យោងតាមនាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ បានឲ្យដឹងកាលពីម្សិលមិញ ថា ក្រុមហ៊ុនរបស់ខ្លួនកំពុងធ្វើការសិក្សាពីសមិទ្ធលទ្ធភាពលើខ្សែរថភ្លើងដែលនឹងដឹកអ្នកដំណើរពីកណ្តាលរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានក្នុងរយៈពេលតិចជាង១៥នាទី។
ទោះបីជាគម្រោងនេះស្ថិតក្នុងដំណាក់កាលពិភាក្សាដំបូងនៅឡើយក៏ដោយ តែលោក John Guiry នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ បានលើកឡើងថា លោកសង្ឃឹមថា នឹងប្រើប្រាស់ខ្សែរថភ្លើងដែលមានស្រាប់ ដោយរត់ជាច្រើនជើង ហើយបើនិយាយក្្នុងន័យសុទិដ្ឋិនិយមវិញ នឹងមានរត់ភ្លើងរត់ក្នុងរយៈពេល១៨ខែទៀត។
លោកបានមានប្រសាសន៍ថា “លោកអ្នកនឹងចេញដំណើរ ហើយលោកអ្នកនឹងទៅអង្គុយនៅកន្លែង Burger King ក្នុងអាកាសយានដ្ឋានក្នុងរយៈពេលត្រឹមតែ១០នាទី ទៅ១៥នាទីប៉ុណ្ណោះ”។
ទោះបីជាលោក John Guiry បានសង្កត់ថា គម្រោងនេះ “ទើបតែស្ថិតក្នុងដំណាក់កាលពិភាក្សាត្រង់ចំណុចនេះ” ក៏ដោយ តែលោកបានព្យាករថា សេវានេះនឹងចាប់ផ្តើមដំណើរការក្នុងពេលឆាប់ៗ។លោកបានថ្លែងថា “វាមិនមែនជាផែនការរយៈពេល១០ឆ្នាំនោះទេ។ ខ្ញុំចង់ឲ្យវាដំណើរឆាប់ៗ”។
ប្រទេសកម្ពុជាកំពុងស្ថិតក្នុងដំណើរការប្រើប្រាស់ខ្សែរថភ្លើងដែលមានស្រាប់ឡើងវិញ។កាលពីខែមុនក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ បានចាប់ផ្តើមដំណើរការខ្សែរថភ្លើងរត់ពីភ្នំពេញទៅក្រុងព្រះសីហនុដែលបានផ្អាកអស់រយៈពេល១៤ឆ្នាំមកហើយ។
គម្រោងបង្កើតខ្សែរថភ្លើងរត់ពីអាកាសយានដ្ឋាន នឹងរត់តាមផ្លូវដដែលដូចគម្រោងផ្លូវអាកាសល្បឿនលឿនដែលលោកនាយករដ្ឋមន្ត្រី ហុ៊ន សែន បានប្រកាសលុបចោលភ្លាមៗកាលពីខែមុន ពោលគឺ២ខែបន្ទាប់ពីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់បានព្រមានថា វានឹងផ្តល់ផលប៉ះពាល់អវិជ្ជមានដល់ពលរដ្ឋយ៉ាងតិច១.០០០គ្រួសារ។
លោក John Guiry បានលើកឡើងថា មិនចាំបាច់មានការបណ្តេញចេញនោះទេនៅក្នុងការបញ្ចប់ខ្សែរថភ្លើងនេះ។ លោកបានបន្ថែមថា “ខ្ញុំនឹងមិនធ្វើឡើយ បើមានការប្រឈមនឹងការបណ្តេញចេញ”។ លោកបានលើកឡើងបន្តថា ខ្សែរថភ្លើងនេះ នឹងរត់តាមផ្លូវដែលមានស្រាប់លើកលែងតែកំណាត់ផ្លូវចុងក្រោយដែលស្ថិតនៅតាមបណ្តោយដីទំនេរបច្ចុប្បន្ន។
ទីភ្នាក់ងារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (JICA) បានស្នើឡើងនូវខ្សែរថភ្លើងស្រដៀងគ្នានេះនៅក្នុងផែនការមេឆ្នាំ២០៣៥របស់ខ្លួនសម្រាប់ការដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ ជាមួយនឹងគម្រោងរថភ្លើងគ្មានមនុស្សបើកដែលមានទឹកប្រាក់៥៨៦លានដុល្លារ និងដែលនឹងរត់លើផ្លូវភាគខាងត្បូងដាច់ដោយឡែកមួយទៀតទៅកាន់អាកាសយានដ្ឋាន។
Aya Miura ទីប្រឹក្សាគម្រោងរបស់JICA បានមានប្រសាសន៍កាលពីម្សិលមិញថា គម្រោងទាំងនេះមានអត្ថប្រយោជន៍ណាស់ ហើយថា ខ្សែរថភ្លើងភាគខាងត្បូងដែលនឹងផ្តល់ហិរញ្ញប្បទានតាមរយៈកម្ចីរបស់ជប៉ុនប្រសិនបើត្រូវបានស្ថាបនាមែននោះនៅមិនទាន់ឈានដល់ដំណាក់ការសិក្សាសមិទ្ធលទ្ធភាពនៅឡើយទេ។
លោក លាង ឡា អ្នករត់តាក់ស៊ីឯកជនម្នាក់បានលើកឡើងថា បច្ចុប្បន្នគាត់ត្រូវចំណាយពេលពី៤៥ទៅ៧០នាទីដើម្បីដឹកអតិថិជនក្នុងចម្ងាយផ្លូវប្រហែល១១គីឡូម៉ែត្រពីកណ្តាលរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋាន។
លោកបាននិយាយថា “ជួនកាលពួកគាត់យឺតពេលខ្លាំងណាស់។ សព្វថ្ងៃចរាចរណ៍កកស្ទះខ្លាំងណាស់”៕ស៊ុយឈាង