នគរបាលបានសន្និដ្ឋានការស្លាប់របស់បុរសម្នាក់ដែលត្រូវបានប្រទះឃើញចងកនៅក្នុងបន្ទប់ឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមកាលពីព្រឹកម្សិលមិញថា ទំនងជាការធ្វើអត្តឃាត។
លោក ប៊ុយ គឹមហេង នាយការិយាល័យនគរបាលទទួលបន្ទុកវិទ្យាសាស្ត្រនិងបច្ចេកទេសបានមានប្រសាសន៍កាលពីម្សិលមិញថា លោក ជុន ម៉េងហាក់ អាយុ៥៣ឆ្នាំ ដែលត្រូវបានឃុំខ្លួនដោយសារការប្រើអំពើហិង្សាក្នុងគ្រួសារនោះ ត្រូវបានប្រទះឃើញចងកដោយប្រើខ្សែកែច្នៃពីក្រណាត់ខោខ្លីរហែកៗ ជាប់ទៅនឹងចម្រឹងបង្អួចនៃបន្ទប់ឃុំខ្លួន។
លោកបានថ្លែងថា “គាត់ត្រូវបានប្រទះឃើញស្លាប់នៅម៉ោងប្រហែល៦និង៣០នាទីព្រឹក។ គេជឿថា គាត់បានធ្វើអត្តឃាតនៅពេលដែលនគរបាលជួបជុំគ្នាច្រៀងគោរពភ្លេងជាតិនៅពេលព្រឹក”។
លោកបានបន្ថែមថា គាត់ត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកាលពីថ្ងៃពុធ ហើយគ្រោងនឹងបញ្ជូនទៅតុលាការដើម្បីប្រឈមការចោទប្រកាន់នៅព្រឹកដែលសពរបស់គាត់ត្រូវបានប្រទះឃើញតែម្តង។
យោងតាមលោក អ៊ុយ ម៉ាន អធិការនគរបាលស្រុកបានឱ្យដឹងថា លោក ជុន ម៉េងហាក់ ជាកសិករ ត្រូវបានចាប់ខ្លួននៅផ្ទះដែលគាត់រស់នៅជាមួយក្រុមគ្រួសារដែលមានសមាជិកច្រើនស្ថិតក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរកាលពីថ្ងៃច័ន្ទ។
លោកបានមានប្រសាសន៍ថា “គាត់ត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល១និង១៥នាទីរសៀល…ដោយនគរបាលស្រុកបន្ទាប់ពីប្រពន្ធរបស់គាត់បានមកប៉ុស្តិ៍នគរបាលរាយការណ៍ពីហិង្សាក្នុងគ្រួសារ។ មុនពេលចាប់ខ្លួន គាត់ស្រវឹងស្រា ហើយបានព្យាយាមវាយប្រពន្ធរបស់ខ្លួននឹងកៅអីឈើ តែត្រូវចៅប្រុសរបស់គាត់ឃាត់”៕សារុន