កាលពីថ្ងៃច័ន្ទ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងដោយមិនពេញចិត្តថា នគរបាលចរាចរណ៍មិនទាន់បានទទួលចំណែកប្រាក់របស់ខ្លួនពីប្រាក់ពិន័យចរាចរណ៍ដែលសន្យា ហើយលោកបានគំរាមទម្លាក់សក្តិមន្ត្រីនគរបាលជាន់ខ្ពស់ ប្រសិនបើមិនកែបញ្ហានេះឲ្យបានឆាប់ទេនោះ។
កាលពីចុងឆ្នាំមុន រដ្ឋាភិបាលបាននិយាយថា នគរបាលចរាចរណ៍នឹងទទួលបាន៧០ភាគរយនៃប្រាក់ពិន័យចរាចរណ៍ដែលពួកគេប្រមូលបានពីអ្នកបើកបរ គឺកើនពី៥០ភាគរយដែលពួកគេបានពីមុន ជាផ្នែកមួយនៃច្បាប់ចរាចរណ៍ថ្មីដែលបានចូលជាធរមានកាលពីខែមករា។
ទោះជាយ៉ាងនេះក្តី នៅឯពិធីមួយក្នុងក្រុងភ្នំពេញកាលពីថ្ងៃច័ន្ទដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា លោក ស ខេង បានមានប្រសាសន៍ថា ក្រុមមន្ត្រីរង់ចាំយូរពេកក្នុងការទទួលចំណែកប្រាក់ពិន័យដំបូងរបស់ខ្លួនពីខែមករានិងខែកុម្ភៈ។
លោកបានមានប្រសាសន៍ថា “រហូតមកដល់ពេលនេះ ពួកគេមិនទាន់ទទួលបានប្រាក់នៅឡើយទេ ដូច្នេះតើវាទៅណា? នេះហើយដែលយើងហៅថាអយុត្តិធម៌។ ពួកគាត់មិនទទួលបាន ទោះជាអ៊ីចឹងក៏ដោយ ពួកគាត់ខិតខំធ្វើការកណ្តាលថ្ងៃក្តៅស្ទើរបែកក្បាល”។
លោកបានមានប្រសាសន៍ថា “ស្នងការនគរបាលខេត្តបានចុះហត្ថលេខាលើ[របាយការណ៍]ថា [នគរបាលចរាចរណ៍]បានទទួលប្រាក់ហើយ។ ខ្ញុំមិនជឿទេ។ ក្នុងករណីចាំបាច់ ខ្ញុំនឹងបញ្ជាឲ្យសវនករនគរបាលចុះទៅ ពីព្រោះយើងមិនអាចកុហកពួកគាត់ទេ។ សូម្បីប្រជាជនក៏ដឹងដែរថា ប្រាក់នេះនឹងត្រូវឲ្យទៅពួកគាត់”។
លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានព្រមានថា “សូម ឯកឧត្តម យកចិត្តទុកដាក់។ ហើយបើរកឃើញកន្លែងណាធ្វើត្រឹមត្រូវ ខ្ញុំឲ្យរង្វាន់ ត្រូវឡើងសក្តិ ឡើងសក្តិឲ្យ។ ប៉ុន្តែកន្លែងណាធ្វើមិនត្រឹមត្រូវ មិនត្រឹមតែមិនបានរង្វាន់ មិនបានឡើងសក្តិទេ អាចនឹងត្រូវពិន័យហើយថយសក្តិទៀត”។
អគ្គស្នងការរងនគរបាលជាតិ លោក ហ៊ឹម យ៉ាន ដែលទទួលខុសត្រូវចរាចរណ៍ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ លោក ទី ឡុង អនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់នៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា លោកមិនបានដឹងអំពីបញ្ហានេះទេ។
លោក ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា មន្ត្រីនគរបាលចរាចរណ៍របស់លោកបានទទួលចំណែកនៃប្រាក់ពិន័យរបស់ខ្លួនហើយ ប៉ុន្តែបានបដិសេធមិននិយាយថា បានបើកប្រាក់ឲ្យពេលណានោះទេ។
លោកបានមានប្រសាសន៍ថា “ខ្ញុំបានធ្វើកិច្ចការរបស់ខ្ញុំហើយ។ ខ្ញុំគ្មានធ្វើអ្វីខុសទេ”។
លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បាននិយាយថា លោកខ្វល់ខ្វាយក្នុងការដោះស្រាយគ្រោះរាំងស្ងួត ប៉ុន្តែលោកនឹងផ្តល់ចំណែកប្រាក់ទៅមន្ត្រីរបស់លោកក្នុងពេលឆាប់ៗនេះ។
លោកបានមានប្រសាសន៍ថា “យើងនឹងបញ្ជូនប្រាក់ទៅគណនីធនាគាររបស់ពួកគាត់ផ្ទាល់។ ខ្ញុំគិតថា ពួកគេនឹងទទួលបានប្រាក់នៅថ្ងៃស្អែក ឬ ខានស្អែកនេះ”៕ និត