ការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើក្រុមសកម្មជនដែលអំពាវនាវឱ្យដោះលែងអ្នកទោសនយោបាយ បានរាលដាលដល់ក្រៅរាជធានីហើយ ខណៈដែលអាជ្ញាធរខេត្តព្រះវិហារ កាលពីម្សិលមិញបានព្រមានតំណាងអង្គការមិនមែនរដ្ឋាភិបាលចំនួន១០ឱ្យបញ្ឈប់ការរៀបចំការតវ៉ា “ថ្ងៃច័ន្ទពណ៌ខ្មៅ” បើមិនដូច្នោះទេ ប្រឈមនឹងការចាត់វិធានការ។
ការព្រមាននេះបានធ្វើឡើងបន្ទាប់ពីអ្នកភូមិ៤នាក់ត្រូវបានហៅមកសាកសួរនៅក្នុងខេត្តមណ្ឌលគិរីកាលពីសប្តាហ៍មុនបន្ទាប់ពីរូបថតមួយសន្លឹកត្រូវបានបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់សហគមន៍បង្ហាញពីអ្នកភូមិមានកាន់បដាអំពាវនាវឲ្យដោះលែងសកម្មជនសិទ្ធិមនុស្ស៤នាក់និងមន្ត្រីរៀបចំការបោះឆ្នោត ម្នាក់ដែលជាប់ពន្ធនាគារកាលពីពេលថ្មីៗ ។
លោក អាង ជាតិឡោម នាយកប្រតិបត្តិអង្គការពន្លកខ្មែរជាអង្គការមិនមែនរដ្ឋាភិបាលដែលមានមូលដ្ឋានក្នុងខេត្តព្រះវិហារបានមានប្រសាសន៍ថា បុគ្គលិករបស់លោកត្រូវបានកោះហៅរួមជាមួយអង្គការមិនមែនរដ្ឋាភិបាលចំនួន៩ទៀត ហើយត្រូវបានព្រមានជាផ្លូវការដោយលោក សុខ ហៃ អភិបាលរងខេត្តកាលពីព្រឹកម្សិលមិញពាក់ព័ន្ធរូបថតដែលបានបង្ហោះក្នុងទំព័រហ្វេសប៊ុកបង្ហាញពីសកម្មជនសិទ្ធិដីធ្លីប្រហែល២០នាក់ចូលរួលរួមក្នុងយុទ្ធនាការ “ថ្ងៃច័ន្ទពណ៌ខ្មៅ” ដោយកាន់បដា ស្លៀកពាក់ពណ៌ខ្មៅ។
លោក អាង ជាតិឡោម បានមានប្រសាសន៍ ថា “បុគ្គលិករបស់ខ្ញុំបានចូលរួមកិច្ចប្រជុំនៅព្រឹកនេះ ហើយបានរាយការណ៍ប្រាប់ខ្ញុំថា អាជ្ញាធរខេត្តបានគំរាមថា ប្រសិនបើអង្គការមិនមែនរដ្ឋាភិបាលណាមួយនៅតែបន្តយុទ្ធនាការស្លៀកពាក់ខ្មៅទៀតនោះ ពួកគេនឹងចាត់វិធានការ ប៉ុន្តែ ពួកគេមិនបានបញ្ជាក់ឲ្យបានច្បាស់ថា តើនឹងចាត់វិធានការអ្វីឡើយ”។
លោក អាង ជាតិឡោម បានថ្លែងថា អាជ្ញាធរក៏បានបិទសិក្ខាសាលាដែលរៀបចំដោយអង្គការពន្លកខ្មែរកាលពីថ្ងៃទី៩ ខែឧសភា ដែរ ជាថ្ងៃទី១នៃយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ។
លោកបានមានប្រសាសន៍ថា “យើងបានធ្វើយុទ្ធនាការនេះនៅក្នុងការិយាល័យរបស់យើងតែប៉ុណ្ណោះ។ តើយើងបានធ្វើអ្វីខុសទៅ?”។
លោក ឡោ ចាន់ អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តនេះក៏បានចូលរួមក្នុងកិច្ចប្រជុំនេះដែរ ហើយបានរៀបរាប់ពីការព្រមានរបស់លោក សុខ ហៃ ។
លោក ឡោ ចាន់ បានមានប្រសាសន៍ថា ”គាត់បាននិយាយថា គាត់ពិតជាខកចិត្តខ្លាំងណាស់ចំពោះអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនដែលអះអាងថា ឯករាជ្យ ប៉ុន្តែ ធ្វើរឿងផ្តេសផ្តាស់ដែលផ្ទុយទៅនឹងតួនាទីរបស់ខ្លួន។ គាត់បានព្រមានពួកយើងថា បើយើងបន្តធ្វើកំហុសទៀត គាត់នឹងចាត់វិធានការ។ គាត់នឹងមិនឲ្យយើងធ្វើរឿងនេះទៀតឡើយ”។ លោក សុខ ហៃ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។
លោក អ៊ុង វុទ្ធី ប្រធានរដ្ឋបាលខេត្តបានអះអាងថា តំណាងអង្គការមិនមែនរដ្ឋាភិបាលត្រូវបានកោះហៅឲ្យទៅសាលាខេត្តដើម្បី “និយាយពីកិច្ចការមួយចំនួន” ប៉ុន្តែ បានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។
កាលពីសប្តាហ៍មុន អ្នកភូមិជនជាតិភាគតិចព្នងមួយក្រុមតូចក្នុងខេត្តមណ្ឌលគិរីក៏ត្រូវបានកោះហៅទៅសាលាខេត្តដើម្បីសាកសួរដែរ បន្ទាប់ពីរូបថតជាច្រើនសន្លឹកត្រូបានបង្ហោះតាមប្រព័ន្ធអីុនធឺណិតបង្ហាញពីពួកគាត់កំពុងកាន់បដា អំពាវនាវឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សដែលជាប់ពន្ធនាគារ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា អ្នកភូមិខេត្តមណ្ឌលគិរីត្រូវបានអញ្ជើញឲ្យមកពន្យល់អំពីសកម្មភាពរបស់ពួកគាត់ ហើយបានព្រមានពីភាពធ្ងន់ធ្ងរនៃការរៀបចំការតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅ ។
ឧត្តមសេនីយ៍ ខៀវ សុភ័គ បានមានប្រសាសន៍ថា “យើងគ្រាន់តែអញ្ជើញពួកគាត់ឲ្យមកពន្យល់តែប៉ុណ្ណោះ ហើយឥឡូវនេះ ពួកគាត់បានយល់ពីរឿងនោះហើយ។ ដំបូងពួកគាត់មិនយល់ទេ ពីព្រោះពួកគាត់គិតថា ប្រហែលវាជារឿងធម្មតា។ ពួកគាត់មិនដឹងថា យុទ្ធនាការ [ថ្ងៃច័ន្ទពណ៌ខ្មៅ ] ជាអ្វីឡើយ ហើយឥឡូវនេះពួកគាត់យល់ហើយ ដូច្នេះហើយ ពួកគាត់នឹងឈប់”។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា អង្គការមិនមែនរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជាត្រូវឈប់អំពាវនាវសុំឲ្យដោះលែងក្រុមមន្ត្រីសិទ្ធិមនុស្សទៀត។
លោកបានថ្លែងថា “យើងបានអញ្ជើញពួកគាត់មកពន្យល់ថា សកម្មភាពរបស់ពួកគាត់នឹងមិនសម្រេចលទ្ធផលឡើយ…។ ពួកគាត់មិនអាចធ្វើរឿងហ្នឹងបានទេ។ ក្នុងច្បាប់មិនបានចែងថា ពួកគាត់អាចធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ទាមទារឲ្យដោះលែងក្រុមមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលឡើយ”។
លោកបានបន្ថែមថា “នៅក្នុងសហរដ្ឋអាមេរិក ប្រសិនបើអ្នកជួបជុំគ្នានៅមុខសេតវិមានស្លៀកពាក់ខ្មៅទាមទារឲ្យរដ្ឋាភិបាលអាមេរិកដកទាហានចេញពីប្រទេសអីុរ៉ាក់នោះ អ្នកនឹងត្រូវដាក់ខ្នោះមិនខាន”។
បុគ្គលិកសិទ្ធិមនុស្ស៤នាក់និងមន្ត្រីបោះឆ្នោតម្នាក់ដែលជាប់ពន្ធនាគារ រួមជាមួយបុគ្គលិកអង្គការសហប្រជាជាតិម្នាក់ផង ត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ដោយសារជាប់ទាន់ទិននៅក្នុងរឿងអាស្រូវផ្លូវភេទដែលជាប់ពាក់ព័ន្ធនឹងលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង។
អង្គការសិទ្ធិមនុស្សបានចាត់ទុកករណីនេះថា ជាការប៉ុនប៉ងរបស់គណបក្សកាន់អំណាចដើម្បីបំបិទមាត់អ្នករិះគន់់ខ្លួន៕សារុន