Opinion

លោក ហ៊ុន សែន ​មាន​ប្រសាសន៍​​​​​ថា កាសែត​​ ខេម​បូឌា ដេលី ​អាច​ប្រឈម​នឹង​​​​​បណ្តឹង​​ផ្លូវ​​ច្បាប់​

កាល​ពី​​​​ម្សិល​មិញ​ លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​បា​នគំរា​ម​​ចាត់​​វិធាន​ការតាម​ផ្លូវ​​ច្បាប់​លើ​​​កាសែត ខេមបូឌា ដេលី ​​ចំពោះ​ការ​ “បំភ្លៃ” ​​​ពាក្យ​សម្ដី​​​​របស់​លោក​ក្នុង​សុន្ទរកថា​​​​​មួយ​​​​កាល​ពី​​ថ្ងៃ​​អង្គារ ហើយ​​​​ក៏​បាន​​​ប្រាប់​​ទៅ​អ្នក​កាសែត​​​របស់​​​កាសែត​​នេះ​​ដែ​រ​ថា លោក​​ចង់​ឱ្យ​​ពួកគេ​ឈប់​សរសេ​​​​​​រ​អត្ថ​បទ​​អំពី​​សុន្ទរក​ថា​របស់​​លោក។

​​​ក្នុង​​ខែ​​កន្លង​ទៅ រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ​បាន​ធ្វើ​ការ​​​​​​ប្រហារ​​​​លើ​​​​​​ក្រុម​​អ្ន​ក​រិះ​​គន់​​​ខ្លួន ដោយ​​ដាក់​​ពន្ធ​នាគារ​​​តំណាង​រាស្ត្រ​​គណបក្ស​ប្រឆាំង​មួយ​​រូប មន្ត្រី​​ឃ្លាំ​មើល​​សិទ្ធិ​មនុស្ស​បួន​​រូប មន្ត្រី​ជាន់​ខ្ពស់​ គ.ជ.ប.​មួយ​រូប​ ព្រ​ម​ទាំង​​​​​ចោទ​ប្រកាន់​មន្ត្រី​អង្គ​ការ​សហ​ប្រជា​​​​ជាតិ​​មួយ​​រូប និង​​​​​ប្តឹង​​​អ្នក​​វិភាគ​​នយោបាយ​​​ដ៏​​សំខាន់​​មួយ​​​រូប​​​ពី​បទ​​​​បរិហារកេរ្តិ៍​​​​ទៀត​​ផង​។

ថ្លែង​​ក្នុង​ពិធី​ប្រគល់​សញ្ញា​​បត្រ​​​ថ្នាក់​​ឧត្តម​សិក្សា​​មួយ​នៅ​រាជ​ធានី​ភ្នំពេញ ​កាលពីម្សិល​មិញ លោកនា​យក​​រដ្ឋ​មន្ត្រី​​​ថ្លែង​​​​​ថា ​លោក​​​​ធុញ​ទ្រាន់​កាន់​​តែ​ខ្លាំង​ចំពោះ​​​ការ​​​អាន​​​ចំណង​​ជើង​​​​​​លើ​អត្ថ​​បទ​​ចុះ​ផ្សាយ​ស្តីពី​សុន្ទរក​ថា​​​របស់​លោក​​​​​ដែល​លោក​​​​​​​​​​​​ថា ​​ជា​​ញឹក​ញាប់​​​​​ខុស​​​​​ឆ្ងាយ​ពី​​​សារ​ដែល​លោក​​មាន​បំណង​ចង់​​​បញ្ជូន​។

ផ្តោត​​​​ចំណាប់​អារម្មណ៍​​លើ​​​​អត្ថ​បទ​​ទំព័រ​មុខ​​​​មួយ​​​​​​​ចុះ​ផ្សាយ​កាល​ពី​​ថ្ងៃ​ពុធ ​ក្រោម​ចំណង​​​​​​ជើង​​​​​ថា “លោក ហ៊ុន សែន ហាម​ឃាត់​អ្នក​ដែល​ស្លៀក​​​​​ពាក់​​​​​​ពណ៌​​ដូច​​ៗ​គ្នា​​​​មិនឱ្យ​​​​​​ប្រមូល​​ផ្តុំ​ជា​សាធារណៈ” ​​លោក​​​​​​​មាន​ប្រសាសន៍​​ថា “មាន​​​​ការ​បំពាន​​ពាក្យ​​​សម្ដី​របស់​ខ្ញុំ​ដែល​ខ្ញុំ​មិន​បាន​​និយាយ​។ ខ្ញុំ​គិត​ថា​​មនុស្ស​ទាំង​នេះ​​នៅ​​ទី​នេះ​។ ​​​​​ឱ្យពួកគេស្ដាប់​​ឱ្យ​បាន​​​​ច្បាស់ បើ​ស្ដាប់មិន​​ច្បាស់ទេ ចាក់​​​វា​​​​ឡើង​​វិញ ​ថត​​វា​​​​ទុក​​ ហើយ​​កុំ​​​សរ​សេរ​​​​​​​​បំផ្លើស។ ម្សិលមិញ អាខេម​​បូឌា ដេលី ​វាផ្សាយពីស្អីចំណង​ជើងទៅផ្សេង​ទៅ។​ ​​ឥឡូវ​​​កុំផ្សាយ [សុន្ទរកថា​របស់​​ខ្ញុំ​] តែម្តងទៅ [វា] ល្អ និយាយត្រង់ៗ”។

លោក​ក៏​បាន​​ត្អូញ​ត្អែរ​​​អំពី​​​​​​ផល​ប៉ះ​ពាល់​​​​បង្ក​​​ឡើង​​ដោយ​​​ការ​​បំភ្លៃ​​​នោះ​​ដែរ​ថា ​“ទូរ​​ទស្សន៍​​​​​​គេចាក់ [ផ្សាយ] គ្រប់ប៉ុស្តិ៍ ឯង​ទៅ​បំភ្លៃ​គេទៀត។ បរទេសគ្នាស្តាប់ភាសា​ខ្មែរ​អត់​បាន ​គ្នាមើលអត្ថបទអង់គ្លេស វាមិនងាប់។ ឥឡូវ​ខ្ញុំនឹងពិនិត្យមើលផ្លូវច្បាប់នានា បើអ្នក​ឯង​ហ៊ាន​​ផ្សាយខុសពីខ្ញុំ។ យកល្អអ្នក​ឯង​កុំ​និយាយ​​​ពីខ្ញុំតែម្តងទៅ។ ធ្វើជាស្អប់ខ្ញុំ ធ្វើជាអត់មាន ហ៊ុន សែន តែម្តងទៅវាល្អជាង”។

លោក ហ៊ុន សែន ដែល​​បាន​​​​កាន់​អំណាច​​អស់​​រយៈ​ពេល ៣១ឆ្នាំ​​ ជា​​អ្នក​​​បង្កើត​ច្បាប់​មួយ​ចំនួន​​ធំ​​​​របស់​ប្រទេស​តាម​​រយៈ​​ក្រឹត្យ​តាម​ព្រឹត្ត​ន័យ​​ចេញ​អំឡុង​​សុន្ទរក​ថា​ជា​​ញឹក​ញាប់​របស់​​​​លោក​​ដែល​​តែ​ង​តែ​​​ចាក់​ផ្សាយ​​​​ទូទាំង​ប្រទេស​តាម​​​​​វិទ្យុ និង​ទូរទស្សន៍​។

បន្ទាប់ពី​មនុស្ស​​​ប្រាំ​បី​​នាក់ដែល​​​ធ្វើ​ការ​​តវ៉ា​​​ដោយ​ស្លៀកពាក់​ពណ៌​ខ្មៅ​​ក្នុងយុទ្ធ​នាការ “ថ្ងៃ​ច័ន្ទ​​ពណ៌​ខ្មៅ” ​​​ត្រូវបាន​ចាប់​​ខ្លួន​កាល​ពី​​​ព្រឹក​​​​ថ្ងៃ​ច័ន្ទ លោក ហ៊ុន សែន ដែលមាន​ការ​​ប្រុង​ប្រយ័ត្ន​ចំពោះ ​​”បដិវត្តន៍​ពណ៌​” ជា​​យូរ​​​មក​​​ហើយ ​​​មាន​​ប្រសាសន៍​កាល​ពី​​​​ថ្ងៃ​​អ​ង្គារ​​​​​ថា លោកបា​ន​​ប្រាប់​លោក​ ស ខេង ​រដ្ឋ​​មន្ត្រី​ក្រសួងមហា​​ផ្ទៃ​ ហើយថា​ កុំ​​​​អនុញ្ញាត​​​​​​ការ​តវ៉ា​​​ពណ៌​​ដែលមាន​ការ​សម្រប​សម្រួល​ជា​មុន។

នៅ​​​​ឯ​​​ពិធី​​ប្រគល់​សញ្ញាបត្រ​ដូច​គ្នា​​ដែរ លោក ហ៊ុន សែន ថ្លែង​​​​​ថា “ទោះ​បីវា​​​ពណ៌​អី​ក៏​​ដោយ ខ្ញុំ​​បាន​​​​​​ប្រាប់​​​​ទៅ​សម្តេច ស ខេង ប្រាប់​ទៅ​​​​​ថ្នាក់​ដឹក​នាំ​​ដទៃ​ទៀត​ កុំ​​ឱ្យ​​ខ្វល់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពី​​រឿង​ពណ៌​​អី​ ហ្អែង​​​​​​​​ចង់​ពណ៌​អី​​ក៏​​ដោយ ឱ្យ​តែ​​ធ្វើ​​ខុស​​ច្បាប់​​ដាក់​ [ចាប់​ខ្លួន​] ទាំង​អស់​ហ្នឹង។ សូម​​​កុំ​​​ប្រើ​ប្រាស់​សិទ្ធិ​​បញ្ចេញ​​មតិ​​របស់​អ្នក​​​​​​​​​ដើម្បី​​​​​បំពាន​​​​អ្នក​ដទៃ​ឱ្យ​សោះ​ រាជ​​រដ្ឋាភិបាល​ត្រូវ​​​​​​​ការ​រក្សា​​​សន្តិភាព​​​​​សម្រាប់​​​ប្រទេស ​រក្សា​​នូវ​ស្ថិរភាព​​​​​​​នយោបាយ​​សម្រាប់​​​​​ប្រទេស​​ដើម្បី​​​​ការ​​អភិវឌ្ឍ”។​ ​​​​

ក្នុង​​​​លិខិត​ផ្ញើ​​​ទៅ​កាន់​​​​​​និពន្ធ​នាយក​​​កាល​ពី​ថ្ងៃ​​ពុធ​ លោក ស្វាយ ស៊ីថា ​ប្រធាន​​​​អង្គ​​ភាព​ព័ត៌​មាន និង​​​​​​​​ប្រតិកម្ម​​​​រហ័ស (PQRU) នៃ​​​​ទីស្តី​​ការ​គណៈ​រដ្ឋ​មន្ត្រី ​​ក៏​បាន​​​​​អះអាង​​ដែរ​​ថា ចំណង​​​​​​​ជើង​​​អត្ថ​បទ​ “លោក ហ៊ុន សែន ហាម​​ឃាត់​​អ្នក​ដែល​ស្លៀក​ពាក់​ពណ៌​​ដូចៗគ្នា​​មិនឱ្យ​ប្រមូល​​​​ផ្តុំ​​ជា​​សាធារណៈ” គឺជា​ការ​​​​បំភ្លៃ​​សារ​របស់​​លោក ហ៊ុន សែន។

លោក​​​សរសេរ​ថា “​ចំណង​​ជើង​​បែប​​នេះ​​​​មាន​ចេត​នា​​យ៉ាង​​ច្បាស់​លាស់​ក្នុង​​ការ​ញុះ​​ញង់ ​និង​​ធ្វើ​ឱ្យ​​មហា​​​ជន​ទាំង​​​​ក្នុ​ង និង​ក្រៅ​​ប្រទេស​​មាន​ការ​ច្រឡំ​​​​​​ចំពោះ​​​​​សុន្ទរ​ក​ថា​​របស់​​​​​សម្តេច ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​​ព្រះរាជា​ណា​ចក្រ​កម្ពុជា។ កាសែត ខេមបូឌា ដេលី សរ​សេរ​​​​​​ចំណង​​ជើង​បែប​​នេះ​​ ហើយ​​​​ចុះ​ផ្សាយ​​​​​​វា​​​​បំផ្លើស​​​​​​​​ផ្ទុយ​ពី​ការ​​ពិត មិន​ខ្វល់​​ពី​​​​វិជ្ជា​​ជីវៈ​សារព័ត៌មាន ​​​ហើយ​​អាច​​​ញុះ​ញង់ និង​​ដុត​​កំហឹង​របស់​​​​​ប្រជា​​​​​​​ពល​រដ្ឋ​​​​​ទាំង​​ក្នុងនិង​ក្រៅ​​ប្រទេស​​​​ដើម្បី​​​​ប្រឆាំង​​​​​​​ការ​​ដឹក​នាំ​​​​ដ៏​​ត្រឹម​ត្រូវ​​របស់​​រាជ​​រដ្ឋាភិបាល​”។​​

លោក ទិត្យ សុធា ​អ្នក​នាំ​ពាក្យ​​​​​​​​អង្គ​​ភាព​ព័ត៌​មាន និង​​​​​​​​ប្រតិកម្ម​​​​រហ័សមិន​អាច​ទាក់ទង​សុំ​ការ​​​​​បញ្ជាក់​​បាន​ទេ​ថា តើ​​​​ចំណងជើង​នេះ​ពិត​​​ជា​​​​​​​​បាន​​បំភ្លៃ​​សុន្ទរកថា​របស់​លោក ហ៊ុន សែន ​​មែន ​​​​ឬ​យ៉ាង​ណា។

ចំណែក​ឯ លោក ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​​ផ្ទៃ​ បាន​បដិសេធ​មិន​​​​​បញ្ជាក់​ថា​ តើ​​អ្នក​​ដែល​ធ្វើការ​តវ៉ា​​ស្លៀក​ពាក់ពណ៌​ដូចៗគ្នា​ពិតជា​ត្រូវ​បាន​​​​ហាម​​ប្រាម​មែន ឬ​យ៉ាងណា​ឡើយ។

លោក ខៀវ សុភ័គ ​​​បានលើក​​​ឡើ​ង​​​​អំពី​​​ការ​តវ៉ា​​​​ពណ៌​​ដែល​មាន​​ការ​សម្រប​សម្រួល​ជាមុន​ថា “​ខ្ញុំ​​គិត​ថា​វា​ជា​ការ​បង្ក​​រឿង​​” មុន​ពេល​​បដិសេធ​​​មិន​​ធ្វើ​​​អត្ថា​ធិប្បាយ​​​​បញ្ជាក់​ពី​​​ភាព​ស្របច្បាប់​របស​វា។ មុន​ពេល​​ចុច​បិទ​​ទូរស័ព្ទ​ លោក​​​មាន​ប្រ​សាសន៍​​​ថា “​​ឆ្លើយ​យ៉ាង​​​ខ្លី​​ថា វា​ជា​​​សកម្ម​​​​ភាព​​បង្ក​រឿង​។ ​​អ្វី​ដែល​​​ខ្ញុំ​អាច​​និយាយ​បាន​មាន​​​​​តែ​ប៉ុណ្ណឹង​​”។​​

ការ​​​លើក​​​ឡើង​​​របស់​​​លោក ​​​ហ៊ុន ​​​សែន ​​​កាល​​​ពីថ្ងៃ​​​អង្គារ​​​ ធ្វើ​​​ឡើង​​​មិនយូរ​ប៉ុន្មាន​បន្ទាប់​​​ពី​​​មានការ​​​​​​លើក​​​ឡើង​​​ស្រដៀង​​​គ្នា​​​របស់​​​លោក​​​ ផៃ ស៊ីផាន អ្នកនាំ​​​ពាក្យ​​​ទី​​​ស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី និង​​​ឧត្តម​​​សេនីយ៍​​​ ខៀវ សុភ័គ ដែល​​​ពួក​​​គាត់​​​ទាំង​​​ពីរ​​​សុទ្ធ​​​តែ​​​បាន​​​ភ្ជាប់​​​អ្នក​​​តវ៉ា​​​ដោយ​​​សន្តិវិធី​​​ទៅ​​​នឹង​​​បដិវត្តន៍​​​ដែល​​​មាន​​​បំណង​​​ផ្តួល​​​រំលំ​​​រដ្ឋាភិបាល​​​។ ​​​ដោយ​​​ចាត់ទុក​អ្នក​​​តវ៉ា​​​ថា “ឈ្លក់​​​វង្វេង​​​នឹង​​​សិទ្ធិ​​​មនុស្ស”។

ឧត្តម​​​សេនីយ៍​​​ ខៀវ សុភ័គ បាន​​​មាន​​​ប្រសាសន៍​​​បន្ទាប់​​​ពី​​មាន​ការ​​​តវ៉ា​​​កាល​​​ពីថ្ងៃ​​​ច័ន្ទថា “ដូច​​​ដែល​​​លោក​​​អ្នក​​​ដឹង​​​ហើយ​​​ក្រុម​​​របស់​​​ពួក​​​គេ​​​បាន​​​ផ្សព្វ​​​ផ្សាយ​​​​​​​ដើម្បី​​​ញុះ​​​ញង់​​​ប្រជា​​​ពល​​​រដ្ឋ​​​ឲ្យ​​​ស្លៀក​​​ពាក់​​​ខ្មៅ​​​នៅ​​​ថ្ងៃ​​​ច័ន្ទ ដើម្បី​​​ទាម​​​ទារ​​​ឲ្យដោះលែង​មន្ត្រី​​​សិទ្ធិ​​​មនុស្ស​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “ពួក​​​គេ​​​ឆ្កួត​​​វង្វេង​​​នឹង​​​សេរីភាព​​​​​​បញ្ចេញ​​​​មតិ។ ​​​ពួកគេ​​​មិនបាន​​​គិត​​​ថា ខ្លួន​​​ស្ថិត​​​ក្រោម​​​ច្បាប់​​​ដែល​​​គ្រប់​​​គ្រង​​​ពួក​​​គេ​​​ឡើយ​​​។ តើ​​​ចង់ឲ្យ​​​ដូច​​​ប្រទេស​​​សេរី​​​ ឬតើ​​​ចង់​​​ឲ្យ​​​វា​​​ដូច​​​ប្រទេស​​​លីប៊ី​​​ឬយ៉ាងម៉េច​”។

លោក សុខ ឥសាន អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ដែល​​​ក៏​​​បាន​​​​​​និយាយ​​​បន្ទាប់​​​ពី​​​សុន្ទរកថា​​​របស់​​​លោក ហ៊ុន សែន កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ដែរ​​​នោះ បាន​​​និយាយ​​​ការ​​​ពារ​ការ​​​ដាក់​​​គំនាប​​​លើ​​​សកម្ម​​​ជន​​​ស្លៀក​​​ពាក់​​​ខ្មៅ​​​ថា ជា​​​រឿង​​​ចាំ​​​បាច់​​​ដើម្បី​​​បញ្ចៀស​​​ ” ប្រទេសជាតិពី​គ្រោះ​​​មហន្តរាយ​​​​​​​​​”។ ​​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ ​​​អង្គារ​​​ថា “ដោយ​​​មាន​​​ឧទាហរណ៍​​​ពី​​​តំបន់​​​មជ្ឈិម​​​បូពា៌ និង​​​អាហ្រ្វិក​​​ខាង​​​ជើង​​​យើង​​​ឃើញ​​​ថា មាន​​​បដិវត្ត​​​ន៍ពណ៌​​​​​​កើត​​​ឡើង​​​នៅ​​​ទី​​​នោះ​​​ ហើយ​​​វា​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​ជាតិ​​​ទាំង​​​មូល​​​ធ្លាក់​​​ចូល​​​ក្នុង​​​សង្គ្រាម​​​ផ្ទៃ​​​ក្នុង​​​។ យើង​​​ត្រូវ​​​តែ មាន​​​ការ​​​ប្រុង​​​ប្រយ័ត្ន”។

លោក​​​ មឿន ឈាន​​​ណារិទ្ធ នាយក​វិទ្យា​​​ស្ថាន​​​កម្ពុជា​​សម្រាប់​ការ​សិក្សា​​ផ្នែក​សារព័ត៌​​​មាន​​​​​​​បាន​​​​​​លើក​​​ឡើង​​​ថា មិនថាមាន​ស្ថានការ​​​ណ៍​​​ហាមឃាត់​លើការ​តវ៉ា​ស្លៀកពាក់ពណ៌ដូចគ្នា​យ៉ាងម៉េចទេ​ វា​​​នឹង​​​ជា​​​រឿង​​​ឆោត​​​​ល្ងង់​​​សម្រាប់​​​​​​លោក ហ៊ុន សែន ​​​ក្នុង​​​ការ​​​ចាត់​​​វិធានការ​​​ផ្លូវ​​​ច្បាប់​​​លើ​​​កាសែត​​​មួយ​ ខណៈ​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ផ្សេង​​​ៗ​​​កំពុងស្ថិត​ក្នុង​ស្ថាន​ភាព​​​អយុត្តិ​​​ធម៌​បែបនេះ​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “មិន​​​ដូច​​​សាធារណជន​​​ទូទៅ​​​ដែល​​​គ្មាន​​​មធ្យោបាយ​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​ឆ្លើយ​​​តប​​​នឹង​​​សេចក្តី​​​រាយ​​​ការណ៍​​​ព័ត៌មាន​​​អវិជ្ជមាន​​​នោះ​​​​ អ្នក​​​នយោ​​​បាយ​​​មាន​​​មធ្យោ​​​បាយ​​​ដើម្បី​​​បញ្ជាក់​​​​​​អំពី​​​អត្ថ​​​បទ​​​ដោយ​​​ផ្ញើ​​​លិខិត​​​ទៅកាន់​​​​និពន្ធ​​​នាយក​​​ ឬ​​​ធ្វើ​​​សន្និសីទកាសែត​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា ​​​”មាន​​​ឱកាស​​​ជា​​​ច្រើន​​​សម្រាប់​​​ពួក​​​គេ​​​ក្នុង​​​ការ​​​កែ​​​តម្រូវ​​​ និង​​​បញ្ជាក់​​​ និង​​​ដើម្បី​​​បញ្ចូល​​​ព័ត៌មាន​​​ដែល​​​មិន​​​ត្រូវ​​​បាន​​​បញ្ចូល​​​នៅ​​​ក្នុង​​​សេចក្តី​​​រាយការណ៍​​​ដំបូង​​​។ ​​​ប៉ុន្តែ ការដោះស្រាយ​តាមរយៈ​ការ​​​បញ្ចេញ​​​ប្រតិកម្ម​​​អវិជ្ជមាន​​​ ឬ​​​ធ្ងន់​​​ធ្ងរ​​​ពេក​​​ចំពោះ​​​សេចក្តី​​​រាយការណ៍​​​មួយ​​​ វា​​​អាច​​​​ធ្វើ​​​ឲ្យ​​​ស្ថាន​​​ភាព​​​កាត់​​តែ​​​អាក្រក់​​​ទៅ​​​វិញទេ​”។

លោក​​​​​​ ខៀវ កាញារីទ្ធ រដ្ឋ​​​មន្ត្រីក្រសួង​​​ព័ត៌មាន​​​មិន​​​បាន​​​ឆ្លើយ​​​តប​​​នឹង​​​សំណើ​​​សុំ​​​អត្ថា​ធិប្បាយ​​​​ទេ​​​កាល​​​ពី​​​ម្សិលមិញ។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​នៅ​​​ក្នុង​​​សារ​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ លោក​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​ជួន​​​កាល​​​ត្រូវតែ​​បញ្ចុះ​​​បញ្ចូល​​​មន្ត្រី​រដ្ឋាភិបាល​​​​​​ឲ្យ​​​ឈប់​រំខាន​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​​។ ​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “សារ​​​របស់​​​ខ​​​្ញុំ​​​ផ្ញើ​​​ជូន​​​អាជ្ញាធរ​​​ និង​​​រដ្ឋាភិបាល​​​មានន័យ​ច្បាស់​​​ណាស់​​​​គឺ​ កុំ​​​សម្លាប់​​​អ្នក​​​នាំ​​​សារ​​​”។ លោក ចាយ រ៉ាម៉ាន អ្នក​​​នាំ​​​ពាក្យ​​​ស្ថាន​​​ទូត​​​អាមេរិក​​​បាន​​​​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ស្ថាន​​​ទូត​​​​​​បាន​​​ដឹង​​​អំពី​​​ការ​​​គំរាម​​​ចាត់​​​វិធានការ​​​ផ្លូវ​​​ច្បាប់​​​របស់​​​លោក ​​​ហ៊ុន​​​ សែន ​​​ហើយ ​​​ហើយ​​​​​​កំពុង​​​តែ​​​តាម​​​ដាន​​​ករណី​​​នេះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” ស្ថាន​​​ទូត​​​អាមេរិក​​​​​​ដឹង​​​អំពី​​​សេចក្តីរាយការណ៍​​​ទាំង​​​នេះ​​​ហើយ ហើយ​​​កំពុង​​​តែ​​​តាម​​​ដាន​​​ស្ថា​​​ន​​​ភាព​​​នេះ​យ៉ាង​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​”។

លោក​​​បាន​​​​​​បន្ថែម​​​ទៀត​​​ថា “រដ្ឋាភិបាល​​​អាមេរិក​​​គាំទ្រ​​​សេរីភាព​​​បញ្ចេញ​​​មតិ​​​យ៉ាង​​​មុត​​​មាំ​​​នៅ​​​ក្នុង​​​គ្រប់​​​ទម្រង់​​​ទាំង​​​អស់​​​រួម​​​ទាំង​​​តាម​​​រយៈ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ផង​​​ដែរ​​​។សេរីភាព​​​សារព័ត៌មានរឹងមាំ​​​​គឺ​​​មាន​​​សារៈសំខាន់​​​ណាស់​​​សម្រាប់​​​​ការ​​​អភិវឌ្ឍ​​​សេដ្ឋកិច្ច​​​នយោបាយ និង​​​សង្គម ប្រកប​​​ដោយ​​​ចីរភាព”។

លោក សម រង្ស៊ី មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​បាន​​​លើក​​​ឡើង​​​ថា ប្រសិន​​​បើ​​​លោក ហ៊ុន សែន​​​ ចាត់​​​វិធាន​​​ការ​​​​​​ផ្លូវ​​​ច្បាប់​​​លើ​អត្ថបទ​​នេះ ​​​វា​​​មាន​​​តែ​​​​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ពី​​​ការ​​​ខិត​​​ខំថ្មីៗ​​​​បំផុត​​​របស់​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​គាប​​​សង្កត់​​​សេរីភាព​​​បញ្ចេញ​​​មតិ​​​នៅ​​​​​​ក្នុង​​​ប្រទេស ​​​ខណៈ​​​ការ​​​បោះ​​​​​​​​​ឆ្នោត​​​កាន់​​​តែ​​​​​​​​​​​​កាន់​​​តែខិត​​​​ជិត​​​មក​​​ដល់​​​​​​​​​​​​​​នោះ​​​​​​។

លោក សម រង្ស៊ី ដែល​កំពុង​​​រស់​​​នៅ​​​ប្រទេស​​​​​​បារាំង​​​ក្រោយ​​​ពេល​​​និរទេស​​​ខ្លួនឯង​​​​ដើម្បី​​​គេច​​​ពី​​​ការកាត់​ទោសឲ្យ​​​​ជាប់​​​ពន្ធនាគារ​​​​​​ពី​​​បទបរិហារ​​​កេរ្តិ៍​​​នោះ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​​​​”ប្រសិន​​​បើ​​​នរណា​​​ម្នាក់​​​ត្រូវ​​​​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ណា​​​មួយ​​​ដក​​​ស្រង់​​​សម្តី​​​ខុស​​​ គេ​​​គួរ​​​តែ​​​ស្នើ​​​ឲ្យ​​​មានការ​​​​ចុះ​ផ្សាយ​សេចក្តី​​​​កែ​​​តម្រូវ​​​”។​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “មិន​​​ចាំ​​​បាច់​​​ទៅ​​​ប្តឹង​​​ ឬ​​​គំរាម​​​ប្តឹង​​​កាសែត​​​ណា​​​មួយ​​​នោះ​​​ទេ​​​ ជា​​​ពិសេស​​​នៅ​​​ក្នុង​​​ប្រទេស​​​មួយ​​​ដូច​​​ប្រទេស​​​កម្ពុជា​​​ ដែល​​​តុលាការ​​​មិន​​​ឯករាជ្យ​​​ ហើយ​​​ការ​​​បរិហារ​​​កេរ្តិ៍​​​នៅ​​​តែ​​​​​ត្រូវបាន​ចាត់​​​ទុក​​​ជា​​​បទ​​ល្មើស​ ​​​​ដើម្បី​បើក​​​ផ្លូវ​​​ឲ្យ​​​រដ្ឋាភិបាល​​​គាបសង្គត់​លើ​សារព័ត៌មាន​​​​​​​ និង​​​បន្ត​​​រឹត​​​បន្តឹង​​​សេរីភាព​​​បញ្ចេញ​​​មតិ”។

លោក អ៊ូ វីរៈ អ្នក​​​នយោបាយ​​​ឯករាជ្យ​​​ដែល​​​ជា​​​ប្រធា​​​ន​​​អង្គការ​វេទិកា​​​អនាគត​​​​​​និង​​​ដែល​​​បាន​​​បង្ហាញ​​​ខ្លួន​​​នៅ​​​ក្នុង​​​តុលាការ​​​កាល​​​ពី​​​ម្សិលមិញ​​​សម្រាប់​​​សំណុំ​​​រឿង​​​បរិហារ​​​កេរ្តិ៍​​​ប្តឹង​​​ដោយ​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​នោះ​​​ បាន​​​លើក​​​ឡើង​​​ថា ការ​​​គំរាម​​​កាល​​​ពី​​​ម្សិលមិញ​​​របស់​​​លោក ហ៊ុន​​​ សែន គឺ​​​ពិត​​​ជា​​​មាន​​​បំណង​​គាប​​​​សង្កត់​​​ការ​​​បញ្ចេញ​​​មតិ​​​ដោយ​​​សេរី​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៧ និង​​​ឆ្នាំ​​​២០១៨។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ដូច​​​​ដែល​​​ខ្ញុំ​​​បាន​​​​​និយាយ​ពី​​​មុន​​​មក​​​ហើយ​​​ រដូវ​​​កាល​​​បោះ​​​ឆ្នោត​​​​​​​​នឹង​​​មក​​​ដល់​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ​​​។ វានៅ​​​​​​តែ​​​ពាក់​​​ព័ន្ធ​​​នឹង​បញ្ហា​​ហ្នឹង​ ប៉ុន្តែរូប​​​ភាព​​ធំ​នោះ​​​​គឺថា ​​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​តែង​​​តែ​​​ស្វែង​​​រក​​​មធ្យោបាយ​​​ដើម្បី​​​ក្តោប​​​ក្តាប់​​​អំណាច”។

លោក​​​បាន​​​បន្ថែម​​​ថា “ការ​​​ដាក់​​​អ្នក​​​រិះ​​​គន់​​​បុគ្គល​​​ឯករាជ្យ​​​រួម​​​ទាំង​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ឲ្យ​​​ស្ថិត​នៅ​​​​​​ក្នុង​ស្ថាន​ភាព​លំបាក​ ​​​មានតាំង​​​ពី​​​អតីតកាល​មក​​​ ហើយ​​​ឥឡូវ​​​នេះ​​​ពួក​​​គេ​​​កំពុង​​​តែ​​​ស្វែង​​​រក​​​​​​វិធី​​​ថា តើ​​​ត្រូវ​​ជំរុញ​ឲ្យ​​​​ភាព​​​ផ្តាច់​​​ការ មាន ដំណើរទៅមុខ​​​​ និង​​ធ្វើ​​​ឲ្យ​​​ពល​​​រដ្ឋ​​​មិន​​​ហ៊ាន​​​បញ្ចេញ​​​មតិ​​​តាម​​​របៀបណា”។

លោក អ៊ូ វីរៈ បាន​​​លើក​​​ឡើងទៀត​​​​​​​ថា ​​​ស្រប​​​ពេល​​​មាន​​​បណ្ត​ឹង​ផ្លូវ​​​ច្បាប់​​​ខុសៗ​គ្នា​​​​លើ​​​អ្នក​​​ឃ្លាំ​​​មើល​​​សិទ្ធិ​មនុស្សមន្ត្រ​​​ី​​​អង្គការ​​​សហប្រជា​​​ជាតិ​​​ ​​​មន្ត្រី​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត ​​​និង​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំងនោះ ​​​​​​វាអាចទៅ រួច​ដែល​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​នឹង​​​ចាត់​​​វិធាន​​​ការ​​​លើ​​​កាសែត​​​ចុះ​​​ផ្សាយ​​​ជា​​​ភាសា​​​អង់​​​គ្លេស។ ​​​

លោក​​​បាន​​​មានប្រសាសន៍​​​ថា “បណ្តឹង​​​ប្តឹង​​​​​​អ្នក​​​ មិនចំាបាច់គិត​ទេ​ វាហួស​ពីសម​​​​ហេតុផល​​​ ឬ​​​ហួសពី​ទៅ​​​រួច​​​ទៀត​​​​​។ ​​​ពីមុនមិន​​​អាច​​​ទៅ​​​រួច​​​មែន ប៉ុន្តែ ឥឡូវ​​​លែង​​អ៊ីចឹង​ទៀត​​​ហើយ​​​”៕​​​ សុខុម និង ស៊ុយឈាង ​

© 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.