គណបក្សប្រជាជនកម្ពុជាបានវង្វេងផ្លូវ ដោយមិនអើពើនឹងពលរដ្ឋកម្ពុជា ក្នុងខណៈដែលមេដឹកនាំរបស់ខ្លួនដែលរស់នៅសុខស្រួលនឹងទ្រព្យធននិងអំណាច គឺបង្កើនជំងឺនិងក្អែលរបស់ក្រុមមន្ត្រីដែលប្រឈមនឹងការពិនិត្យពិច័យតិចតួចពីសាធារណជន។
សាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្វើឡើងក្នុងសុន្ទរកថារយៈពេល៦ម៉ោងតាមទូរទស្សន៍ ក្រោយពីការស្ទើរតែចាញ់ឆ្នោតរបស់គណបក្សលោកក្នុងការបោះឆ្នោតនាឆ្នាំ២០១៣ គឺជាការអំពាវនាវឲ្យគណបក្សកាន់អំណាចត្រូវតម្រង់ទិសជាថ្មី។
ឥឡូវនេះ ប្រទេសកម្ពុជាមានគណបក្សប្រឆាំងដែលអាចសម្រេចបាននិងរួបរួមគ្នា ហើយគណបក្សកាន់អំណាចត្រូវកែប្រែ បើមិនដូច្នេះទេ គឺទុកឲ្យពលរដ្ឋងាកមកប្រឆាំងនឹងខ្លួនដោយមិនអាចបដិសេធបានទេ។
លោក ហ៊ុន សែន បានប្រាប់រដ្ឋមន្ត្រីរបស់លោកថា “ទីមួយ ត្រូវឆ្លុះកញ្ចក់មើលខ្លួនឯង”។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ទីពីរ ត្រូវងូតទឹករួចហើយត្រូវដុសក្អែល។ ដុសក្អែលដោយអ្នកដទៃជួយដុសក្អែល។ ឆ្លុះកញ្ចក់ហ្នឹងគឺប្រើវិធីច្រើន។ យើងត្រូវរៀនទទួលការពិត”។
ប៉ុន្តែស្ទើរតែរយៈពេល៣ឆ្នាំក្នុងអាណត្តិ៥ឆ្នាំ ផ្ទុយទៅវិញ គណបក្សរបស់លោក ហ៊ុន សែនចំណាយពេលវេលាច្រើនដោយវាយបំបែកកញ្ចក់ទាំងនោះ គឺហាក់ដូចជាពួកគេជាប្រភពនៃជំងឺដង្កាត់ផ្សេងៗទៅវិញ ដោយចាប់ដាក់ពន្ធនាគារលើតំណាងរាស្ត្រនិងអ្នកឃ្លាំមើលសិទ្ធិមនុស្សនិងតាមដានមន្ត្រីអង្គការសហប្រជាជាតិនិងអ្នកវិភាគនយោបាយ។
ទន្ទឹមនឹងនេះ វិស័យគាំពារសុខភាពខ្ទេចខ្ទាំកើតមានដោយមិនមានការជួសជុល អំពើពុករលួយបន្តញាំញីដល់វិស័យសាធារណៈ ហើយពលរដ្ឋវ័យក្មេងៗរាប់រយរាប់ពាន់នាក់នាំគ្នាពពាក់ពពូនចេញក្រៅប្រទេសដើម្បីរកការងារធ្វើ ដោយនាំឲ្យមានសំណួរថាតើគណបក្សប្រជាជនកម្ពុជាបានផ្លាស់ប្តូរអ្វីពិតប្រាកដនោះ។
កូនីកា កែវ អាយុ២៨ឆ្នាំដែលទើបតែបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីសាលា លី គួន យូវនៃគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យជាតិសិង្ហបូរីបាននិយាយថា វានាំឲ្យមានអារម្មណ៍ខូចចិត្តកាន់តែខ្លាំងឡើងក្នុងចំណោមពលរដ្ឋវ័យក្មេងដែលឥឡូវនេះរំពឹងថាមានអ្វីប្រសើរជាងនេះ។
កញ្ញា កែវ បាននិយាយថា “ជាអកុសល ច្រើនណាស់ បើមិនទាំងអស់ទេ មេដឹកនាំដែលកម្ពុជាមានគឺគ្មានមេត្តា ហើយមិនសុខចិត្តរៀនពីអតីតកាលទេ។ គេគ្មានមេត្តា ហើយគ្រាន់តែចាប់អារម្មណ៍នឹងការដឹកនាំប្រទេសដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនខ្វល់អំពីអ្នកដទៃឡើយ”។
កញ្ញា កែវ បាននិយាយថា “ដោយហេតុថាយើងមានគោលនយោបាយល្អខ្លះៗ មានវិធីជាច្រើនសម្រាប់ពុករលួយ ហើយក៏មានផលប្រយោជន៍ជាច្រើនដែលគេផ្តល់ឲ្យដែលគ្មានការងារអ្វីបានធ្វើរួចទេ”។ កញ្ញា កែវ បាននិយាយបន្ថែមថា រដ្ឋាភិបាលនៅតែមិនអាចបម្រើសេវាកម្មជាមូលដ្ឋានបានទេ។
កញ្ញា កែវ បាននិយាយថា “អ្នកចង់ទិញរបស់អ្វីមួយនៅបរទេស ហើយផ្ញើមកស្រុកខ្មែរឬ?ការិយាល័យប្រៃសណីយ៍គឺឥតបានការទេ។ ចង់នាំចេញរបស់របរទៅបរទេសឬ? ត្រូវបង់ពន្ធច្រើនណាស់ឲ្យមន្ត្រីគយ បើមិនដូច្នេះទេ ត្រូវឆ្លងកាត់តាមនីតិវិធីអូសបន្លាយ ព្រោះអ្នកមិនបានបង់សំណូក។ នេះជាកម្ពុជាដែលយើងស្គាល់និងរស់នៅ”។
ទន្ទឹមនឹងមានការអំពាវនាវឲ្យរដ្ឋផ្តល់នូវសេវាកម្មជាមូលដ្ឋាននិងការគាំទ្រដល់ពលរដ្ឋរបស់ខ្លួន គឺក្លាយជាជំងឺមន្ទិលសង្ស័យកាន់តែខ្លាំងឡើងពីសំណាក់ក្រុមមន្ត្រីដែលភ័យខ្លាច”បដិវត្តន៍ពណ៌”នោះ ក៏មានអ្នកតវ៉ាប្រាំនាក់ទៀតត្រូវឃាត់ខ្លួនកាលពីថ្ងៃច័ន្ទ ដោយសារតែពាក់អាវខ្មៅប្រមូលផ្តុំគ្នា។
លោក កែម ឡី អ្នកវិភាគនយោបាយដែលដឹកនាំក្រុមតស៊ូមតិខ្មែរដើម្បីខ្មែរ បានមានប្រសាសន៍ថា មន្ត្រីគណបក្សប្រជាជនកម្ពុជានៅតែជឿថា គេអាចរស់រានបានគឺដោយគ្រាន់តែអនុវត្តតាមសៀវភៅយុទ្ធសាស្ត្រចាស់ដែលគេថែរក្សាអំណាចរបស់ខ្លួន ចំណែកឯលោក ហ៊ុន សែនដែលមានឧបាយកល គឺកម្ទេចចោលអ្នកប្រឆាំង។
លោក ឡី បានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា “វាជាវប្បធម៌នយោបាយចាស់។ រដ្ឋាភិបាលមានអំណាចប្រមូលផ្តុំ គេត្រូវបើកចំហបន្ថែមទៀត ឲ្យមានតម្លាភាព និងគណនេយ្យភាព”។
អ្នកវិភាគរូបនេះបានមានប្រសាសន៍ថា “បើទោះបីជារដ្ឋាភិបាលកំពុងចាប់ផ្តើមធ្វើកំណែទម្រង់រដ្ឋបាលខ្លះៗក៏ដោយ ក៏គេនៅតែគិតអំពីហេតុផលនយោបាយនិងខ្លួនឯង។ គេគ្រាន់តែគិតអំពីគ្រួសារពួកគេ កូនប្រុសគេ កូនចៅគេ គេទុកចោលមនុស្សមានសមត្ថភាព ហើយមិនអាចកែទម្រង់បានទេ”។
អ្នកវិភាគរូបនេះបានមានប្រសាសន៍ថា”មានយុវជនមានសមត្ថភាពច្រើនមែនទែនដែលខ្ញុំស្គាល់នៅក្នុងប្រព័ន្ធរដ្ឋាភិបាល ប៉ុន្តែពួកគេកំពុងរត់ចេញពីប្រព័ន្ធនេះ។ មិនមានឱកាសសម្រាប់ពួកគេនៅទីនោះទៀតទេ”។
កង្វះឱកាសសម្រាប់និស្សិតរៀនចប់សាកលវិទ្យាល័យក្មេងៗនិងឆ្លាតៗដែលកើតក្រៅរង្វង់ក្រុមកាន់អំណាច គឺមិនមានការជួយជ្រោមជ្រែងអើពើពីរដ្ឋាភិបាលទេ។
កាលពីខែមុន មានការលាតត្រដាងថា លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានផ្តល់តំណែង”ជំនួយការ”ដល់កូនប្រុសពីរនាក់របស់លោកនៅក្នុងអង្គភាព ដោយបណ្តាលឲ្យសាធារណជនរិះគន់និងលើកឡើងអំពីបក្សពួកនិយមនៅក្នុងស្ថាប័នដែលមានភារកិច្ចប្រយុទ្ធប្រឆាំងការប្រព្រឹត្តបែបនេះ។
ប៉ុន្តែលោក យ៉ិនទៀង ដែលធ្វើសន្និសីទកាសែតពីរថ្ងៃក្រោយពីការតែងតាំងបានប្រកាសជាសាធារណៈនោះ គឺមិនសុំទោសឡើយ ដោយបបួលអ្នករិះគន់របស់លោកឲ្យបង្ហាញថា គេមានសមត្ថភាពជាងកូនប្រុសរបស់លោក។
លោក យ៉ិនទៀង បានមានប្រសាសន៍ថា “សូមប្រឡងជាមួយកូនខ្ញុំទៅ។ មុខវិជ្ជាទីមួយ ភាសាអង់គ្លេស ទីពីរ បាញ់និងអំពីរឿងអាវុធ វាយលុកចូលរំដោះចំណាប់ខ្មាំងពីភេរវករយ៉ាងម៉េច និងលោតពីយន្តហោះ”។
លោក យ៉ិនទៀង បានមានប្រសាសន៍ថា “បើឈ្នះកូនខ្ញុំ ខ្ញុំនឹងប្រគល់កៅអីហ្នឹងឲ្យ”។
កើតឡើងចំពេលដែលមានការផ្តន្ទាទោសដោយអង្គភាពប្រឆាំងអំពើពុករលួយលើអ្នកឃ្លាំមើលសិទ្ធិមនុស្ស មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប និងមន្ត្រីអង្គការសហប្រជាជាតិមួយរូបដោយសារប្រគល់ប្រាក់២០៤ដុល្លារអាមេរិក ដើម្បីឧបត្ថម្ភស្ត្រីម្នាក់ដែលគេចោទថាជាស្រីកំណាន់របស់មេដឹកនាំបក្សប្រឆាំងមួយរូបនោះ រឿងនេះគឺធ្វើបានតិចតួច ដើម្បីបញ្ជៀសសំណួរទាក់ទងនឹងគោលបំណងរបស់អង្គភាពប្រឆាំងអំពើពុករលួយ។
សំណួរស្រដៀងគ្នាត្រូវបានគេលើកឡើងអំពីថាតើពុករលួយពិតប្រាកដអ្វីខ្លះដែលអង្គភាពប្រឆាំងអំពើពុករលួយបានបង្ក្រាប ចាប់តាំងពីស្ថាប័ននេះបានបង្កើតឡើងក្នុងឆ្នាំ២០១០ដឹកនាំដោយលោក យ៉ិនទៀង ដែលនៅពេលនោះគឺជាទីប្រឹក្សាជំនិតបំផុតមួយរូបក្នុងបណ្តាទីប្រឹក្សាជំនិតទាំងអស់របស់លោក ហ៊ុន សែន។
កាលពីឆ្នាំមុន លោក យ៉ិនទៀង បានសម្រេចថា មន្ត្រីសុខាភិបាលជាន់ខ្ពស់មួយរូបដែលទទួលបានប្រាក់សំណូកជាង ៣៥១.០០០ដុល្លារអាមេរិក ក្នុងការផ្តល់កុងត្រាមានតម្លៃ១២លានដុល្លារអាមេរិក ដើម្បីចែកមុងដល់អ្នកភូមិ នឹងមិនត្រូវបានផ្តន្ទាទោសទេ។ ផ្ទុយទៅវិញ លោក យ៉ិនទៀងគ្រាន់តែបញ្ជាឲ្យមន្ត្រីរូបនោះសងប្រាក់មកវិញប៉ុណ្ណោះ។
ការស្ទង់មតិនាខែធ្នូឆ្នាំ២០១៤ដោយមូលនិធិអាស៊ីបានរកឃើញថា អំពើពុករលួយ ការអត់ការងារធ្វើនិងសេដ្ឋកិច្ច គឺជាការព្រួយបារម្ភចម្បងរបស់ពលរដ្ឋ ក្នុងពេលដែលពលរដ្ឋកម្ពុជាកាន់តែច្រើន”កំពុងតែមើលឃើញប្រទេសផ្សេងទៀតនិងស្តង់ដារសេវាល្អប្រសើរនៅក្នុងប្រទេសទាំងនោះ”។
លោក ចាន់សម្បត្តិ បុង ជានិស្សិតវ័យ២១ឆ្នាំនៅឆ្នាំទីបួននៃសញ្ញាបត្រទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យបញ្ញាសាស្ត្របានមានប្រសាសន៍ថា ជ័យជម្នះពីដំបូងខ្លះៗរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបំបាត់ពុករលួយពីប្រព័ន្ធអប់រំក្នុងឆ្នាំ២០១៣គឺបានធ្វើឲ្យអ្នកមានមន្ទិលស្ងើចដែរ។
លោក បុង បាននិយាយថា “ទន្ទឹមនឹងនេះ ករណីពុករលួយប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាល ដែលរួមទាំងឯកអគ្គរដ្ឋទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង គឺនាំឲ្យមានការអបអរសាទរច្រើនពីសាធារណជន ទោះបីជាមជ្ឈដ្ឋានខ្លះជឿថា ករណីនេះជាហេតុផលនយោបាយក៏ដោយ”។
លោក បុង បាននិយាយថា “ម៉្យាងវិញទៀត ការជាប់ទាក់ទងរបស់ACU ទៅក្នុងរឿងស្នេហារ[អនុប្រធានបក្សប្រឆាំង] កឹម សុខា ជាមួយស្រីកំណាន់របស់លោក គឺបណ្តាលឲ្យមានការរិះគន់យ៉ាងច្រើនទាក់ទិននឹងភាពគួរឲ្យជឿទុកចិត្តនិងសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលជាស្ថាប័នឯករាជ្យប្រឆាំងអំពើពុករលួយ”។
និស្សិតរូបនេះដែលបាននិយាយថាខ្លួនគឺនៅតែជាអ្នកបោះឆ្នោតមិនទាន់សម្រេចចិត្តបានបន្ថែមថា គឺមិនត្រឹមតែរឿងប៉ុណ្ណោះទេ ប៉ុន្តែមានពលរដ្ឋច្រើនណាស់ដែលខឹងនឹងប្រព័ន្ធគាំពារសុខភាពរបស់ប្រទេសនេះ។
លោក បុង បាននិយាយថា “មនុស្សមួយចំនួន រួមទាំងលោកនាយករដ្ឋមន្ត្រីនិងមន្ត្រីជាន់ខ្ពស់របស់លោក គឺតែងតែគេចទៅប្រទេសជិតខាង មានដូចជាប្រទេសថៃ វៀតណាម ឬសិង្ហបូរី ដើម្បីពិនិត្យសុខភាពនិងព្យាបាលជំងឺ”។
និស្សិតរូបនេះបាននិយាយបន្ថែមថា “ចំពោះអ្នកក្រីក្រ គេគ្មានជម្រើសណាក្រៅតែពីទ្រាំរស់នៅក្នុងប្រព័ន្ធខ្ទេចខ្ទាំសព្វថ្ងៃនេះទេ”។
ទោះជាយ៉ាងនេះក្តី លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការព្រួយបារម្ភបែបហ្នឹងគឺលើកឡើងជ្រុលពេកដោយអ្នករិះគន់រដ្ឋាភិបាល ហើយក៏មិនដែលលើកឡើងដោយអ្នកភូមិទេ នៅពេលដែលមន្ត្រីរដ្ឋាភិបាលចុះទៅជួបពួកគាត់។
លោក ស៊ីផានបាននិយាយអំពីការត្អូញត្អែរជាទូទៅអំពីសេវាថែទាំសុខភាពថា “ខ្ញុំមិនដែលឮពួកគេសួរអ៊ីចឹងទេ”។
លោក ស៊ីផានបានមានប្រសាសន៍ថា “គេសួរថា ហេតុអីគ្រូពេទ្យមិនមានវត្តមានរយៈពេល២៤ម៉ោង [នៅក្នុងភូមិ] ឬហេតុអីគេមិនមានមធ្យោបាយដឹកជញ្ជូន អ៊ីចឹងយើងដោះស្រាយបញ្ហាហ្នឹង”។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីរូបនេះបាននិយាយថា “ពលរដ្ឋ ដូចជាខ្ញុំបានចែករំលែកជាមួយលោកហើយ គឺមិនដែលគិតថាទៅប្រទេសសិង្ហបូរី ថៃ ឬវៀតណាមទេ ដរាបណាគេជាអ្នកមាន ហើយមានជម្រើស។ ពលរដ្ឋធម្នតាពេញចិត្តនឹងអ្វីដែលគេមាន”។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីរូបនេះបាននិយាយថា មន្ត្រីរដ្ឋាភិបាលបានកំពុងតែដោះស្រាយយ៉ាងសកម្មចំពោះបញ្ហាទាំងឡាយដែលអ្នកភូមិតែងតែលើកឡើង នៅពេលដែលចុះទៅជួបពួកគាត់។
លោកបាននិយាយថា “ពលរដ្ឋពិតប្រាកដនិយាយអំពីការរំលោភដីធ្លី។ គេចង់បានដីសម្បទានសង្គមកិច្ចសម្រាប់ដាំដុះ ហើយយើងក៏មានគោលនយោបាយថ្នាក់មូលដ្ឋាន ដើម្បីឲ្យប្រាកដថាគេមានដីនោះ។ បន្ទាប់មក គេត្អូញត្អែរអំពីផ្លូវថ្នល់និងសាលារៀន ហើយយើងត្រូវប្រាកដថាសេវាបែបហ្នឹងត្រូវផ្តល់ជូន”។
ប៉ុន្តែក្នុងពេលដែលផ្លូវថ្នល់និងសាលារៀនគឺជាអាហាររបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតកន្លងមកក៏ដោយ ក៏ដោយមានបញ្ហារំលោភយកដីធ្លីដែលលើកឡើងច្រើនក្នុងការបោះឆ្នោតនាឆ្នាំ២០១៣ ហើយដែលជួយគណបក្សសង្គ្រោះជាតិឲ្យដណ្តើមយកបានអតីតមណ្ឌលសំខាន់តាមជនបទដ៏ធំរបស់គណបក្សប្រជាជនកម្ពុជានោះ បញ្ហាជាច្រើនក៏បានប្រែប្រួលក្នុងរយៈពេលបីឆ្នាំមកនេះដែរ។
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានមានប្រសាសន៍ក្នុងសារអ៊ីម៉េលកាលពីសប្តាហ៍មុនថា គណបក្សប្រជាជនកម្ពុជាគឺប្រឈមនឹងចាញ់ឆ្នោតក្នុងការបោះឆ្នោតជាតិនាឆ្នាំ២០១៨ ប្រសិនបើបក្សនេះមិនឈឺឆ្អាលនឹងការថ្នាក់ថ្នាំងកាន់តែច្រើនឡើងរបស់ពលរដ្ឋទេ ហើយជំរុញការចាប់ខ្លួនអ្នករិះគន់នោះ។
លោក រង្ស៊ី បាននិយាយថា “ពលរដ្ឋវ័យក្មេងៗនិងមានចំណេះដឹងជ្រៅជ្រះទំនងសម្លឹងមើលទៅមុខ ហើយមិនមើលទៅក្រោយឡើយ។ គេទំនងប្រៀបធៀបកម្ពុជានាពេលបច្ចុប្បន្នគឺមិនមែននៅជាមួយប្រទេសដែលស្ថិតក្រោមរបបខ្មែរក្រហមទេ ប៉ុន្តែស្ថិតនៅជាមួយប្រទេសជិតខាង”។
មេដឹកនាំបក្សប្រឆាំងរូបនេះបាននិយាយថា លោកបានទទួលស្គាល់ថា ជោគជ័យភាគច្រើនរបស់គណបក្សសង្គ្រោះជាតិកើតឡើង គឺមិនមែនមកពីលក្ខណៈធ្វើឲ្យគេចូលចិត្តពីកំណើតរបស់ខ្លួនទេ ប៉ុន្តែ ដោយសារតែបក្សនេះគឺជាជម្រើសផ្សេងទៀតពីគណបក្សប្រជាជនកម្ពុជា ដែលលោកបាននិយាយថាបានលែងដុសក្អែលខ្លួនឯងឲ្យស្អាតស្អំ។
មេដឹកនាំបក្សប្រឆាំងរូបនេះបាននិយាយថា “ទុកជា ហ៊ុន សែន អាចបំបែកគណបក្សសង្គ្រោះជាតិបានក៏ដោយ ក៏នឹងមានគណបក្សសង្គ្រោះជាតិមួយផ្សេងទៀតដែលនឹងច្របាច់បញ្ចូលគ្នា គឺមានន័យថាមានកម្លាំងប្រជាធិបតេយ្យរួបរួមមួយទៀតដែលត្រួសត្រាយផ្លូវសម្រាប់ផ្លាស់ប្តូរកម្ពុជាឆ្ពោះទៅរកសម័យថ្មី”៕