33 C
Phnom Penh

លោក ហ៊ុន សែន ហាម​ឃាត់​​​​អ្នក​​​ដែល​ស្លៀកពាក់​​​ពណ៌​ដូចៗ​គ្នា​មិន​​​ឲ្យ​​​ប្រមូល​​​​​​ផ្តុំ​​​​​​​​ជា​​សាធារណៈ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សក្ដានុពល​​​​​​ដែល​​​​​​​ពណ៌​​​​​​​អាច​​​ក្លាយ​ជា​​​​​​​ការ​​​គាំទ្រសម្រាប់​ការ​បះបោរ​ខាង​នយោបាយ ​មិន​​ទាន់​បាត់​ទៅ​ណា​ទេសម្រាប់​លោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ ដោយ​លោកបាន​​​​​​រិះ​​​គន់​​​ខ្លាំងៗ​​​​ម្ដង​ហើយ​ម្ដង​ទៀត​ប្រឆាំង “បដិវត្តន៍​ពណ៌” បែប​អឺរ៉ុប​ខាង​កើត​​​នេះ។

ទោះ​ជាយ៉ាង​ណា កាលពី​ម្សិលមិញ​លោក​​បាន​​​ប្រកាស​ថា លោក​នឹង​ហាម​​​ឃាត់​​​​​​រាល់​​​ការ​​​តវ៉ា​​​​​​នា​​​ថ្ងៃ​​​​​​​​​​​​​​​​​អនាគតដែល​អ្នក​ចូល​រួម​សុទ្ធតែ​ស្លៀក​ពាក់​ពណ៌​ដូចៗ​គ្នា​។

លោក ហ៊ុន សែន ​បាន​​​​មាន​​ប្រសាសន៍​​ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ​​នៅ​​​សកល​វិទ្យា​​​ល័យ​​មួយ​​ក្នុង​​រាជ​ធានីភ្នំ​ពេញ​​ថា “ទោះ​​បី​​វា​​ពណ៌​​​អី​ក៏​ដោយ ខ្ញុំ​បា​ន​​ប្រាប់ទៅ​សម្តេច​ ស ខេង ​ប្រាប់​ទៅ​​ថ្នាក់​​ដឹក​នាំ​​ដទៃ​ទៀត កុំ​​ខ្វល់​ពី​រឿង​ពណ៌ ហ្អែង​​ចង់​ពណ៌​​អី​​ក៏​ដោយ ឱ្យ​​តែ​​ធ្វើ​​ខុស​ច្បាប់ដាក់ [ចាប់ខ្លួន​] ទាំង​អស់​ហ្នឹង”។

មន្ត្រី​​​អង្គការ​សិទ្ធិ​មនុស្ស​​​​ និង​សកម្មជន​​​ប្រាំបី​​រូប​ត្រូវ​បាន​​ឃាត់​ខ្លួន​​ដោយ​សារ​ការ​​​ស្លៀក​ពាក់​​​ពណ៌​ខ្មៅ​កាលពី​ថ្ងៃ​ច័ន្ទ បន្ទាប់ពី​ពួកគេ​​បាន​ពាក់​​ពណ៌​នេះអំឡុង​​ពេល​តវ៉ា​មួយ​ដើម្បី​កាន់​ទុក្ខ​ការ​ដាក់​ពន្ធនាគារ​​​​សហសេវិក​ប្រាំរូប​របស់​ខ្លួន​កាលពី​ខែ​មុន។ លោក​ ហ៊ុន សែន បាន​​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា សកម្មភាព​​​​តវ៉ា​​ដោយ​ស្លៀក​ពាក់​​ពណ៌​ដូចៗ​គ្នា​​​គឺ​ជា​ការ​គំរាម​កំហែង​​សន្តិសុខ​យ៉ាង​ច្បាស់​ក្រឡែត​។

លោកថ្លែង​ថា “សូមកុំ​ប្រើ​ប្រាស់​នូវ​សិទ្ធិ​បញ្ចេញ​មតិ​ដើម្បី​​បំពាន​​អ្ន​ក​ដទៃឱ្យសោះ រាជ​រដ្ឋាភិបាល​ត្រូវការរក្សា​សន្តិ​ភាព​សម្រាប់​ប្រទេស រក្សា​នូវ​ស្ថិរភាពនយោបាយ​សម្រាប់​

ប្រទេស​ដើម្បី​ការ​​អភិវឌ្ឍ” ​ដោយ​​​កំប្លែ​ង​សើច​​​​ថា និស្សិត​ដែល​​ស្លៀក​​រ៉ូប​​ពណ៌​​ខ្មៅ​​​មាន​សុវត្ថិ​ភាព​ធម្មតាទេ។ “ថ្ងៃ​​​នេះ​​​អ្នក​ទាំង​អស់​គ្នា​សុទ្ធ​​តែ​​ស្លៀកពាក់​​ពណ៌​ខ្មៅ ​ប៉ុន្តែ​គ្មាន​អ្នក​ណា​មក​​​​​​ចាប់​​ខ្លួន​​​​ទេ”។

ការ​លើក​ឡើង​របស់​លោក​​​ធ្វើ​ឡើង​បន្ទាប់​ពី​​មាន​ការ​ព្រមាន​​ពី​​​មន្ត្រី​ផ្សេងៗ​​ទៀត ដោយ​លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​​ក្រសួង​មហា​​ផ្ទៃ​​ថ្លែង​​​ថា កម្ពុជា​អាច​​​​នឹង​ដូច​ប្រទេស​​​ស៊ីរី​​​​​​ ​ដែល​ត្រូវ​ហែក​ហួរ​ដោយ​សារ​សង្គ្រាម ប្រសិន​បើ​​​​​​​ការ​​​​តវ៉ា​បែប​នេះ​នៅ​តែ​បន្ត​ ហើយ​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​​លើក​​​​ឡើង​ថា ការ​​ពាក់​​អាវ​ខ្មៅ​ “​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​​នឹង​ឃើញ​ដល់​​ឆ្នាំ​១៩៧៥​”។

ស្ថិត​ក្នុង​ឈុត​​អាវ​ខ្មៅ​​ និងខោ​​ខ្មៅ​ជើង​វែង​ ​​​ខ្មែរ​ក្រហម​កុម្មុយនីស្ត​បាន​សម្រុក​ចូល​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា​ឆ្នាំ​នោះ​។ លោក ហ៊ុន សែន ដែល​ជា​ទាហាន​របស់​ខ្មែរ​ក្រហម​នៅ​ពេល​នោះ ​នឹងស្ថិតក្នុង​​​ចំណោម​​​ពួកគេ​​​ ប្រសិនបើគាត់​​​មិន​​​រងរបួសទេ​។

​ទោះ​ជា​យ៉ាង​ណា មិន​ដូច​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៥ អ្នក​ដែល​តវ៉ា​ដោយ​ពាក់​អាវ​ខ្មៅ​នៅ​សប្ដាហ៍​នេះ ​គ្មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​​​​​​នោះ​ទេ​។

ផ្ទុយ​ទៅ​វិញ គោល​បំណង​របស់​ពួកគេ​គឺ​ដើម្បី​តវ៉ា​​​ឲ្យ​ដោះលែង​មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បួន​រូប​ និង​មន្ត្រី គ.ជ.ប. មួយ​រូប​ដែល​ជាប់ពន្ធនាគារ​​ពីបទ​សូក​ប៉ាន់​​នារី​ម្នាក់​ចំនួន​២០៤​ដុល្លារ​ ដើម្បី​ឲ្យ​នាង​បដិសេធ​ថា​គ្មាន​ស្នេហា​លួច​លាក់​ជាមួយ​លោក កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង​។

​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​​បាន​មាន​ប្រសាសន៍​ថា ការ​មិន​ជឿទុក​ចិត្ត​របស់​លោក ហ៊ុន សែន លើ​អាវ​ខ្មៅ​​គួរ​ឲ្យ​អស់​សំណើច​។

លោកបានសរសេរ​​​ក្នុងសារ​អេឡិច​ត្រូនិក​​​មួយ​​ថា “ពី​ឆ្នាំ១៩៧៥ ដល់​ឆ្នាំ១៩៧៩ ចលនា​​​ខ្មែរក្រហមដែល​លោក ហ៊ុន សែន ​​បាន​បម្រើ​​​អស់​រយៈ​ពេល​ជា​​ច្រើន​​​​ឆ្នាំ​ចាប់​ពី​ដើម​​​ទស​វត្សរ៍​​ឆ្នាំ​១៩៧០ បាន​ហាម​ឃាត់សម្លៀក​បំពាក់​​​គ្រប់​​​ប្រភេទ​​​លើក​លែង​តែ​​សម្លៀក​បំពាក់​ជ្រលក់​ពណ៌​ខ្មៅ។ អ្វីដែល​​​គួរ​ឱ្យអស់សំណើច​ ពេល​នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចាប់​ខ្លួន​ប្រជា​​ពល​រដ្ឋ​​គ្រាន់តែពួក​គាត់​​ស្លៀកពាក់​​​ខ្មៅ!”។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែល​ស្ថិត​ក្នុង​ចំណោម​រាជវង្សានុវង្ស​មួយ​ចំនួន​តូច​​ដែល​តែង​តែ​រិះគន់​រដ្ឋាភិបាល​​ និង​ជា​សមា​ជិក​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​មាន​បន្ទូល​ថា ​ប្រតិកម្ម​​តប​ទៅ​នឹង​អ្នក​តវ៉ា​ដែល​ស្លៀក​ពាក់​ពណ៌​ខ្មៅ​កាលពី​ថ្ងៃ​ច័ន្ទ​​ គួរ​ឲ្យ​អស់​សំណើច​ ដោយ​សារ​តែ​ការ​ជួប​ជុំ​នោះ​ធ្វើ​ឡើង​​​​ដោយ​សន្តិវិធី។

ព្រះអង្គម្ចាស់មានបន្ទូល​​ថា “អ្នកខ្លះ​បាន​លើក​ឡើង​​​ថា ខ្មែរ​ក្រហម​ធ្លាប់ពាក់​អាវ​ខ្មៅ ប៉ុន្តែ​ក្នុង​​ចិត្ត​របស់សកម្មជន​សិទ្ធិ​មនុស្ស និង​អង្គការសិទ្ធិ​មនុស្សនៅ​កម្ពុជា ​ទាំង​​នេះ​​ដែល​​មាន​​​​​អ្នក​ស្លៀក​ពាក់​​ខ្មៅ វា​ជាពណ៌​កាន់ទុក្ខ”។

ព្រះអង្គម្ចាស់​​បាន​បន្ត​ថា ​សម្រាប់​គណ​បក្ស​​ប្រជាជន​កម្ពុជា​​បក​ស្រាយ​​ថា ​ការ​ស្លៀក​ពាក់​​អាវ​​​ខ្មៅ​ គឺ​ជា​​បដិវត្តន៍​បង្ហាញ​ថា ​បច្ចុប្បន្ន​​​​គណ​បក្ស​​នេះ​កំពុង​​ភ័យ​ខ្លាច​។

ព្រះ​អង្គ​​បាន​​​​បន្ថែម​​​​ទៀតថា “អ្វីដែល​បា​ន​​កើត​​ឡើង​​កាល​ពី​ថ្ងៃ​​ច័ន្ទ ​គ្រាន់តែបង្ហាញ​ពី​​អារម្មណ៍​​​​ភ័យ​​ខ្លាច និង​​​​កម្សោយ​របស់​គណ​បក្ស​​​​ប្រជាជន​​កម្ពុជា ​​ប៉ុណ្ណោះ។ ពួកគេ​ដឹង​ថា ​ប្រជា​​​រាស្ត្រ​ប្រឆាំង​ពួកគេ​ ដឹង​ថា​ប្រជារាស្ត្រ​ខ្មែរ​​​ភាគ​ច្រើន​​លើស​លប់​​ប្រឆាំង​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​។ ដូច្នេះ​​​​​ពេល​​នេះ​ ការ​​តវ៉ា​​ដោយ​​​​​សន្តិវិធី​​​ចំនួន​​​៧​​ត្រូវបាន​ហាម​​ឃាត់​ដែល​ផ្ទុយ​នឹង​ច្បាប់ និង​រដ្ឋ​ធម្មនុញ្ញ។ អ្នក​ដែល​​ធ្វើ​​ឱ្យ​​អន្តរាយ​ដល់​សន្តិភាព និង​ស្ថិរភាព​​នៅកម្ពុជា គឺ​គណបក្សប្រជា​ជន​កម្ពុជា”។

លោក សុខ ឥសាន អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​​​​លើក​​​ឡើង​​​ថា ​​​វា​​​ជា​​​រឿង​​​អយុត្តិធម៌​​​ដែល​​​រិះគន់​​​​លោក ហ៊ុន​​​ សែន ​ចំពោះ​​​​​​​សកម្ម​​​ភាព​​​របស់​​​លោក​​​​​​​ក្រោម​​​របប​​​ខ្មែរ​​​ក្រហម​​​ ​​ឬ​​​​​​ចំពោះ​​​ការ​​​បង្ក្រាប​​​ជា​​​បន្ត​​​បន្ទាប់​​​របស់​​​លោក​​​លើ​​​អ្នក​​​តវ៉ា​​​ស្លៀក​​​ពាក់​​​ខ្មៅ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​ជា​​​រឿង​​​មិនត្រឹមត្រូវទេ​​​​ដែល​​​និយាយ​​​ថា ដោយ​​​សារ​​​សង្គម​​​ខុស​​​គ្នា​​​”។ លោក​​​បាន​​​និយាយ​​​ការ​​​ពារ​​​សកម្ម​​​ភាព​​​បដិវត្តន៍​​​របស់​​​លោក ហ៊ុន សែន ​​​ក្នុង​​ការស្លៀកពាក់​​​​ខ្មៅ​​​ ថាដោយ​​​សារ​​តែ​​រដ្ឋ​​​ប្រហារ​​​ឆ្នាំ​​​១៩៧០​​​ដែល​​​បណ្តេញ​​​ព្រះ​​​អង្គ​​​ម្ចាស់​​​ នរោត្តម សីហនុ ពី​​​អំណាច​​​។

​​លោក​​​បាន​​​ថ្លែង​​​​ថា ”គាត់​​​ស្លៀក​​​ពាក់​​​ខ្មៅ​​​នៅ​​​ពេល​​​នោះ ព្រោះ​​​គាត់​​​បាន​​​ចូល​​​ក្នុង​​​ចលនា​​​​​​នេះ​​​តាម​​​ការ​​​អំពាវ​​​នាវ​​​របស់​​​ សម្តេច​ នរោត្តម ​​​សីហនុ ឱ្យ​ប្រយុទ្ធ​​​ប្រឆាំង​​​ផ្តួល​​​រំលំ​​​របប​​​សាធា​រណរដ្ឋ​​​ខ្មែរ​​​របស់​​​​​​សេនាប្រមុខ​​​ លន់ ​នល់ ​ដើម្បី​​​សង្គ្រោះ​​​ប្រទេស​​​ជាតិ​​​”។

លោក​​​បន្ថែម​​​ថា “គាត់​​​ស្លៀក​​​ពាក់​​​ខ្មៅ​​​មិន​​​មែន​​​ដើម្បី​​​បម្រើ​​​ឲ្យ​​​ខ្មែរ​​​ក្រហម​​​នោះ​​​​​​ទេ ​ប៉ុន្តែ ​​គាត់​​​បម្រើ​​​ឲ្យ​​​ សម្តេច​ នរោត្តម ​សីហនុ។ ​ឆ្លង​​កាត់​តាម​​​រយៈ​​​បទ​​​ពិសោធន៍​​​ប្រយុទ្ធ​​​ប្រឆាំង​​​​​​ដើម្បី​​​​​ប្រទេស​​​ជាតិ​​​ យើង​​​ឃើញ​​​ថា ​ប៉ុល ​ពត បាន​​​​​​សាប​​​​​ព្រោះ​​​សកម្មភាពប្រល័យ​​​ពូជ​​​សាសន៍ ​​ហើយ​​​សម្លាប់​​​រង្គាល​​​មនុស្ស​​​រាប់​​​លាន​​​នាក់​​​”។

លោក​​​បន្ថែម​​​ទៀត​​​ថា ”ហេតុ​​​ដូច្នេះ​​​ហើយ​​​ ​[សម្តេច​ ហ៊ុន សែន] បាន​​​ប្រមែ​ប្រមូល​​​អ្នក​​​ស្នេហា​​​ជាតិ​​​មក​​​តស៊ូ​​​ប្រយុទ្ធ​​​ប្រឆាំង​​​ដើម្បី​​​សង្គ្រោ​​​ះ​​​ប្រទេស​ជាតិ​​​ពី​​​របប​​​ប្រល័យ​​​ពូជ​​​សាសន៍​​​នេះ​​​”។

​​​អ្នក​​​នាំ​​​ពាក្យ​​​រូបនេះ​​​បាន​​​​​​​លើក​​​ឡើង​​​ទៀត​​​ថា សមាជិក​​​សង្គម​​​ស៊ីវិល​​​ដែល​​​នាំ​​​គ្នា​​​តវ៉ា​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ គួរ​​តែរៀន​ពីកំហុសនេះ។​

លោក​បានមាន​ប្រសាសន៍បន្ថែម​​​ទៀត​​​ថា​ “យើងមាន​បទពិសោធន៍​ជាច្រើន​មក​ហើយថា​ ឯក​សណ្ឋាន​​​ខោខ្មៅ អាវខ្មៅ​ នាំមកនូវគ្រោះ​មហន្តរាយ​ដល់​ប្រទេស​ជាតិ​ ហេតុ​ដូច្នេះ​អង្គការ​មិន​មែន​​​​​​រដ្ឋាភិបាល​មិនគួរ​ធ្វើដូច្នេះ​ដើម្បីបង្ក​​ការ​ភ័យ​ខ្លាច​​​​និង​អស្ថិរភាព​ដល់​ប្រជាពលរដ្ឋនោះទេ”។

ប៉ុន្តែសូម្បីក្រោយ​​​​​​សង្គ្រាម​​​ស៊ីវិល​​​ក៏​ដោយ​ ​តាម​​​ពិត​​​គេកត់សម្គាល់​ឃើញថា​ នៅក្នុង​ការ​​​គ្រប់​​​គ្រង​​​អំណាច​​​របស់​​​លោក ហ៊ុន សែន ​​​មាន​​​ភាព​​​ចលាចល​​​សង្គម​​​ជា​​​បន្ត​​​បន្ទាប់​​​ និង​​​អំពើ​​​​

ហិង្សា​​​ដែល​​​គាំទ្រ​​​ដោយ​​​រដ្ឋាភិបាល​​​ ជា​​​ពិសេស​​​​​​ការ​​​ប្រយុទ្ធ​​​គ្នា​​​ក្នុង​​​ឆ្នាំ​​​១៩៩៧​​​ ដែល​​​លោក ហ៊ុន ​សែន បាន​​​បណ្តេញ​​​ព្រះ​​​អង្គ​​​ម្ចាស់​​​ នរោត្តម ​​​​​​រណឫទ្ធ​​​ិ ពីតំណែង​​​ជា​នាយក​​​រដ្ឋ​​​មន្ត្រី​​​ទី​​​១។

កម្ពុជា​​​បាន​​​បាត់​​​បង់​​​អាសនៈ​​​របស់​​​ខ្លួន​​​នៅ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ ហើយ​​​ប្រាក់​​​ចំណូល​​​ក្នុង​​​មនុស្ស​​​ម្នាក់នៅ​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​ ដែល​​​នៅ​​​ក្នុង​​​ឆ្នាំ​​​១៩៩៦​​​មាន​​​ ៣១០​​​ដុល្លារ​​​​​​ស្មើ​​​នឹង​​​ប្រទេស​​​វៀតណាម​​​នោះ ​​​បាន​​​ធ្លាក់ចុះ​​​​ក្រោម​​​៣០០​​​ដុល្លារ​​​ នេះ​​​បើ​​​យោង​​​​​​តាម​​​ការសិក្សា​​​​ដោយ​​​ធនាគារ​​​ពិភព​​​លោក​​​ ហើយ​​​តួលេខ​នេះ​មិន​​​លើស​​​ពី​​​តួ​​​លេខ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​១៩៩៦​​​ទេ រហូត​​​ដល់​​​ឆ្នាំ​​​២០០២​​​។

ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​កម្ពុជា​​​ជា​​​រឿយ​​​ៗ​​​​ពឹ​​​ងផ្អែក​​​លើ​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ដើម្បី​​​ពង្រឹង​​​ការ​​​ក្តោប​​​ក្តាប់​​​អំណាច​​​ ដោយ​​​​​​​​​​​​​​​ក្នុង​​​ពេល​​​​​​ថ្មី​​​ៗ​​​នេះ​​​មាន​​​ការ​​​ដាក់​​​ពង្រាយ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ដើម្បី​​​បញ្ចប់​​​​​​កូដ​​​កម្ម​​​ទូទាំង​​​ប្រទេស​​​របស់​​​កម្មករ​​​​​នៅ​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​ដ៏​​​សំខាន់​​​។

ទោះ​​​ជាយ៉ាង​​​ណា លោក សុខ ​ឥសាន ​បាន​​​​​​​លើក​​​ឡើង​​​ថា រដ្ឋាភិបាល​​​មិន​​​អាច​​​អនុញ្ញាត​​​ឲ្យ​​​មាន​​​ការ​​​ប្រមូល​​​ផ្តុំ​​​តាម​​​ទី​​​សាធារណៈ​​​ដោយ​​​​​​មាន​​​ការ​​​ស្លៀក​​​ពាក់​​​ពណ៌​​​ដូច​​​គ្នា​​​បាន​​​ឡើយ​​​ ព្រោះវា​ប៉ះ​​​ពាល់​​​ដល់​​​សន្តិភាព​​​ដែល​​​លោក ​ហ៊ុន សែន បាន​​​នាំ​​​មក​​​ជូន​​​ប្រទេស​​​ជាតិ​​​ចាប់​​​តាំង​​​ពី​​​របប​​​ខ្មែរក្រហម​​​បាន​​​ដួល​​​រលំ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​១៩៧៩​​​មក​​​។

លោក​​​បន្ត​​​ថា”ដោយ​​​មាន​​​​​ឧទាហរណ៍​​​ពី​​​តំបន់​​​មជ្ឈិម​​​បូពា៌ និង​​​តំបន់​​​អាហ្វ្រិក​​​​​​ខាង​​ជើង​​​ យើង​​​ឃើញ​​​ថា មាន​​​បដិវត្ត​​​ន៍​​​ពណ៌​​​ដែល​​​កើត​​​ឡើង​​​នៅ​​​ទី​​​នោះ​​​ ហើយ​​​វា​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​ជាតិ​​​ទាំង​​​មូល​​​ធ្លាក់​​​ចូល​​​ក្នុង​​​សង្គ្រាម​​​ផ្ទៃ​​​ក្នុង​​​។ យើង​​​ត្រូវ​​​តែ​​​​​​ មាន​​​ការ​​​ប្រុង​​​ប្រយ័ត្ន”៕សុខុម និងស៊ុយឈាង

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស