កាលពីម្សិលមិញ មន្ត្រីជាន់ខ្ពស់មួយចំនួនបាននិយាយថា រដ្ឋាភិបាលនឹងដាក់លក់ដេញថ្លៃឈើចំនួន៧០.០០០ម៉ែត្រគូបដែលអាជ្ញាធររឹបអូសបានក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយប្រែក្រឡាស់ការសន្យាកាលពីពេលថ្មីៗ ដែលលោក ហ៊ុន សែន បានបញ្ឈប់ការដាក់លក់នេះ។
ឈើក្នុងចំនួនយ៉ាងច្រើន ដែលទាល់តែកុងតឺន័រជាង២.០០០គ្រឿងទើបដឹកអស់នោះត្រូវបានរឹបអូសដោយក្រុមការងារពិសេសដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតឡើងកាលពីពាក់កណ្តាលខែមករាដើម្បីស្វែងរកការស្តុកឈើខុសច្បាប់នៅក្នុងបណ្តាខេត្តភាគបូព៌ា។
រយៈពេលច្រើនឆ្នាំមកហើយ រដ្ឋាភិបាលបានដាក់លក់ឈើដែលរឹបអូសបានទាំងអស់ក្នុងកិច្ចព្រមព្រៀងសម្ងាត់ដែលហាក់ដូចជាគាំទ្រឈ្មួញរកស៊ីឈើដែលជិតស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហើយរំលោភច្បាប់ព្រៃឈើដោយចៀសពីការលក់ដេញថ្លៃជាសាធារណៈ។
នៅក្នុងចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅសន្និបាតបូកសរុបការងាររបស់ក្រសួងអប់រំ លោក ហ៊ុន សែន បានប្រកាសឱ្យបញ្ឈប់ការដាក់លក់នេះភ្លាមៗ។ លោកបានមានប្រសាសន៍ថា ចាប់ពីឥឡូវនេះទៅ ឈើដែលរឹបអូសបានទាំងអស់នឹងយកទៅសាងសង់សាលារៀន ធ្វើតុសិស្ស និងអ្វីៗផ្សេងទៀតតាមដែលក្រសួងត្រូវការ។
លោកនាយករដ្ឋមន្ត្រីបានថ្លែងនៅពេលនោះថា “ក្នុងពេលកន្លងមក នៅពេលយើងរឹបអូសបាន យើងតែងតែរកអ្នកដេញថ្លៃដើម្បីធ្វើការនាំចេញ។ ប៉ុន្តែនៅពេលពួកគេទទួលបានសិទ្ធិនាំចេញ ការកាប់ឈើនៅតែកើតមានដដែល”។
លោកបានមានប្រសាសន៍បន្ថែមថា “ចាប់ ពីថ្ងៃនេះតទៅ ឈើទាំងអស់ដែលកាប់ដោយខុសច្បាប់ ហើយក្រោយមកត្រូវបានរឹបអូសនោះ នឹងលែងដាក់លក់ដេញថ្លៃទៀតហើយ។ ឥឡូវនេះសូមបញ្ឈប់…។ចាប់ពីថ្ងៃនេះតទៅ យើងនឹងប្រគល់ឈើដែលរឹបអូសបានទាំងអស់់ទៅប្រើក្នុងវិស័យអប់រំវិញ”។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ក្រោយមក ក្រុមមន្ត្រីទំនងជាធ្វើតាមផែនការនោះ។ លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំបានមានប្រសាសន៍ថា ក្រសួងជាប់រវល់ធ្វើផែនការសម្រាប់សាងសង់សាលារៀនថ្មី និងធ្វើផ្ទះគ្រូ។
ប៉ុន្តែកាលពីម្សិលមិញ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាអ្នកដែលលោក ហ៊ុន សែន ឱ្យទទួលបន្ទុកក្រុមការងារពិសេសបានមានប្រសាសន៍ថា ឈើដែលពួកគេរឹបអូសបានក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នឹងត្រូវដាក់លក់ដេញថ្លៃជាថ្មីម្តងទៀត។
លោក សៅ សុខា បានមានប្រសាសន៍ថា “ខ្ញុំបានឮថា រដ្ឋាភិបាលនឹងដាក់លក់ដេញថ្លៃដើម្បីយកប្រាក់ឱ្យក្រសួងអប់រំ”។
លោកបានបន្ថែមថា “ខ្ញុំមិនដឹងថា ឈើនេះនឹងដាក់លក់ដេញថ្លៃនៅពេលណានោះ ទេ។ ខ្ញុំគ្រាន់តែដឹងថា ក្រសួងអប់រំកំពុងធ្វើការជាមួយក្រសួងនិងស្ថាប័នពាក់ព័ន្ធទាំងអស់ ព្រមទាំងតុលាការ ដើម្បីអនុវត្តតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាលដើម្បីយកប្រាក់នេះទៅបម្រើក្នុងវិស័យអប់រំ”។
កាលពីម្សិលមិញ កាសែតភាសាខ្មែរក្នុងស្រុកបានរាយការណ៍ថា លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ដែលធ្វើដំណើរចុះទៅពិនិត្យមើលគំនរឈើដែលរឹបអូសបានក្នុងខេត្តត្បូងឃ្មុំនោះ ក៏បានលើកឡើងផងដែរថា យ៉ាងហោចណាស់ឈើដែលរឹបអូសបានមួយចំនួននឹងត្រូវដាក់លក់ដើម្បីយកប្រាក់ឱ្យក្រសួងអប់រំ។
លោក ប៊ិន ឈិន មិនអាចទាក់ទងសុំការបញ្ជាក់បានទេ។ លោក ប្រាជ្ញ ចាន់ អភិបាលខេត្តដែលអមដំណើរលោកអំឡុងការចុះទៅពិនិត្យមើលនេះ បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីអ្វីដែលលោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍នោះឡើយ។
កាលពីសប្តាហ៍មុន លោក រស់ សាលីន ដែលរហូតមកទល់ពេលនេះបានលើកឡើងថា មិនមែនឈើដែលរឹបអូសបានទាំងអស់នឹងត្រូវទុកសម្រាប់សាងសង់សាលារៀន និងធ្វើតុសិស្សឡើយ។ លោកបានមានប្រសាសន៍ថា ឈើប្រភេទលេខ១រួមទាំងឈើបេង និងឈើគ្រញូងដែលអាចលក់បានតម្លៃរាប់ពាន់ដុល្លារឯណោះក្នុងមួយម៉ែត្រគូប នឹងត្រូវទុកខ្លះ។ ប៉ុន្តែលោកបានបដិសេធមិននិយាយពីវាសនាឈើទាំងនេះឡើយ។
កាលពីម្សិលមិញ លោក រស់ សាលីន បាននិយាយថា លោកមិនបានដឹងនូវអ្វីដែលតាមសេចក្តីរាយការណ៍ថា លោក ប៊ិន ឈិន បាននិយាយនៅខេត្តត្បូងឃ្មុំទេ។ លោកបាននិយាយថា គណៈកម្មាធិការចំពោះកិច្ចមួយផ្សេងទៀតដែលដឹកនាំដោយលោក ប៊ិន ឈិន នឹងសម្រេចលើវាសនាឈើដែលរឹបអូសបាន ហើយដែលលោក សៅ សុខា ជាសមាជិកដែរមិនទាន់ធ្វើសេចក្តីសម្រេចនៅឡើយទេ តាមលោកដឹងរហូតមកដល់ពេលនេះ។
លោកបាននិយាយថា “យើងមានគណៈកម្មាធិការគ្រប់គ្រងឈើ។ យើងមិនទាន់មានការវិវឌ្ឍណាមួយនៅឡើយទេ ពីព្រោះយើងរង់ចាំសេចក្តីសម្រេចរបស់គណៈកម្មាធិការនេះ”។ លោកបានបដិសេធមិននិយាយថាតើការលក់ឈើជាជម្រើសមួយឬយ៉ាងណាទេ។
ទាំងលោក សៅ សុខា ទាំងលោក ប៊ិន ឈិន មិនបានពន្យល់ថាការលក់ឈើនឹងធ្វើឡើងដោយរបៀបណាទេ ហើយមិនមានភ័ស្តុតាងថា ការលក់ធ្លាប់បានធ្វើតាមរបៀបដែលគេតម្រូវនោះទេ។
យោងតាមច្បាប់ព្រៃឈើ ឈើទាំងអស់ដែលរឹបអូសបានដោយរដ្ឋត្រូវដាក់លក់ដេញថ្លៃជាសាធារណៈ។ ប៉ុន្តែ មិនមានសញ្ញា ថា ការដាក់លក់ដេញថ្លៃជាសាធារណៈ នូវឈើដែលរឹបអូសបានធ្លាប់បានធ្វើឡើយ។
ក្រុមបរិស្ថានដែលធ្វើការជាមួយរដ្ឋាភិបាលនិយាយថា ពួកគេមិនដែលបានឃើញឬបានឮការលក់ដេញថ្លៃកើតឡើងម្តងណាទេហើយរដ្ឋាភិបាលមិនបានបង្ហាញភ័ស្តុតាងណាផ្សេងពីនេះឡើយ។
អ្វីដែលរដ្ឋាភិបាលបានបញ្ចេញឲ្យដឹងគឺឯកសារដែលចុះហត្ថលេខាទាក់ទិននឹងឈើរឹបអូសបានរាប់ពាន់មែ៉ត្រគូបទៅឲ្យលោក ទ្រី ភាព ជាឈ្មួញឈើ និងជាទីប្រឹក្សាលោកហ៊ុន សែន នៅក្នុងតម្លៃថោកជាច្រើនលើក។ មនុស្សដែលធ្លាប់បានធ្វើជាប្រធានគណៈកម្មាធិការពិសេសនេះរាប់ឆ្នាំទទួលបន្ទុកការលក់ឈើទាំងនោះគឺលោក អៀង សុផាលែ្លត ជាជំនួយការម្នាក់ក្នុងចំណោមជំនួយការផ្ទាល់របស់លោក ហ៊ុន សែន។
កាលពីឆ្នាំ២០១៤ ទីស្តីការគណៈរដ្ឋមន្ត្រីបានផ្តល់សិទ្ធិពិសេសឲ្យលោក ទ្រី ភាព ដោយបានបញ្ជាក្រសួងកសិកម្ម និងក្រសួងបរិស្ថានឲ្យផ្តល់សិទ្ធិអាទិភាព ដល់ឈ្មួញឈើរូបនេះក្នុងការប្រមូលទិញឈើដែលរឹបអូសបានទាំងអស់តាមដែលគាត់ចង់បាន ក្នុងតម្លៃមិនកំណត់។
នៅខែមករា មិនយូរប៉ុន្មានបន្ទាប់ពីក្រុមការងារពិសេសថ្មីរបស់លោក សៅ សុខា បានចេញធ្វើការ បុរសដែលបានចុះហត្ថលេខាលើបទបញ្ជានោះ គឺលោក ប៊ុន អ៊ុយរដ្ឋាលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បាននិយាយថា វានៅជាធរមាននៅឡើយ។ លោកបាននិយាយថា លោកមិនដឹងថា បទបញ្ជានោះត្រូវគ្នានឹងច្បាប់ព្រៃឈើ ដែលតម្រូវឲ្យមានការដាក់លក់ដេញថ្លៃជាសាធារណៈបែបណាឡើយ ពីព្រោះការពាក់ព័ន្ធផ្លូវច្បាប់បែបនេះគឺ “ផុតពីតួនាទីរបស់ខ្ញុំ”។
ក្រៅពីការបំពានច្បាប់ និងអំពើពុករលួយច្បាស់ក្រឡែត ក្រុមបរិស្ថាននិយាយថា ការលក់ឈើបានត្រឹមតែជួយជំរុញឲ្យមានការរកស៊ីកាប់ឈើខុសច្បាប់ដ៏រាលដាលថែមទៀតនៅប្រទេសកម្ពុជា ដោយផ្តល់ឲ្យរដ្ឋាភិបាលនូវប្រាក់ចំណូលផ្សេងទៀត និងឈ្មួញ ឈើដែលមានខ្នងក្រាស់នូវការផ្គត់ផ្គង់ថោកៗ ដោយមិនបានលើកទឹកចិត្តដើម្បីបញ្ឈប់រឿងដដែលៗនេះ៕សារុន និង និត