25.3 C
Phnom Penh

ដីសម្បទាន​​​ដែល​​​ត្រូវ​​​បាន​​​លុប​​​ចោល​​​របស់​​​លោក​​​ ទ្រី ភាព នៅ​​​តែដំណើរ​​​ការ​​​​​​ដដែល​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អនុក្រឹត្យ​​​ផ្លូវ​​​ការ​​​មួយ​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន កាល​​​ពី​​ខែ​មុន​​​បាន​​​បង្ហាញ​​​ថា លោក​ ទ្រី ភាព​ ឈ្មួញ​​​ឈើ​​​​​​ដែល​​​មាន​​​​​​ទ្រព្យ​​​សម្បត្តិ​​​ស្ដុកស្ដម្ភ​​​និង​​​​ខ្នង​​​ក្រាស់​​​​​​​មិន​​​ដែល​​​ប្រគល់​​​ដី​​​ីស​​​ម្បទាន​របស់ខ្លួន​​​​ដែល​​​រដ្ឋាភិបាល​​​ផ្តល់​​​ឲ្យ​​​ចំនួន​​​២​​​កន្លែង​​​នៅក្នុង​​​ឧទ្យាន​​​​ជាតិ​​​វីរជ័យ​​​មកវិញ​​​​ ដូចដែល​​​​​​ក្រសួង​​​បរិស្ថាន​​​អះ​​​អាង​​​ថា លោក​​​បាន​​​ប្រគល់​​​ឲ្យ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៥​​​ឡើយ។

កាល​​​ពី​​​ខែ​​​មករា​ ​ឆ្នាំ​​​មុន​​​ ក្រសួង​​​បាន​​​ប្រកាស​​​​​​ថា ខ្លួ​​​ន​​​បាន​លុប​​​ចោល​​​កិច្ច​​​សន្យា​​​នៃ​ដី​​​សម្បទាន​​​ ​​​សេដ្ឋកិច្ច​​​ចំនួន​​​២៣​​​កន្លែង​​​នៅ​​​ទូទាំង​​​ប្រទេស​​​ដែល​​​​រំលោភ​​​កិច្ច​​​សន្យា​​​​​​​​​​ ប៉ុន្តែ ក្រសួង​​​បាន​បដិសេធ​​​​​​មិន​​​ផ្តល់​​​ព័ត៌​​​មាន​​​លម្អិត​​​ឡើយ​​​។​​​ស្រប​​​ពេល​​​ដំណាល​​​គ្នា​​​នោះ​​ដែរ ​ក្រសួង​​​បាន​​​​​លើកឡើង​ថា ដី​​​សម្បទាន​​​​សេដ្ឋកិច្ច​​​ចំនួន​​​៣​​​កន្លែង​​​ផ្សេង​ទៀត​ត្រូវ​​​បាន​​​ម្ចាស់​​​​របស់​វា​ប្រគល់​​​​​​មក​​​វិញ​​​ដោយ​​​ស្ម័គ្រ​​​ចិត្ត។ វា​​​គឺ​ជា​​​ផ្នែក​​​នៃ​ការ​​​ពិនិត្យ​​​ឡើងវិញ​ទាំង​​​ស្រុង​​​លើ​​​ដី​​​សម្បទាន​​​​​​ដែល​​​លោក​​​ ហ៊ុន សែន បាន​​​ចេញ​​​បទ​​​បញ្ជា​​​កាល​​​ពី​​​ឆ្នាំ​​​២០១២​​​ឲ្យ​​​បោស​​​​​​សម្អាត​​ម្ចាស់​​​មុខ​​​រឹង​​​ដែល​​​រំលោភ​​​បំពានកិច្ចសន្យា​​​។

ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ចំនួន​​​២​​​កន្លែង​​​ក្នុង​​​ចំណោម​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ចំនួន​​​៣​​​កន្លែង​​​ដែល​​​គេ​​​សន្មតថា ត្រូវ​​​បាន​​​ប្រគល់​​​មក​​​វិញ​​​ដោយ​​​ស្ម័គ្រ​​​ចិត្ត​​​នោះ គឺ​​​ជា​​​របស់​​​លោក ​​​ទ្រី ​​​ភាព ក្នុង​​​នោះ​​​គឺ​​​ដី​​​ទំហំ​​​៩.៧០៩​​​ហិកតា​​​គ្រប់​​​គ្រង​​​ដោយ​​​ក្រុម​​​ហ៊ុន ទ្រី ភាព អាហរ័ណ​​​នីហរ័ណ​​​ និងដី​​​ទំហំ​​​៩.១៤៦​​​ហិកតា គ្រប់​​​គ្រង​​​ដោយ​​​តំបន​​​់សេដ្ឋកិច្ច​​​ពិសេស​​​ថ្ម​​​ដា​​​ MDS ជា​​​បុត្រ​​​សម្ព័ន្ធ​​​នៃ​​​ក្រុម​​​ហ៊ុន MDS Group ​​​របស់​​​ឈ្មួញ​​​ឈើ​​​រូប​​​នេះ។ ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ទាំង​​​២​​​កន្លែង​​​នេះ​​​មាន​​​ទី​​​តាំង​​​ស្ថិត​​​នៅក្នុង​​​ឧទ្យាន​​​​​​ជាតិ​​​វីរ​​​ជ័យ​​​ ដែលស្ថិតនៅ​ប៉ែក​​​ឦសាន​​​ ​​​ខេត្ត​​​រតនគិរី​​​ ​ដែល​​​រូប​​​ភាព​​​ផ្កាយ​​​រណប​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ថា គឺ​​​ជា​​​តំបន់​​​ព្រៃ​​​ដ៏​​​សំខាន់។

ដើម្បី​​​ជា​​​ភ័ស្តុ​​​តាង​​​បន្ថែម​​​នៃ​កិច្ច​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​ធ្វើកំណែទម្រង់​​​​របស់​​​​ខ្លួន​ ​​​កាល​​​ពី​​​ខែ​​​មុន​​​​​​រដ្ឋាភិបាល​​​បាន​​​ផ្ទេរ​​​ការ​គ្រប់​​​គ្រង​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ចំនួន​​​៧៣កន្លែង​​​ពី​​​ក្រសួង​​​បរិស្ថាន​​​ទៅ​​​ក្រសួង​​​កសិកម្ម​​​ រុកា្ខ​​​ប្រមាញ់​​​ និង​​​នេសាទ​​​។ ​​​លោក​​​ ហ៊ុន សែន​​​ បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​អនុ​​​ក្រឹត្យ​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៨​​​ ខែ​​​មេសា​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​វា​​​ក្លាយ​​​ជា​​​ផ្លូវ​​​ការ​​​។

នៅ​​​ក្នុង​​​បញ្ជី​​​នៃ​​​​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ដែល​​​ត្រូវ​​​បាន​​​ផ្ទេរ​​​ទៅ​​​ឲ្យ​​​ក្រសួង​​​កសិកម្ម​​​មាន​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ចំនួន​​​២​​​កន្លែង​​​របស់​​​លោក​​​ ទ្រី ភាព ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​ឧទ្យាន​​​ជាតិ​​​វីរ​​​ជ័យ ជា​​​ដី​​​សម្បទាន​​​​​ដដែល​ ​​​ដែល​​​ក្រសួង​​​បរិស្ថាន​​​បាន​​​​​​លើក​​​ឡើង​​​ថា លោក​​​ ទ្រី ភាព​​​ បាន​​​ប្រគល​​​់​​​មក​​​ឲ្យ​​​វិញ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​។​​​ ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ទាំង​​​នេះ​​​មិន​​​គ្រាន់​​​​​​តែ​​​នៅតែ​មាន​ដំណើរ​​​ការ​​​នោះ​​​ទេ​​​ ប៉ុន្តែ មួយ​​​ក្នុង​​​ចំណោម​​នោះ​ថែម​​​ទាំង​​​រីក​​​ទំហំ​​​៤០​​​ហិកតា​​​​​​ទៀត​​​ផង​​​។ ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​មួយ​​ផ្សេង​​​​ទៀត​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវ​​​បាន​​​ចុះ​​​បញ្ជី​​​ក្នុង​​​ទំហំ​​​ដដែល​​​ ដូច​​​ពេល​​​វា​​​ត្រូវ​​​បាន​​​គេ​​​សន្មតថា ​​​លុប​​​ចោល​​​​​​។

កាល​​​ពី​​​ខែ​​​មករា ឆ្នាំ ២០១៥​​​ លោក​​​ ស្រ៊ុន ​​​ដារិទ្ធ នាយ​​​រង​​​ខុទ្ទកាល័យ​​​របស់​​​លោក ​​​សាយ សំអាល់ រដ្ឋ​​​មន្ត្រីក្រសួង​​​បរិ​​​ស្ថាន​​​បាន​​​​​​លើក​​​ឡើ​​​ង​​​ថា លោក ទ្រី ភាព បាន​​​បោះ​​​បង់​​​ ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ទាំង​​​២​​​កន្លែង​​​នេះ​​​ចោល​​​ដោយ​​​សារ​​​ ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​នៅ​​​តំបន់​​​នោះ​​​គ្មាន​​​ជីរ​​​ជាតិ​​​។

កាល​​​ពី​​​ម្សិលមិញ លោក​​​ ស្រ៊ុន ដារិទ្ធ បាន​​​លើក​​​ឡើង​​​ថា ដី​​​សម្បទាន​​​សេដ្ឋ​​​កិច្ច​​​ទាំង​​​២​​​កន្លែង​​​នេះ​​​មិន​​​ដែល​​​ត្រូវ​​​បាន​​​លុប​​​ចោល​​​នោះ​​​​​​ទេ​​​ គឺ​​​គ្រាន់​​​តែ​​​កាត់​​​បន្ថយ​​​ទំហំ​​​ប៉ុណ្ណោះ​​​។

លោក​​​បាន​​​មានប្រសាសន៍ថា “វា​​​នៅ​​​តែ​​​មាន​​​ដដែល​​​។ បន្ទាប់​​​ពី​​​គាត់​​​បាន​​​ប្រគល់​​​មក​​​វិញ​២០.០០០ហិកតា​​​ វា​​​ [នៅ​​​មាន] ប្រហែល​​​៥.០០០ហិកតា​​​ទៀត​​​ ហេតុ​​​ដូច្នេះ​​​ហើយ​​​យើង​​​ត្រូវ​​​តែ​​​ធ្វើ​​​​​​ផែន​​​ទី​​​ថ្មី “។

លោក ស្រ៊ុន ដារិទ្ធ បាន​​​លើក​​​ឡើង​​​ទៀត​​​ថា រដ្ឋាភិបាល​​​បាន​​​យល់​​​ព្រម​​​អនុញ្ញាត​​​ឲ្យ​​​លោក​​​ ទ្រី ភាព រក្សា​​​ដី​​​មួយ​​​ផ្នែក​​​នៃ​​​ ដី​​​សម្បទាន​​​ ​​​សេដ្ឋកិច្ច​​​ទាំង​​​២​​​កន្លែង​​​នេះ​​​ដែល​​​ស្ថិត​​​នៅ​​​ក្បែរ​​​គ្នា​​​តាម​​​សំណើ​​​របស់​​​ឈ្មួញ​​​ឈើ​​​រូប​​​នេះ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៥ ​​​យើង​​​បាន​​​លើក​​​ឡើង​​​អំពីក្រុមហ៊ុន​​​ដែល​​​ប្រគល់​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​មក​​​ឲ្យ​​​រដ្ឋាភិបាល​​​វិញ​​​។ ផ្នែក​ខ្លះ​​​ត្រូវ​​​បាន​​​ទុក​​​ឲ្យ​​​ក្រុមហ៊ុន​​​​​​ដោយ​​​ផ្អែក​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង ហើយ​​​រដ្ឋាភិបាល​​​បាន​​​ឯកភាព​​​…​​​ មិន​​​មែន​​​ទំហំ​​​ទាំង​​​មូល​​​នោះ​​​ទេ”។

ដើម្បី​​​បញ្ជាក់​​​​​​ លោក ស្រ៊ុន ដារិទ្ធ បាន​​​ផ្តល់​​​ផ្នែក​​​នៃ​​​ឯកសារ​​​ធ្វើ​​​បច្ចុប្បន្ន​​​ភាព​​​រួច​មួយ​​​សន្លឹក​​​ដែល​​​លើក​​​ឡើ​​​ង​​​ថា ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ចំនួន​​​២​​​កន្លែង​​​របស់​​​លោក ទ្រី ភាព​​​ ត្រូវ​​​បាន​​​​​​កាត់​​​បន្ថយ​​​ទំហំ​​​មក​​​នៅ​​​ត្រឹម​​​ទំហំ​​​សរុប ៤.០០០ហិកតា​​​ក្នុង​​​ខែ​​​វិច្ឆិកា​​​ ឆ្នាំ​​​២០១៣។

វាមាន​រយៈពេល​ជាង​​​មួយ​​​ឆ្នាំ​​​ មុន​​​​​​ពេល​ក្រសួង​​​បរិស្ថាន​​​បាន​​​អះ​​​អាង​​​ថា ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ទាំង​​​២​​​កន្លែង​​​នេះ​​​​​​ត្រូវ​​​បាន​​​ប្រគល់​​​មក​​​វិញ​​​ទាំង​​​មូល​​​។ នៅ​​​ក្នុង​​​បញ្ជី​​​​​​ឆ្នាំ​​​២០១៥​​​នៃ​​​ ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ដែល​​​ត្រូ​​​វបាន​​​លុប​​​ចោល​​​ ឬ​​​ប្រគល់​​​មក​​​វិញ​​​ ទោះបីជា​ក្រសួង​​​បាន​​​ផ្តល់​​​ឯកសារ​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​ពាក់​​​ព័ន្ធ​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​​​​​ដែល​​​ត្រូ​​វ​​​បាន​​​កាត់​​​ទំហំ ប៉ុន្តែ មិន​​​មែន​​​ត្រូវ​​​បាន​​​លុប​​​ចោល​​​ទាំង​​​ស្រុង​​​នោះ​​​ក៏ដោយ​​​​ ក៏​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​របស់​​​លោក ទ្រី​​​ ភាព មិន​​​ស្ថិត​​​ក្នុង​​​ឯកសារ​​​នោះ​​ដែរ​។

លោក សោម ផានី ប្រធាន​​​ផ្នែក​​​រដ្ឋបាល​​​របស់​​​ក្រុហ៊ុន Try Pheap Group បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ឡើយ។ លោក​​​ ប៉ុល ​​​វិសាល អនុប្រធាន​​​​ប្រចាំ​​​ខេត្ត​​​រតនគិរី​​​នៃ​​​ក្រុមហ៊ុន​​​នេះ​​​​​​​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​។

កាល​​​ពី​​​ខែ​​​មិថុនា​​​ តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មួយ​​​ក្រុម​​​​​​ដែល​​​បាន​​​ធ្វើ​​​ដំណើរ​​​ឆ្លង​​​កាត់​​​ឧទ្យាន​​​ជាតិ​​​នេះ​​​ដើម្ប​​​ី​​​ទៅ​​​កាន់​​​ព្រំដែន​​​វៀតណាម​​​បាន​​​ត្រឡប់​​​មក​​​វិញ​​​ដោយ​​​មាន​​​សេចក្តី​​​រាយការណ៍​​​អំពី​​​សកម្មភាព​​​នៅ​​​លើ​​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ទាំង​​​នោះ​​​ និង​​អ្នក​​​កាប់​​​ឈើ​​​​​​បានប្រើ​​​ឈ្មោះ​​​លោក ទ្រី ភាព​​​ កាប់​​​បំផ្លាញ​​​ព្រៃ​​​ការ​​​ពារ​​​នៅ​​​ជុំ​​​វិញ​​​នោះ​​​ដោយ​​​ខុស​​​ច្បាប់​​​​​​។

ទោ​ះ​​​បីជា​​​លោក ទ្រី ភាព បាន​​​បដិ​​​សេធ​​​ថា គ្មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ក្រុម​​​អ្នក​​​កាប់​​​ឈើ​​​ទាំង​​​នេះ​​​ក៏​​​ដោយ​​​ ក៏​តំណាង​​​រាស្ត្រ​​​ទាំង​​​នេះ​​​​​​​​​បាន​​​សរសេរ​​​លិខិត​​​ផ្ញើ​​​ជូន​​​លោក​​​ ហ៊ុន ​​​សែន ដោយ​​​ជំរុញ​​​ឲ្យ​​​លោក​​​បើ​​​ក​​​ការ​​​សើុប​​​អង្កេតដែរ​​​​។

លោក សុន ឆ័យ តំណាង​​​រាស្ត្រ​​​មួយ​​​រូប​​​ក្នុង​​​ចំណោម​​​តំណាង​​​រាស្ត្រ​​​ដែល​​​បាន​​​ធ្វើ​​​ដំណើរ​​​ចុះ​​​ទៅ​​​ព្រំដែន​​​វៀតណាម​​​​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លិខិត​​​របស់​​​ពួក​​​គាត់​មិន​​​ដែល​​​ត្រូវ​​​បាន​​​ឆ្លើយ​​​តប​​​ជា​​​ផ្លូវ​​​ការ​​​ទេ ហើយ​​​ថា ការ​​​ដក​​​ហូត​​​​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​របស់​​​លោក​​​ ទ្រី ភាព នៅក្នុង​​​ឧទ្យាន​​​ជាតិ​​​វីរ​​​ជ័យ​​​​​​មក​​​ប្រើ​​​ប្រាស់​​​ឡើង​​​វិញ​​​ គួរ​​​តែ​​​មានការ​​​សើុប​​​អង្កេត​​​ បើ​​​អាច​​​ទៅ​​​រួច​​​គួរ​​​តែ​​​ដោយ​​​អង្គ​​​ភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ត្រូវ​​​តែ​​​មាន​​​ការ​​​កំណត់​​​ឲ្យបានត្រឹមត្រូវតាមច្បាប់​​​​…អស់​​​លោក​​​មិន​​​អាច​​​ប្តូរ​​​ចិត្ត​​​ម្តង​​​ចេះ​​​ម្តង​​​ចុះ​​​​​​នោះ​​​ទេ​​​។ ខ្ញុំ​​​សង្ឃឹម​​​ថា ការ​​​សម្រេច​​​ [ប្រគល់​​​ដី​​​សម្បទាន​​​មក​​​វិញ]​​​ មិន​​​មែន​​​ដោយ​​​សារ​​​អំពើ​​​ពុក​​​រលួយ​​​នោះ​​​ទេ”។

លោក​​​បាន​​​ថ្លែង​​​បន្ត​​​ថា “នេះ​​​គឺជា​​​ករណី​​​ដែល​​​ចាំ​​បាច់​​​ត្រូវ​​​មាន​​​ការ​​​សើុប​​​អង្កេត​​​។​​​ ដី​​​នេះ​​​ជា​​​របស់​​​ពល​​​រដ្ឋ​​​កម្ពុជា​​​មិន​​​មែន​​​ជា​​​របស់​​​អ្នក​​​មាន​​​អំណាច​​​ទេ​​​”។

ក្រុម​​​ហ៊ុន​​​គ្រប់​​​គ្រង​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ជា​​​អ្នក​​​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​យ៉ាង​​​ច្រើន​​​នៅ​​​កម្ពុជា​​​ ដែល​​​ជា​​​ប្រទេស​​​​មួយ​​​ក្នុង​​​ចំណោម​​​ប្រទេសដែល​​​​​បាត់​​​បង់​​​ព្រៃ​​​យ៉ាង​​​ឆាប់​​​បំផុត​​​ក្នុង​​​​ពិភព​​​លោក ចាប់​​​តាំង​​​ពី​​​ពេលឆ្លង​សតវត្សរ៍​​​​​​មក​​​​។​រដ្ឋាភិ បាល​​​​​​បាន​​​​​​អះ​​​អាង​​​ថា ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​​​​គឺ​​​ផ្តល់​​​ឲ្យ​​​តែ​​​ក្នុង​​​តំបន់​​​ដែល​​​​​​​​​​​​ព្រៃ​​​សឹករេច​​​រឹល​​​​​​​​​ប៉ុណ្ណោះ ​​​ប៉ុន្តែ ការ​​​សិក្សា​​​ស្រាវ​​​ជ្រាវ​​​ឯករាជ្យ​​​បង្ហាញ​​​ថា ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​​​​ភាគ ច្រើន​​​តាម​​​ពិត​​​ទៅ​​​ស្ថិត​​​ក្នុង​​​ព្រៃ​​​សំខាន់​​​ ​​​ក្នុង​​​នោះ​​​ភាគ​​​ច្រើន​​​ស្ថិត​​​ក្នុង​​​តំបន់​​​ការ​​​ពារ​​​ដែល​​​មាន​​​តែ​​​ឈ្មោះ​ ដូច​​​ជា​​​ឧទ្យាន​​​ជាតិ​​​វីរជ័យ​​​ជា​​​ដើម​​​។

អង្គការ​​​សិទ្ធិ​​​មនុស្ស​​​បាន​​​ចោទ​​​ប្រកាន់​​​ក្រុម​​​ហ៊ុន​​​គ្រប់​​​គ្រង​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​មួយ​​​ចំនួន​​​ថា បាន​​​លាង​​​ឈើ​​​កាប់​​​ដោយ​​​ខុស​​​ច្បាប់ ពី​​​ខាងក្រៅ​ព្រំ​​​ប្រទល់​​​នៃ​​​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​របស់​​​ខ្លួន​​​ ហើយ​​​បាន​​​ចាត់​​​ទុក​​​លោក ទ្រី ភាព​​​ថា​​​ជា​​​ឧក្រិដ្ឋជន​ដ៏សំខាន់​​​​។

កាល​​​ពី​​​ឆ្នាំ​​​មុន​​​ អង្គការ​​​ក្លូប៊ល​​​វីតណេស ​​​និង​​​អង្គការ​​​វេទិកា​​​អនាគត​​​បាន​ចេញ​​​ផ្សាយ​​​លទ្ធផល​​​នៃ​​​ការ​​​សើុប​​​អង្កេត​​​សម្ងាត់​​​ដែល​​​មាន​​​រយៈ​​​ពេល​​​រាប់​​​ខែ​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​ដែល​​តាមការ​រាយការណ៍​​​បានប្រទះ​​​​ឃើញ​​​អ្នក​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ក្នុង​​​ឧទ្យាន​​​ជាតិ​​​វីរ​​​ជ័យ​​​កំពុង​​​ដឹក​ឈើ​​​ក្នុង​​​ចំនួន​​​យ៉ាង​​​ច្រើន​​​ឆ្លង​​​កាត់​​​ដី​​​សម្ប​​​ទាន​​​របស់​​​លោក​​​ ទ្រី ភាព​​​ នៅ​​​ក្នុង​​​ខេត្ត​​​នោះ​។

