29 C
Phnom Penh

បី​នាក់​ទៀត​​ឡើង​សវនាការ​​ពាក់​ព័ន្ធ​​ការ​ចោទ​ប្រកាន់​ពីបទ​កុបកម្ម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រាំបួនខែបន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួនតាមបទបញ្ជារបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ហើយត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារពាក់ព័ន្ធអំពើហិង្សាអំឡុងការតវ៉ានៅទីលាន ប្រជាធិបតេយ្យកាលពីខែកក្កដា ឆ្នាំ២០១៤ ដែលរដ្ឋាភិបាលចាត់ទុកថា ជា “កុបកម្ម” នោះ ការបើកសវនាការជំនុំជម្រះក្ដីរបស់សកម្មជនគណបក្សសង្គ្រោះជាតិបីនាក់បាន ចាប់ផ្ដើមកាលពីម្សិលមិញ។

យន់ គឹមហួរ អាយុ២៩ឆ្នាំ រឿន ចិត្រា អាយុ៣៣ឆ្នាំ និង យា ថុង អាយុ៤៤ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារតាមបទបញ្ជារបស់លោក ហ៊ុន សែន កាលពីថ្ងៃទី៥ ខែសីហា ពីរសប្ដាហ៍បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានរកឃើញថា មន្ត្រីគណបក្សប្រឆាំងនិងសកម្មជនចំនួន១១រូបមានពិរុទ្ធភាពពីបទដឹកនាំ និងចូលរួមកុបកម្មអំឡុងការតវ៉ា។

លោក មាជ សុវណ្ណារ៉ា ពលរដ្ឋអាមេរិកដើមកំណើតខ្មែរ ដែលជាប្រធានផ្នែកព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ និងជាមនុស្សម្នាក់ ក្នុងចំណោមអ្នកទាំងនោះ ឥឡូវនេះកំពុងដាក់ពាក្យប្ដឹងរដ្ឋាភិបាលកម្ពុជានៅសហរដ្ឋអាមេរិក ចំពោះការ កាត់ទោសឲ្យលោកជាប់ពន្ធនាគាររយៈពេល២០ឆ្នាំដោយមិនត្រឹមត្រូវ ខណៈតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រាំពីររូបក៏ត្រូវបានចោទប្រកាន់ និង បញ្ជូនទៅពន្ធនាគារមួយរយៈខ្លីពាក់ព័ន្ធការតវ៉ានេះផងដែរ។

នៅឯសាលាដំបូង រាជធានីកាលពីម្សិលមិញ សកម្មជនពីរនាក់ក្នុងចំណោមសកម្មជនទាំងបីនាក់នេះត្រូវ បានសាកសួរដោយចៅក្រម ហេង សុខណា និងព្រះរាជអាជ្ញារង កែវ សុជាតិ ហើយបានទទួលស្គាល់ថា ពិតជាជាប់ពាក់ព័ន្ធនៅក្នុងការប៉ះទង្គិចគ្នាដែលផ្ទុះឡើងរវាងអ្នកតវ៉ា និងកងសន្តិសុខរដ្ឋាភិបាល ដែលល្បីខាងប្រើអំពើហិង្សាមែន។

លោក រឿន ចិត្រា បានប្រាប់ចៅក្រម ហេង សុខណា ដែលឆ្លើយតបដោយការសួរថា តើនរណាជាអ្នកដឹកនាំការតវ៉ានោះ ថា “ខ្ញុំគ្រាន់តែជួយធ្វើចរាចរនៅម្ដុំស្ពាននាគប៉ុណ្ណោះ”។

លោក ចិត្រា បាននិយាយទៀតថា “ខ្ញុំមិនដឹងថា នរណាជាអ្នកដឹកនាំនោះទេ”។

ការ តវ៉ាកាលពីខែកក្កដា ឆ្នាំ២០១៤ រៀបចំឡើងដោយលោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបានធ្វើយុទ្ធនាការរាប់ខែនៅអំឡុងពេលនោះ ប្រឆាំងរដ្ឋាភិបាលដែលបានបិទទីលានប្រជាធិបតេយ្យ ជាកន្លែងដែលបង្កើតឡើងជាផ្លូវការសម្រាប់ការធ្វើបាតុកម្មនៅក្នុងរាជធានី ភ្នំពេញ។

ចៅក្រម ហេង សុខណា លើកឡើងថា លោកគិតថា វាមិនទំនងទេដែលលោក រឿន ចិត្រា មិនស្គាល់លោកស្រី មូរ សុខហួរ និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រាំមួយរូបផ្សេងទៀតដែលត្រូវបានចាប់ខ្លួន ដោយសារមានវត្តមាននៅកន្លែងតវ៉ានោះ បើនិយាយអំពីភាពលេចធ្លោរបស់ពួកគាត់។

ចៅក្រម ហេង សុខណា បាននិយាយទាក់ទងនឹងការបដិសេធរបស់លោក ចិត្រា ដែលថា មិនស្គាល់អត្តសញ្ញាណតំណាងរាស្ត្រទាំងនេះថា “ខ្ញុំជឿថា ពលរដ្ឋទាំងអស់នៅទូទាំងប្រទេសកម្ពុជាសុទ្ធតែស្គាល់តំណាងរាស្ត្រមកពីគណបក្ស សង្គ្រោះជាតិ”។

ចៅក្រមរូបនេះបានបន្ថែមថា ”ពួកគេប្រហែលជាស្គាល់ម្នាក់ ឬក៏ពីរនាក់ដែរ បើមិនស្គាល់ទាំងអស់នោះ ព្រោះអ្នកទាំងនោះធ្វើសកម្មភាពរបស់ខ្លួនតាមរយៈការផ្សព្វផ្សាយតាមទូរទស្សន៍”។

លោក រឿន ចិត្រា បានលើកឡើងម្ដងទៀតថា លោកមិនស្គាល់តំណាងរាស្ត្រដែលមានវត្តមានអំឡុងការតវ៉ាឡើយ ជាហេតុធ្វើឲ្យចៅក្រមប្ដូរសំណួរទៅសួរពាក់ព័ន្ធអំពើហិង្សា ដែលផ្ទុះឡើងរវាងអ្នកតវ៉ា និងកងសន្តិសុខវិញ។

ការតវ៉ាដោយសន្តិវិធីកាលពី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ បានក្លាយទៅជាហិង្សាពេលអ្នកតវ៉ាបានចាប់ផ្ដើមឈ្លោះវាយតប់គ្នាភ្លាមៗជាមួយកង សន្តិសុខខណ្ឌដូនពេញ ដែលពាក់សុទ្ធតែមួកសុវត្ថិភាព និងដែលបានបំភិតបំភ័យអស់រាប់ខែលើអ្នកដែលតាមលោកស្រី មូរ សុខហួរ ទៅកាន់ទីលានប្រជាធិបតេយ្យដើម្បីគាំទ្រយុទ្ធនាការរបស់លោកស្រី។

ដោយកង សន្តិសុខខណ្ឌប្រើដំបងវាយដំលើសកម្មជន តំណាងរាស្ត្រ អ្នកកាសែត និងសូម្បីតែអ្នកឈរមើល ប្រសិនបើពួកគេមិនចាកចេញពីទីលានប្រជាធិបតេយ្យនោះ ការប៉ះទង្គិចគ្នាកាលពីថ្ងៃទី១៥ ខែកក្កដា គឺជាហេតុការណ៍លើកដំបូងដែលអ្នកតវ៉ាតដៃវិញ។

ចៅក្រម ហេង សុខណា បានសួរលោក រឿន ចិត្រា កាលពីម្សិលមិញថា “អំឡុងអំពើហិង្សាកើតឡើង តើអ្នកឯងបានធ្វើអ្វីខ្លះ”។ លោក រឿន ចិត្រា បានឆ្លើយថា “ខ្ញុំបានឡើងជង្គង់”។ លោកបានពន្យល់ថា លោកបានចូលទៅកាន់កន្លែងប៉ះទង្គិចគ្នាដើម្បីទាញមិត្តភក្ដិ និងប្រធានយុវជនគណបក្សសង្គ្រោះជាតិម្នាក់ ឈ្មោះ សាន គឹមហេង ដែលកាលពីខែកក្កដាត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំពាក់ព័ន្ធ ការតវ៉ានេះ ចេញពីកន្លែងកើតហេតុ។

លោក រឿន ចិត្រា បាននិយាយថា “ខ្ញុំបានទាញ សាន គឹមហេង ចេញ ហើយគេវ៉ៃខ្ញុំត្រូវគុំត្រចៀក ខ្ញុំបានសម្លឹងមើលអ្នកដែលវ៉ៃខ្ញុំ ហើយពេលខ្ញុំត្រឡប់មកវិញ ខ្ញុំបានតបតដោយឡើងជង្គង់ពីរជង្គង់”។

លោក អុី ថាវរក្ស ដែលជាចៅក្រមម្នាក់ទៀតបានសួរលោក រឿន ចិត្រា ថា ហេតុអ្វីបានជាគាត់ចូលរួមការតវ៉ានេះតាំងពីដើមទីមក។

លោក រឿន ចិត្រា បាននិយាយថា “ដើម្បីធ្វើចរាចរណ៍ ជាពិសេសដើម្បីឲ្យប្រាកដថាគ្មានអំពើហិង្សាកើតឡើង ពេលមានមនុស្សម្នាមក។ ប្រសិនបើមានអ្វីកើតឡើងដែលអាចបង្កគ្រោះថ្នាក់នោះ ខ្ញុំត្រូវតែណែនាំពួកគេធ្វើយ៉ាងណាឲ្យចៀសវាងអំពើហិង្សា”។

បន្ទាប់មក លោក សម សុគង់ មេធាវីរបស់លោក រឿន ចិត្រា បានសួរថា តើនរណាជាអ្នកចាប់ផ្ដើមការប្រវាយប្រតប់គ្នា។

លោក រឿន ចិត្រា បាននិយាយថា “កងសន្តិសុខដែលស្ថិតក្នុងឯកសណ្ឋានពណ៌ខៀវ និងពណ៌កាគី គឺជាអ្នកចាប់ផ្ដើមអំពើហិង្សា”។

លោក កែវ សុជាតិ ដែលជាព្រះរាជអាជ្ញារងបានសួរចុងចោទ យន់ គឹមហួរ ថា ហេតុអ្វីបានជាគាត់ចូលរួមអំពើហិង្សានេះ។ លោក យន់ គឹមហួរ ដំបូងឡើយបានបដិសេធថាមិនបានចូលរួមទេ មុនពេលទទួលស្គាល់ថា បានយកដំបងវាយកងសន្តិសុខ។

លោកបាននិយាយថា “ដំបូងឡើយ កងសន្តិសុខបានព្យាយាមបំបែកបាតុកម្ម ហើយពេលមនុស្សម្នាមិនព្រមបំបែកគ្នា កងសន្តិសុខបានវាយដំពួកគាត់”។ លោកបានបន្ថែមថា លោកបានចូលរួមដោយសារមានសិការស្វែងរកយុត្តិធម៌។

លោកនិយាយទៀតថា “ខ្ញុំឃើញព័ត៌មាននៅអំឡុងពេលនោះ គឺកងសន្តិសុខតែងតែវាយដំអ្នកដែលមកចូលរួមការតវ៉ា ហើយខ្ញុំអាណិតអាសូរអ្នកទាំងនោះដែលរងការវាយដំ ពេលពួកគាត់ព្យាយាមបញ្ចេញមតិ”។

លោក យា ថុង មិនត្រូវបានសាកសួរនៅក្នុងតុលាការទេកាលពីម្សិលមិញ ប៉ុន្តែការបើកសវនាការគ្រោងបន្តនៅថ្ងៃទី៣១ ខែឧសភានេះ។

លោក ហ៊ុន សែន លើកឡើងថា តំណាងរាស្ត្រគណបក្សប្រឆាំងដែលមានវត្តមានអំឡុងការតវ៉ា និងដែលត្រូវបានចោទប្រកាន់ពីបទដឹកនាំកុបកម្មនោះ នៅតែអាចត្រូវបានចាប់ខ្លួនពាក់ព័ន្ធវត្តមានរបស់ពួកគាត់អំឡុងការតវ៉ា។

លោក កែវ ភិរម្យ ដែលស្ថិតក្នុងចំណោមតំណាងរាស្ត្រទាំងនោះលើកឡើងថា សំណុំរឿងទាំងមូលគឺពាក់ព័ន្ធនយោបាយ ហើយថា មិនដែលមានសំណួរដែលសួរថា កងសន្តិសុខបានចាប់ផ្ដើមការប្រវាយប្រហារឡើយ។

លោកមានប្រសាសន៍ថា ”នៅថ្ងៃ នោះ យើងគ្រាន់តែប្រមូលផ្ដុំគ្នាធម្មតាប៉ុណ្ណោះ ហើយកងសន្តិសុខចូលមកវាយដំតែម្ដង ជាហេតុធ្វើឲ្យក្មេងៗបាត់បង់ការអត់ធ្មត់ រួច ក៏តបតវិញ”។

លោកបានបន្ថែមថា “វាមិនមែនជារឿងខ្មៅឬស ខុសឬត្រូវនោះទេ វាជាបញ្ហាពាក់ព័ន្ធនយោបាយ។ វាគ្មានអ្វីធ្ងន់ធ្ងរដល់ថ្នាក់ត្រូវចោទប្រកាន់ពី បទកុបកម្មនោះឡើយ”៕ ស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស