រដ្ឋាភិបាលបាននិយាយកាលពីចុងសប្តាហ៍នេះថា ខ្យល់មូសុងដំបូងនៃរដូវនេះរំពឹងថានឹងឆ្លងកាត់តាមទូទាំងប្រទេសកម្ពុជានៅសប្តាហ៍នេះ ដោយមានភ្លៀងចាប់ផ្តើមធ្លាក់ឆាប់ៗនេះ ដែលនាំមកនូវភាពធូរស្រាលក្នុងពេលមានការរាំងស្ងួតធ្ងន់ធ្ងរបំផុតក្នុងរយៈពេលរាប់ទសវត្ស៍មកនេះ។
ក្រសួងធនធានទឹកនិងឧតុនិយមបាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ថា ខ្យល់កន្ត្រាក់ត្រូវព្យាករណ៍ថានឹងចាប់ផ្តើមនៅថ្ងៃអង្គារនិងកើតឡើងរយៈពេលមួយសប្តាហ៍។
សេចក្តីថ្លែងការណ៍បាននិយាយថា “ប្រជាពលរដ្ឋគួរមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានអំឡុងពេលពីថ្ងៃទី ១៧ ដល់ទី ២៥ ខែឧសភា”។
សេចក្តីថ្លែងការណ៍ក៏បាននិយាយថា សីតុណ្ហភាពរំពឹងថានឹងធ្លាក់ចុះដល់៣៤អង្សាសេ ពោលគឺមាន១០អង្សាសេទាបជាងកម្តៅខ្លាំងដែលធ្វើឲ្យក្រសួងអប់រំកាត់បន្ថយម៉ោងសិក្សារបស់សិស្សកាលពីដើមឆ្នាំនេះ។

លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយថា ខ្យល់កន្ត្រាក់នឹងបង្កឲ្យមានភ្លៀងធ្លាក់នៅដើមខែមិថុនា ដោយបញ្ចប់ពេលរាំងស្ងួតដែលរដ្ឋាភិបាលកាលពីមុនបានព្យាករណ៍ថាអាចកើតឡើងរហូតដល់ខែកក្កដា។
លោក វី បានមានប្រសាសន៍ថា “ការមកដល់នៃខ្យល់មូសុងគឺជាសញ្ញាល្អសម្រាប់កសិករ ព្រោះវាមានភ្លៀងជោកជាំ ដើម្បីឲ្យកសិករភ្ជូរស្រែដាំស្រូវបាន មុននឹងរដូវវស្សាមកដល់”។ លោកបាននិយាយថា ការស្ទូងស្រូវត្រូវពន្យារពេលនៅឆ្នាំនេះ ដោយសារតែមិនមានភ្លៀងគ្រប់គ្រាន់”។
លោក ផូល ខុនរ៉ាដ នាយកកម្មវិធីគ្រប់គ្រងគ្រោះមហន្តរាយរបស់អង្គការក្រៅរដ្ឋាភិបាលភីពផលអ៊ីននីដបាននិយាយថា ភ្លៀងនឹងផ្តល់ប្រយោជន៍ដល់ពលរដ្ឋខ្មែរតាមកម្រិតបុគ្គលម្នាក់ៗ ប៉ុន្តែ នឹងមិនអាចប៉ះប៉ូវបញ្ហាខូចខាតដែលបង្កដោយការរាំងស្ងួតបានទេ។
លោក ផូល ខុនរាដ បានសរសេរក្នុងសារអីុម៉ែលថា “ពលរដ្ឋនឹងអាចត្រងទឹកភ្លៀង ហើយប្រើទឹកនេះដើម្បីផ្គត់ផ្គង់សេចក្តីត្រូវការរបស់គ្រួសារពួកគេមានដូចជា ការដាំបន្លែបង្ការនៅតាមផ្ទះ ផ្តល់ទឹកស្អាតសម្រាប់សត្វចិញ្ចឹម និងមានទឹកប្រើប្រាស់ដើម្បីលើកកម្ពស់អនាម័យផ្ទាល់ខ្លួន”។
ប៉ុន្តែ នៅក្នុងតំបន់ដែលទទួលរងការរាំងស្ងួតខ្លាំងមានដូចជាខេត្តកោះកុង ដែលលោក ខុនរាដ និយាយថា មិនមានភ្លៀងខ្លាំងទេ ចាប់តាំងពីខែធ្នូមកម្លេ៉ះ គឺវាត្រូវការព្យុះភ្លៀងមួយដើម្បីកែផលប៉ះពាល់អវិជ្ជមាននៃការរាំងស្ងួត។
លោក ខុនរាដ បាននិយាយថា “យើងត្រូវការភ្លៀងធ្លាក់ជាបន្តបន្ទាប់បួនប្រាំខែ ដើម្បីធ្វើឲ្យសហគមន៍ទទួលបានកម្រិតទឹកភ្លៀងច្រើន គឺកម្រិតចិរភាព។ ភ្លៀងពីរទៅបីថ្ងៃមិនអាចមានឥទ្ធិពលច្រើនក្នុងការចាក់បំពេញទឹកក្រោមដីដែលបានថយចុះនោះបានទេ”។
ផលប៉ះពាល់នៃភាពរាំងស្ងួតដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកថាជាគ្រោះធម្មជាតិដ៏អាក្រក់បំផុតក្នុងរយៈពេលមួយសតវត្សរ៍ បានធ្វើឲ្យខូចខាតដល់ប្រទេសយ៉ាងច្រើន ជាពិសេសប្រជាជនតាមជនបទដែលពឹងពាក់លើទឹកភ្លៀង តាំងពីសម្រាប់ផឹករហូតដល់ធ្វើស្រែចម្ការ។
លោក ហ៊ុន សែន បានធ្វើយុទ្ធនាការជួយសង្គ្រោះកាលពីចុងខែមុន ដែលនៅពេលនោះ មានរថយន្តយោធាមួយរយគ្រឿងដែលដឹកជញ្ជូនទឹកពី៤.០០០ទៅ៦.០០០លីត្រក្នុងមួយគ្រឿងៗ ដើម្បីបញ្ជូនទៅចែកចាយក្នុងតំបន់ដែលទទួលរងផលប៉ះពាល់ខ្លាំង ចំណែកឯអភិបាលខេត្តទាំងអស់ត្រូវទទួលបទបញ្ជាឲ្យនៅក្នុងខេត្តរបស់ខ្លួនរហូតដល់ភាពរាំងស្ងួតបានធូរស្រាល៕