក​សាក​សួរ​​ពាក់​ព័ន្ធ​ស្នេហាលួច​លាក់​របស់​អនុ​ប្រធាន​​​គណបក្ស​រូបនេះ​ជាមួយ​​អ្នកធ្វើ​សក់​ម្នាក់​ឡើយ​ ​​ពីព្រោះ​អភ័យ​ឯក​សិទ្ធិស្រប​ច្បាប់ត្រូវ​បាន​ធានា​ចំពោះ​តំណាង​រាស្ត្រ​ទាំង​អស់​ដោយ​រដ្ឋធម្មនុញ្ញ។ គណ​បក្ស​នេះ​បាន​បន្ត​​​​ថា​​ ក្នុង​ចំណោម​អ្នក​ទាំងបី​គ្មាន​នរណាម្នាក់​គោរព​​ដីកា​កោះហៅ​​ដែល​ត្រូវ​បាន​ចេញ​កាលពី​ថ្ងៃ​​អង្គារ​ឡើយ។

កាល​ពី​ម្សិលមិញ ក្រសួង​យុត្តិធម៌​​បាន​ចេញ​​សេចក្តី​ថ្លែង​ការ​ណ៍​របស់ខ្លួន​ ច្រាន​ចោល​ជំហរ​​​របស់​គណបក្ស​ប្រឆាំង​។

សេចក្តី​ថ្លែងការណ៍​នេះមាន​ខ្លឹមសារ​ថា “​អ្នកនាំពាក្យ​ក្រសួង​យុត្តិ​ធម៌​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ដែលក្រុម​សមាជិក​គណបក្ស​សង្គ្រោះជាតិ​​ដែល​ជា​អ្នក​ធ្វើ​ច្បាប់​ បាន​ធ្វើ​ការ​​បក​ស្រាយ​ដោយ​ខ្វះ​ការ​យល់​ដឹង​ត្រឹម​ត្រូវ​អំពី​ច្បាប់​ និង​នីតិវ​ិធី​របស់​អង្គការ​អយ្យការ​ និង​តុលាការ​”។

សេចក្តី​ថ្លែង​ការ​ណ៍​ដដែលនេះ​បន្ថែម​ថា “​ពួកគេ​បាន​ធ្វើការ​ចោទប្រកាន់​ដោយ​មិន​ត្រឹម​​ត្រូវ​ និង​មាន​លក្ខណៈ​ជាការ​មួល​បង្កាច់ទៅ​លើ​ស្ថាប័ន​អនុវត្ត​ច្បាប់​ដែលបានអនុវ​ត្តការ​ងារ​ និង​សមត្ថកិច្ច​របស់ខ្លួន​ស្រប​តាម​ច្បាប់​និង​នីតិវិធី​ជា​ធរមាន” ដោយ​ហៅ​​ជំហរ​របស់​គណបក្ស​សង្គ្រោះជាតិ​ថា ជា​ “​សកម្មភាព​ដែល​ដាក់សម្ពាធលើ​​តុលាការ​”។

នៅក្នុង​សេចក្តីថ្លែង​ការ​ណ៍​របស់ខ្លួន ក្រសួង​​​យុត្តិធម៌​​បាន​លើក​ឡើង​ថា រដ្ឋធម្មនុញ្ញ​ការ​ពារ​​​តំណាង​រាស្ត្រ​ពី​ការ​ចាប់​ខ្លួន និង​ការ​ឃុំខ្លួន​តែ​ប៉ុណ្ណោះ​ តែមិន​ការ​ពារ​ពី​ការ​សាកសួរ​ឡើយ។​​មាត្រា​៨០​នៃរដ្ឋធម្មនុញ្ញ​ចែង​ថា តំណាង​រាស្ត្រ​​ត្រូវ​បាន​ការ​ពារ​ពីការ​ចោទ​ប្រកាន់​ ការ​ចាប់​ខ្លួន​ ការ​ឃាត់ខ្លួន និង​ការ​ឃុំខ្លួន​។ វា​មិន​បាន​លើកឡើង​ពី​ការ​សាកសួរ​ដោយ​ព្រះ​រាជ​អាជ្ញាឡើយ។

នៅពេល​ទាក់​​ទង​កាល​ពី​ម្សិលមិញ លោក ​សុន ឆ័យ​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​​​បាន​ប្រកាន់​តាម​ជំហរ​របស់​គណបក្ស​ដដែល​។ លោក​​មាន​ប្រសាសន៍​ថា “​សេចក្តី​ថ្លែង​ការណ៍​របស់​យើង​​បាន​បញ្ជាក់​ហើយ​ថា ការ​កោះ​ហៅ​តំណាង​រាស្ត្រ​ដែលមាន​អភ័យ​ឯក​សិទ្ធិ​​មក​សាកសួរ​គឺជា​ការ​ខុស​ច្បាប់។ យើង​​​​មិន​បាន​មួល​បង្កាច់​ទេ យើង​បាន​ធ្វើ​ផ្អែក​តាម​មាត្រា​៨០​នៃរដ្ឋ​ធម្មនុញ្ញ”។

លោក​មាន​ប្រសាសន៍​ថា “​យើង​គ្រាន់​តែ​រំឭក​ពួកគេ​ថា ​យើង​ជា​តំណា​ង​រាស្ត្រ​។ យើង​​​​​​ជាអ្នក​ធ្វើ​ច្បាប់​។ យើង​មិន​អាច​អនុញ្ញាត​ឱ្យ​ពួកគេ​​ប្រើ​ច្បាប់​ជាការ​លេង​សើច​បាន​ឡើយ។ ​​យើង​ចង់​រំឭក​ប្រាប់ពួកគេ​ថា អ្វីដែលពួកគេ​បានធ្វើ​គឺ​ខុស​ច្បាប់។ យើង​បាន​ប្រាប់​ពួកគេ​ថា ​​យើង​មិន​អាច​​បង្ហាញ​ខ្លួន​ទេ ហើយ​​ទុក​​ឱ្យ​ពួក​​គេ​​បន្ត​រំលោភ​បំពាន​ច្បាប់​​ទៀត​ចុះ​”។

ប៉ុន្តែ នៅពេល​សួរ​អំពី​ការ​លើកឡើង​របស់​ក្រសួង​យុត្តិ​ធម៌ លោក សុន ឆ័យ បាន​បន្ទន់​ជំហរ​របស់លោក ដោយ​ទទួល​ស្គាល់​ថា តុលាការ​អាច​ចេញ​ដីកា​កោះ​ហៅ​បាន។

លោក​បាន​ថ្លែង​ថា “​ពួកគេ​អាច​កោះ​ហៅ​​ពួកយើង​បាន​ ប៉ុន្តែ​​យើង​មាន​សិទ្ធិ​មិន​បង្ហាញ​ខ្លួន។ រដ្ឋធម្មនុញ្ញ​​មិន​បាន​ហាម​ឃាត់​ការ​កោះ​ហៅឡើយ ប៉ុន្តែ​​ករណី​នោះ​​ត្រូវ​តែ​ជា​បទ​ល្មើស​​​ជាក់ស្តែង​”។

មាត្រា​៨០​​មិន​បាន​ញែក​ឱ្យ​ដាច់​រវាង​​បទ​ឧក្រិដ្ឋ​ ឬ​បទ​មជ្ឈិមឡើយ។ មាត្រានោះ​​ចែង​ថា តំណាង​រាស្ត្រ​​អាច​ត្រូវ​បាន​ចោទប្រកាន់ ចាប់ខ្លួន​ ឬ​ឃាត់​ខ្លួន ​​ទោះ​ជាពួកគេ​មាន​​អភ័យ​ឯកសិទ្ធិ​ក៏ដោយ បើ​បទ​ល្មើស​នោះ​ជា​ “​បទ​​ល្មើស​ជាក់​ស្តែង​” ឬ​​ ចាប់​ពេល​កំពុង​ប្រព្រឹត្ត​បទ​ល្មើស។

ដោយ​ច្រានចោល​ការ​ចោទប្រកាន់​របស់​​​ក្រសួង​យុត្តិ​ធម៌ ជាថ្នូរ​លោក សុន ឆ័យ​​ បាន​ចោទ​ក្រសួង​នេះ​ថា បាន​ជ្រៀត​ជ្រែក​​ការ​ងារ​​​​តុលាការ​។

លោក​​បាន​មាន​ប្រសាសន៍​ថា “​នៅពេល​ក្រសួង​យុត្តិធម៌​ការ​ពារ​ [ព្រះ​រាជ​អាជ្ញា] ឬ​ចោទ​ប្រកាន់​យើង​​​​ដូច​នេះ វា​មាន​ន័យថា ក្រសួង​យុត្តិធម៌​ជ្រៀត​ជ្រែក​​ក្នុង​ឯក​រាជ​ភាព​របស់​តុលាការ​​”។

លោក សុន ឆ័យ បាន​លើកឡើង​ថា គណ​បក្ស​សង្គ្រោះជាតិ​​​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​ប្រធាន​រដ្ឋសភា​កាលពី​ថ្ងៃពុធ​ សុំ​ឱ្យ​លោក​​កោះ​ហៅ​លោក អង្គ វង្ស​វឌ្ឍានា​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិ​ធម៌​មក​សាកសួរ​​នៅ​ចំពោះ​មុខ​​សម័យ​ប្រជុំ​សភា​ពេញ​អង្គ៕សារុន​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស