មន្ត្រីអង្គការសិទ្ធិមនុស្ស និងសកម្មជនប្រាំបីនាក់ដែលស្លៀកពាក់ពណ៌ខ្មៅ ត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ អំឡុងការតវ៉ា “ថ្ងៃច័ន្ទពណ៌ខ្មៅ” ក្នុងរាជធានីភ្នំពេញ ជាការតវ៉ាដំបូងក្នុងយុទ្ធនាការមួយដើម្បីទាមទារឲ្យដោះលែងមន្ត្រីអង្គការសិទ្ធិមនុស្សបួនរូប និងមន្ត្រី គ.ជ.ប. មួយរូបដែលត្រូវបានដាក់ពន្ធនាគារកាលពីចុងខែមុនតាមបទចោទប្រកាន់ដែលមជ្ឈដ្ឋានទូទៅជឿថាជាហេតុផលនយោបាយ។
មន្ត្រីនិយាយថា ក្រុមនេះត្រូវបានចាប់ខ្លួនខណៈធ្វើដំណើរឆ្ពោះទៅកន្លែងតវ៉ាតាមការគ្រោងទុកនៅពន្ធនាគារព្រៃស ទីដែលមន្ត្រីបួនរូបមកពីសមាគមអាដហុក ត្រូវបានឃុំខ្លួន ប៉ុន្តែត្រូវបានដោះលែងតាមក្រោយ។ អ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះរួមមាន មន្ត្រីអង្គការសិទ្ធិមនុស្សកម្ពុជាពីររូប សហការីបរទេសពីររូប និងសកម្មជនសិទ្ធិដីធ្លី៤រូបទៀត។
លោក អុី សារ៉ុម នាយកប្រតិបត្តិសមាគមធាងត្នោត ដែលជាអង្គការសិទ្ធិលំនៅដ្ឋាននិងលោក ថាវ គឹមសាន អនុប្រធានផ្នែកតស៊ូមតិនៅអង្គការសិទ្ធិមនុស្សលីកាដូ ត្រូវបានគេរុញចូលរថយន្តនគរបាលនៅម៉ោងប្រហែល៨និង១៥នាទីព្រឹក ក្រោយពីប្រកែកគ្នាជាមួយមន្ត្រីខណ្ឌដង្កោនៅចំណុចឆែកឆេរមួយជិតពន្ធនាគារ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា អ្នកតវ៉ាបីនាក់មកពីតំបន់បឹងកក់ ក្នុងរាជធានីភ្នំពេញដូចជា ប៉ូវ សោភា គង់ ចន្ថា ស៊ង ស្រីលាភ និង សរ ស៊ន មកពីបុរីកីឡា ត្រូវបានចាប់ខ្លួននៅខណ្ឌដង្កោ និងខណ្ឌដូនពេញនៅមុនម៉ោង៩ព្រឹកបន្តិច។
លោក អ៊ុក ហៃសិលា ប្រធាននាយកដ្ឋានស៊ើបអង្កេតនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍មានប្រសាសន៍ថា នៅម៉ោងប្រហែល១១និង៣០នាទីព្រឹក លោក មើធៀស ហ្វេហ្វើ (Mathias Pfeifer) ជាជនជាតិអាល្លឺម៉ង់ ជាទីប្រឹក្សារបស់អង្គការសិទ្ធិមនុស្សក្នុងស្រុកលីកាដូ និងលោកស្រី អេណា ម៉ារៀ ផេធើសុន (Anna Maria Petterson) ជាជនជាតិស៊ុយអ៊ែត ជាទីប្រឹក្សារបស់អង្គការនេះ សុទ្ធតែត្រូវបានឃាត់ខ្លួន និងនាំខ្លួនទៅនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបន្ទាប់ពីគេប្រទះឃើញពាក់អាវយឺតពណ៌ខ្មៅ។
របាំងរាំងផ្លូវត្រូវបានដាក់ឡើងនៅពេលព្រឹកតាមបណ្តោយផ្លូវឆ្ពោះទៅកាន់ពន្ធនាគារព្រៃស ដើម្បីធានាឃាត់អ្នកតវ៉ាស្លៀកពាក់ពណ៌ខ្មៅ និងព្រះសង្ឃឲ្យនៅឆ្ងាយពីពន្ធនាគារ។ សាធារណជនក៏ត្រូវបាននគរបាលទាញឲ្យចូលខាង និងសួរនាំថាហេតុអ្វីបានជាពួកគេស្លៀកពាក់ខ្មៅ។
ឧត្ដមសេនីយ៍ទោ អ៊ុក ហៃសិលា បានមានប្រសាសន៍ថា ជនសង្ស័យបរទេស ផេធើសុន និង ហ្វេហ្វឺ ត្រូវបានចាប់ខ្លួនចំពោះការពាក់អាវយឺតពណ៌ខ្មៅ ប៉ុន្តែត្រូវបានបញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍ចំពោះការមិនបង្ហាញលិខិតឆ្លងដែនរបស់ខ្លួន។
លោកបានលើកឡើងទៀតថា ”ពួកគេពាក់អាវខ្មៅ ហើយមិនបង្ហាញលិខិតស្នាម ដូច្នេះនគរបាលក៏សម្រេចបញ្ជូនពួកគេទៅសាកសួរនៅនាយកដ្ឋានអន្តោប្រវេសន៍”។
លោក អំ សំអាត អ្នកគ្រប់គ្រងផ្នែកបច្ចេកទេសស៊ើបអង្កេតនៅអង្គការលីកាដូ បានមានប្រសាសន៍ថា ពួកគាត់ទាំងពីរត្រូវបានដោះលែងវិញនៅម៉ោងប្រហែល៧យប់។មន្ត្រីសិទ្ធិមនុស្ស និងសកម្មជនកម្ពុជា ត្រូវបានដោះលែងវិញនៅម៉ោងប្រហែល៦និង៣០នាទី។
លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា តាមលក្ខណៈបច្ចេកទេសនគរបាលមិនបានចាប់ខ្លួនអ្នកណាម្នាក់ទេ។ “យើងបានដោះលែងពួកគេឲ្យត្រឡប់ទៅផ្ទះវិញហើយ។ យើងដោះលែងពួកគេ បន្ទាប់ពីយើងធ្វើកំណត់ហេតុរួច។ យើងមិនបានចាប់ខ្លួនពួកគេទេ យើងគ្រាន់តែឃាត់ខ្លួនពួកគេសាកសួរប៉ុណ្ណោះ ហើយបន្ទាប់មកក៏ដោះលែងពួកគេវិញក្នុងថ្ងៃដដែល”។
ការចាប់ខ្លួនចុងក្រោយនេះកើតមានឡើងខណៈរដ្ឋាភិបាលបង្កើនការស៊ើបអង្កេតរបស់ខ្លួនលើរឿងអាស្រូវផ្លូវភេទពាក់ព័ន្ធលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង។ មន្ត្រីសមាគមអាដហុកបួនរូប រួមជាមួយលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ត្រូវបានដាក់ពន្ធនាគារកាលពីសប្ដាហ៍មុនពីបទសមគំនិតគ្នាសូកប៉ាន់ស្រីកំណាន់វ័យ២៥ឆ្នាំរបស់លោក កឹម សុខា ដើម្បីឲ្យនាងបដិសេធស្នេហាលួចលាក់របស់ខ្លួន។
មន្ត្រីអង្គការសហប្រជាជាតិមួយរូបក៏ត្រូវបានតុលាការចោទប្រកាន់ដោយកំបាំងមុខដែរក្នុងសំណុំរឿងនេះ ចំណែកឯមេឃុំគណបក្សប្រឆាំងមួយរូបទៀតត្រូវបានដាក់ពន្ធនាគារពីបទប្រគល់ប្រាក់ឲ្យម្ដាយរបស់ស្រីកំណាន់។ លោក កឹម សុខា និងតំណាងរាស្ត្រគណបក្សប្រឆាំងពីររូបទៀតត្រូវបានកោះហៅឲ្យចូលខ្លួនទៅទៅសាលាដំបូងរាជធានីភ្នំពេញ សម្រាប់ការសាកសួរពាក់ព័ន្ធរឿងអាស្រូវនេះ។
កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលបាននិយាយថា ការតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅ នឹងត្រូវបានចាត់ទុកជាការបះបោរ និងជាការប៉ុនប៉ងធ្វើ “បដិវត្តន៍ពណ៌”។

ពេលទាក់ទងតាមទូរស័ព្ទកាលពីម្សិលមិញ មុនពេលមានការដោះលែងមន្ត្រីសិទ្ធិមនុស្សនៅថ្ងៃម្សិលមិញដដែលនោះ ឧត្តមសេនីយ៍ ខៀវ សុភ័គ បាននិយាយការពារការចាប់ខ្លួននេះ ហើយបានរិះគន់អង្គការសិទ្ធិមនុស្សដែល ”ក្រអើតក្រអោង”។
លោកបានមានប្រសាសន៍ថា ”ដូចដែលលោកអ្នកដឹងហើយ ក្រុមរបស់ពួកគេបានផ្សព្វផ្សាយដើម្បីញុះញង់ប្រជាពលរដ្ឋឲ្យស្លៀកពាក់ខ្មៅនៅថ្ងៃច័ន្ទដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស។ ពួកគេឆ្កួតវង្វេងនឹងសេរីភាពបញ្ចេញមតិ។ ពួកគេមិនបានគិតថា ខ្លួនស្ថិតក្រោមច្បាប់ដែលគ្រប់គ្រងពួកគេឡើយ។ ពួកគេគឺជាមនុស្សដែលរំលោភបំពានច្បាប់”។
បន្ទាប់មកទៀត ឧត្តមសេនីយ៍ ខៀវ សុភ័គ បានធ្វើការប្រៀបធៀបការតវ៉ាដោយសន្តិវិធី និងសង្គ្រាមសីុវិលដែលបានកើតឡើងយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសស៊ីរី និងលីប៊ី ចាប់តាំងពីបដិវត្តន៍ផ្កាម្លិះបានរាលដាលទូទាំងតំបន់មជ្ឈិមបូពា៌កាលពីឆ្នាំ២០១១មក។
ដោយបន្តរិះគន់ខ្លាំងៗលើអង្គការសិទ្ធិមនុស្សដែលរៀបចំការតវ៉ានេះ លោកបានសួរថា “តើចង់ឲ្យវាដូចប្រទេសស៊ីរីឬ? តើចង់ឲ្យវាដូចប្រទេសលីប៊ីឬ?”។
លោកបានមានប្រសាសន៍បន្ថែមថា ”អស់លោកទទួលបានប្រាក់បន្តិចបន្តួចពីបរទេសហើយមកក្រអើតក្រអោង។ អស់លោកកំពុងតែឈ្លក់វង្វេងនឹងសិទ្ធិមនុស្ស ហើយនាំសង្គ្រាមចូលមកក្នុងប្រទេស។ វាមិនអាចទៅរួចទេ សូមទៅដេកក្នុងគុកទៅ”។
ការចាប់ខ្លួននេះបានធ្វើឲ្យមានការព្រួយបារម្ភ និងមានការថ្កោលទោសទាំងនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។
លោក ភៀល រ៉ូបឺតសុន (Phil Robertson)អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស(Human Rights Watch) ប្រចាំតំបន់អាស៊ីបានមានប្រសាសន៍ថា “វាគ្មានអ្វីភ្ញាក់ផ្អើលទេដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាទីបំផុតបានបង្ហាញសារជាតិផ្តាច់ការពិតប្រាកដរបស់ខ្លួនដោយធ្វើការបង្ក្រាបយ៉ាងចាស់ដៃបែបនេះលើអ្នកតវ៉ាដោយសន្តិវិធី”។
លោក ម៉ៃណា គីអៃ (Maina Kiai) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជា ជាតិទទួលបន្ទុកសិទ្ធិសេរីភាពនៃការជួបជុំដោយសន្តិវិធី និងសិទ្ធិបង្កើតសមាគម បានមានប្រសាសន៍ថា លោកមានការព្រួយបារម្ភដោយសារការលើកឡើងរបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីថ្ងៃអាទិត្យ ដែលថា ការតវ៉ាស្មើនឹង “ការបះបោរក្នុងទីក្រុង”។
លោកបានសរសេរថា ”ការអនុញ្ញាតឲ្យមានការតវ៉ាដោយសន្តិវិធី ការបញ្ចេញមតិការជួបជុំ ប្រមូលផ្តុំមិនមែនត្រឹមតែជាកាតព្វកិច្ចរបស់រាល់រដ្ឋាភិបាលក្រោមច្បាប់អន្តរជាតិនោះទេ តែវាក៏កាត់បន្ថយលទ្ធភាពនៃការបះបោរដ៏ហិង្សាផងដែរ ដោយបង្កើតឲ្យមានសង្គមកាន់តែទូលំទូលាយមួយ”។
លោកបានសរសេរបន្តថា “វាជាការព្រួយបារម្ភដែលឃើញកម្ពុជាដើរលើផ្លូវខុសសម្រាប់ថ្ងៃច័ន្ទពណ៌ខ្មៅ”។
ពេលឈរក្នុងចំណោមអ្នកតវ៉ានៅប៉ុស្តិ៍ត្រួតពិនិត្យរបស់នគរបាលក្នុងខណ្ឌដង្កោត្រឹមតែប៉ុន្មាននាទី មុនពេលលោក អីុ សារ៉ុម និងលោក ថាវ គឹមសាន ត្រូវបានចាប់ខ្លួននោះលោកស្រី ណាលី ពីឡូក នាយិកាអង្គការសិទ្ធិមនុស្សលីកាដូបានមានប្រសាសន៍ពាក់ព័ន្ធស្ថានភាពលំបាកដែលកើតចេញពីការរឹតបន្តឹងរបស់រដ្ឋាភិបាលលើនយោបាយ និងសង្គមស៊ីវិល។
លោកស្រីបានថ្លែងថា ”វាជារឿងគួរឲ្យចាប់អារម្មណ៍ក្នុងការគូសបញ្ជាក់ថា មនុស្សទាំងអស់ដែលស្លៀកពាក់ខ្មៅសុទ្ធតែត្រូវបានហាមឃាត់ ហើយពួកគាត់ភាគច្រើនមិនមែនជាផ្នែកនៃយុទ្ធនាការនេះទេ។ វាពិតជាលំបាកណាស់ ពេលកងកម្លាំងនគរបាលរឹតបន្តឹងប្រជាពលរដ្ឋមិនឲ្យដើរហើរដោយសារតែពណ៌ដែលពួកគាត់ជ្រើសរើសស្លៀកពាក់នោះ”។
លោកស្រីបានបន្ថែមថា ”តើពួកគេខ្លាចស្អីទៅ? តើរដ្ឋាភិបាលរបស់យើងខ្លាចស្អី? យើងជាអ្នកបោះឆ្នោត ពួកគេចាំបាច់ត្រូវតែបម្រើយើង ហើយយើងគ្រាន់តែជាមនុស្សមួយចង្កោមដែលរាប់បញ្ចូលនៅក្នុងសង្គមស៊ីវិលដែលស្លៀកពាក់ពណ៌ខ្មៅប៉ុណ្ណោះ លើកលែងតែព្រះសង្ឃ”។
លោកស្រីបានបន្ថែមទៀតថា ” តើនេះគឺជាប្រជាធិបតេយ្យ ឬគ្រាន់តែជាប្រជាធិបតេយ្យតែសម្បកក្រៅ បើគេរារាំងយើងមិនឲ្យស្លៀកពាក់ពណ៌ដែលយើងចង់ស្លៀកពាក់អ៊ីចឹងនោះ”៕សុខុម និងស៊ុយឈាង