ទោះ​​​បី​​​ជា​​​មាន​​​ការ​​​ចោទ​​​​​​ប្រកាន់​​​​​​ជា​​​បន្ត​​​បន្ទាប់​​​ ​​​ដែល​​​លោក​​​ ទ្រី ភាព បាន​​​បដិសេធ​​​ក៏​​​ដោយ​​​ ក៏​ឈ្មួញ​​​ឈើ​​​រូបនេះ​​​នៅ​​​តែ​​​មាន​​​ទំនាក់ ​​​ទំនង​​​ជិត​​​ស្និទ្ធ​ជា​​​មួយ​​​រដ្ឋាភិបាល និង​​​លោក ​​​ហ៊ុន សែន ដែល​​​ចាត់​​​ទុក​​​ឈ្មួ​​ញ​​​រូប​​​នេះ​​​​​​ក្នុង​​​ចំណោម​​​ទី​​​ប្រឹក្សា​​​​​​ផ្ទាល់​​​មួយ​​​ចំនួន​​​ដដែល​​​​។ កាល​​​ពី​​​ឆ្នាំ​​​២០១៣ និង​​​២០១៤ រដ្ឋា​​​ភិបាល​​​​​​បាន​​​លក់​​​ឈើ​​​រឹប​​​អូស​​​បាន​​​ពី​​​អ្នក​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​រាប់​​​ពាន់​​​មែ៉ត្រ​​​គូប​​​ទៅ​​​ឲ្យ​​​ឈ្មួញ​​​ឈើ​រូបនេះ​​​ក្នុង​​​តម្លៃ​​​ថោក​​​ ហើយ​​​ថែមទាំង​បាន​​​បញ្ជា​​​ឲ្យ​​​ក្រសួង​​​​​​ផ្តល់​​​សិទ្ធិ​​​​​​អាទិ​​​ភាព​​​​​​​​​ឲ្យ​​​គាត់​​​ដើម្បី​​​ទិ​​ញ​​​ឈើ​​​បន្ថែម​​​​ទៀត​​​ផង​​​ ដោយ​​​​​​រំលោភ​​​បំពាន​​​បទប្បញ្ញត្តិ​​​ស្រប​​​ច្បាប់​​​​​​ដែល​​​ចែង​​​ថា ឈើ​​​ត្រូវ​​​តែ​​​ដាក់​​​លក់​​ដេញ​​​ថ្លៃ​​​ជា​​​សាធារណៈ​​​។

នៅ​​​ក្នុង​​​ខែ​​​កុម្ភៈ​​​ សាកល​​​វិទ្យាល័យ​​​បច្ចេក​​​វិទ្យា អាយ អាយ ស៊ី បាន​​​សម្រេច​​​ផ្តល់​​​​សញ្ញា​​​បត្រ​​​បណ្ឌិត​​​កិត្តិយស​​​ផ្នែក​​​សេដ្ឋកិច្ចឲ្យ​​​លោក​​​ទ្រី ភាព។​​​អ្នក​​​ដែល​​​ប្រគល់​​​សញ្ញាបត្រ​​​នេះ​​​ដោយ​​​ផ្ទាល់​​​ទៅ​​​ឲ្យ​​​លោក ទ្រី ភាព នៅ​​​ក្នុង​​​ពិធី​​​ប្រគល់​​​សញ្ញាបត្រ​​​មួយ​​​របស់​​​សាកល​​​វិទ្យា​​​ល័យ​​​នេះ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​គឺ​​​លោក ​​​ហ៊ុន​​​ សែន៕ស៊ុយឈាង​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស