29 C
Phnom Penh

កាសែត​​គាំទ្រ​​គណបក្ស​ប្រជា​ជន​​ សរសេរ​អត្ថបទ​ចុះ​ផ្សាយ​ស្ដីពី​ករណី​​អ្នក​នាង​ ពិសិដ្ឋ ពិលិកា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ កាសែតមួយដែលគាំទ្រគណបក្សប្រជាជនកម្ពុជាបានចុះផ្សាយតាមប្រព័ន្ធអុីនធឺណិត ហើយដកចេញវិញភ្លាមៗនូវអត្ថបទមួយ ដែលចោទសួរពីមូលហេតុគ្មានការចាប់ខ្លួនជនល្មើសនៅក្នុងករណីឃាតកម្មលើតារាសិល្បៈ ក្នុងនោះរួមមានទាំងអ្នកនាង ពិសិដ្ឋ ពិលិកា តាមចោទថាជាស្រីកំណាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលរបាយការណ៍មួយនៅឆ្នាំ១៩៩៩ អះអាងថាត្រូវបានសម្លាប់តាមបញ្ជារបស់ភរិយាលោកផងដែរ។

កាសែតកម្ពុជាថ្មីប្រចាំថ្ងៃ ដែលគ្រប់គ្រងដោយលោកស្រី ហ៊ុន មា៉ណា ដែលជាកូនស្រីបង្កើតរបស់លោក ហ៊ុន សែន បានបង្ហោះអត្ថបទរិះគន់ធ្ងន់ៗនេះនៅលើគេបង្អស់នៃគេហទំព័ររបស់ខ្លួនអមដោយរូបថតអ្នកនាង ពិសិដ្ឋ ពិលិកា នៅម៉ោង១១និង៤០នាទីព្រឹក ប៉ុន្តែត្រូវបានដកចេញវិញភ្លាមៗនៅម៉ោង១១និង៤៩នាទីព្រឹកថ្ងៃដដែល។

អត្ថបទដែលសរសេរដោយឈ្មោះ “ឥន្ទ្រីយ៍ទេព” នេះដាក់ចំណងជើងថា “រហូតមកដល់ពេលេនះ ស្ងាត់ដូចចោរលួចសេះពាក់ព័ន្ធករណីឃាតកម្មលើតារាសិល្បៈខ្មែរ៤ដួង”។ ជាញឹកញាប់កាសែតនេះតែងតែប្រើរហស្សនាមនៅលើអត្ថបទចុះផ្សាយរបស់ខ្លួន។

អត្ថបទនេះក៏បានគូសបញ្ជាក់ពីការវាយប្រហារលើតារាសិល្បៈបីរូបផ្សេងទៀតក្រៅពីអ្នកនាង ពិសិដ្ឋ ពិលិកា ដែលបានលើកឡើងដោយមិនត្រឹមត្រូវថាត្រូវឃាតករសម្លាប់ដែរ។ តាមពិតតារាសិល្បៈបីរូបផ្សេងទៀតនោះ បានរងរបួសដោយសារទឹកអាស៊ីត ឬពិការដោយសារគ្រាប់កាំភ្លើងបាញ់ចំករបស់ពួកគេនៅក្នុងករណីដែលគេជឿដែរថាពាក់ព័ន្ធស្នេហាលួចលាក់ជាមួយមន្ត្រីជាន់ខ្ពស់។

អត្ថបទនេះសរសេរថា ”គេនិយាយថា ចំពោះករណីឃាតកម្មដ៏សាហាវទៅលើតារាសិល្បៈខ្មែរចំនួន៤ដួងនាពេលកន្លងមកមានដូចជា តារាចម្រៀងកញ្ញា ទូច ស៊ុននិច តារាសម្ដែងកញ្ញា តាត មា៉រីណា តារាសម្ដែងអ្នកនាង ពិសិដ្ឋ ពិលិកា និងតារាចម្រៀងកញ្ញា ពៅ បញ្ញាពេជ្រ នោះ រហូតមកទល់ពេលនេះគ្មានស្ថាប័នពាក់ព័ន្ធណាមួយអើពើជួយរកយុត្តិធម៌ឲ្យជនរងគ្រោះនោះទេ ពោលគឺស្ងាត់ដូចចោរលួចសេះអ៊ីចឹង”។

អត្ថបទនេះមិនបានលើកឡើងអំពីការចោទប្រកាន់ទាំងគឃ្លើននាពេលបច្ចុប្បន្នពីសំណាក់រដ្ឋាភិបាលជុំវិញការអះអាងថា លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងមានស្រីកំណាន់ ឡើយ ប៉ុន្តែគូសបញ្ជាក់ថា កាលពីពេលថ្មីៗនេះមានមនុស្សជាច្រើននិយាយអំពីការវាយប្រហារទាំងបួនករណីនេះដែលបានកើតឡើងចន្លោះឆ្នាំ១៩៩៩ដល់ឆ្នាំ២០០៧។

អត្ថបទនេះសរសេរថា “អ្នកខ្លះលើកឡើងជាចម្ងល់ថា ហេតុអ្វីក៏ករណីឃាតកម្មទៅលើតារាសិល្បៈស្រីទាំង៤ដួងខាងលើនេះ សមត្ថកិច្ចប៉ូលិសមិនអាចតាមចាប់អ្នកដែលប្រព្រឹត្តបានម្នាក់យកមកផ្ដន្ទាទោស ឬមួយក៏រាល់ករណីទាំងអស់នោះសុទ្ធតែមានអាថ៌កំបាំង។ តែបើទោះជាយ៉ាងណា ស្ថាប័នសមត្ថកិច្ច និងតុលាការគួរតែសើរើសំណុំរឿងនេះឡើងវិញ ដើម្បីរកយុត្តិធម៌ឲ្យជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះ”។

បន្ទាប់មក អត្ថបទនេះបានរៀបរាប់អំពីការវាយប្រហារទៅលើតារាសិល្បៈទាំងបួនដួង ដោយចាប់ផ្ដើមពីអ្នកនាង ពិសិដ្ឋ ពិលិកា ដែលឃាតករមិនត្រូវបានចាប់ខ្លួន ប៉ុន្តែត្រូវបានទស្សនាវដ្ដី ឡឺ អុិចប្រេស (L’Express) ចេញផ្សាយប្រចាំសប្ដាហ៍របស់បារាំង បានសន្និដ្ឋានថាជាបញ្ជាចេញពីលោកស្រី ប៊ុន រ៉ានី ភរិយារបស់លោក ហ៊ុន សែន នៅក្នុងអត្ថបទមួយចុះផ្សាយប៉ុន្មានខែបន្ទាប់ពីការវាយប្រហារនោះ។

cam-photo-singersអត្ថបទរបស់កាសែតកម្ពុជាថ្មីនេះសរសេរថា “សូមរំឭកដែរថា ករណីឃាតកម្មទៅលើតារាសម្ដែងអ្នកនាង ពិសិដ្ឋ ពិលិកា បានកើតឡើងនៅវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៩៩ នៅម្ដុំផ្សារអូរឫស្សី ខណៈដែលនាងកំពុងនាំក្មួយស្រីទិញកង់ ក៏ត្រូវបានខ្មាន់កាំភ្លើងដៃឆៅបាញ់ប្រហារដោយកាំភ្លើងត្រូវនាងបីគ្រាប់ និងត្រូវក្មួយមួយគ្រាប់។ បន្ទាប់ពីកើតហេតុភ្លាមៗ នាងនិងក្មួយស្រីត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតបានរយៈពេល១សប្ដាហ៍ក៏ស្លាប់ ហើយនៅថ្ងៃប្រារព្ធពិធីបុណ្យសពរបស់នាងគឺមានប្រជាជនចូលរួមរាប់រយនាក់ ដោយម្នាក់ៗបានស្រែកទាមទារសុំឲ្យស្ថាប័នពាក់ព័ន្ធជួយរកយុត្តិធម៌ឲ្យនាងផងដែរ”។

បន្ទាប់មក អត្ថបទនេះសរសេរលម្អិតអំពីករណីកញ្ញា តាត ម៉ារីណា ដែលកាលពីខែធ្នូ ឆ្នាំ១៩៩៩ ស្ថិតក្នុងវ័យ១៥ឆ្នាំ បានក្លាយជាស្រីកំណាន់របស់លោក ស្វាយ ស៊ីថា អនុរដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជានៅពេលនោះ ដែលត្រូវបានដំឡើងតំណែងជារដ្ឋលេខាធិការចាប់តាំងពីពេលនោះមក។

ខណៈកញ្ញា តាត ម៉ានីណា កំពុងបញ្ចុកបបរក្មួយស្រីនៅម្ដុំផ្សារអូឡាំពិក ក្នុងរាជធានីភ្នំពេញ ស្រាប់តែភរិយារបស់លោក ស្វាយ ស៊ីថា បានស្រោចទឹកអាស៊ីតនីទ្រិចស៊ីសាច់ចំណុះមួយលីត្រពីលើនាង។

អត្ថបទនេះសរសេរថា ស្បែកនៅលើផ្ទៃមុខ ក ត្រចៀក ខ្នង កដៃ និងដើមទ្រូងរបស់តួសម្ដែងកាយវិការខារ៉ាអូខេវ័យក្មេងរូបនេះ បានរលាយចូលគ្នា ហើយក្រុមគ្រូពេទ្យត្រូវកាត់ត្រចៀករបស់នាងចេញ ធ្វើឲ្យនាងក្លាយជា “មនុស្សពិការអស់មួយជីវិត” និងរស់នៅសហរដ្ឋអាមេរិក។

អត្ថបទដដែលបានបន្តថា ”ករណីជះទឹកអាស៊ីតទៅលើតារាសិល្បៈ តាត ម៉ារីណា នេះដែរ គឺផ្ដើមឡើងចេញពីការប្រចណ្ឌរបស់ស្ត្រីជាភរិយាមន្ត្រីមានមុខមាត់ម្នាក់ក្នុងសង្គម”។

រដ្ឋាភិបាលបានអះអាងកាលពីឆ្នាំ២០១១ថា ភរិយារបស់លោក ស្វាយ ស៊ីថា ពិតជាមានទោសពីបទប្រព្រឹត្តបទល្មើសនេះមែន ប៉ុន្តែមិនដែលជាប់ពន្ធនាគារសូម្បីតែមួយថ្ងៃ។

អត្ថបទរបស់កាសែតកម្ពុជាថ្មីនេះក៏រៀបរាប់សង្ខេបដែរអំពីការបាញ់ប្រហារកញ្ញា ទូច ស៊ុននិច កាលពីឆ្នាំ២០០៣ និងការបាញ់ប្រហារកញ្ញា ពៅ បញ្ញាពេជ្រ នៅឆ្នាំ២០០៧ដែរសុទ្ធតែធ្លាក់ខ្លួនពិការ បន្ទាប់ពីត្រូវខ្មាន់កាំភ្លើងបាញ់ចំកក្នុងចម្ងាយយ៉ាងកៀកនៅក្នុងករណីដែលគេជឿថា ពាក់ព័ន្ធនឹងប្រពន្ធដែលប្រចណ្ឌប្ដី។

បន្ទាប់មក អត្ថបទនេះបញ្ចប់ទាំងភាពងឿងឆ្ងល់ជុំវិញមូលហេតុដែលគ្មានការចាប់ខ្លួនជនល្មើសនៅក្នុងសំណុំរឿងទាំងបួន ទោះបីជាឃាតកម្មនេះមានលក្ខណៈសាហាវព្រៃផ្សៃ ហើយសាធារណជនកំពុងតែចាប់អារម្មណ៍ខ្លាំងយ៉ាងណាក្ដី។

អត្ថបទនេះបានលើកឡើងបន្តថា ”មជ្ឈដ្ឋានទូទៅនិយាយថា រហូតមកដល់ពេលនេះ មានរយៈពេលជាង១០ឆ្នាំទៅហើយ ក៏ប៉ុន្តែជនល្មើសនៅតែអាចគេចខ្លួនបានដដែល ដោយគេមិនដឹងថាបណ្ដាលមកពីកម្សោយរបស់ស្ថាប័នមានសមត្ថកិច្ច ឬបណ្ដាលមកពីមូលហេតុអ្វីនោះឡើយ”។

ពេលសួរថា ហេតុអ្វីបានជាកាសែតកម្ពុជាថ្មី ចេញផ្សាយ ហើយបន្ទាប់មកដកអត្ថបទនេះចេញវិញ លោក ហីុ បូរិន និពន្ធនាយករបស់កាសែតនេះបានលើកឡើងកាលពីម្សិលមិញថា អត្ថបទនេះចេញផ្សាយដោយលោកមិនបានដឹងឡើយ។

លោកបានមានប្រសាសន៍ថា ”ខ្ញុំមិនទាន់បានយល់ព្រមឲ្យចេញផ្សាយអត្ថបទនេះនៅឡើយទេ។ ខ្ញុំប្រាប់ឲ្យដកចេញវិញ ព្រោះខ្ញុំមិនទាន់បានអនុញ្ញាតនៅឡើយទេ ហើយពេលខ្ញុំអានអត្ថបទនេះវាគ្មានអត្ថន័យពេញលេញ ឬតម្រុយថ្មីណាមួយឡើយ”។

លោកបានមានប្រសាសន៍ទាក់ទិនករណីទាំងនេះដែលករណីថ្មីជាងគេបានកើតឡើង៩ឆ្នាំកន្លងមកហើយថា “ខ្ញុំគិតថា វាព្យាយាមជីកកកាយករណីទាំងនោះត្រឡប់មកវិញ “។

លោកបានបន្ថែមថា “អ្នកសរសេរអត្ថបទនេះមិនបានទទួលព័ត៌មានពីតុលាការទេ គាត់ចេះតែសរសេរដោយខ្លួនឯង និងពីភាគីតែម្ខាង។ យើងមិនដាក់ទោសទណ្ឌគាត់ឡើយប៉ុន្តែ យើងគ្រាន់តែមិនអនុញ្ញាតឲ្យគាត់ចេញផ្សាយវាប៉ុណ្ណោះ”។

អត្ថបទនេះលេចឡើងនៅលើគេក្នុងទំព័រដើមនៃគេហទំព័ររបស់កាសែតកម្ពុជាថ្មី ពីលើរូបភាពរបស់អ្នកនាង ពិសិដ្ឋ ពិលិកា និងកញ្ញា ពៅ បញ្ញាពេជ្រ ប៉ុន្តែ ភ្លាមៗនោះ ត្រូវបានជំនួសដោយតំណភ្ជាប់ (Link) ទៅកាន់អត្ថបទដែលមានចំណងជើងថា ”ដីកាប៊ិចក្រហមកោះហៅលោក កឹម សុខា ឲ្យចូលខ្លួនម្តងទៀតនៅថ្ងៃទី២៦ ឧសភា” បន្ទាប់ពីអត្ថបទនេះត្រូវបានដកចេញវិញ។

នៅក្រោមតំណភ្ជាប់នោះគឺរូបភាពរបស់លោក កឹម សុខា និងនាង ខុម ចាន់តារ៉ាទី ដែលគេចោទថា ជាស្រីកំណាន់របស់អនុប្រធានគណបក្សប្រឆាំងរូបនេះ។

មនុស្សភាគច្រើនចោទសួរថា ហេតុអ្វីបានជាអាជ្ញាធរយកចិត្តទុកដាក់ខ្លាំងតែទៅលើរឿងស្នេហាលួចលាក់របស់លោក កឹម សុខា ហើយបែរជាមានភាពអសកម្មនៅក្នុងករណីដែលកើតឡើងពីអតីតកាលទៅវិញ។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានពន្យល់កាលពីខែមុនថា នគរបាលគ្មាន ”ភ្នែកទិព្វ” ក្នុងការស្វែងរកឧក្រិដ្ឋជនឡើយ។

ដោយផ្ទុយពីភាពអសកម្មរបស់នគរបាលនៅក្នុងករណីរបស់អ្នកនាង ពិសិដ្ឋ ពិលិកា កញ្ញា តាត ម៉ារីណា កញ្ញា ទូច ស៊ុននិច និងកញ្ញា ពៅ បញ្ញាពេជ្រ នោះ នគរបាលប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ត្រូវបានចាត់តាំងឲ្យសើុបអង្កេតយ៉ាងហ្មត់ចត់លើករណីរបស់លោក កឹម សុខា។

កាសែតកម្ពុជាថ្មី គ្រប់គ្រងដោយលោកស្រី ហ៊ុន ម៉ាណា កូនស្រីរបស់លោក ហ៊ុន សែន ដែលក៏គ្រប់គ្រងស្ថានីយទូរទស្សន៍បាយ័ន និងស្ថានីយទូរទស្សន៍ព័ត៌មាន BTV ផងដែរនោះ នេះបើយោងតាមសៀវភៅមគ្គុទ្ទេសក៍មានចំណងជើងថា “Who Owns the Media” របស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលចេញផ្សាយកាលពីដើមឆ្នាំនេះ។

កាលពីម្សិលមិញ អត្ថបទនេះមិនបានលើកឡើងអំពីការអះអាងដែលថា លោកស្រី ប៊ុន រ៉ានី បានចេញបញ្ជាឲ្យសម្លាប់តារាសិល្បៈអ្នកនាង ពិសិដ្ឋ ពិលិកា ឡើយ ប៉ុន្តែ ការចោទប្រកាន់ នេះល្បីសុសសាយក្នុងចំណោមពលរដ្ឋខ្មែរ ដោយមានការចេញផ្សាយជាលើកដំបូងដោយទស្សនាវដ្តី ឡឺអុិចប្រេស ដែលផ្អែកលើសៀវភៅកំណត់ហេតុបន្សល់ទុកដោយតារាសិល្បៈរូបនេះ ហើយបន្ទាប់មកទៀតត្រូវបានផ្សព្វផ្សាយនៅក្នុងសៀវភៅដែលគេហាមប្រាមមិនឲ្យលក់នៅក្នុងរាជធានីភ្នំពេញកាលពីឆ្នាំ២០០៣។

ឧត្តមសេនីយ៍ ខៀវ សុភ័គ បានលើកឡើងថា អត្ថបទរបស់កាសែតកម្ពុជាថ្មី គឺជារឿងត្រឹមត្រូវដែលនិយាយថា រហូតមកទល់ពេលនេះគ្មានការចាប់ខ្លួន ប៉ុន្តែ លោកបានបន្ទោសលើគ្រួសារជនរងគ្រោះចំពោះការដែលមិនបានជួយផ្តល់ភ័ស្តុតាងដល់នគរបាល។

លោកបានមានប្រសាសន៍ថា “សាក្សីមិនសហការ ហើយគ្រួសារជនរងគ្រោះបដិសេធមិនផ្តល់ព័ត៌មាន”។

លោកបានបន្ថែមថា ”ឧទាហរណ៍ពេលមានមនុស្សបាត់កាបូបលុយរបស់ខ្លួន បើពួកគេមិនដឹងរឿងអ្វីសោះពាក់ព័ន្ធករណីេនះ តើឲ្យនគរបាលរកវាម៉េចឃើញទៅ? ពេលពួកគេដាក់ពាក្យប្តឹងមកនគរបាលនោះ”៕ សុខុម និង ស៊ុយឈាង

 

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស