27.5 C
Phnom Penh

ធនាគារ​​​ពិភព​​​លោក​​​នឹងបន្ត​​​​​​​​​​​​ផ្តល់​​​មូល​​​និធិ​​​​​​ឡើង​​​វិញ​​​ដល់​​​កម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ធនាគារពិភពលោកបានយល់ព្រមផ្តល់ប្រាក់កម្ចីថ្មីក្នុងទឹកប្រាក់១៣០លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជាកាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយលែងបង្កកកម្ចីដែលមានប្រសិទ្ធភាពចាប់តាំងពី២០១១ ជាការតវ៉ានឹងការបណ្តេញពលរដ្ឋចេញពីលំនៅដ្ឋានទាំងបង្ខិតបង្ខំដោយរដ្ឋាភិបាល។

អ្នកតវ៉ាគប់ពងមាន់ដាក់ការិយាល័យធនាគារពិភពលោកក្នុងក្រុងភ្នំពេញកាលពីខែកុម្ភៈ។ រូបថតដោយ Satoshi Takahashi
អ្នកតវ៉ាគប់ពងមាន់ដាក់ការិយាល័យធនាគារពិភពលោកក្នុងក្រុងភ្នំពេញកាលពីខែកុម្ភៈ។ រូបថតដោយ Satoshi Takahashi

យោងតាមសេចក្តីប្រកាសព័ត៌មានធនាគារឲ្យដឹងថា ក្នុងកិច្ចប្រជុំមួយនៅក្នុងក្រុងវ៉ាស៊ីនតោន គណៈនាយកប្រតិបត្តិធនាគារពិភពលោកបានយល់ព្រមលើកំណត់ចូលរួមប្រទេសសម្រាប់កម្ពុជាដែលសុំឲ្យផ្តល់កម្ចីសម្បទានជាទឹកប្រាក់១៣០លានដុល្លារក្នុងគម្រោងបួន ដែលរួមទាំងទឹកប្រាក់២៥លានដុល្លារសម្រាប់ដំណាក់ការទីពីរនៃគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច។

សេចក្តីសម្រេចនេះគឺជាការលែងបង្កកកម្ចីដែលបានអនុវត្តចាប់តាំងពីខែសីហា ឆ្នាំ២០១១ ដែលនៅពេលនោះធនាគារពិភពលោកបានបញ្ជាក់ថា ខ្លួនបានបញ្ឈប់ការផ្តល់មូលនិធិថ្មីទៀតហើយ ដោយសារតែតវ៉ានឹងការបណ្តេញចេញពីលំនៅដ្ឋានទាំងបង្ខំពីសំណាក់រដ្ឋាភិបាលទៅលើពលរដ្ឋប្រមាណ៣០០០គ្រួសារនៅតំបន់បឹងកក់នៅក្នុងក្រុងភ្នំពេញ ក្នុងពេលដែលមានគម្រោងធនាគារផ្តល់បណ្ណកម្មសិទ្ធិដីធ្លីដល់អ្នកភូមិនៅទីនោះ។

មូលនិធិដែលបានមកពីសមាគមអភិវឌ្ឍអន្តរជាតិរបស់ធនាគារពិភពលោកគឺរួមមានទឹកប្រាក់៣០លានដុល្លារសម្រាប់ចំណាយលើការបង្កើនសេវាថែទាំសុខភាព ១៥លានដុល្លារសម្រាប់កែលម្អស្ថានភាពផ្លូវទឹក និង៦០លានដុល្លារសម្រាប់កែលម្អផ្លូវថ្នល់គឺបន្ថែមលើគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងវគ្គពីរ។

នៅក្នុងសេចក្តីថ្លែងការណ៍ ធនាគារបាននិយាយថា ខ្លួនបានសម្រេចចិត្តចាប់ផ្តើមផ្តល់មូលនិធិឡើងវិញ បន្ទាប់ពីមានការពិភាក្សាដ៏ទូលំទូលាយជាមួយអ្នកពាក់ព័ន្ធទាំងអស់ទូទាំងប្រទេសកម្ពុជា រួមទាំងមន្ត្រីរដ្ឋាភិបាល “សង្គមស៊ីវិលជាតិនិងអន្តរជាតិ វិស័យឯកជននិងពាណិជ្ជកម្ម ស្ថាប័នសិក្សាស្រាវជ្រាវ ដៃគូអភិវឌ្ឍ និងទីភ្នាក់ងារសហប្រជាជាតិ”។

យោងតាមអ្នកស្រី ចូស៊ីលីន មេដាឡូ នាយកគោលនយោបាយនៅគម្រោងគណនេយ្យភាពអន្តរជាតិឲ្យដឹងថា លោក ម៉ាតធូ ម៉ាកហ្គា នាយកប្រតិបត្តិអាមេរិកនៃធនាគារពិភពលោក គឺបានបោះឆ្នោតអនុបវាទ។

អ្នកស្រី មេដាឡូ បានសរសេរក្នុងសារអ៊ីម៉េលថា “យើងបានទទួលព័ត៌មានបច្ចុប្បន្នភាពពីរដ្ឋាភិបាលសហរដ្ឋអាមេរិកថា គេនឹងចេញសេចក្តីថ្លែងការណ៍នៅសប្តាហ៍ក្រោយ” ទាក់ទងនឹងសេចក្តីសម្រេចមិនបោះឆ្នោតលើគម្រោងនេះ។រដ្ឋាភិបាលសហរដ្ឋអាមេរិកគឺជាអ្នកផ្តល់មូលនិធិធំបំផុតរបស់ធនាគារពិភពលោក។

ស្ថានទូតសហរដ្ឋអាមេរិកបានបង្វែរសំណួរទៅទីស្នាក់ការសហរដ្ឋអាមេរិករបស់ធនាគារពិភពលោកដែលមិនអាចទាក់ទងបានទេ។

អ្នកស្រី ណាលី ភីឡូក នាយិកាអង្គការសិទ្ធិមនុស្ស លីកាដូ បានហៅការសម្រេចនេះថា “ប្លែក” ដោយសារតែរដ្ឋាភិបាលចាប់ខ្លួនបុគ្គលិកសិទ្ធិមនុស្សនិងមន្ត្រីបក្សប្រឆាំងនាពេលថ្មីៗនេះ។

អ្នកស្រី ភីឡូក បានមានប្រសាសន៍ថា “ប្រការដែលធនាគារពិភពលោកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះដោយមានប្រាក់ចំនួនច្រើននៅពេលនេះ គឺនឹងស្ទើរតែផ្តល់ឲ្យរដ្ឋាភិបាលនូវភ្លើងខៀវដែលគេអាចធ្វើអ្វីៗទៅបាន”

អង្គការលីកាដូរិះគន់យ៉ាងខ្លាំងលើដំណាក់ការទីមួយមានទឹកប្រាក់១៣លានដុល្លារនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដែលបានបង្កើតសម្បទានដីសង្គមកិច្ច៨កន្លែងសម្រាប់ពលរដ្ឋក្រីក្ររាប់ពាន់គ្រួសារ។ ការស្ទង់នាឆ្នាំ២០១៥ដោយអង្គការនេះបានរកឃើញថា គ្រួសារជាច្រើនបានបោះបង់ចោលទីតាំងរបស់ខ្លួន ដោយសារតែដីគ្មានជីជាតិ ឈ្លោះគ្នាដណ្តើមកម្មសិទ្ធិ និងកង្វះហេដ្ឋារចនាសម្ពន្ធដែលគេសន្យាធ្វើឲ្យ។

ធនាគារពិភពលោកបាននិយាយថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងវគ្គពីរ គឺនឹងពង្រីកទៅដល់១៤សហគមន៍។

សេចក្តីថ្លែងការណ៍បាននិយាយថា “គ្រួសារជាច្រើនបានទទួលផលប្រយោជន៍ពីអ្នកមុន”។ សេចក្តីថ្លែងការណ៍មិនបាននិយាយថា ហេតុអ្វីបានជាធនាគារពិភពលោកជ្រើសរើសពេលនេះ ដើម្បីចាប់ផ្តើមឲ្យកម្ពុជាខ្ចីឡើងវិញនោះទេ។ អតីតអ្នកភូមិបឹងកក់រាប់រយនាក់និយាយថា ពួកគេមិនទាន់បានទទួលសំណងគ្រប់គ្រាន់ចំពោះការបណ្តេញចេញពីដីធ្លីទេ។

លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជាដែលបានហៅការសម្រេចនេះថា “គួរឲ្យអាម៉ាស់”ចំពោះធនាគារនេះ បានមានប្រសាសន៍ថា “ចំពោះអ្នកដែលត្រូវបណ្តេញចេញរួចហើយ គេនៅតែរង់ចាំការគាំទ្រពីធនាគារពិភពលោក”។

លោកបាននិយាយថា “ធនាគារត្រូវតែគោរពការប្តេជ្ញាចិត្តរបស់ខ្លួន”។

អ្នកស្រី ទេព វន្នី សកម្មជនបឹងកក់ដ៏លេចធ្លោ បាននិយាយថា អ្នកស្រីខកចិត្តយ៉ាងខ្លាំងនឹងសេចក្តីសម្រេចរបស់ធនាគារ។ អ្នកស្រីបានសន្យានឹងតវ៉ានៅមុខការិយាល័យធនាគារពិភពលោកក្នុងក្រុងភ្នំពេញនៅសប្តាហ៍ក្រោយនេះ ដោយសារតែការបំពានការសន្យាដែលអ្នកស្រីនិយាយថា ធនាគារនេះបានសន្យាចំពោះអ្នកដែលត្រូវគេបណ្តេញចេញពីលំនៅដ្ឋានថាមិនឲ្យបន្តការផ្តល់មូលនិធិទេ រហូតទាល់តែពួកគេទទួលបានសំណងពេញជាមុនសិន។

អ្នកស្រី វន្នី បាននិយាយថា “ជាអកុសល វាបង្ហាញឲ្យយើងឃើញថា ធនាគារពិភពលោកគឺមិនខុសគ្នានឹងរដ្ឋាភិបាលទេ ពីព្រោះខ្លួនតែងតែបំពានការសន្យារបស់ខ្លួនដែលធ្វើឡើងចំពោះសហគមន៍ដែលប៉ះពាល់។ ធនាគារនេះគ្រាន់តែគិតអំពីផលប្រយោជន៍ផ្ទាល់ខ្លួនសំខាន់ជាងពលរដ្ឋដែលប៉ះពាល់ទៅទៀត”។

ទោះជាយ៉ាងនេះក្តី ធនាគារពិភពលោកបាននិយាយក្នុងសារអ៊ីម៉េលយប់ថ្ងៃសុក្រថា មានវឌ្ឍនភាពបានធ្វើឡើង ដើម្បីធានាថាគ្រួសារទាំងអស់នៅក្នុងតំបន់នោះគឺទទួលបានបណ្ណកម្មសិទ្ធិដីធ្លី ដែលនាំឲ្យមានការសម្រេចចិត្តទាក់ទងឡើងវិញជាមួយកម្ពុជា។

ធនាគារបាននិយាយថា “ចំនួនភាគច្រើននៃគ្រួសារនៅសេសសល់ដែលមានសិទ្ធិនៅក្នុងតំបន់បឹងកក់ គឺឥឡូវនេះចរចានិងបានទទួលបណ្ណកម្មសិទ្ធិពីសាលាក្រុងភ្នំពេញ (ការចរចាកំពុងតែបន្តធ្វើក្នុងករណីមួយចំនួន) ចំណែកឯអតីតអ្នកភូមិដែលមានសិទ្ធិផ្សេងទៀតបានជ្រើសរើសយក ហើយបានទទួលប្រាក់ ឬសំណងជាផ្ទះ។ យើងសូមស្វាគមន៍ចំពោះវឌ្ឍនភាពនេះ”៕ (រាយការណ៍បន្ថែមដោយ គុច ណារ៉េន)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស