ភ្នំឧត្តុង្គ ស្រុកពញាឮ ខេត្តកណ្តាល-អស់រយៈពេលជិត៣ឆ្នាំ បន្ទាប់ពីព្រះបរមសារីរិកធាតុត្រូវបានលួចដោយស្ងាត់ៗពីព្រះសក្យមុនីចេតិយនៅទីនេះនៅពេលយប់នោះ ព្រះបរមសារីរិកធាតុព្រះពុទ្ធរបស់កម្ពុជាត្រូវបានដង្ហែយកទៅតម្កល់កាលពីថ្ងៃសុក្រ ដោយមានកម្មវិធីរៀបចំទទួលតាមកិច្ចសាសនាគួរឲ្យកត់សម្គាល់។

ប្រជាពលរដ្ឋជាង១.០០០នាក់បានមកជុំគ្នានៅម៉ោង៧ព្រឹក ដោយរង់ចាំនៅតាមបណ្តោយផ្លូវបត់បែននៅភ្នំឧត្តុង្គ ដោយសង្ឃឹមថា នឹងបានមើលឃើញកោដ្ឋមាសដែលគេគិតថា មានដាក់ព្រះទន្ត ព្រះកេសា និងព្រះអដ្ឋិរបស់ព្រះពុទ្ធ។
អ្នកស្រី ឈឹម រឹម អាយុ៧៦ឆ្នាំ និងប្អូនស្រីរបស់អ្នកស្រីឈ្មោះ ខ្លង សន អាយុ៧៥ឆ្នាំ បានអង្គុយទំពាម្លូក្នុងពេលរង់ចាំព្រះបរមសារីរិកធាតុមកដល់ ដោយឲ្យក្មេងៗដែលលក់ធូប និងផ្កាចេញឲ្យឆ្ងាយ។
អ្នកស្រី សន បានដាក់ដៃលើក្បាលបួងសួង និងបង្ហាញទឹកមុខញញឹមពព្រាយគ្រប់ពេលដែលប្អូនស្រីរបស់អ្នកស្រីបាននិយាយអំពីព្រះបរមសារីរិកធាតុ។
អ្នកស្រី រឹម បាននិយាយថា “ខ្ញុំមានអារម្មណ៍រំភើប និងសប្បាយរីករាយណាស់។ ខ្ញុំសង្ឃឹមថា នៅពេលព្រះបរមសារីរិកធាតុមកដល់ចេតិយជាថ្មី វានឹងធ្វើឲ្យប្រជាពលរដ្ឋសប្បាយ ហើយនាំមកនូវសន្តិភាព”។
ព្រះបរមសារីរិកធាតុត្រូវបានដង្ហែមកពីប្រទេសស្រីលង្កាមកប្រទេសកម្ពុជានៅទសវត្សរ៍ឆ្នាំ១៩៥០ ហើយបានតម្កល់ទុកក្នុងក្រុងភ្នំពេញរហូតដល់ឆ្នាំ២០០២ ដែលនៅពេលនោះព្រះបរមសារីរិកធាតុត្រូវបានអតីតព្រះមហាក្សត្រផ្ទេរទៅតម្កល់នៅចេតិយដែលសាងសង់ក្នុងចំណោមចេតិយដែលបានដាក់ព្រះអដ្ឋិរបស់បុព្វការីជនរបស់ព្រះអង្គ។
បន្ទាប់ពីមានការលួចដោយកសិករម្នាក់នៅឆ្នាំ២០១៣ ព្រះបរមសារីរិកធាតុបានស្ថិតក្នុងផ្ទះបាយរបស់អ្នកលួចអស់រយៈពេលប្រហែល២ខែ មុនពេលត្រូវបានរកឃើញមកវិញ និងមុនពេលយកមកតម្កល់ក្នុងរាជធានី ដើម្បីរក្សាទុកឲ្យបានគង់វង់ ។
កសិករ កែវ រស្មី ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ៧ឆ្នាំកាលពីខែមេសាឆ្នាំមុន រួមជាមួយអ្នកយាមចេតិយ៤នាក់ ដែលនិយាយថា ពួកគេជាជនស្លូតត្រង់ និងបានប្តឹងឧទ្ធរណ៍។
កម្ដៅថ្ងៃក្តៅកាន់តែខ្លាំង ក្លិនផ្កាឈូកបានចាប់ផ្តើមជះក្លិនលាយឡំជាមួយក្លិនញើស ហើយមនុស្សម្នាបានចាប់ផ្តើមបង្ហាញអារម្មណ៍ថា ក្តៅ។ ស្ត្រីជាច្រើននាក់បានដោះសម្លៀកបំពាក់កូនតូចៗរបស់ខ្លួន ហើយស្រោចទឹកត្រជាក់លើពួកគេ។
ក្រោយម៉ោង៩ព្រឹកបន្តិច ការវាយស្គរឲ្យសញ្ញាការមកដល់នៃក្បួនដង្ហែ។ មនុស្សមួយចំនួនបានឱនក្បាលសំពះបួងសួង ឯអ្នកផ្សេងទៀតបានលើកទូរស័ព្ទស្មាតហ្វូនរបស់ខ្លួនថតរូប ខណៈដែលព្រះបុស្សបុក្សសុវណ្ណហង្សតម្កល់ព្រះបរមសារីរិកធាតុហែកាត់មុខ។
មន្ត្រីរដ្ឋាភិបាល និងព្រះសង្ឃជាន់ខ្ពស់ប៉ុន្មាននាក់ប៉ុណ្ណោះដែលដឹកនាំដោយសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស និងសម្តេចព្រះសង្ឃរាជគណៈធម្មយុត្តិកនិកាយ ប៊ូ គ្រី ត្រូវបានអនុញ្ញាតឲ្យមើលរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក ហឹុម ឆែម កាន់កោដ្ឋឡើងជណ្ដើរជាង៦០០កាំទៅកាន់ចេតិយ។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បាននិយាយថា សារៈសំខាន់នៃការវិលត្រឡប់ព្រះបរមសារីរិកធាតុមកកាន់កន្លែងដើមមិនអាចនិយាយបំផ្លើសបានទេ។
លោកបាននិយាយថា “ព្រះបរមសារីរិកធាតុព្រះពុទ្ធជារឿងសំខាន់មួយ។ ព្រះបរមសារីរិកធាតុតំណាងជាតិរបស់យើង និងឆ្លុះបញ្ចាំងនូវសាមគ្គីភាពរបស់ពុទ្ធសាសនិកដែលមានសន្តិភាពក្នុងបេះដូងរបស់ពួកគេ”។
បន្ទាប់ពីរថយន្តទំនើបៗរបស់ក្រុមមន្ត្រីបានចាកចេញនៅម៉ោង១១ព្រឹក ព្រះសក្យមុនីចេតិយត្រូវបានបើកឲ្យសាធារណជន ដែលបាននាំគ្នាចូលទៅបួងសួងនៅមុខទ្វារដែលការពារព្រះបរមសារីរិកធាតុដ៏ពិសិដ្ឋនេះ។
លោក ទឹម ទុន ប្រធានសន្តិសុខនៅព្រះសក្យមុនីចេតិយនេះ បាននិយាយថា វិធានការជាច្រើនត្រូវបានដាក់ចេញដើម្បីការពារព្រះបរមសារីរិកធាតុ។
លោក ទុន បាននិយាយថា “យើងបានដាក់ឧបករណ៍ប្រកាសអាសន្ននៅទ្វារទី២ក្នុងព្រះសក្យមុនីចេតិយ”។ លោកបាននិយាយបន្ថែមថា ឥឡូវនេះមានសន្តិសុខ២០នាក់យាមប្រចាំការនៅទីនោះ “ជារៀងរហូត”។
លោក សេង សុខ អាយុ៨២ឆ្នាំ ជាអ្នកស្រុកនៅស្រុកពញាឮ បាននិយាយថា លោកសង្ឃឹមថា នេះជាដំណាក់ការចុងក្រោយនៃដំណើររបស់ព្រះបរមសារីរិកធាតុ។
លោក សុខ បាននិយាយថា “ខ្ញុំបារម្ភអំពីការបាត់ព្រះបរមសារីរិកធាតុសាជាថ្មីទៀត។ បាត់តែមួយដងគឺគ្រប់គ្រាន់ហើយ”៕និត